កូវីដ១៩

អ្នកជំនាញ​ជាង​​២០នាក់​​ចេញ​​លិខិត​​ចំហរ ទាមទារឲ្យ​​ស៊ើបអង្កេត​ស៊ីជំរៅ គ្រប់​សម្មតិកម្ម​​នៃ​​ប្រភព​​​កូវីដ១៩

សមត្ថកិច្ចសន្តិសុខចិន ហាមឃាត់អ្នកកាសែត មិនឲ្យចូលជិត វិទ្យាស្ថាន​ស្រាវជ្រាវ​មេរោគ នៅក្រុងវូហាន។ ថ្ងៃទី ៣ កុម្ភៈ ២០២១
សមត្ថកិច្ចសន្តិសុខចិន ហាមឃាត់អ្នកកាសែត មិនឲ្យចូលជិត វិទ្យាស្ថាន​ស្រាវជ្រាវ​មេរោគ នៅក្រុងវូហាន។ ថ្ងៃទី ៣ កុម្ភៈ ២០២១ AP - Ng Han Guan

កាលពីថ្ងៃ១៣ឧសភា ទស្សនាវត្តី Science បានចុះផ្សាយ​លិខិតមួយ របស់អ្នកជំនាញ​មួយ​ក្រុម ស្តីអំពី​ប្រភពនៃមេរោគជំងឺកូវីដ​១៩។ ក្នុងលិខិតនោះ អ្នកជំនាញបានលើកឡើងថា រហូតមកទល់ពេលនេះ ពុំទាន់​មានធាតុផ្សំអ្វី មកអះអាងឲ្យជាក់ច្បាស់ ថាកូវីដ​១៩ មានប្រភពចេញពីធម្មជាតិ ឬក៏ជាការបែកធ្លាយ​ ចេញ​ពីមន្ទីរពិសោធន៍​នោះទេ។ ដូច្នេះ ត្រូវតែបន្តការស្រាវជ្រាវ​​ លើ​គ្រប់សម្មតិកម្មទាំងអស់ មិនត្រូវបោះបង់ចោល​មួយណាឡើយ។

ផ្សាយពាណិជ្ជកម្ម

អ្នកជំនាញផ្នែក​ស្រាវជ្រាវមេរោគ ចំនួនជាង​២០នាក់ ដែលសុទ្ធតែត្រូវបានគេទទួលស្គាល់សមត្ថភាព​ពាសពេញពិភពលោក បានរួមគ្នា ចេញលិខិតចំហរមួយ អំពាវនាវ ឲ្យ​រៀបចំបង្កើតក្រុមការងារស្រាវជ្រាវ ស្តីពីប្រភពនៃមេរោគកូរ៉ូណាវីរុសថ្មី (Sars-CoV-2) ដែលបង្កជំងឺកូវីដ​១៩ ដោយផ្អែកលើ​គ្រប់សម្មតិកម្មទាំងអស់។

ក្រុមអ្នកជំនាញ បានលើកឡើងថា ជាការពិតថ្វីបើ សម្មតិកម្មដែលថា កូវីដ១៩ បានឆ្លងចេញពីសត្វប្រចៀវ ហើយឆ្លងទៅសត្វមួយប្រភេទទៀត មុននឹងឆ្លងមកមនុស្ស​ គឺជាសម្មតិកម្ម ដែលគេគិតថាអាចទៅរួចច្រើនក្តី ក៏ប៉ុន្តែសម្មតិកម្ម ទាក់ទិននឹងការធ្លាយ​ចេញមេរោគ ចេញពីមន្ទីរពិសោធន៍ នៅវូហាន គឺមិនត្រូវបាន​គេ​យកពិចារណា ស្រាវជ្រាវឲ្យបានស៊ីជំរៅទេ។ យ៉ាងណាមិញ លទ្ធផលអង្កេតរបស់ក្រុមអ្នកជំនាញ​អង្គការសុខភាពពិភពលោក សហការជាមួយអ្នកជំនាញចិន កាលណពីខែកុម្ភៈ គឺនៅតែមិនអាចបំភ្លឺចំងល់ទាំងនេះបានទេ។

លិខិតនេះ បានអះអាងថា ក្រុមអ្នកជំនាញ​នៃអង្គការសុខភាពពិភពលោក មិនបានធ្វើការអង្កេតស្រាវជ្រាវ ប្រកបដោយតុល្យភាព ទាក់ទិននឹងសម្មតិកម្ម ដែលថាកូវីដ​១៩ អាចមានប្រភពធ្លាយចេញពីមន្ទីរពិសោធន៍។ អ្នកជំនាញដែលសរសេរលិខិតចំហរនេះ បានសង្កត់ធ្ងន់ថា គេត្រូវយកមកពិចារណា ស្វែងយល់ឲ្យ​បានគ្រប់ជ្រុងជ្រោយ និងប្រមូលទិន្នន័យ ឲ្យ​បានច្រើនបំផុត ទាក់ទិន​នឹង​​សម្មតិកម្មទាំងអស់ មិនថាសម្មតិកម្ម​ថាឆ្លងចេញពីធម្មជាតិ ឬ សម្មតិកម្មថាឆ្លងចេញពីមន្ទីរពិសោធន៍​នោះទេ។

គួររំលឹកថា រដ្ឋាភិបាលចិន បាន​ប្រកែកជាច្រើនលើកច្រើនសា ថា​កូវីដ​១៩ មិនមានប្រភពធ្លាយចេញពី​មន្ទីរពិសោធន៍នៅវូហាននោះទេ។ អ្នកជំនាញចិន ធានាអះអាងថា ពុំអាចទៅរួចទេ ដែលថាមេរោគបានបែកធ្លាយចេញពីមន្ទីរពិសោធន៍។ ក៏ប៉ុន្តែ កន្លងមកអ្នក​ស្រាវជ្រាវអនាមិកម្នាក់ បាន​ទំលាយ​ឯកសារស្រាវជ្រាវចំនួន​៣ បង្ហាញថា មន្ទីរពិសោធន៍ក្រុងវូហាន បាន​ស្រាវជ្រាវ និងធ្វើពិសោធន៍ផ្លាស់​ប្តូរ បំលែងភ្នាក់ងារជំងឺ នៃមេរោគកូរ៉ូណាវីរុសមួយចំនួន​។

តែយ៉ាងណាក៏ដោយ នៅក្នុងលិខិតចំហរ ចុះផ្សាយ​ដោយ​ទស្សនាវត្តី Science កាលពីថ្ងៃទី​១៣ឧសភា អ្នកជំនាញទាំងជាង​២០នាក់ បានទាមទារថា ត្រូវតែមានការស៊ើបអង្កេតដោយឯករាជ្យ ប្រកបដោយតម្លាភាព ឥតលម្អៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI