ប្រែប្រួលអាកាសធាតុ

របាយការណ៍៖ ប្រជាជន​តាមទីក្រុង​ ​ប្រឈម​គ្រោះថ្នា​ក់បំផុត នឹង​បម្រែបម្រួល​អាកាសធាតុ

អាកាសធាតុក្តៅខ្លាំង និងសារធាតុពុលក្នុងបរិយាកាស មានកម្រិតខ្ពស់បំផុត នៅទីក្រុង ឡាហរ ប្រទេសប៉ាគីស្ថាន។  ថ្ងៃទី ១១ ខែ វិច្ឆិកា ២០២០
អាកាសធាតុក្តៅខ្លាំង និងសារធាតុពុលក្នុងបរិយាកាស មានកម្រិតខ្ពស់បំផុត នៅទីក្រុង ឡាហរ ប្រទេសប៉ាគីស្ថាន។ ថ្ងៃទី ១១ ខែ វិច្ឆិកា ២០២០ AP - K.M. Chaudary

ពីនេះដល់ឆ្នាំ​២០៣០ ប្រជាជនប្រមាណ​៤០០លាននាក់ ​រស់នៅតាមទីក្រុង នៅទូទាំងពិភពលោក គឺជាអ្នកប្រឈមគ្រោះថ្នាក់ខ្លាំងបំផុត ជាមួយ​នឹង​ការប្រែប្រួលអាកាសធាតុ។ នេះគឺជាការសន្និដ្ឋាន ក្នុងរបាយការណ៍​ប្រចាំឆ្នាំ របស់អង្គការ​ CDP ដែលជាអង្គការក្រៅរដ្ឋាភិបាលដ៏ធំ មានមុខងារប្រមូលទិន្នន័យស្តីពី​ ការវិនិយោគនៅក្នុង​វិស័យ​បរិស្ថាន-អាកាសធាតុ។ យោងតាមរបាយការណ៍នេះ ទីក្រុងធំៗជាច្រើន មិនបាន​ត្រៀម​លក្ខណៈ ​ឬក៏គ្មាន​លទ្ធភាព​​ត្រៀម​ទប់ទល់​ នឹង​​វិបត្តិ​អាកាសធាតុ​ទេ។

ផ្សាយពាណិជ្ជកម្ម

ទីក្រុងធំៗ គឺជាទីប្រមូលផ្តុំ នៃប្រជាជនជាងពាក់កណ្តាល​ របស់​ពិភពលោក​យើង។ ប្រការនេះ បានធ្វើឲ្យ​មនុស្ស​ដែលរស់នៅតាមទីក្រុង ប្រឈមនឹងគ្រោះថ្នាក់ខ្ពស់បំផុត ជាមួយ​កត្តាប្រែប្រួលអាកាសធាតុ ដែលកាន់តែមានទំហំធ្ងន់ធ្ងរឡើង។ យោងតាមរបាយការណ៍​ប្រចាំឆ្នាំ របស់អង្គការ CDP គឺក្នុងចំណោមទីក្រុង​៨០០ទូទាំងពិភពលោក គឺ​ប្រមាណ​៤៣%  ពុំមានផែនការ ឬគម្រោង ដើម្បីទប់ទល់ ឬ សម្របខ្លួនទៅបម្រែបម្រួកអាកាសធាតុទេ។

ពីនេះរហូតដល់ឆ្នាំ​២០៣០ មនុស្ស​ប្រមាណ​៤០០លាននាក់ នឹងត្រូវប្រឈមគ្រោះថ្នាក់ ដោយសារផលវិបាក​បណ្តាលពីវិបត្តិអាកាសធាតុ។ លោកស្រី Mirjam Wolfrum តំណាង CDP ប្រចាំនៅអឺរ៉ុប បានលើកឡើងថា ភាពអាសន្ន​ដែលត្រូវតែចាត់វិធានការ ការពារអាយុជីវិត សុវត្ថិភាពរបស់ប្រជាពលរដ្ឋ កាន់តែឡើងធំ ដោយសារតែចំនួន​ប្រជាជនតាមទីក្រុងធំៗកាន់តែកើនឡើង។ ការប្រឈមធំបំផុត មាន​៥ ដែលបណ្តាលមកពីវិបត្តិអាកាសធាតុ។ នោះគឺ គ្រោះទឹកជំនន់ រលកកំដៅ ភ្លៀងធ្លាក់យ៉ាងគំហុក កម្រិតសីតុណ្ហភាព​ក្តៅមិនអាចទ្រាំបាន និង​ គ្រោះរាំងស្ងួត។ បន្ថែមពីបញ្ហាទាំងនេះ គឺនៅមាន​បញ្ហា ខ្យល់ពុលនៅក្នុងបរិយាកាសថែមទៀត។

ទីក្រុងមួយចំនួន បាន​ព្យាយាមរៀបគំរោងសម្របទៅនឹង​បញ្ហាទាំងអស់នេះ ដោយ​ប្រើមធ្យោបាយ​ផ្សេងៗ ដូចជា​តាមរយៈការដាំដើមឈើ ការគូសវាសកំណត់តំបន់ដែល​ប្រឈមខ្លាំងនឹងគ្រោះទឹកជំនន់ និង​ការរៀបគំរោង​គ្រប់គ្រងករណីគ្រោះមហន្តរាយជាដើម។ ទីក្រុងខ្លះទៀត បាន​អនុវត្តវិធានការកាត់បន្ថយ​ការបញ្ចេញឧស្ម័នពុល តាមរយៈការពង្រីកមធ្យោបាយដឹកជញ្ជូនរួម និង​បង្កើនការប្រើប្រាស់ថាមពលអគ្គីសនីដែលមាន​ប្រភព​ស្អាតស្អំជាដើម។

តែទន្ទឹមនឹងនេះ មានទីក្រុងជាច្រើន ដែលអះអាងថា ខ្លួនគ្មានលទ្ធភាពចំណាយទេ បើទោះបីជាមានចិត្ត​ចង់ក៏ដោយ។ ១ភាគ៤ នៃទីក្រុងទាំង​៨០០ អះអាងថា ខ្វះថវិកា ក្នុងការរៀបចំ និងអនុវត្តគម្រោងដើម្បីត្រៀមទប់ទល់ជាមួយ​វិបត្តិអាកាសធាតុ។ ចំណែក៧៥%ទៀត គឺកំពុងរងចាំ ឲ្យ​វិស័យឯកជនជាអ្នកធ្វើកិច្ចការនេះវិញ។

សូមបញ្ជាក់ថា យោងតាមតួលេខរបស់ធនាគារពិភពលោក នៅឆ្នាំ​២០១៥ គ្រោះមហន្តរាយនានា បង្កឡើងដោយ​វិបត្តិអាកាសធាតុ បានធ្វើឲ្យខូចខាតដល់ទីក្រុង គិតជាទឹកប្រាក់ប្រមាណ​៣១៤ពាន់លានដុល្លារ។ នៅឆ្នាំ​២០៣០ខាងមុខ ទំហំខូចខាតនេះ អាចនឹងកើនដល់ ៤១៥ពាន់លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI