គ្រាប់មីន

អ.ស.ប អំពាវនាវ​ឲ្យ​ប្រទេស​ដែល​មិនទាន់​ចុះហត្ថលេខា លើ​សន្ធិសញ្ញា​​ប្រឆាំង​​គ្រាប់មីន​ ឲ​្យ​​ប្រញ៉ាប់រូតរះ

កងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ កំពុង​ដើររាវរកមីន ដែលដាក់ដោយ​កងទ័ពអ៊ីស្រាអែល នៅតាមព្រំដែន​ជាមួយ​លីបង់។ ខែកញ្ញា ឆ្នាំ​២០១៩
កងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ កំពុង​ដើររាវរកមីន ដែលដាក់ដោយ​កងទ័ពអ៊ីស្រាអែល នៅតាមព្រំដែន​ជាមួយ​លីបង់។ ខែកញ្ញា ឆ្នាំ​២០១៩ AP - Hussein Malla

ប្រទេសជាង​៣០ ដែលមិនទាន់ចុះហត្ថលេខា លើ​សន្ធិសញ្ញាហាមឃាត់គ្រាប់មីន សូមប្រញ៉ាប់រួសរាន់ ចុះហត្ថលេខា កុំបង្អស់ទៀត។ នេះគឺជាការអំពាវនាវ របស់​លោកអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ នៅក្នុងឱកាសប្រជុំពីចំងាយ​ របស់​ក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃព្រហស្បតិ៍ ទី​៨មេសា។ លោកបានលើកឡើងថា ដល់ពេលហើយ​ ដែលពិភពលោកត្រូវរួមគ្នា លប់បំបាត់គ្រាប់មីនកប់​ក្នុងដី និងគ្រាប់​ផ្ទុះឯទៀតឲ្យ​អស់ ព្រោះវាបង្ក​សោនាកដកម្ម​ដល់មនុស្ស​ជាតិ។​

ផ្សាយពាណិជ្ជកម្ម

មានប្រទេសចំនួន​​​១៦០​ហើយ​ ដែលបានចូលរួមក្នុងសន្ធិសញ្ញាអន្តរជាតិ ប្រយុទ្ធប្រឆាំងនឹងគ្រាប់មីន ដែលបានចូលជាធរមាន តាំងតែពីឆ្នាំ​១៩៩៩។ ក៏ប៉ុន្តែ​នៅមាន​ប្រទេស​ប្រមាណ​៣០​ប្រទេស ដែល​រហូតមកទល់ពេលនេះ មិន​ទាន់ហត្ថលេខាចូលរួមជាមួយ​ទេ។ លោក អង់តូនីញ៉ូ ហ្គូដតែស អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បានផ្ញើសារទៅកាន់ប្រទេសទាំងនោះ ឲ្យ​ប្រញ៉ាបរួសរាន់ឡើង ដើម្បីឲ្យ​សន្ធិសញ្ញានេះ មានសុពលភាពអនុវត្តទូលំទូលាយ។

សូមបញ្ជាក់ថា ក្នុងចំណោម​ប្រទេស៣០ ដែលមិនទាន់ចុះហត្ថលេខាលើសន្ធិសញ្ញាអន្តរជាតិប្រឆាំងគ្រាប់មីននេះ គឺមាន ដូចជា សហរដ្ឋអាេមរិក​ ចិន រុស្ស៊ី ឥណ្ឌា អ៊ីស្រាអែល ភូមា កូរ៉េខាងជើង​ លីបង់ លីប៊ី ម៉ារ៉ុក អូម៉ង់ សិង្ហបុរី និង វៀតណាម។

សូមរំលឹកថា សន្ធិសញ្ញា បានកំណត់ហាមឃាត់ រាល់ការទិញ ការផលិត ការស្តុកទុក និងប្រើប្រាស់​​គ្រាប់មីន។ បន្ថែមពីនេះប្រទេសហត្ថលេខី មានពេល​១០ឆ្នាំ ដើម្បីបោសសំអាតគ្រាប់មីន  ដែលពេលវេលានេះ អាចរចាសុំពន្យាបាន។

យ៉ាងណាមិញគឺប្រទេសវៀតណាម ដែលជាអ្នកផ្តួចផ្តើមគំនិត ឲ្យ​មានការជជែក លើបញ្ហានេះ នៅក្នុងក្របខណ្ឌក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃ​ព្រហស្បតិ៍ទី៨មេសា។ តំណាងភាគីវៀតណាម បានលើកឡើងថា វៀតណាបានបង្ហាញជំហរគាំទ្រ ស្មារតី​មនុស្សជាតិនិយាមនៃសន្ធិសញ្ញានេះ តែវៀតណាម​ព្រួយ​បារម្ភ ព្រោះថាសន្ធិសញ្ញានេះ ទុកពេល​ឲ្យ​ប្រទេសហត្ថលេខីតិចពេក ក្នុងការបោសសំអាតគ្រាប់មីន។ វៀតណាមត្រូវការពេលវេលាច្រើនជាងនេះ ដើម្បីបោសសំអាតគ្រាប់មីន និងគ្រាប់ផ្ទុះដែលនៅរាយប៉ាយក្នុងដី ក្នុងប្រទេសខ្លួន។

ឆ្លៀតក្នុងឱកាសប្រជុំនេះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងការព្រួយ​បារម្ភផងដែរ អំពីការកើនឡើង នូវ​គ្រាប់ផ្ទុះច្នៃប្រឌិត នៅតាមតំបន់មួយចំនួន ដែលមាន​ការប្រយុទ្ធគ្នា ដូចជានៅ​ម៉ាលី សូម៉ាលី និងសាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោជាដើម។ យោងតាមអ្នកជំនាញ កុមារ គឺជាអ្នករងគ្រោះដំបូងគេបំផុត ដោយ​សារតែគ្រាប់មីន និងគ្រាប់ផ្ទុះផ្សេងៗ។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អំពាវនាវ ឲ្យ​មាន​ការរួបរួមគ្នាជាធ្លុងមួយ ដើម្បី​បោសសំអាតគ្រាប់មីន ឲ្យ​អស់ពីផែនដី។

ក្រោយកិច្ចប្រជុំនេះ ក្រុមប្រឹក្សាសន្តិសុខ បានរួមគ្នាជាឯកច្ឆ័ន គាំទ្រសេចក្តីសម្រេចចិត្តរួមមួយ ដែលលើកឡើងអំពីភាពចាំបាច់ ក្នុង​យុទ្ធនាការប្រឆាំងគ្រាប់មីន ព្រមទាំងការប្រឹងប្រែងជាលក្ខណៈអន្តរជាតិ ទប់ស្កាត់បញ្ហានេះ​ ជាពិសេសនៅតាមតំបន់​ដែល​មាន​សង្រ្គាម​ប្រដាប់អាវុធ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI