អង្គការសុខភាព​ពិភពលោក-វ៉ាក់សាំងកូវីដ១៩

អង្គការ​ WHO អនុម័ត​ឲ្យ​ប្រើ​ប្រាស់​វ៉ាក់សាំងស៊ីណូហ្វាម​របស់​ចិនក្នុង​ក្របខណ្ឌ​បន្ទាន់

វ៉ាក់សាំង​ស៊ីណូហ្វាម​របស់​ចិន​ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក​អនុម័ត​ឲ្យ​ប្រើ​ប្រាស់​ក្នុង​ក្របខណ្ឌ​បន្ទាន់​។
វ៉ាក់សាំង​ស៊ីណូហ្វាម​របស់​ចិន​ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក​អនុម័ត​ឲ្យ​ប្រើ​ប្រាស់​ក្នុង​ក្របខណ្ឌ​បន្ទាន់​។ © SOPA Images/SIPA

អង្គការ​សុខភាព​ពិភពលោក នៅ​ថ្ងៃ​សុក្រ ទី​០៧​ឧសភា​ម្សិលមិញ បាន​សម្រេច​អនុម័ត​ឲ្យ​ប្រើ​ប្រាស់​វ៉ាក់សាំងស៊ីណូហ្វាម​របស់​ចិន ក្នុង​ក្រប​ខណ្ឌ​ប្រើ​ប្រាស់​បន្ទាន់​។ នេះ​គឺ​ជា​វ៉ាក់សាំង​ទី​៥​ហើយ ដែល​ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក​អនុម័ត​ឲ្យ​ប្រើ​ប្រាស់ បន្ទាប់​ពី​បាន​សិក្សា​យ៉ាង​លម្អិត​រួច​មក អំពី​សុវត្ថិភាព ប្រសិទ្ធភាព និង​គុណភាព​​។

ផ្សាយពាណិជ្ជកម្ម

ស៊ីណូហ្វាម គឺ​ជា​វ៉ាក់សាំង​ដំបូង​បង្អស់​របស់​ចិន ដែល​ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក​ទទួល​ស្គាល់ និង​អនុម័ត​ឲ្យ​ប្រើ​ប្រាស់​ក្នុង​ក្រប​ខណ្ឌ​បន្ទាន់​។ ប្រធាន​អង្គការ​សុខភាព​ពិភពលោក លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​សុក្រ​ទី​០៧​ឧសភា​ថា ការ​សម្រេច​របស់​ WHO ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ជំនាញ​បាន​សិក្សា​យ៉ាង​លម្អិត​ទៅ​លើ​វ៉ាក់សាំង ហើយ​សន្និដ្ឋាន​ថា វ៉ាក់សាំង​នេះ មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព បង្ការ​ជំងឺ​កូវីដ​១៩​បាន​។ អង្គការ​សុខភាព​ពិភពលោក ណែនាំ​ឲ្យ​ប្រើ​ប្រាស់​វ៉ាក់សាំង​ស៊ីណូហ្វាម ទៅ​លើ​មនុស្ស​ដែល​មាន​វ័យ​ចាប់​ពី​១៨​ឆ្នាំ​ឡើង​ទៅ ហើយ​ត្រូវ​ចាក់​ឲ្យ​បាន​ចំនួន​២​ដូស​ក្នុង​រវាង​ពី​៣​ទៅ​៤​សប្ដាហ៍​។

សេចក្ដី​សម្រេច​របស់​អង្គការ​សុខភាព​ពិភពលោក​នា​ពេល​នេះ នឹង​បើក​ផ្លូវ​ឲ្យ​វ៉ាក់សាំង​ស៊ីណូហ្វាម ឈាន​ជើង​ចូល​ទៅ​ក្នុង​យន្តការ​កូវ៉ាក់ ដែល​ជា​យន្តការ​ចែកចាយ​វ៉ាក់សាំង​ទៅ​ដល់​ប្រទេស​នានា​ទូទាំង​សកល​លោក ជា​ពិសេស​ប្រទេស​ក្រីក្រី​។ អង្គការ​សុខភាព​ពិភពលោក​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ស៊ីណូហ្វាម ចូល​រួម​ក្នុង​យន្តការ​កូវ៉ាក់ ដើម្បី​រួម​ចំណែក​ដល់​ការ​ចែកចាយ​វ៉ាក់សាំង​ជា​សកល​ប្រកប​ដោយ​សមធម៌។

សូម​ជម្រាប​ថា គិត​ត្រឹម​ពេល​នេះ ទើប​តែ​មាន​វ៉ាក់សាំងបង្ការ​កូវីដ​១៩​ចំនួន៥​ប៉ុណ្ណោះ​ដែល​អង្គការ​សុខភាព​ពិភពលោក​ទទួល​ស្គាល់ ក្នុង​នោះ​រួ​ម​មាន​វ៉ាក់សាំង Pfizer-BioNTech, Moderna, Johnson&Johnson, AstraZeneca និង​ចុង​ក្រោយ​នេះ គឺ​វ៉ាក់សាំង Sinopharm។

ចាប់​តាំង​ពី​មុន​ទទួល​បាន​ភ្លើង​ខៀវ​ពីអង្គការ​សុខភាព​ពិភពលោក វ៉ាក់សាំង​ស៊ីណូហ្វាម​ត្រូវ​បាន​ប្រទេស​និង​តំបន់​ចំនួន​៤២​រួច​ហើយ​អនុម័ត​ឲ្យ​ប្រើ​ប្រាស់​ ដូច​ជា​ប្រទេស​ចិន អេហ្ស៊ីប អ៊ីរ៉ាក់ អ៊ីរ៉ង់ ប៉ាគីស្ថាន ប៉េរូ អេមីរ៉ាត់អារ៉ាប់រួម និង​កម្ពុជា​ជា​ដើម​។ ដោយ​ឡែក សម្រាប់​វ៉ាក់សាំង​ស៊ីណូវ៉ាក់​ដែល​ជា​ផលិតផល​របស់​ចិន​ដែរ អង្គការ​សុខភាព​ពិភពលោក​បញ្ជាក់​ថា ខ្លួន​ត្រូវ​ការ​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ដើម្បី​សិក្សា​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ជា​មុន​សិន មុន​នឹង​សម្រេច​ថា​អនុម័ត​ឲ្យ​ប្រើ​ប្រាស់​ឬ​អត់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI