WWF-ធម្មជាតិ

WWF៖ តំបន់​អភិរក្ស​ធម្មជាតិ​ពិភពលោក​ពាក់​កណ្តាល ​កំពុង​រង​ការ​ខូចខាត

ការដុតរានដីព្រៃនៅឥណ្ឌូណេស៊ី
ការដុតរានដីព្រៃនៅឥណ្ឌូណេស៊ី (Photo : Solenn Honorine)

អង្គការ​WWF ​ដែល​ជា​អង្គការ​ការពារ​ធម្មជាតិ ​បាន​ចេញ​របាយការណ៍​ថ្មី​មួយ​នៅ​ថ្ងៃ​ទី​៦​មេសា​នេះ ​ ដោយ​បាន​សង្កត់​ធ្ងន់​អំពី​ការ​បំផ្លិចបំផ្លាញ​ទៅ​លើ​តំបន់​អភិរក្ស​ធម្មជាតិ​ធំៗ ​ទូទាំង​ពិភពលោក​ ដែល​អង្គការ​យូណេស្កូ​បាន​ចាត់​ទុក​ជា​សម្បត្តិ​ធម្មជាតិ​របស់​មនុស្ស​ជាតិ។ ការ​បំផ្លិច​បំផ្លាញ​ ដែល​ភាគច្រើន​បណ្តាល​មក​ពី​សកម្មភាព​សេដ្ឋកិច្ច​ក្រោម​ពាក្យ​ស្លោក​អភិវឌ្ឍន៍​ទាំង​នោះ ​ បាន​បង្ករ​ជា​ផល​ប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ​ ជីវចម្រុះ ​និង​ជញ្ជីង​សមតុល្យ​នៃ​ធម្មជាតិ ​ ហើយ​ជា​ពិសេស​គឺ​ជីវភាព ​និង​ប្រពៃណី​របស់​ប្រជាជន​ដែល​រស់នៅ​រំពឹង​នឹង​តំបន់​ធម្មជាតិ​ទាំង​នោះ ​តែម្តង។

ផ្សាយពាណិជ្ជកម្ម

តំបន់ព្រៃ​ត្រូពិក ​ ឧទ្យាន​ជាតិ​ប្រកប​ដោយ​ព្រៃ​ឈើ​កម្រ ​ព្រៃ​ស្រោង ​ ព្រៃ​ល្បោះ​ជម្រក​សត្វព្រៃ ​តំបន់​ជីវចម្រុះ​បាត​សមុទ្រ  ​ទាំងអស់​សរុប​ចំនួន​១១៤​កន្លែង​ ដែល​ជា​តំបន់​អភិរក្ស​ធម្មជាតិ​របស់​អង្គការ​យូណេស្កូ ​កំពុង​តែ​រង​ការ​គំរាម​កំហែង ​និង​ការ​ខូចខាត​យ៉ាង​តំណំ។ នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​ របស់​អង្គការ​ WWF ​ចេញ​ផ្សាយ​ថ្ងៃ​ពុធ​ទី៦​មេសា​នេះ។

 
អង្គការ​យូណេស្កូ  ​បាន​ធ្វើការ​ចាត់ថ្នាក់​តំបន់​អភិរក្ស​ធម្មជាតិ ​ទូទាំង​ពិភពលោក​ទាំងអស់​ចំនួន​២២៩​តំបន់ ​ហើយ​ដែល​តំបន់​នីមួយៗ​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង ​ក្នុង​តួនាទី​ជា​តំបន់​រស់នៅ ​និង​ដក​ដង្ហើម​នៃ​ជីវចម្រុះ​ មិន​ថា​រុក្ខជាតិ​ សត្វ ​ រឺ​ក៍​ទម្រង់​ជីវិត​ផ្សេងទៀត។ ក៏​ប៉ុន្តែអ្វី​ដែល​គួរ​ឲ្យ​សោកស្តាយ ​គឺ​ការ​ចាត់ថ្នាក់​របស់​អង្គការ​យូណេស្កូ​ វា​មិន​មែន​មាន​ន័យ​ថា ​តំបន់​អភិរក្ស​ទាំង​នោះ ​នឹង​ទទួល​បាន​នូវ​កិច្ច​ការពារ​ដោយ​ស្វ័យប្រវិត្ត​នោះ​ទេ។ អង្គការ​យូណេស្កូ​ គ្មាន​សិទ្ធិ​អ្វី​ទៅ​ចាប់​បង្ខំ​ប្រទេស​នីមួយៗ ​ ឲ្យ​ត្រូវ​តែ​ចាត់​វិធានការ​ការពារ​តំបន់​អភិរក្ស​ទាំង​នោះ​ទេ។ អ្វី​ដែល​អង្គការ​យូណេស្កូ​អាច​ធ្វើ​បាន​ គឺ​គ្រាន់តែ​អាច​លប់​ឈ្មោះ​តំបន់​ណាមួយ​ចេញ​ពី​បញ្ជី​ចាត់ថ្នាក់​តំបន់​អភិរក្ស​ធម្មជាតិ​តែ​ប៉ុណ្ណោះ។

យ៉ាងណា​មិញ ​ តំបន់​អភិរក្ស​ធម្មជាតិ​ទាំង​១១៤​  ដែល​កំពុង​តែ​រង​ការ​បំផ្លិចបំផ្លាញ ​គឺ​មួយ​ភាគ​ធំ​ដោយសារ​តែ​សកម្មភាព​សេដ្ឋកិច្ច ​ដូចជា ​ការ​បូប​យក​រ៉ែប្រេង ​និង​ឧស្ម័ន ​ការ​ជីក​កកាយ​យក​រ៉ែ​ធម្មជាតិ ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ​ ការ​សាងសង់​សំណង់​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់ ​ ការ​នេសាទ​ប្រមូល​ផល​ជ្រុល​ហួសហេតុ ​ ព្រម​ទាំង​ការ​ប្រើប្រាស់​ធនធាន​ទឹក​ ដោយ​មិន​សម​ស្រប​និង​ច្រើន​ជ្រុល​ ជាដើម។ ការ​បំផ្លិចបំផ្លាញ​តំបន់​អភិរក្ស​ធម្មជាតិ​ទាំង​១១៤​នេះ ​ មិ​នត្រឹមតែ​បំផ្លាញ​សម្បត្តិ​ធម្មជាតិ ​រុក្ខជាតិ ​និង​សត្វ​ប៉ុណ្ណោះ​ទេ​ ​តែ​វា​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅ​ដល់​ កត្តា​ជីវភាព​ ប្រពៃណី ​ទំនៀមទំលាប់​រស់នៅ ​របស់​មនុស្ស​ប្រមាណ​ជា​១១​លាន​នាក់ ​ដែល​រស់នៅ​រំពឹង​ដោយ​ផ្ទាល់ ​ទៅ​នឹង​តំបន់​ធម្មជាតិ​ទាំង​នោះ។

តួយ៉ាង​តំបន់​ព្រៃ​ត្រូពិក​នៅ​លើ​កោះ​ស៊ូមាត្រា ​ប្រទេស​ឥណ្ឌូណេស៊ី ​គឺ​ជា​ឧទាហរណ៍​មួយ​គួរឲ្យ​សង្វេក។ ឧទ្យានជាតិ​ចំនួន​បី​ក្នុង​តំបន់​នេះ ​គឺ​ជា​អាង​ស្តុកទឹក​ដ៏​សំខាន់​បំផុត​សម្រាប់​តម្រូវការ​របស់​ប្រជាជន​រាប់​លាន​នាក់។ តែ​ព្រៃ​ទាំងនោះ​កំពុង​តែ​ខើច​បន្តិច​ម្តងៗ ​ ដោយ​ការ​កាប់​បំផ្លាញ​របស់​ក្រុមហ៊ុន​សម្បទាន ​ដែល​បាន​ទទួល​សិទ្ធិ​កាប់​បំផ្លាញ​ដោយ​ស្របច្បាប់​ ដើម្បី​កកាយ​យក​រ៉ែ​នៅ​ក្រោមដី​ រឺ​ក៏​ដើម្បី​ធ្វើ​ចំការ​ដូងប្រេង។ ដូចគ្នា​ដែរ​ តំបន់​អភិរក្ស​សត្វព្រៃ ​សឺលូស ​ក្នុង​ប្រទេស​តង់ហ្សានី ​ក៏​ជា​ឧទាហរណ៍​មួយ​ បង្ហាញ​ពី​ការ​បំផ្លេចបំផ្លាញ ​ដោយ​សកម្មភាព​រុករក​រ៉ែ​ប្រេងកាត​ និង​ការ​កសាង​ផ្លូវថ្នល់​ដើម្បី​សកម្មភាព​នេះ។

របាយការណ៍​របស់​អង្គការ ​WWF គឺ​ជា​ការ​ទាញ​សញ្ញាអាសន្ន​ប្រាប់​ទៅ​ដល់​រដ្ឋាភិបាល ​និង​ប្រជាជន​ក្នុង​ពិភពលោក​ទាំងអស់ ​អំពី​គ្រោះថ្នាក់។ ការ​ប្រមូល​ផល​ពី​ធម្មជាតិ​ ដោយ​គោរព​ធម្មជាតិ ​ទើប​ជា​សកម្មភាព​សេដ្ឋកិច្ច ​ដែល​មាន​លក្ខណៈ​និរន្ត។ ចង់​ការពារ​អាយុជីវិត​មនុស្សជាតិ ​ គឺ​យើង​ត្រូវ​ចាប់​ផ្តើម​វា​ ដោយ​ការ​ការពារ​អភិរក្ស​ធម្មជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI