ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ផ្កាយ​ដ៏ចម្លែក​កំពុង​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​វិទ្យាសាស្រ្ត​ទាក់ទង​នឹង​មនុស្ស​ក្រៅភព

សំឡេង ០៤:២៩
ការស្វែងរក​ភពក្រៅប្រព័ន្ធ​ព្រះអាទិត្យ​បាន​ជួប​ប្រទះ​នឹង​ផ្កាយ​ដ៏ចម្លែក
ការស្វែងរក​ភពក្រៅប្រព័ន្ធ​ព្រះអាទិត្យ​បាន​ជួប​ប្រទះ​នឹង​ផ្កាយ​ដ៏ចម្លែក REUTERS/David A. Aguilar/Center for Astrophysics

តើ​តេឡេស្កុប​របស់​ទីភ្នាក់ងារ​អវកាស NASA ពិត​ជា​បាន​រកឃើញ​សញ្ញា​នៃ​មនុស្ស​ក្រៅភព​មែន​ឬ? អ្វីៗ​គ្រាន់តែ​ជា​ទ្រឹស្តី ជា​សម្មតិកម្ម និង​ជា​សំណួរ ប៉ុន្តែ​ជា​សំណួរ​ដែល​កំពុងតែ​ចោទឡើង​ខ្លាំង ក្រោយ​ពី​គេ​បាន​រកឃើញ​ផ្កាយដ៏ចម្លែកមួយ​ ដែល​មាន​ពន្លឺ​ខុសពី​លក្ខណៈ​ធម្មជាតិ​ដែល​គេ​ធ្លាប់​សង្កេតឃើញ​ពីមុន។

ផ្សាយពាណិជ្ជកម្ម

អ្វីៗ​បាន​កើតឡើង​ពី​បេសកកម្ម​តាមស្វែងរក​ភព​ក្រៅប្រព័ន្ធ​ព្រះអាទិត្យ ដោយ​ប្រើ​តេឡស្កុប Kepler របស់​ទីភ្នាក់ងារ NASA​ របស់​សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ បច្ចេកទេស​ដែល​គេ​តែង​ប្រើ​ញឹកញាប់​​ជាងគេ​ក្នុងការ​ស្វែងរក​ភពក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​នេះ គឺ​តាម​រយៈ​ការសង្កេតមើល​​ការប្រែប្រួល​នៃ​ពន្លឺ​របស់​ផ្កាយ​ដែល​គេ​បាន​រកឃើញ ពីព្រោះ​គេដឹង​ថា ប្រសិន​បើ​ផ្កាយណាមួយ​មាន​ភពវិល​ជុំវិញ នៅ​ពេលដែល​ភព​នោះ​វិលមក​កាត់ពីមុខ​ផ្កាយ វា​នឹង​បាំង​ពន្លឺ​មួយផ្នែក​​ដែល​ចេញពីផ្កាយនោះ​។ បើ​ទោះបីជា​ការ​ថយចុះ​នៃ​ពន្លឺ​មាន​យ៉ាងតិចតួច (គឺ​យ៉ាងច្រើន​បំផុត​ត្រឹម ១%) ក៏ប៉ុន្តែ តេឡេស្កុប Kepler ដែល​ហោះ​នៅ​ក្នុង​គន្លង​តារាវិថីជុំវិញ​​ព្រះអាទិត្យ​ជាមួយ​ភព​ផែនដី មាន​កម្លាំង​ខ្លាំង​អាច​វាស់ស្ទង់​​ដឹង​បាន​​នូវ​ការ​ប្រែប្រួល​នៃ​ពន្លឺ​នេះ។

នៅថ្ងៃ​មួយ ការភ្ញាក់ផ្អើល​បាន​កើតមាន​ឡើង នៅ​ពេល​ដែល​គេ​សិក្សា​ទៅលើ​ទិន្ន័យ​បាន​មក​ពី​តេឡេស្កុប Kepler។ ផ្កាយមួយដួង (ដែល​គេ​ដាក់ឈ្មោះ​ថា KIC 8462852) ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជិត ១ពាន់៥រយឆ្នាំ​ពន្លឺ​ពី​ផែនដី មាន​ការប្រែប្រួល​ពន្លឺ​ចម្លែក​ខុសពីធម្មតា ដែល​គេ​មិន​ធ្លាប់​ឃើញ​ពីមុន។

អ្វីដែល​ចម្លែក​ គឺ​នៅត្រង់​​ថា ពន្លឺ​ដែល​ចេញ​ពី​ផ្កាយ​នេះ​មាន​ការ​ប្រែប្រួល​ខ្លាំង គឺ​ពេលខ្លះ​ត្រូវ​ធ្លាក់ចុះ​រហូតដល​ទៅ​ ២២% ពោលគឺ​ច្រើន​ជាង​យ៉ាង​ដាច់ឆ្ងាយពី​​កម្រិត​អតិបរមា ១% នៃ​ករណី​ថយចុះ​ពន្លឺ ដោយ​សារ​មាន​ភព​ហោះកាត់ពីមុខ។ ចំណុច​ដែល​កាន់តែ​ចម្លែកមួយទៀត គឺ​ភាព​មិន​ទៀងទាត់​នៃ​ការ​ធ្លាក់ចុះ​នៃ​ពន្លឺ​របស់​ផ្កាយនេះ ដោយ​គេ​សង្កេតឃើញ​ថា ចន្លោះ​ពេលនៃ​ការ​ធ្លាក់ចុះ​ពន្លឺ​របស់​វា ពេលខ្លះ​មាន​ត្រឹម ១សប្តាហ៍ (ដែល​ជា​រយៈពេល​មួយយ៉ាងខ្លីបំផុត) ហើយ​ពេលខ្លះ​ទៀត​​រហូតដល់​ទៅ​រាប់ខែ។

បើតាម​ការ​ពន្យល់​របស់​តារាវិទូ នៅ​ក្នុងករណី​ថយចុះ​នៃ​ពន្លឺ​របស់​ផ្កាយ ដោយសារ​មាន​ភពហោះកាត់ពីមុខ ការថយចុះ​នៃ​ពន្លឺ​នេះ​​មិន​អាច​លើស​ពី ១% នោះទេ ហើយ​ម្យ៉ាងទៀត ដោយសារ​តែ​​​ភពនីមួយៗ​តែងតែ​វិល​ជុំវិញ​ផ្កាយមេ​របស់​វា​ក្នុងរយៈពេល​មួយ​ទៀងទាត់​ (ឧទាហរណ៍ ភពផែនដី​វិលជុំវិញព្រះអាទិត្យ​ក្នុងរយៈពេល ៣៦៥ថ្ងៃ) ដូច្នេះ​ការ​ថយចុះ​នៃ​ពន្លឺ​​របស់​ផ្កាយ​ត្រូវតែ​ជាការ​ថយចុះ​នៅ​ក្នុង​ចន្លោះពេលមួយ​ទៀងទាត់។

ដោយហេតុនេះ​ហើយ​បាន​ជា​​​តារាវិទូ​ជាច្រើន​បាន​នាំគ្នា​សន្និដ្ឋាន​ថា ការថយចុះ​នៃ​ពន្លឺ​របស់​ផ្កាយ​​ដ៏ចម្លែក​​ដែល​គេ​ទើប​នឹង​សង្កេតឃើញ​ថ្មីៗ​នេះ (ថយចុះខ្លាំង​រហូតដល់​ទៅ ២២% ហើយ​ថយចុះ​ក្នុងចន្លោះពេល​មិន​ទៀងទាត់) ​មិនមែន​ដោយសារ​តែ​ភពហោះកាត់​ពីមុខនោះទេ។ សំណួរចោទឡើង​ថា បើ​មិនមែន​ជា​ភព តើ​អ្វីទៅ​ដែល​ធ្វើ​ឲ្យ​មាន​​ការ​ថយចុះ​នៃ​ពន្លឺ​ដ៏ចម្លែកនេះ?

នៅ​ក្នុងពេល​បច្ចុប្បន្ន​នេះ តារាវិទូ​កំពុងតែ​នាំគ្នា​ធ្វើការ​សិក្សា​លម្អិត ដើម្បីស្វែងរក​មូលហេតុ​មក​បកស្រាយ​ភាព​ចម្លែក​នេះ។ ក៏ប៉ុន្តែ ដោយសារ​តែ​គេ​មិន​អាច​រកឃើញ​មូលហេតុ​​សមរម្យ​ជាលក្ខណៈ​ធម្មជាតិ តារាវិទូ​ខ្លះ​បាន​ចាប់ផ្តើម​សំឡឹង​ទៅមើល​មូលហេតុ​មិនធម្មជាតិ។ តារាវិទូ​អាមេរិក​ម្នាក់ មក​ពី​សកលវិទ្យាល័យ Penn State បាន​លើក​ជា​សម្មតិកម្ម​ថា ការណ៍​ដែល​ផ្កាយ​មួយដួង​នេះ​មាន​ការប្រែប្រួល​ពន្លឺ​ដ៏ចម្លែក​ខុស​ពី​ធម្មជាតិ គឺ​ដោយសារ​តែ​មាន​វត្ថុសិប្បនិម្មិត​អ្វីមួយ​មកបាំង ហើយ​បើសិន​ជា​មាន​វត្ថុអ្វីមួយ​ដែល​មិនមែន​កើតពីធម្មជាតិ ហើយ​ស្ថិត​នៅ​ចម្ងាយ​ ១ពាន់៥រយឆ្នាំ​ពន្លឺពីផែនដី វា​គឺ​ជា​សញ្ញា​បង្ហាញ​ពីវត្តមាន​នៃ​មនុស្សក្រៅភព។

ក៏ប៉ុន្ត រហូតមកទល់​នឹង​ពេលនេះ សម្មតិកម្ម​មនុស្សក្រៅភព​គ្រាន់តែ​ជា​ទ្រឹស្តីមួយ​តែ​ប៉ុណ្ណោះ ហើយ​តារាវិទូ​ភាគច្រើន​នៅតែ​បង្ហាញ​នូវ​ភាព​ប្រយ័ត្នប្រយែង​យ៉ាងខ្លាំង​ចំពោះ​សម្មតិកម្ម​នេះ។ អ្នក​វិទ្យាសាស្រ្ត​ខ្លះ​បាន​លើកឡើង​ថា ការណ៍​ដែល​យើងសង្កេតឃើញ​​ភាពចម្លែក​ខុសពី​ប្រក្រតី​នៅពេលនេះ វា​មិនប្រាកដ​ថា​មក​ពី​វត្ថុ​សិប្បនិម្មិត​នោះទេ។ វា​អាច​ជា​ដំណើរការ​ធម្មតា​ទៅ​​តាមលក្ខណៈ​ធម្មជាតិ ប៉ុន្តែ គ្រាន់តែ​យើង​មិ​នទាន់​ធ្លាប់​ជួប​តែ​ប៉ុណ្ណោះ ពីព្រោះ​ថា នៅ​ចក្រវាល​ដ៏សែនធំធេងនេះ នៅមាន​រឿងច្រើន​ណាស់​ដែល​យើង​មិន​ទាន់​ស្គាល់​អស់។

ទោះយ៉ាងនេះក៏ដោយ វិទ្យាស្ថាន​ជំនាញ​ខាង​ស្វែងរក​​មនុស្ស​ក្រៅភព ឈ្មោះ “SETI Institute” (Search for Extra-Terrestral Intelligence) ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា បាន​ឲ្យដឹង​ថា ពួកគេ​នឹង​ប្រើ​ឧបករណ៍​ពិសេស ដើម្បី​ធ្វើការ​សិក្សា​លម្អិត​ទៅលើ​ផ្កាយ​ដ៏ចម្លែកនេះ។ ក៏ប៉ុន្តែ នៅទីចុងបំផុត​ទៅ បើទោះបីជា​គេ​រកឃើញ​ថាវាពិតជា​វត្ថុសិប្បនិម្មិត ឬ​ជា​មនុស្សក្រៅភព​ពិតមែន​ក៏ដោយ ក៏​​យើង​មិន​អាច​ធ្វើ​ដំណើរទៅដល់​នោះបានដែរ ពីព្រោះ​ថា ផ្កាយ​ដ៏ចម្លែក​នេះ​ស្ថិត​នៅ​ចម្ងាយ​រហូតដល់​ទៅ ១ពាន់៥រយឆ្នាំ​ពន្លឺ​ពីផែនដី មានន័យថា អ្វីដែល​គេ​កំពុងតែ​សង្កេតឃើញ​នៅពេលនេះ វា​បាន​កើតមាន​ឡើង​តាំងពី ១ពាន់៥រយឆ្នាំ​មុនម៉្លេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI