កូវីដ១៩

OMS/WHO ៖ ការ​ឆ្លងរាលដាល​កូវីដ​១៩ បោះពួយ​​ស្ទុះឡើង​យ៉ាងខ្លាំង​ទូទាំង​ពិភពលោក​

ពិធីបុណ្យ​សាសនាហិណ្ឌូ នៅទន្លេគង្គារប្រទេសឥណ្ឌា ថ្ងៃទី១២ មេសា ២០២១។ ឥណ្ឌាគឺជាប្រទេសទី២ដែលមានអ្នកឆ្លងកូវីដ​១៩ ច្រើនជាងគេបង្អស់ ពោលគឺចំនួន ១៣លាន៥សែននាក់ គិតត្រឹមថ្ងៃទី ១៣មេសា ២០២១។
ពិធីបុណ្យ​សាសនាហិណ្ឌូ នៅទន្លេគង្គារប្រទេសឥណ្ឌា ថ្ងៃទី១២ មេសា ២០២១។ ឥណ្ឌាគឺជាប្រទេសទី២ដែលមានអ្នកឆ្លងកូវីដ​១៩ ច្រើនជាងគេបង្អស់ ពោលគឺចំនួន ១៣លាន៥សែននាក់ គិតត្រឹមថ្ងៃទី ១៣មេសា ២០២១។ AP - Karma Sonam

ថ្នាក់ដឹក​នាំ​អង្គការសុខភាព​ពិភពលោក បានសម្តែងក្តីព្រួយ​បារម្ភជាខ្លាំង ដោយ​សង្កេតឃើញ អំពី​ការស្ទុះកើនឡើងយ៉ាងលឿនរហ័សជាប្រចាំ នូវការឆ្លងរាលដាលជំងឺ​កូវីដ​១៩ នៅ​​ទូទាំងពិភពលោក។ អង្គការសុខភាព​ពិភពលោក សោកស្តាយ​ខ្លាំងណាស់ ដែល​ឃើញថាប្រជាជន និងអាជ្ញាធររដ្ឋាភិបាល​ប្រទេសខ្លះ នៅតែព្រងើយ​កន្តើយ​ មិនចាត់វិធានការទប់ស្កាត់ ឲ្យ​មាន​ប្រសិទ្ធភាព។ ជាថ្មីម្តងទៀត អង្គការសុខភាព​ពិភពលោក បាន​អំពាវនាវឲ្យ​ពង្រឹងយុទ្ធនាការចាក់វ៉ាក់សាំង ព្រមទាំងបន្ត​ប្រុងប្រយ័ត្ន រក្សាគម្លាតសង្គម។

ផ្សាយពាណិជ្ជកម្ម

លោកស្រី Maria Van Kerkhove អ្នកទទួលបន្ទុកបច្ចេកទេស នៃអង្គការសុខភាព​ពិភពលោក បានលើកឡើងថា កំណើតនៃចំនួន​ឆ្លងរាលដាលកូវីដ១៩ បានហោះបោះពួយប្រៀបបីដូចដាព្រួញ។ ក្នុងសប្តាហ៍កន្លងទៅ ចំនួនករណីឆ្លងថ្មី បានកើនឡើង ៩% ចំណែកចំនួន​អ្នកស្លាប់វិញ បានកើនឡើង៥% នៅទូទាំងពិភពលោក។ ហើយកម្រិតកើនឡើងនេះ គឺមាន​៧សប្តាហ៍ជាប់គ្នាហើយ។ លោកស្រីបន្ថែមថា លោកស្រីមិននឹកស្មាន​សោះថា ស្ថានភាព​ទៅជាបែបនេះ ១៦ខែក្រោយ​​ការប្រកាសអាសន្ន ស្តីពីជំងឺឆ្លងសកលនេះ។

លោក Tedros Adhanom Ghebreyesus អគ្គលេខាធិការអង្គការសុខភាពពិភពលោក បានបន្ថែមថា ការចាក់វ៉ាក់សាំង គឺជាអាវុធដ៏សំខាន់ក្នុង​ការ​ប្រយុទ្ធប្រឆាំងកូវីដ​១៩។ ក៏ប៉ុន្តែ ប្រជាជនម្នាក់ៗ ព្រមទាំងអាជ្ញាធររដ្ឋាភិបាល ត្រូវតែបន្តអនុវត្តវិធានការបង្ការ ឲ្យ​បាន​ម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួន​បំផុត មិនអាចធ្វេសប្រហែសបានទេ។ លោក​បន្តថា វិធានការទាំងនោះ គឺ​ការ​រក្សាគម្លាតសង្គម ការពាក់ម៉ាស ការលាងសំអាតដៃ ការតាមដានធ្វើតេស្ត ស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និង ការធ្វើចត្តាឡីស័ក។

លោកអគ្គលេខាធិការអង្គការសុខភាព​ពិភពលោក បាន​លើកឡើងថា ស្ថាប័នលោកមិនចង់ឃើញការបិទខ្ទប់ ដែលអូសបន្លាយ​គ្មានថ្ងៃបញ្ចប់នោះទេ។ ក៏ប៉ុន្តែស្ថានការណ៍​បច្ចុប្បន្ននេះ គឺគ្មានជំរើសផ្សេងទេ ព្រោះចំនួន​មនុស្ស​ឆ្លងថ្មី និងស្លាប់ដោយ​កូវីដ១៩នេះ ចេះតែកើនឡើង។ លោកថា នៅតាមប្រទេសខ្លះ ថ្វីបើ​ការឆ្លងរាលដាលស្ទុះឡើងខ្លាំង តែប្រជាជន​ម្នាក់ៗ ព្រមទាំងអាជ្ញាធរដ្ឋាភិបាល នៅតែព្រងើយ​កន្តើយ នៅតែមានការជួបជុំគ្នាអ៊ូរអ ទីផ្សារមនុស្ស​ណែនណាន់តាន់តាប់ ដោយ​គ្មានការប្រុងប្រយ័ត្ន​ រក្សាគម្លាតទាល់តែសោះ។

សូមបញ្ជាក់ថា គិតត្រឹមពេលនេះ មានមនុស្ស​ស្លាប់ដោយ​កូវីដ​១៩ ជិត៣លាននាក់ហើយ នៅទូទាំងពិភពលោក ដោយ​ក្នុងនោះ​១លាននាក់នៅអឺរ៉ុប។ ការឆ្លងរាលដាល កំពុងស្ទុះឡើងខ្លាំងនៅតាមប្រទេសមួយចំនួន ដូចជាឥណ្ឌា ដែលបច្ចុប្បន្ននេះមានអ្នកឆ្លងកូវីដ​១៩ សរុប១៣លាន៥សែននាក់។ ឥណ្ឌាគឺជាប្រទេសទី២ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានអ្នកឆ្លងកូវីដ​១៩ ច្រើនបំផុត។ លោក Rajib Dasgupta សាស្ត្រាចារ្យ​វិជ្ជសាស្ត្រនៅ​សកលវិទ្យាល័យ Jawaharlal Nehru បានសង្កេតឃើញដោយ​ក្តីបារម្ភថា ស្ថានការណ៍ម្លឹងហើយ នៅឥណ្ឌាបច្ចុប្បន្ន​គ្មាននរណាខ្វល់ខ្វាយ គោរព​រក្សាគម្លាតសង្គមទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI