សិទ្ធិកុមារ-កូវីដ១៩

វិបត្តិ​កូវីដ​១៩ កំពុង​​បំផ្លាញ សិទ្ធិ​ទទួល​បាន​ការរៀន​សូត្រ​របស់​កុមារ

គ្រូបង្រៀនស្ម័គ្រចិត្ត កំពុងជួយបង្រៀនក្មេងក្នុងភូមិ នៅប្រទេសប៉ារាហ្កាយ ខណៈដែលសាលារៀនត្រូវបិទទ្វារ ដោយសារតែកូវីដ​១៩។ ថ្ងៃទី ២៦ មេសា ២០២១
គ្រូបង្រៀនស្ម័គ្រចិត្ត កំពុងជួយបង្រៀនក្មេងក្នុងភូមិ នៅប្រទេសប៉ារាហ្កាយ ខណៈដែលសាលារៀនត្រូវបិទទ្វារ ដោយសារតែកូវីដ​១៩។ ថ្ងៃទី ២៦ មេសា ២០២១ AP - Jorge Saenz

ការឆ្លងរាលដាលកូវីដ១៩ នៅទូទាំងពិភព​លោក​ ប្រមាណជាង១ឆ្នាំមកនេះ បានបង្កផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ទៅលើសិទ្ធិកុមារ ពោលគឺសិទ្ធិទទួលបានការរៀនសូត្រ។ នេះបើផ្អែកតាមការលើកឡើង របស់អង្គការ KidsRights។ ការបិទសាលារៀន និងការ​មិនយកចិត្តទុកដាក់ ផ្តល់មធ្យោបាយ​ដល់ការរៀនសូត្រ របស់កុមារ មិនត្រឹមតែបំផ្លាញអនាគតរបស់ពួកគេ តែថែមទាំងអាចជះផលអវិជ្ជមាន ទៅលើសុខភាពផ្លូវចិត្តរបស់​កុមារថែមទៀតផង។

ផ្សាយពាណិជ្ជកម្ម

លោក Marc Dulleart នាយកអង្គការ KidsRights ដែលមានទីតាំងនៅ​ក្រុងអាំស្ទែរដាំ បានលើកឡើងថា ផលវិបាកបង្កឡើងដោយ​កូវីដ​១៩ មានទៅលើកុមារ គឺធ្ងន់ធ្ងរហួសពីការរំពឹងទុក។ ថ្វីបើមិនរងគ្រោះដោយ​ផ្ទាល់ ដោយសារជម្ងឺនេះមែន តែកុមារបានរងនូវផលអវិជ្ជមាន ដោយសារ​តែ​ភាពខ្ជីខ្ជា មិនយកចិត្តទុកដាក់ ពីសំណាក់អាជ្ញាធរ​រដ្ឋាភិបាល នៅទូទាំងពិភពលោក។

យោងតាមតួលេខរបស់អង្គការ KidsRights កុមារប្រមាណ​១៦៨លាននាក់ មិនអាចទៅសាលារៀនបាន​ ដោយសារតែវិធានការបិទខ្ទប់នានា។ ទន្ទឹមនឹងនេះ កុមារម្នាក់ ក្នុងចំណោម​៣នាក់ គឺមិនអាច​មានមធ្យោបាយទទួលបានការរៀនសូត្រ ពីចំងាយបានទេ នៅក្នុងអំឡុងពេលដែលសាលារៀន​​ត្រូវបិទទ្វារ។ កុមារ ១៤២លាននាក់បន្ថែមទៀត ត្រូវស្ថិតក្នុងស្ថានភាព គ្មានសម្ភារៈសិក្សា ខណៈដែលកូវីដ​១៩បាន​វាយបំបាក់​សេដ្ឋកិច្ច។ ហើយ​យ៉ាងហោចណាស់ កុមារ ៣៧០លាននាក់ លែងអាចហូបចំណីអាហារ នៅសាលារៀនបានទៀត។

លោកនាយកអង្គការ KidsRights បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលប្រទេសទាំងអស់ ត្រូវតែផ្តល់អាទិភាព ដល់ការរៀនសូត្ររបស់កុមារ តាមរយៈការផ្តល់សន្ទុះ បើកសាលារៀនឡើងវិញ​ ពង្រឹងវិស័យអប់រំ និងផ្តល់មធ្យោបាយ​ឲ្យ​បានច្រើនបំផុត ដល់ការរៀនសូត្ររបស់កុមារ។ ពុំនោះទេ ទៅថ្ងៃអនាគត សង្គមប្រាកដជាជួបវិបត្តិ​ ដោយសារតែគម្លាតនៃចំណេះដឹង។ សាលារៀនមិនមែនត្រឹមតែជាថ្នាលបណ្តុះចំណេះវិជ្ជាប៉ុណ្ណោះទេ តែវាជា​ទីកន្លែងនៃការពង្រឹងភាពរឹងមាំ នៃកាយសម្បទារ និងសតិស្មារតីរបស់កុមារ។

អង្គការ KidsRights បានអបអរសាទរ ចំពោះវិធានការមួយចំនួន ដែលរដ្ឋជួយដល់ការរៀនសូត្រដល់កុមារ នៅក្នុងអំឡុងពេលវិបត្តិកូវីដ​១៩។ ជាក់ស្តែងប្រទេស បង់ក្លាដែស បាន​ប្រើប្រាស់ស្ថានីយ៍ទូរទស្សន៍ជាតិ ដើម្បី​ធ្វើកម្មវិធីផ្សាយ​បង្រៀនដល់កុមារ នៅតាមផ្ទះ។ ចំណែកប្រទេសស៊ុយអែត និង​ ប៊ែលហ្សុិកវិញ បាន​បន្តបើកសាលារៀនរហូត ក្នុងអំឡុងពេលវិបត្តិ​កូវីដ​១៩។

គួរបញ្ជាក់ថា យោងតាមចំណាត់ថ្នាក់ KidsRights Index 2021 ក្នុងចំណោម​ប្រទេសទាំងអស់​១៨២ ប្រទេសដែលគោរពសន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារ បានល្អបំផុត គឺមាន ប្រទេស​អ៊ីស្លង់ ស្វ៊ីស និងហ្វាំងឡង់។ សេរ៉ាឡេអូន អាហ្វហ្កានីស្ថាន និង ឆាដ ជាប្រទេសដែលមាន​ចំណាត់ថ្នាក់អាក្រក់ជាងគេបំផុត ក្នុងវិស័យគោរពសិទ្ធិកុមារ។ បារាំងស្ថិតនៅលំដាប់ទី៦ រីឯកម្ពុជាស្ថិតនៅលំដាប់ ទី១២៧ ក្នុងចំណោម ១៨២ប្រទេស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI