ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ឈ្វេងយល់​អំពី​ការប្រែប្រួល​អាកាសធាតុ​ឬ​ការ​ឡើងកម្តៅ​នៃ​ភពផែនដី

សំឡេង ០៣:៥២
ការឡើងកម្តៅ​នាំ​ឲ្យ​រលាយ​ផ្ទាំង​ទឹកកក​នៅ​តំបន់​ប៉ូល ហើយ​បង្ក​ឲ្យ​រយៈកម្ពស់​ទឹកសមុទ្រ​ត្រូវ​កើនឡើង
ការឡើងកម្តៅ​នាំ​ឲ្យ​រលាយ​ផ្ទាំង​ទឹកកក​នៅ​តំបន់​ប៉ូល ហើយ​បង្ក​ឲ្យ​រយៈកម្ពស់​ទឹកសមុទ្រ​ត្រូវ​កើនឡើង Peter Adams/Getty Images

ការប្រែប្រួល​អាកាសធាតុ​ និង​ការឡើងកម្តៅនៃ​ភពផែនដី គឺ​ជា​ប្រធានបទ ដែល​តែងតែ​ត្រូវ​បាន​គេ​លើកយក​មកនិយាយ​ជាប់ជា​ប្រចាំ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ ប្រធានបទ​នេះ​​ទទួល​នូវ​ការ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​នៅ​ក្នុង​ឆ្នាំ​២០១៥​​នេះ​ ឆ្នាំ​ដែល​អ.ស.ប​បាន​កំណត់​ថា​ត្រូវតែ​ចរចា​ឲ្យ​ចេញ​ជា​កិច្ចព្រមព្រៀង​អាកាសធាតុ​អន្តរជាតិ​មួយ ដើម្បី​ជំនួស​ពិធីសារ​ក្រុង​ក្យូតូ ដែល​ត្រូវ​ផុត​សុពលភាព។

ផ្សាយពាណិជ្ជកម្ម

ការប្រែប្រួល​អាកាសធាតុ គឺ​សម្តៅទៅលើ​ការ​ប្រែប្រួល​ខ្លាំង និង​ជាលក្ខណៈ​យូរអង្វែង នៃ​សីតុណ្ហភាព​មធ្យម​នៃ​ភព​ផែនដី។ វាអាចជាការ​ធ្លាក់ចុះ​ ឬ​ក៏​ជា​ការ​កើនឡើង ​នៃ​សីតុណ្ហភាព​​មធ្យម​ ដែលគេ​វាស់ស្ទង់​ក្នុងរយៈពេល​ច្រើនឆ្នាំ​ជាប់ៗគ្នា។ នៅ​ក្នុងពេល​បច្ចុប្បន្ន​នេះ អ្នកវិទ្យាសាស្រ្ត​បាន​ធ្វើការ​សង្កេតឃើញ​ថា សីតុណ្ហភាព​គិតជា​មធ្យម​នៅលើ​ភពផែនដី​ទាំងមូល​កំពុងតែ​មាន​ការកើនឡើង។ ហេតុដូច្នេះ​ហើយ​បាន​ជា​គេ​តែងតែ​និយាយ​អំពី​ការឡើងកម្តៅ​នៃ​ភពផែនដី។

យោងតាម​អ្នក​ជំនាញ​ខាង​អាកាសធាតុ ការ​ប្រែប្រួល​អាកាសធាតុ​នៃ​ភពផែនដី​យើង​នេះ​​អាច​កើតឡើង​ពី​មូលហេតុ​ច្រើន​យ៉ាង។

មូលហេតុ​​ទីមួយ វា​អាច​បណ្តាល​មក​ពី​ការប្រែប្រួល​នៃ​គន្លង​ផែនដី​ជុំវិញ​ព្រះអាទិត្យ ពោលគឺ សីតុណ្ហភាព​នៅលើ​ភពផែនដី​ត្រូវ​កើនឡើង នៅ​ពេល​ដែល​​គន្លងផែនដី​​​ខិត​ចូល​ទៅ​ជិត​ព្រះអាទិត្យ​ ហើយ​សីតុណ្ហភាព​ត្រូវ​ធ្លាក់ចុះ​ នៅពេល​ដែល​​គន្លងផែនដី​​ឃ្លាតឆ្ងាយ​​​​​ពី​ព្រះអាទិត្យ​។ មូលហេតុ​មួយ​ទៀត វាអាច​បណ្តាល​​មក​ពី​​យន្តការ​មួយ ដែល​គេហៅ​តាម​ភាសាបារាំង​ថា “Gas à effet de serre” ឬ​ភាសា​អង់គ្លេសថា “Greenhouse effect”​ ហើយ​ដែល​អាច​បកប្រែ​ជា​ខ្មែរ​ថា “​ឧស្ម័ន​ផ្ទះ​កញ្ចក់” (ឬ​ ឧស្ម័ន​ដែល​មាន​ឥទ្ធិពល​ដូចផ្ទះកញ្ចក់)។

តាមការសិក្សា​របស់​អ្នកវិទ្យាសាស្រ្ត គេរកឃើញ​ថា នៅ​ក្នុង​ប្រវត្តិ​នៃ​ភពផែនដី ដែល​មាន​អាយុកាល​ជាង ៤ពាន់ ៥រយ​លាន​ឆ្នាំ​មក​ហើយ​នេះ សីតុណ្ហភាព​មធ្យមនៃ​ភពផែនដី​តែងតែ​មាន​ការ​ប្រែប្រួល​ ដោយ​មាន​ពេលខ្លះ​សីតុណ្ហភាព​ធ្លាក់ចុះ ហើយ​ពេល​ខ្លះ​ទៀត​សីតុណ្ហភាព​កើនឡើង ដែល​ជា​ការវិវឌ្ឍ​ធម្មតា​ទៅតាម​លក្ខណៈ​ធម្មជាតិ។

សំណួរសួរថា បើសិន​ជា​ការ​ប្រែប្រួល​អាកាសធាតុ គឺ​ជា​ការវិវឌ្ឍ​ធម្មតា​ទៅតាម​លក្ខណៈ​ធម្មជាតិ តើ​ហេតុអ្វី​បាន​ជា​ពិភពលោក​ទាំងមូល​នាំគ្នា​ព្រួយបារម្ភ​ខ្លាំងម៉្លេះ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ?

តាមការពិត អ្វី​ដែល​ធ្វើ​ឲ្យ​គេព្រួយបារម្ភ គឺ​នៅត្រង់​ថា ការ​ឡើងកម្តៅ​នៃ​ភពផែនដី នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ មិនមែន​ជា​ការ​វិវឌ្ឍ​ធម្មតា​ដូចជា​ពេល​មុនៗ​នោះទេ។ តាមការ​សិក្សា​របស់​អ្នកវិទ្យាសាស្រ្ត គេ​សង្កេតឃើញ​ថា សីតុណ្ហភាព​មធ្យម​នៅលើ​ភពផែនដី នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ កំពុងតែ​មាន​ការ​កើនឡើង​ខ្លាំង និង​លឿន ជាង​អ្វី ដែល​គេ​ធ្លាប់​សង្កេតឃើញ​តាម​លក្ខណៈ​ធម្មជាតិ កាល​ពី​ពេលមុនៗ។ នៅ​ក្នុងរយៈពេល​១០០ឆ្នាំ​កន្លងទៅនេះ សីតុណ្ហភាព​មធ្យម​នៃ​ភពផែនដី មានការកើនឡើង​រហូតដល់​ទៅ​ជិត​១អង្សា ក្នុងនោះ មាន ០,៦អង្សា គឺ​កើនឡើង នៅ​ក្នុង​អំឡុង​រយៈពេល​ប្រមាណ​ជា ៣០ឆ្នាំ​ចុងក្រោយនេះ ពោលគឺ នៅ​ក្នុង​អំឡុង​ពេល​ដែល​​សកម្មភាព​ឧស្សាហកម្ម​របស់​មនុស្សជាតិ​កំពុងតែ​មាន​ការកើនឡើង​ខ្លាំង។

តាមរយៈ​ការសិក្សា​លម្អិត ក្រុមអ្នកវិទ្យាសាស្រ្ត​របស់​អ.ស.ប បាន​រកឃើញ​ភស្តុតាង ដែល​អាច​ឲ្យ​គេ​ធ្វើកា​រសន្និដ្ឋាន​បាន​ថា ​មូលហេតុ ដែល​នាំ​ឲ្យ​ភពផែនដី​ឡើងកម្តៅ​លឿន​ខុសពី​ធម្មតា នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺដោយសារ​តែ​​សកម្មភាព​របស់​មនុស្ស ពោលគឺ សីតុណ្ហភាព​នៃ​ភពផែនដី​មាន​ការ​កើនឡើង ទៅតាម​លក្ខណៈ​ធម្មជាតិ​ផង ក៏ប៉ុន្តែ សកម្មភាព​របស់​មនុស្ស​​កំពុងតែ​មក​បន្ថែម ធ្វើ​ឲ្យ​សីតុណ្ហភាព​​កើនឡើង​​កាន់តែ​ខ្លាំង​ថែមទៀត។

លើសពីនេះ​ទៅទៀត ក្រុម​អ្នក​ជំនាញ​​​ក៏​បាន​ធ្វើការ​ព្យាករ​ផងដែរ​ថា ប្រសិនបើ​គ្មាន​វិធានការ​ទប់ស្កាត់​ជា​បន្ទាន់​​នៅ​ពេលនេះ​ទេ ទៅថ្ងៃ​ខាងមុខ សីតុណ្ហភាព​នៃ​ភពផែនដី​នឹង​នៅតែ​បន្តកើនឡើង ហើយ​កើនឡើង​កាន់តែ​ខ្លាំង និង​កាន់តែ​លឿន​​ជាងពេលមុនៗ​ទៅទៀត។

នៅក្នុងរបាយការណ៍​ចេញផ្សាយ កាល​ពីឆ្នាំ​២០០៧ ក្រុម​អ្នក​ជំនាញ​អាកាសធាតុ​របស់​អ.ស.ប​បាន​ព្យាករ​ថា នៅ​ចុងសតវត្សរ៍​ទី២១​នេះ សីតុណ្ហភាព​មធ្យម​នៃ​ភពផែនដី​នឹង​ត្រូវ​កើនឡើង ក្នុងចន្លោះ​ពី ២ ទៅ ៦អង្សា។ ការឡើងកម្តៅនៃ​ភពផែនដី​នឹង​បង្ក​នូវ​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​ដល់​មនុស្ស​ជាតិ ជាពិសេស គឺ​ការ​កើនឡើង​នៃកម្ពស់​ទឹកសមុទ្រ និង​ការប្រែប្រួល​អាកាសធាតុ​ខុសប្រក្រតី ដែល​បង្ក​ជា​គ្រោះធម្មជាតិធ្ងន់ធ្ងរ ដូចជា គ្រោះរាំងស្ងួត ទឹកជំនន់ និង​ព្យុះសង្ឃរា ជាដើម។

ដោយហេតុនេះ​ហើយ​បាន​ជា​អ.ស.ប​កំពុងតែ​ជំរុញ​ឲ្យ​មាន​ការ​ចុះកិច្ចព្រមព្រៀង​​ស្តីពីអាកាសធាតុ​ ដែល​ដាក់​កាតព្វកិច្ច​ឲ្យ​មានការ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ដើម្បី​ធ្វើយ៉ាងណា​​ទប់ស្កាត់​កុំ​ឲ្យ​ភពផែនដី​ឡើង​កម្តៅ​លើស​ពី ២អង្សា នៅ​ចុងសតវត្សរ៍​ទី២១​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI