អានតួអត្ថបទ
អ.ស.ប

អ.ស.ប​ចង់​បង្កើត​តុលាការ​អន្តរជាតិ​ជំនុំជម្រះ​បទឧក្រិដ្ឋ​ប្រព្រឹត្ត​ដោយ​ទាហាន​មួកខៀវ

លោកស្រី Radhika Coomaraswamy អតីត​ប្រេសិតពិសេស​អ.ស.ប​ទទួល​បន្ទុក​កិច្ចការ​កុមារ​និង​ជម្លោះ​ប្រដាប់អាវុធ
លោកស្រី Radhika Coomaraswamy អតីត​ប្រេសិតពិសេស​អ.ស.ប​ទទួល​បន្ទុក​កិច្ចការ​កុមារ​និង​ជម្លោះ​ប្រដាប់អាវុធ AFP/Jay Directo
ដោយ៖ សេង ឌីណា
១៥ នាទី

​នៅ​ក្នុង​របាយការណ៍​ចេញផ្សាយ​កាល​ពីថ្ងៃ​ចន្ទ ក្រុមការងារ​របស់​អ.ស.ប​បាន​ស្នើសុំ​ឲ្យ​បង្កើត​តុលាការ​ពិសេស​អន្តរជាតិ ដើម្បី​ជំនុំជម្រះ​ទាហាន​មួកខៀវទាំងឡាយ​ណា ដែល​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ នៅ​ក្នុង​ពេល​កំពុង​បំពេញ​បេសកកម្ម​ ក្នុងនោះ​ក៏​រួមមាន​ផងដែរ​ឧក្រិដ្ឋកម្ម​ផ្លូវភេទ ដែល​គេ​តែងតែ​ឃើញ​មាន​រឿងអាស្រូវ​លេចឡើង​ជារឿយៗ ជាពិសេស នៅ​ក្នុង​ចំណោម​ទាហាន​មួកខៀវ​ដែល​កំពុងបំពេញ​បេសកកម្ម​នៅ​ក្នុង​តំបន់​អាហ្វ្រិក។

ផ្សាយពាណិជ្ជកម្ម

 

របាយការណ៍​ចំនួន ៤០០ទំព័រ ត្រូវ​បាន​ចេញផ្សាយ​ ដោយ​ទីភ្នាក់ងារ​អ.ស.ប​ទទួល​បន្ទុក​កិច្ចការ​​ខាង​សមភាព​​យែនឌ័រ​និង​ស្រ្តី (ហៅកាត់​ថា UN Women) នៅ​ក្នុង​ឱកាស​ខួប​ ១៥ឆ្នាំ នៃ​ការ​អនុម័ត​សេចក្តីសម្រេច​អ.ស.ប​ស្តីពី​តួនាទី​របស់​ស្រ្តី​នៅ​ក្នុង​សន្តិភាព​និង​សន្តិសុខ​អន្តរជាតិ (សេចក្តីសម្រេច​លេខ​១៣២៥)។ របាយការណ៍​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើឡើង​ដោយ​ក្រុម​អ្នក​ជំនាញ​ឯករាជ្យ​អន្តរជាតិ​ជាច្រើន​នាក់ ក្រោម​កិច្ចសម្របសម្រួល​របស់​លោកស្រី Radhika Coomaraswamy អតីត​តំណាង​ពិសេស​អ.ស.ប​ទទួល​បន្ទុក​កិច្ចការ​កុមារ​​និង​ជម្លោះ​ប្រដាប់អាវុធ។

នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ពេល​ចេញផ្សាយ​របាយការណ៍ លោកស្រី Radhika Coomaraswamy បាន​ធ្វើ​ការ​កត់សម្គាល់​ថា នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ទាហាន​មួកខៀវ​គ្រប់រូប​ស្ថិត​ក្រោម​យុត្តាធិការ​នៃ​តុលាការ​របស់​ប្រទេស​កំណើត​ពួកគេ មានន័យថា នៅ​ពេលណា​ដែល​ទាហាន​មួកខៀវ​​​ប្រព្រឹត្ត​បទល្មើស មានតែ​តុលាការ​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ​ទេ​ដែល​មាន​សមត្ថកិច្ច​ស៊ើបអង្កេត​និង​ជំនុំជម្រះ​ពួកគេ​បាន។ នៅ​ក្នុងការ​អនុវត្ត​បែបនេះ​ គេឃើញ​មាន​ទាហាន​មួកខៀវ​តិចតួច​ណាស់​ដែល​ត្រូវ​ទទួល​ការ​ជំនុំជម្រះ ដោយសារ​តែ​ប្រទេស​នីមួយៗ​មិនសូវ​ចង់​ស៊ើបអង្កេត​បើកកកាយ​បទឧក្រិដ្ឋ​ទាហាន​របស់​ខ្លួន។

ម្យ៉ាងវិញ​ទៀត ការ​អនុវត្ត​យុត្តាធិការ​ទៅតាម​ទីតាំង​បទល្មើស​ក៏​មិនមាន​ប្រសិទ្ធភាព ដោយសារ​ថា នៅ​តាម​បណ្តា​ប្រទេស​ដែល​មាន​ពង្រាយ​កងកម្លាំង​មួកខៀវ ភាគច្រើន​ជា​ប្រទេស​ស្ថិត​ក្នុង ឬ​ទើប​នឹង​ងើបចេញ​ពី​ជម្លោះ​ប្រដាប់អាវុធ ហើយ​មិន​ទាន់​មានប្រព័ន្ធ​យុត្តិធម៌​ត្រឹមត្រូវ​ដែល​អាច​ធានា​នូវ​ដំណើរការ​កាត់ទោស​ដោយ​យុត្តិធម៌​បាន​នៅឡើយ។

នៅ​ក្នុង​ហេតុផល​នេះ​ហើយ​បាន​ជា​ក្រុមការងារ​ដែល​សរសេរ​របាយការណ៍​នេះ​បាន​ដាក់​ជា​អនុសាសន៍​ឲ្យ​បង្កើត​ជា​តុលាការ​ពិសេស​អន្តរជាតិ​ ដើម្បី​ទទួល​បន្ទុក​ជំនុំជម្រះ​ទាហាន​មួកខៀវ ឬ​បុគ្គលិក​អ.ស.ប​ផ្សេងទៀត ដែល​ប្រព្រឹត្ត​បទល្មើស​នៅ​ក្នុង​ពេល​កំពុង​បំពេញ​បេសកកម្ម​ ក្រោម​អាណត្តិ​របស់​អ.ស.ប។

ទោះជាយ៉ាងណា នេះ​គ្រាន់តែ​ជា​អនុសាសន៍​របស់​អ្នក​ជំនាញ​ឯករាជ្យ​តែ​ប៉ុណ្ណោះ។ ការ​បង្កើត ឬ​មិន​បង្កើត​តុលាការ​ពិសេស​អន្តរជាតិ​នេះ គឺ​វា​អាស្រ័យ​ទៅលើ​ប្រទេស​សមាជិក​​ក្រុម​ប្រឹក្សា​សន្តិសុខ ឬ​ប្រទេស​សមាជិកភាគច្រើន​​របស់​អ.ស.ប ប្រសិនបើ​ជា​ការ​បង្កើត​ក្នុង​ក្របខ័ណ្ឌ​អនុសញ្ញា​អន្តរជាតិ​ ដូច​ករណី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ