ជនភៀសខ្លួន

ជន​ភៀសខ្លួន​ក្នុងស្រុក​កើនឡើង​ខ្ពស់បំផុត ចំនួន​​សរុប​ដល់ទៅ​​៥៥លាន​នាក់ ​ក្នុងឆ្នាំ​២០២០

ជំរំជនភៀសខ្លួនស៊ីរី  al-Hol ដែលមានមនុស្សប្រមាណ​៦សែននាក់។ ថ្ងៃទី ១ឧសភា ២០២១
ជំរំជនភៀសខ្លួនស៊ីរី al-Hol ដែលមានមនុស្សប្រមាណ​៦សែននាក់។ ថ្ងៃទី ១ឧសភា ២០២១ AP - Baderkhan Ahmad

ក្នុងឆ្នាំ​២០២០កន្លងទៅនេះ មាន​មនុស្ស​ប្រមាណ​៥៥លាននាក់ បាន​បង្ខំចិត្តភៀសខ្លួន ធ្វើបំលាស់ទីក្នុងស្រុក ដោយសារតែហេតុផលគ្រោះធម្មជាតិ និងសង្រ្គាម។ នេះ​បើផ្អែកតាម ការអង្កេតស្រាវជ្រាវ របស់មជ្ឈមណ្ឌលឃ្លាំមើលការ​ភៀសខ្លួនក្នុងស្រុក​ IDMC និងអង្គការ​ន័រវែស ជួយជនភៀសខ្លួន NRC។ ចំនួន​៥៥លាននាក់នេះ គឺជាចំនួន​ខ្ពស់បំផុត មិនធ្លាប់មានទេពីមុនមក​ ដែលបង្ហាញថា ឆ្នាំ២០២០ គ្រោះធម្មជាតិ ព្រមទាំង​សង្គ្រាមផ្ទុះអាវុធ មានកម្រិតធ្ងន់ធ្ងរខ្លាំង ជាងពេលណាៗ​ទាំងអស់។

ផ្សាយពាណិជ្ជកម្ម

បើទោះបីជា​មានវិធានការបិទខ្ទប់ ហាមធ្វើដំណើរនៅតាមប្រទេសមួយចំនួន ដោយសារតែបញ្ហា​កូវដ​​១៩​ក្តី ក៏ប៉ុន្តែ ចំនួន​មនុស្ស​ដែលបង្ខំចិត្តចាកចេញពីផ្ទះសម្បែង ធ្វើបំលាស់ទីក្នុងស្រុក បានកើនឡើង​យ៉ាងខ្លាំងក្នុងឆ្នាំ២០២០ ពោលគឺសរុប មាន​ចំនួន​៥៥លាននាក់។ លោកស្រី​Alexandra Bilak នាយក Internal Displacement Monitoring Centre (IDMC) បានលើកឡើងថា ចំនួន​មនុស្ស​ភៀសខ្លួនក្នុងស្រុក មានទំហំមួយទ្វេជាពីរ ច្រើនជាងចំនួនជន​ភៀស​ខ្លួន ដែលឆ្លងព្រំដែន ដើម្បីរកកន្លែងជ្រកមានសុវត្ថិភាព​ ដែលមាន​ប្រមាណ​​២៦​លាននាក់។

លោក Jan Egeland នាយក Norwegian Refugee Council (NRC) ដែលបានចូលរួមធ្វើរបាយការណ៍នេះ​ បានលើកឡើងថា វាជារឿងគួរឲ្យតក់ស្លុតណាស់ ដែលមានមនុស្សចំនួន១នាក់ នៅរៀងរាល់១វិនាទី ដែល​ត្រូវបង្ខំចិត្ត ចាកចោលផ្ទះសម្បែង ភៀសខ្លួនក្នុងស្រុក។

ជាងនេះទៀត បើតាមការអះអាង របស់​លោកស្រី Alexandra Bilak តួលេខនេះ អាចមានទំហំទាបជាងការពិតជាក់ស្តែងផង ព្រោះថាដោយសារតែបញ្ហាកូវីដ​១៩ ការប្រមូលទិន្នន័យ មិនបានធ្វើទៅបាន​គ្រប់ទីកន្លែងទេ។ ជាងនេះទៀត វិបត្តិសេដ្ឋកិច្ចបង្កឡើង​ដោយ​កូវីដ​១៩ និងរិតតែជំរុញ​ប្រជាជន ឲ្យ​ធ្វើចំណាកស្រុក កាន់តែច្រើន​។

យោងតាមរបាយការណ៍ ៣ភាគ៤ នៃអ្នកភៀសខ្លួនក្នុងស្រុក គឺ​ដោយរត់គេចពី គ្រោះធម្មជាតិធ្ងន់ធ្ងរ ដូចជាខ្យល់ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួតជាដើម។ ជាមួយនឹងវិបត្តិអាកាសធាតុ ដែលកាន់តែធ្ងន់ធ្ងរ គឺអ្នកជំនាញរំពឹងថា ចំនួន​មនុស្សភៀសខ្លួនដោយសារមូលហេតុនេះ នឹងកាន់តែកើនឡើងទៅថ្ងៃខាងមុខ។

ក្រៅពីនេះ មានមនុស្សយ៉ាងហោច១០លាននាក់ ដែលត្រូវបង្ខំចិត្តភៀសខ្លួន ចាកចោលផ្ទះសម្បែង ដោយសារតែសង្គ្រាម ការផ្ទុះអំពើហិង្សានានា។ ជាក់ស្តែង ដូចជា សង្រ្គាមនៅអាហ្វហ្កានីស្ថាន ស៊ីរី អេត្យូពី ម៉ូហ្សំប៊ិក បួគីណាហ្វាសូ និងសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោជាដើម។

ភាគច្រើននៃ​ជនភៀសខ្លួនដោយ​មូលហេតុគ្រោះធម្មជាតិ អាចត្រលប់ទៅកាន់ភូមិស្រុកវិញ ក៏ប៉ុន្តែជនភៀសខ្លួនរត់គេចពីសង្គ្រាម គឺចាកចេញទៅយូរ ឬអាចជារៀងរហូត។ ជាងនេះទៀត ៩៥% នៃករណីភៀសខ្លួនដោយសង្គ្រាម គឺសុទ្ធតែស្ថិតនៅតាមប្រទេស ដែលប្រឈមខ្លាំងណាស់ទៅហើយ ជាមួយ​នឹងកត្តាបម្រែបម្រួលអាកាសធាតុ។ វិបត្តិអាកាសធាតុ ភាពហិនហោចនៃធនធានធម្មជាតិ គឺជាកត្តាជំរុញអស្ថិរភាព ជម្លោះប្រដាប់អាវុធ ហើយបង្ខំឲ្យ​មនុស្សភៀសខ្លួនកាន់តែច្រើន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI