បច្ចេកវិទ្យា-សន្តិសុខ-អ៊ីនធ័រនែត

ក្រុមប្រឹក្សាសន្តិសុខ​ប្រជុំ​​លើកទី១ ស្តីពី​​គ្រោះថ្នាក់​​នៃ​ការ​វាយ​ប្រហារ​ ​តាម​ប្រព័ន្ធ​​​​ព័ត៌មានវិទ្យា

ប្រទេសមហាអំណាចធំៗ បង្កើនការប្រុងប្រយ័ត្ន និងចំណាយ​ប្រាក់ដើម្បីការពារសន្តិសុខ​ប្រព័ន្ធព័ត៌មាន​វិទ្យារបស់គេ រឿងៗខ្លួន
ប្រទេសមហាអំណាចធំៗ បង្កើនការប្រុងប្រយ័ត្ន និងចំណាយ​ប្រាក់ដើម្បីការពារសន្តិសុខ​ប្រព័ន្ធព័ត៌មាន​វិទ្យារបស់គេ រឿងៗខ្លួន © AFP - NICOLAS ASFOURI

ថ្ងៃអង្គារ​ទី​២៩មិថុនានេះ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ បើក​​កិច្ចប្រជុំ​ជាលើកទី​១ ដើម្បី​និយាយគ្នា អំពី​ការគំរាមកំហែង និងគ្រោះថ្នាក់​បណ្តាល​មកពី​ ការវាយ​​ប្រហារ​តាម​ប្រព័ន្ធបច្ចេកវិទ្យា​ព័ត៌មានវិទ្យា។ ការវាយប្រហារតាមអ៊ីនធ័រនែត កំពុងតែ​បង្កើន​ការព្រួយ​បារម្ភ​កាន់តែខ្លាំង ហើយ​បានក្លាយ​ជា​ចំណុចប្រឈមមុខដាក់គ្នា រវាង​ប្រទេសមហាអំណាច តួយ៉ាង ដូចជា​រវាង រុស្ស៊ី និង​សហរដ្ឋអាមេរិក ជាដើម។

ផ្សាយពាណិជ្ជកម្ម

ប្រទេសអេស្តូនី ដែលជាប្រធានវិលជុំ នៃក្រុមប្រឹក្សាសន្តិសុខ បានផ្តួចផ្តើមគំនិត បើកការប្រជុំ​ស្តីអំពី គ្រោះថ្នាក់នៃការវាយប្រហារតាមប្រព័ន្ធ​បច្ចេកវិទ្យាព័ត៌មានវិទ្យា ព្រមទាំង​រិះរកវិធីទប់ស្កាត់។ ក្រុមប្រឹក្សា​សន្តិសុខ ធ្លាប់បាន​លើកបញ្ហានេះមកពិភាក្សាគ្នាម្តងហើយ តែជាលក្ខណៈក្រៅផ្លូវការ។

មន្ត្រីទូតម្នាក់ ប្រចាំអង្គការសហប្រជាជាតិ ដោយសុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា បញ្ហា​សំណុំរឿងទាក់ទិននឹង​ការវាយ​ប្រហារ​តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យានេះ គឺជាបញ្ហាធំខ្លាំងណាស់ ដោយ​ប្រទេសនីមួយៗ មិន​អាចគេចវិះមិនទទួលស្គាល់នោះទេ ព្រោះថាអ្នកណាក៏ប្រឈមនឹងគ្រោះថ្នាក់នេះដែរ។ វាគឺជាសំណុំរឿងថ្មីស្រឡាង ដែលកំពុងតែចោទជាចំណោទ មកលើពិភពលោកយើង ទាក់ទិននឹង​សន្តិសុខអន្តរជាតិ។

មន្ត្រីទូតដដែលបន្ថែមថា​ សំណុំ​រឿង​វាយ​ប្រហារ ដោយ​ប្រើ​បច្ចេកវិទ្យាព័ត៌មានវិទ្យា គឺវាស្មុគស្មាញ មិនដូច​សំណុំរឿង​គ្រប់គ្រងអាវុធ ដែលយើងអាចធ្វើសន្ធិសញ្ញាមួយ ហើយ​តាមដានពិនិត្យ​ការគោរព​​វានោះទេ។ ក្នុ​ងបញ្ហា វាយ​ប្រហារតាមអ៊ីនធ័រនែតនេះ គឺតោងគ្រប់ភាគីស្វែងរក​គំនិតថ្មីៗ ដើម្បី​គ្រប់គ្រង និងបញ្ចៀសបញ្ហា។

គួររំលឹកថា កាលពីឆ្នាំ​២០១៥ គណកម្មការ​មួយ​ នៃអង្គការសហប្រជាជាតិ ដែលធ្លាប់ធ្វើការក្នុងសំណុំរឿង​រំសាយ​អាវុធ ធ្លាប់បាន​លើកជាសំណើកិច្ចព្រមព្រៀងមួយ ដែល​ហាមឃាត់ រាល់ការវាយ​ប្រហារ​តាមអ៊ីនធ័រនែត ទៅលើ​ស្ថាប័ន ឬហេដ្ឋារចនាសម្ព័ន្ធ​ ដែលសំខាន់ៗរបស់រដ្ឋសមាជិក នៃអង្គការសហប្រជាជាតិ។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ ករណី​​វាយ​ប្រហារ នៅតែមាន​ជា​និច្ច នឹងកាន់​តែធ្ងន់ធ្ងរទៅ ជាក់ស្តែងចុងក្រោយនេះ គឺ​ករណីវាយ​ប្រហារទៅលើ ក្រុមហ៊ុន​គ្រប់គ្រងបំពង់បង្ហូរប្រេង និងឧស្ម័នអាមេរិក Colonial Pipeline។ សមត្ថកិច្ចអាមេរិក បាន​សន្និដ្ឋានជាញឹកញាប់ ថា ភាគច្រើននៃការវាយប្រហារ គឺបង្កឡើងដោយ​ក្រុមចោរព័ត៌មានវិទ្យា មានប្រភពនៅ​រុស្ស៊ី។

យ៉ាងណាមិញ សំណុំរឿងការវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យានេះ ត្រូវបាន​លោកចូ បៃដិន លើកទៅនិយាយជាមួយ​លោកពូទីន ថាវាជាបន្ទាត់ក្រហម ដែលរុស្ស៊ី មិនអាចបំពានបានឡើយ។ នៅក្នុងជំនួប​នៅទីក្រុង​ហ្សឺណែ​វ កាលពី​ចុងខែឧសភា លោក ចូ បៃដិន បាន​ប្រាប់ទៅលោកពូទីន​ថា​ មាន​​ស្ថាប័នសំខាន់ៗ​ចំនួន​១៦ គឺមិនអាច​វាយ​ប្រហារបាន​ជាដាច់ខាត ដែលមានជាអាទិ ស្ថាប័នក្នុងវិស័យថាមពល និងវិស័យ​បណ្តាញ​ទឹកស្អាតជាដើម។ អគ្គរដ្ឋទូតប្រទេសអឺរ៉ុបម្នាក់ បាន​បញ្ជាក់ថាបន្ថែមថា ស្ថាប័ន​ទាំង១៦​នោះ គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់​គ្រប់ប្រទេសទាំងអស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI