អវកាស-ទេចរណ៍

សំបុត្រទៅ​ទេសចរណ៍​លើ​អវកាស​របស់​ Blue Origin ត្រូវបាន​ដេញថ្លៃ ក្នុង​តម្លៃ​២៨លាន​ដុល្លារ

ក្បាលកាប់ស៊ុលរបស់យាន New Shepard ដែលនឹងដឹកអ្នកដំណើរ៣នាក់ ជាលើកដំបូង ទៅទេសចរណ៍នៅលើអវកាស កំពស់ ១០០គីឡូម៉ែត្រ ពីផែនដី។
ក្បាលកាប់ស៊ុលរបស់យាន New Shepard ដែលនឹងដឹកអ្នកដំណើរ៣នាក់ ជាលើកដំបូង ទៅទេសចរណ៍នៅលើអវកាស កំពស់ ១០០គីឡូម៉ែត្រ ពីផែនដី។ AP

ការដេញថ្លៃសំបុត្រ ទៅទេសចរណ៍លើអវកាស តាមរយៈយាន New Shepard របស់ក្រុមហ៊ុន​ Blue Origin បានបិទបញ្ចប់កាលពីថ្ងៃទី​១២មិថុនា ដោយ​តម្លៃសំបុត្រចុងក្រោយ គឺមាន​តម្លៃដល់ទៅ ២៨លានដុល្លារ។ អ្នកដំណើរដែលបាន​ឈ្នះការដេញថ្លៃនេះ នឹងត្រូវហោះឡើងទៅលើអវកាស កំពស់ប្រមាណ​១០០គីឡូម៉ែត្រ អមដំណើរជាមួយ លោក Jeff Bezos អគ្គនាយក Amazon និងប្អូនប្រុសរបស់លោក នៅថ្ងៃទី២០ កក្កដា។

ផ្សាយពាណិជ្ជកម្ម

តម្លៃដេញថ្លៃដំបូង ត្រូវបាន​គេកំណត់ ត្រឹម ៤.៨លានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍ទី១០មិថុនា។ ការដេញថ្លៃចុងក្រោយ បានប្រព្រឹត្តិធ្វើទៅ នៅថ្ងៃសៅរ៍ទី​១២មិថុនា ដោយ​មានបេក្ខជនចូលរួម​ ប្រមាណ​ជាង​២០នាក់។ ត្រឹមតែជាង​១០នាទីប៉ុណ្ណោះ ការដេញថ្លៃផ្តាច់ព្រាត់ ត្រូវបានបញ្ចប់ ដោយតម្លៃសំបុត្រចុងក្រោយ​ ដើម្បីហោះទៅលើអវកាស គឺមានតម្លៃ ២៨លានដុល្លារ។

អត្តសញ្ញាណបុគ្គល ដែលបានឈ្នះការដេញថ្លៃនេះ នឹងត្រូវប្រកាសឲ្យដឹង នៅរវាងប៉ុន្មាន​សប្តាហ៍ខាងមុខ។ បន្ថែមពីលើ​តម្លៃសំបុត្រ អ្នកឈ្នះការដេញថ្លៃ ត្រូវប្រគល់ប្រាក់ចំនួន ៦%នៃតម្លៃសំបុត្រទៅឲ្យ​ក្រុមហ៊ុន RR Auction ក្នុងនាមជាកម្រៃជើងសារ នៃការដេញថ្លៃ។ ចំណែក​ប្រាក់ថ្លៃសំបុត្រ គឺនឹងត្រូវប្រគល់ទាំងស្រុង ទៅឲ្យមូលនិធិមួយ បង្កើតឡើងដោយ​ ក្រុមហ៊ុន ​Blue Origin ដើម្បី​ជួយ​យុវជនវ័យក្មេង ដែលចាប់ជំនាញ​វិទ្យាសាស្ត្រ។

សូមបញ្ជាក់ថា យាន​ New Shepard របស់ក្រុមហ៊ុន​ Blue Origin នឹងហោះចេញដំណើរ ចេញពីវាលខ្សាច់ខាងលិចរដ្ឋតិចសាស នៅថ្ងៃទី​២០កក្កដា។ ក្រៅពីអ្នកទេសចរណ៍ ដែលឈ្នះការដេញថ្លៃសំបុត្រ ដំណើរទេសចរណ៍អវកាសជាលើកទី១នេះ គឺមានការចូលរួម ពី​លោក Jeff Bezos អគ្គនាយក Amazon និងជាស្ថាបនិក ក្រុមហ៊ុន Blue Origin រួមជាមួយ​ប្អូនប្រុសរបស់លោក។

ហោះឡើងទៅដល់កំពស់ ៧៥គីឡូម៉ែត្រ យាន New Shepard នឹងរុញក្បាលកាប់ស៊ុល ដែល​មានផ្ទុក​អ្នកដំណើរទាំង៣នាក់ ឲ្យឡើងដល់កំពស់១០០គីឡូម៉ែត្រ ពីផែនដី ពោលគឺជាកំពស់ព្រំដែនរវាងបរិយាកាសផែនដី និងសុញ្ញកាស។ ក្បាលកាប់ស៊ុលនឹងធ្លាក់មកកាន់ផែនដីវិញ ដោយមានជំនួយពីឆ័ត្រយោងធំៗ៣។ ការធ្វើដំណើរទៅមកនេះ មានថេរវេលាសរុប ប្រមាណតែជាង​១០នាទីប៉ុណ្ណោះ។ អ្នកស្រី Ariane Cornell នាយកពាណិជ្ជកម្មរបស់ Blue Origin បានអះអាងថា យាន New Shepard ត្រូវបាន​បាញ់បង្ហោះសាកល្បង ចំនួន​១៥ដងហើយ ហើយសុទ្ធតែបានជោគជ័យទាំងអស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI