អង្គការពាណិជ្ជកម្មពិភពលោក-វ៉ាក់សាំងកូវីដ១៩

OMC/WTO៖ ​មាន​ប្រទេស​មួយ​ចំនួន​នៅតែ​ស្ទាក់ស្ទើរ មិនយល់ស្រប​រឿង​ព្យួរ​កម្មសិទ្ធិបញ្ញា លើ​វ៉ាក់សាំង​កូវីដ​១៩

លោកស្រី Ngozi Okonjo-Iweala ប្រធានអង្គការពាណិជ្ជកម្ម​ពិភពលោក នៅខាងមុខទីស្នាក់ការកណ្តាល នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ថ្ងៃទី ១ មីនា ២០២១
លោកស្រី Ngozi Okonjo-Iweala ប្រធានអង្គការពាណិជ្ជកម្ម​ពិភពលោក នៅខាងមុខទីស្នាក់ការកណ្តាល នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ថ្ងៃទី ១ មីនា ២០២១ AP - Fabrice Coffrini

កាលពីថ្ងៃចន្ទ ទី​៣១ឧសភា អង្គការពាណិជ្ជកម្មពិភពលោក បានស្នើទៅកាន់​ប្រទេសសមាជិក អំពី​ការ​ចាប់ផ្តើមពិភាក្សាគ្នា លើអត្ថបទស្នើដោយ​ឥណ្ឌា និងអាហ្វ្រិកខាងត្បូង ទាក់ទិននឹងការព្យូរ សិទ្ធិកម្មសិទ្ធិបញ្ញានៃវ៉ាក់សាំងប្រឆាំងកូវីដ១៩។ តែយ៉ាងណា​ ​ប្រភពពីអង្គការពាណិជ្ជកម្មពិភពលោក បានលើកឡើងថា នៅមានប្រទេសមួយចំនួន ដូចជប៉ុន អង់គ្លេស និងសហភាពអឺរ៉ុបជាដើម បានសំដែងការរារែក ស្ទើរស្ទាក់ មិនគាំទ្រគំនិតនេះទាំងស្រុងទេ។

ផ្សាយពាណិជ្ជកម្ម

ប្រភពពីមន្ត្រីអង្គការពាណិជ្ជកម្មពិភពលោកម្នាក់ បានអះអាងថា គេបានចាប់ផ្តើមនិយាយគ្នា ក្នុងកិច្ចប្រជុំ​ក្រៅផ្លូវការមួយ ដើម្បីឈានទៅបើកកិច្ចពិភាក្សា ស្តីពីការព្យួរសិទ្ធិកម្មសិទិ្ធបញ្ញា លើវ៉ាក់សាំងប្រឆាំងកូវីដ១៩។​ ការចាប់ផ្តើមនិយាយគ្នានេះ ត្រូវបាន​ប្រទេសទាំងអស់ រីករាយ​ទទួលយល់ព្រម ក៏ប៉ុន្តែមានប្រទេសមួយចំនួន​ បានបង្ហាញនូវ​ភាពស្ទាក់ស្ទើរ រារែក។

សហភាពអឺរ៉ុប អង់គ្លេស ស្វ៊ីស អូស្ត្រាលី ជប៉ុន ន័រវែស សិង្ហបុរី កូរ៉េខាងត្បូង​ និងតៃវ៉ាន់ បានបង្ហាញ​​ភាពស្ទាក់ស្ទើរ ដោយលើកឡើងថា ត្រូវការពេលវេលាគិតឲ្យ​បានយូរបន្តិចសិន មិននឹងចាប់ផ្តើម ធ្វើការពិភាក្សាគ្នាជាផ្លូវ​ការ នៅក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក។

សូមបញ្ជាក់ថា ឥណ្ឌា និង អាហ្វ្រិកខាងត្បូង បានរួមគ្នាស្នើអត្ថបទមួយ ទៅកាន់អង្គការពាណិជ្ជកម្ម​ពិភពលោក ដើម្បី​ឈានទៅសម្រេច​ព្យួរសិទ្ធិកម្មសិទ្ធិបញ្ញា លើវ៉ាក់សាំងប្រឆាំងកូវីដ១៩ រយៈពេលយ៉ាងហោច​៣ឆ្នាំ។ ធ្វើបែប​នេះ គឺដើម្បីជួយ​ឲ្យ​គ្រប់ប្រទេសមាន​សិទ្ធិអាច​ផលិតវ៉ាក់សាំង លក់ក្នុងតម្លៃថោក ហើយឈានទៅ​ប្រយុទ្ធយកឈ្នះកូវីដ​១៩ ឲ្យ​បានឆាប់។ ក្រៅពីព្យួរសិទ្ធិកម្មសិទិ្ធបញ្ញាលើវ៉ាក់សាំង អត្ថបទនេះ ចង់ពង្រីកការព្យូរកម្មសិទិ្ធបញ្ញា លើថ្នាំព្យាបាល សម្ភាៈពេទ្យក្នុងការព្យាបាលកូវីដ១៩ និងសម្ភាៈការពារ ព្រមទាំងវត្ថុធាតុដើមដែលចាំបាច់ ក្នុងការផលិតវ៉ាក់សាំង ថែមទៀតផង។ ឥណ្ឌា និងអាហ្វ្រិកខាងត្បូង អះអាងថា មានប្រទេស​៦៣ បានគាំទ្រសំណើអត្ថបទនេះហើយ។

គួរបញ្ជាក់ថា ដើម្បីសម្រេច​កិច្ចព្រមព្រៀងណាមួយ អង្គការពាណិជ្ជកម្មពិភពលោក ត្រូវប្រមូលឲ្យ​បាន​ នូវសម្លេង​យល់ព្រមស្រុះស្រួល ពីសមាជិកទាំង១៦៤ប្រទេស។ សហរដ្ឋអាមេរិក បានអះអាងថា ខ្លួនមិនជំទាស់ និងការជជែកគ្នា ដើម្បីឈានទៅ​ព្យួរសិទ្ធិកម្មសិទ្ធិបញ្ញា លើវ៉ាក់សាំងប្រឆាំងកូវីដ១៩ទេ ប្រសិនបើវាអាចជួយពន្លឿនចរន្តផលិតវ៉ាក់សាំងបានមែន។ តែយ៉ាងណាសហភាពអឺរ៉ុប បាន​លើកឡើងថា សម្រាប់កាលៈទេសៈនេះ ប្រទេសមួយចំនួន គួរតែលុបចោលនូវការហាមឃាត់ ការនាំចេញវ៉ាក់សាំង និងការនាំចេញធាតុផ្សំផលិតវ៉ាក់សាំងវិញ ទើបអាចទៅជួយ បង្កើន​ការ​ផលិតវ៉ាក់សាំងបានច្រើន។ ដោយឡែក ប្រទេសស្វ៊ីស ដែលសំបូរទៅដោយ​សហគ្រាសផលិតឱសថ បានលើកឡើងថា អង្គការពាណិជ្ជកម្មពិភពលោក គួរតែពិចារណាប្រើប្រាស់យន្តការដែលមានស្រាប់ តាមរយៈកិច្ចព្រមព្រៀង TRIPS ជាជាងការសម្រេចប្រញ៉ាប់ទៅព្យូរសិទ្ធិកម្មសិទ្ធិបញ្ញាទាំងស្រុង។

គួរកត់សំគាល់ថា យោងតាមតួលេខរបស់ទីភ្នាក់ងារព័ត៌មានបារាំង គិតត្រឹមពេលនេះ មានវ៉ាក់សាំងប្រមាណ​១៩០០លានដូស ត្រូវបានគេចាក់ជូន​ប្រជាពលរដ្ឋ ទូទាំងពិភពលោក។ ក៏ប៉ុន្តែ ក្នុងចំណោមនេះ គឺមាន​០.៣%ប៉ុណ្ណោះ ដែលត្រូវបានចាក់នៅតាមប្រទេសក្រីក្រខ្លាំងចំនួន​២៩ ខណៈដែល​ប្រជា​ជនតាមប្រទេសទាំងនេះ មានប្រមាណ​៩% នៃប្រជាជនសកលលោក។ លទ្ធភាព​នៃការចាក់វ៉ាក់សាំងប្រឆាំងកូវីដ​១៩ បានបង្ហាញ​គំលាតគ្នា រវាង​ប្រទេសអ្នកមាន និងប្រទេសអ្នកក្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI