ការប្រជែងសព្វាវុធនុយក្លេអ៊ែរនៅក្នុងសង្រ្គាមត្រជាក់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:២៥
នៅក្នុងនាទីប្រវត្តិសាស្រ្តពិភពលោករបស់យើង នៅសប្តាហ៍នេះ សេង ឌីណា សូមបន្តនិយាយអំពីសង្រ្គាមត្រជាក់ ដោយសូមលើកឡើង អំពីការប្រជែង និងការប្រឈមមុខដាក់គ្នាដោយអាវុធនុយក្លេអ៊ែរ រវាងប្លុកលោកខាងលិច និងប្លុកកុម្មុយនិស្ត។
នៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ នៅពេលដែលគ្រាប់បែកនុយក្លេអ៊ែរដំបូងបង្អស់ត្រូវបានសហរដ្ឋអាមេរិកទម្លាក់ទៅលើទីក្រុងហ៊ីរ៉ូស្ហ៊ីម៉ា ពិភពលោកទាំងមូលចាប់ផ្តើមមើលឃើញ អំពីមហន្តរាយ ដែលអាចបង្កឡើងដោយអាវុធប្រល័យលោកប្រភេទថ្មី ហើយយុគសម័យនៃការប្រឈមមុខដាក់គ្នាដោយអាវុធនុយក្លេអ៊ែរក៏ចាប់ផ្តើមឡើង។
ភ្លាមៗក្រោយសង្រ្គាមលោកលើកទី២ សហរដ្ឋអាមេរិក គឺជាប្រទេសតែមួយគត់ ដែលមានអាវុធនុយក្លេអ៊ែរ។ ក៏ប៉ុន្តែ ភាពជាមហាអំណាចនុយក្លេអ៊ែរផ្តាច់មុខនេះត្រូវបិទបញ្ចប់ នៅពេលដែលសហភាពសូវៀតផលិតបាន និងធ្វើការសាកល្បងប្រកបដោយជោគជ័យនូវអាវុធនុយក្លេអ៊ែររបស់ខ្លួន នៅឆ្នាំ១៩៤៩។ ចាប់តាំងពីពេលនោះមក សហរដ្ឋអាមេរិក និងសហភាពសូវៀតបានបន្តធ្វើការប្រណាំងប្រជែងគ្នាខាងសព្វាវុធនុយក្លេអ៊ែរ ទាំងខាងបរិមាណ (ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ) ទាំងខាងគុណភាព (ការផលិតក្បាលគ្រាប់នុយក្លេអ៊ែរដែលមានទំហំកាន់តែតូច តែមានកម្លាំងផ្ទុះកាន់តែខ្លាំង) និងទាំងមធ្យោបាយក្នុងការទម្លាក់អាវុធនុយក្លេអ៊ែរ (ការអភិវឌ្ឍបច្ចេកវិទ្យាផលិតមីស៊ីលអន្តរទ្វីប យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ និងមីស៊ីលបាញ់ចេញពីនាវាមុជទឹក ជាដើម)។
នៅឆ្នាំ១៩៥២ ចំនួនមហាអំណាចនុយក្លេអ៊ែរបានកើនឡើងដល់បីប្រទេស ក្រោយពីអង់គ្លេសបានសាកល្បងប្រកបដោយជោគជ័យនូវអាវុធនុយក្លេអ៊ែររបស់ខ្លួន។ តាមការពិត អង់គ្លេសបានចូលរួមសហការជាមួយអាមេរិក តាំងពីក្នុងអំឡុងសង្រ្គាមលោកលើកទី២ម៉្លេះ នៅក្នុងគម្រោងសម្ងាត់សិក្សាពីការផលិតអាវុធនុយក្លេអ៊ែរ (The Manhattan Project)។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ បូករួមជាមួយនឹងចំណេះដឹងខាងរូបវិទ្យានុយក្លេអ៊ែររបស់ សំណាក់អ្នកវិទ្យាសាស្រ្តអាល្លឺម៉ង់ ដែលបានរត់ភៀសខ្លួនចេញពីការធ្វើទុក្ខបុកម្នេញរបស់ហ៊ីត្លែរ ទៅជ្រកកោននៅក្នុងប្រទេសអង់គ្លេស នៅក្នុងអំឡុងសម័យសង្រ្គាមលោកលើកទី២ ដែលអង់គ្លេសអាចផលិតអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនបាន។
បន្ទាប់ពីអង់គ្លេស ប្រទេសដែលបានក្លាយជាមហាអំណាចនុយក្លេអ៊ែរទី៤ គឺបារាំង។ ក៏ប៉ុន្តែ ខុសពីអង់គ្លេស បារាំងរៀបចំបង្កើតកម្មវិធីផលិតអាវុធនុយក្លេអ៊ែរដោយខ្លួនឯងសុទ្ធសាធ ដោយមិនបានទទួលជំនួយបច្ចេកទេស ឬកិច្ចសហប្រតិបត្តិការពីសហរដ្ឋអាមេរិកនោះទេ។ កម្មវិធីផលិតអាវុធនុយក្លេអ៊ែរបារាំងអាចធ្វើទៅបាន ដោយសារតែបារាំងមានអ្នកវិទ្យាសាស្រ្តក្នុងស្រុក គឺអ្នកវិទ្យសាស្រ្តដែលគេចាត់បញ្ចូលថាជាបិតានៃទ្រឹស្តីរូបវិទ្យានុយក្លេអ៊ែរ រួមជាមួយនឹងអ្នកវិទ្យាសាស្រ្តរបស់អាល្លឺម៉ង់។ បារាំងបានចំណាយពេលយូរ ដើម្បីផលិតអាវុធនុយក្លេអ៊ែរ គឺដោយសារតែបញ្ហាហិរញ្ញវត្ថុផង និងជាពិសេស គឺមកពីកង្វះឆន្ទៈនយោបាយ។
កម្មវិធីនុយក្លេអ៊ែររបស់បារាំងបានចាប់ផ្តើមជាដំបូង នៅដើមទសវត្សរ៍ឆ្នាំ៥០ ក៏ប៉ុន្តែ នៅពេលនោះ កម្មវិធីនុយក្លេអ៊ែរបារាំងគឺជាកម្មវិធីនុយក្លេអ៊ែរស៊ីវិលសុទ្ធសាធ គឺមានគោលដៅត្រឹមតែផលិតថាមពលអគ្គិសនីតែប៉ុណ្ណោះ ដោយគ្មានបំណងផលិតអាវុធនុយក្លេអ៊ែរនោះទេ។ អ្វីៗត្រូវប្រែប្រួលដោយសារតែវិបត្តិព្រែកជីកស៊ុយអេ នៅឆ្នាំ១៩៥៦។
នៅក្នុងវិបត្តិព្រែកជីកស៊ុយអេនោះ នៅពេលដែលកងទ័ពបារាំង រួមជាមួយនឹងអង់គ្លេស និងអ៊ីស្រាអែលចូលឈ្លានពានអេហ្ស៊ីប ប្រទេសទាំង ៣ ត្រូវប្រឈមមុខជាមួយនឹងសហភាពសូវៀតផង និងជាមួយនឹងសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តផង។ នៅពេលនោះ លោក Nikita Krushchev មេដឹកនាំសហភាពសូវៀតបានគំរាមប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើអង់គ្លេស បារាំង និងអ៊ីស្រាអែល មិនបញ្ឈប់ការឈ្លានពានទៅលើអេហ្ស៊ីប។ ប្រឈមមុខនឹងការគំរាមប្រើអាវុធនុយក្លេអ៊ែរនេះ មេដឹកនាំសហរដ្ឋអាមេរិកមិនត្រឹមតែមិនចេញមុខការពារប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួននោះទេ ក៏ប៉ុន្តែ ថែមទាំងបានដាក់សម្ពាធទៅលើបារាំង អង់គ្លេស និងអ៊ីស្រាអែលឲ្យដកថយចេញពីអេហ្ស៊ីប ដោយព្រមានថា បើពួកគេមិនដកថយទេ ពួកគេនឹងត្រូវទទួលរងនូវទណ្ឌកម្មសេដ្ឋកិច្ច។ ស្ថិតនៅក្នុងស្ថានភាពនោះហើយ ដែលមេដឹកនាំបារាំងបានសម្រេចថា បារាំងត្រូវតែផលិតអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន ដើម្បីពង្រឹងវិស័យការពារជាតិ និងរក្សាជំហរជាប្រទេសមហាអំណាច ដោយមិនពឹងលើសហរដ្ឋអាមេរិក។ សេចក្តីសម្រេចផលិតអាវុធនុយក្លេអ៊ែរត្រូវបានធ្វើឡើង នៅឆ្នាំ១៩៥៨ នៅពេលដែលឧត្តមសេនីយ៍ Charles de Gaulle វិលត្រឡប់មកកាន់តំណែងជាប្រធានាធិបតី ហើយ២ឆ្នាំក្រោយមក គឺនៅឆ្នាំ១៩៦០ បារាំងក៏ផលិត និងសាកល្បងប្រកបដោយជោគជ័យនូវអាវុធនុយក្លេអ៊ែររបស់ខ្លួន។
នៅអាស៊ី មេដឹកនាំបក្សកុម្មុយនិស្តចិន ម៉ៅសេទុង បានសម្រេចបង្កើតកម្មវិធីផលិតអាវុធនុយក្លេអ៊ែរ នៅអំឡុងឆ្នាំ១៩៥៤ គឺនៅក្រោយពីត្រូវប្រឈមមុខនឹងសហរដ្ឋអាមេរិកជាច្រើនលើកច្រើនសា គឺនៅក្នុងសង្រ្គាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ម្តង និងម្តងទៀត ជម្លោះប្រដាប់អាវុធជាមួយតៃវ៉ាន់ នៅឆ្នាំ១៩៥៤-១៩៥៥ ហើយជារឿយៗមេដឹកនាំកុម្មុយនិស្តចិនត្រូវបង្ខំចិត្តដកថយ ដោយសារតែខ្លាចអាវុធនុយក្លេអ៊ែររបស់អាមេរិក។ ថ្វីដ្បិតតែចិនមានសហភាពសូវៀតជាសម្ព័ន្ធមិត្ត ក៏ប៉ុន្តែ ម៉ៅសេទុងមិនចង់ពឹងផ្អែកលើប្រទេសដទៃ ទើបសម្រេចថាចិនត្រូវតែមានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនឯង។ កម្មវិធីនុយក្លេអ៊ែរយោធារបស់ចិនបានចាប់ផ្តើមដំណើរការយ៉ាងសកម្ម នៅឆ្នាំ១៩៥៨ ដោយមានជំនួយខាងបច្ចេកទេសពីសហភាពសូវៀត ហើយនៅឆ្នាំ១៩៦៤ ចិនក៏ផលិតបាន និងធ្វើការសាកល្បងប្រកបដោយជោគជ័យនូវគ្រាប់បែកនុយក្លេអ៊ែរទីមួយរបស់ខ្លួន។
គិតមកទល់ពេលនោះ ចំនួនប្រទេសដែលមានអាវុធនុយក្លេអ៊ែរបានកើនឡើងដល់ ៥ប្រទេស គឺសហរដ្ឋអាមេរិក សហភាពសូវៀត អង់គ្លេស បារាំង និងចិន ហើយនៅក្នុងពេលជាមួយគ្នានោះ ចលនាប្រឆាំងនឹងអាវុធនុយក្លេអ៊ែរក៏បានចាប់ផ្តើមរីកដុះដាលយ៉ាងខ្លាំងផងដែរ។ នៅឆ្នាំ១៩៦៨ ពោលគឺ ៤ឆ្នាំ ក្រោយពីចិនផលិតបានអាវុធនុយក្លេអ៊ែរ សន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរក៏ត្រូវបានគេចុះហត្ថលេខា ហើយសន្ធិសញ្ញានេះ បានចូលជាធរមាននៅឆ្នាំ១៩៧០។
តាមរយៈសន្ធិសញ្ញានេះ ប្រទេសទាំង ៥ ដែលមានអាវុធនុយក្លេអ៊ែររួចទៅហើយ ត្រូវបានគេទទួលស្គាល់ថាជាមហាអំណាចនុយក្លេអ៊ែរ ដែលអាចបន្តមានអាវុធនុយក្លេអ៊ែរតទៅទៀត ក៏ប៉ុន្តែ មិនត្រូវផ្ទេរបច្ចេកវិទ្យានុយក្លេអ៊ែរនេះទៅប្រទេសដទៃ ក្រៅតែពីបច្ចេកវិទ្យាក្នុងគោលដៅស៊ីវិល។ ចំណែកឯប្រទេសដែលមិនទាន់មានអាវុធនុយក្លេអ៊ែរវិញ មានសិទ្ធិបង្កើតកម្មវិធីនុយក្លេអ៊ែរស៊ីវិល ក៏ប៉ុន្តែ កម្មវិធីនុយក្លេអ៊ែរយោធាត្រូវហាមឃាត់ដាច់ខាត។
គោលដៅចម្បងបំផុតនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរនេះ គឺធ្វើយ៉ាងណាកុំឲ្យអាវុធនុយក្លេអ៊ែរត្រូវរីកសាយភាយទៅកាន់ប្រទេសផ្សេងទៀត ក្រៅពីប្រទេសទាំង ៥ ដែលមានអាវុធនុយក្លេអ៊ែររួចទៅហើយ។ ក៏ប៉ុន្តែ នៅទីចុងបំផុតទៅ បច្ចេកវិទ្យានុយក្លេអ៊ែរយោធានៅតែបន្តរីករាលដាល ដោយឥណ្ឌា ប៉ាគីស្ថាន និងអ៊ីស្រាអែលមិនព្រមចុះហត្ថលេខាលើសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ហើយបាននាំគ្នាផលិតអាវុធនុយក្លេអ៊ែររៀងៗខ្លួន។ ចំណែកកូរ៉េខាងជើងវិញបានចុះហត្ថលេខាលើសន្ធិសញ្ញានេះរួចហើយ ក៏ប៉ុន្តែ បានដកខ្លួនចេញវិញ នៅឆ្នាំ២០០៣ រួចហើយធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០០៦៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ