អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

ទ័ព​ព្រៃ​អ៊ីស្លាម​ផ្តាច់​ទឹក​ដី​និយម​នៅ​ហ្វីលីពីន

សំឡេង ០៦:០០
ទ័ព​ព្រៃ​អ៊ីស្លាម​ជ្រុល​និយម​ហ្វីលីពីន​Abu Sayaff
ទ័ព​ព្រៃ​អ៊ីស្លាម​ជ្រុល​និយម​ហ្វីលីពីន​Abu Sayaff
ដោយ៖ តាន់ ហ្សង់-ហ្វ្រង់ស័រ
៣០ នាទី

នៅ​សប្តាហ៍​នេះ​ ហ្សង់-ហ្វ្រង់ស័រ​តាន់​បន្ត​លើក​ឡើង​អំពី​ភូមិសាស្ត្រ​នយោបាយ​នៃ​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​ត​ទៅ​ទៀត​។ ​កាល​ពី​សប្តាហ៍​មុន​ ហ្សង់-ហ្វ្រង់ស័រ​បាន​លើក​ឡើង​អំពី​បាតុភាព​ទ័ព​ព្រៃ​អ៊ីស្លាម​ជ្រុល​និយម​នៅ​ប្រទេស​ថៃ​។​ ថ្ងៃ​នេះ​ ហ្សង់-ហ្វ្រង់ស័រ សូម​ងាក​ទៅ​សិក្សា​លើ​ចលនា​អ៊ីស្លាម​ផ្តាច់​ទឹកដី​និយម​នៅ​ប្រទេស​ហ្វីលីពីន​វិញ​ម្តង។

ផ្សាយពាណិជ្ជកម្ម

អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​ហើយ ដែល​ហ្វីលីពីន​ត្រូវ​ប្រឈម​មុខ​នឹង​ពួក​ទ័ព​ព្រៃ​អ៊ីស្លាម​ផ្តាច់​ទឹកដី​និយម​នៅ​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស ដូច​ជា​នៅ​កោះ​Mindanao, Sulu BasilanនិងJolo ជា​ដើម។ ពួក​អ្នក​កាន់​សាសនា​អ៊ីស្លាម​នៅ​ទី​នោះ​បាន​ផ្តើម​គុំកួន​ទីក្រុង​ម៉ានីល ចាប់​ពី​ទសវត្សរ៍​ទី​៥០​មក ពោល​គឺ​តាំង​ពី​រដ្ឋាភិបាល​បាន​ផ្តើម​បញ្ជូន​អ្នក​កាន់​គ្រិស្តសាសនា ទៅ​តាំង​លំនៅដ្ឋាន​នៅ​លើ​កោះ​Mindanao។ ពីព្រោះ​តាំង​ពី​ពេល​នោះ​មក ជម្លោះ​សាសនា​បាន​កើត​ឡើង ជា​ពិសេស​នៅ​ក្នុង​ទសវត្សរ៍​ទី​៧០ នៅ​ពេល​ដែល​អ្នក​កាន់​សាសនា​អ៊ីស្លាម និង​អ្នក​កាន់​គ្រិស្តសាសនា​បាន​ផ្តើម​កាប់​សម្លាប់​គ្នា​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ​ជា​ទី​បំផុត។

 
គឺ​នៅ​ក្នុង​បរិបទ​ដ៏​តាន​តឹង​បែប​នេះ​ហើយ ដែល​ចលនា​អ៊ីស្លាម​ផ្តាច់​ទឹកដី​និយម​ចំនួន​ពីរ​បាន​កកើត​ឡើង។ មួយ​ឈ្មោះ​រណសិរ្ស​ម៉ូរ៉ូ​រំដោះ​ជាតិ និង​មួយ​ទៀត​ឈ្មោះ​រណសិរ្ស​ម៉ូរ៉ូ​រំដោះ​អ៊ីស្លាម។ រណសិរ្ស​ទាំង​ពីរ​ទាមទារ​ចង់​បាន​រដ្ឋ​ឯករាជ្យ​មួយ​សម្រាប់​អ្នក​កាន់សាសនា​អ៊ីស្លាម​ រដ្ឋ​អ៊ីស្លាម​ឯករាជ្យមួយ​ដែល​គ្រប​យក​កោះ​Mindanao Sulu Basilan និង Jolo។
ដើម្បី​សម្រេច​មហិច្ឆតា​របស់​ខ្លួន ចលនា​ប្រដាប់​អាវុធ​ទាំង​ពីរ​នេះ​ធ្វើ​សង្គ្រាម​ទ័ព​ព្រៃ ប្រព្រឹត្ត​ឃាតកម្ម និង​បង្ក​ភេរវកម្ម។

រី​ឯ​រដ្ឋាភិបាល​ហ្វីលីពីន​វិញ ជួន​កាល​អនុវត្ត​នយោបាយ​វាយ​បង្ក្រាប និង​ជួន​កាល​ទៀត​នយោបាយ​លួង​លោម​ពួក​អ្នក​ផ្តាច់​ទឹក​ដី​និយម រហូត​ដល់​ទទួល​បាន​ជោគជ័យ​មួយ​ធំ​នៅ​ឆ្នាំ​១៩៧៦។ កាលណោះ កិច្ច​ព្រមព្រៀង​មួយ​រវាង​ទីក្រុង​ម៉ានីល​និង​រណសិរ្ស​ទាំង​ពីរ​នៃ​ចលនា​ទាមទារ​ឯករាជ្យ បាន​បង្កើត​ឲ្យ​មាន​តំបន់​ស្វយ័ត​មួយ​នៅ​ប៉ែក​ខាង​លិច​នៃ​កោះ​Mindanao ជា​ទី​ដែល​អ្នក​កាន់​គ្រិស្ត​សាសនា​មាន​ចំនួន​ច្រើន​ជាង​អ្នក​កាន់​សាសនា​អ៊ីស្លាម។ អ៊ីចឹង​ហើយ​បាន​ជា​ពីរ​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ឆ្នាំ​១៩៧៨ រណសិរ្ស​ម៉ូរ៉ូ​រំដោះ​ជាតិ​និង​រណសិរ្ស​ម៉ូរ៉ូ​រំដោះ​អ៊ីស្លាម​ដែល​យល់​ដឹង​ថា​បាន​ចាញ់​បោក​រដ្ឋាភិបាល សម្រេច​ចិត្ត​ចាប់​អាវុធ​ធ្វើ​ការ​តស៊ូ​ជា​ថ្មី​ឡើង​វិញ។ សង្គ្រាម​ទ័ពព្រៃ​ដែល​ផ្តើម​ឡើង​វិញ បាន​ទាំង​បណ្តាល​ឲ្យ​ចំនួន​ជន​ភៀស​សឹក​កើន​រហូត​ដល់​ទៅ​៥០០ ០០០​នាក់​ទៀត​ផង នៅ​ក្នុង​ទសវត្សរ៍​ទី​៨០។

នៅ​ដើម​ទសវត្សរ៍​ទី​៩០ រដ្ឋាភិបាល​ទីក្រុង​ម៉ានីល​សុខ​ចិត្ត​ចរចា​ជា​ថ្មី​ឡើង​វិញ​ជាមួយ​ពួក​ទ័ព​ព្រៃ។ នៅ​ទី​បំផុត ការ​ចរចា​ដែល​បាន​ប្រព្រឹត្ត​ទៅ​អស់​ជា​ច្រើន​ឆ្នាំ នាំ​មក​នូវ​ជោគជ័យ​ដ៏​ធំធេង​សម្រាប់​រដ្ឋ​អំណាច។ កាល​ណោះ គឺ​នៅ​ឆ្នាំ​១៩៩៧ រណសិរ្ស​ម៉ូរ៉ូ​រំដោះ​ជាតិ​បាន​យល់​ព្រម​ដាក់​អាវុធ និង​បាន​ទទួល​ពី​រដ្ឋាភិបាល​ហ្វីលីពីន​ស្វ័យភាព​សម្រាប់​កោះ​Mindanao។ ផ្ទុយ​ទៅ​វិញ រណសិរ្ស​ម៉ូរ៉ូ​រំដោះ​អ៊ីស្លាម​បាន​សម្រេច​ចិត្ត​បន្ត​សង្គ្រាម​ទ័ព​ព្រៃ ដើម្បី​បង្កើត​រដ្ឋ​អ៊ីស្លាម​ឯករាជ្យ​មួយ​ឲ្យ​ទាល់​តែ​បាន។

យ៉ាង​ណា​ក៏​ដោយ ពី​ចុង​ទសវត្សរ៍​ទី​៩០ រហូត​ដល់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពួក​ទ័ពព្រៃ​ដែល​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ហ្វីលីពីន​ល្វីង​មុខ​ខ្លាំង​ជាង​គេ គឺ​ពួក​Abu Sayyaf។ គឺ​សុទ្ធសឹង​ជា​ពួក​អ៊ីស្លាម​ជ្រុល​និយម​ផុត​លេខ​ដែល​បាន​ផ្តាច់​ខ្លួន​ចេញ​ពី​រណសិរ្ស​ម៉ូរ៉ូ​រំដោះ​អ៊ីស្លាម។ ពួក​Abu Sayyaf ផ្តើម​មាន​ឈ្មោះ​ល្បីល្បាញ​ពេញ​ពិភពលោក​នៅ​ឆ្នាំ​២០០០ ដោយហេតុ​តែ​កាល​ណោះ​ពួក​ជ្រុល​និយម​ទាំង​នេះ​បាន​ចាប់​ជនជាតិ​ស្បែក​ស​ជា​ច្រើន​នាក់​ធ្វើ​ជា​ចំណាប់​ខ្មាំង។ ប៉ុន្តែ នៅ​ឆ្នាំ​២០០៦ នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​អន្តរជាតិ កងទ័ព​អាមេរិកាំង​និង​កងទ័ព​ហ្វីលីពីន​បាន​ពួត​ដៃ​គ្នា​វាយ​សំពង​យ៉ាង​ដំណំ​ទៅ​លើ​ពួក​Abu Sayyaf ដែល​សហរដ្ឋ​អាមេរិក​សង្ស័យ​ថា មាន​ទំនាក់​ទំនង​ជាមួយ​បណ្តាញ​ភេរវកម្ម​អន្តរជាតិ​អាល់កៃដា។
សព្វ​ថ្ងៃ​នេះ ពួក​Abu Sayyaf មិន​សូវ​មាន​ឥទ្ធិពល​ខ្លាំង​ដូច​មុន​ទេ តែ​នៅ​បន្ត​ចាប់​ជន​ជាតិ​បរទេស​ធ្វើ​ជា​ចំណាប់​ខ្មាំង ដើម្បី​ទុក​សម្រាប់​លោះ​យក​លុយ។ តាំង​ពី​ឆ្នាំ​២០១១​មក ពួក​ទ័ព​ព្រៃ​នេះ​បាន​ចាប់​ខ្លួន​ជនជាតិ​អាស៊ី​ជា​ពិសេស។ ក៏​ប៉ុន្តែ​កន្លង​ទៅ​ថ្មីៗ​នេះ ជនជាតិ​អឺរ៉ុប​ពីរ​នាក់​បាន​បាត់​ខ្លួន អាច​ឋិត​នៅ​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​Abu Sayyaf។
ដូច្នេះ សព្វ​ថ្ងៃ​នេះ មាន​នៅ​សល់​តែ​ទ័ព​ព្រៃ​ប្រមាណ​១ ២០០០​នាក់​របស់​រណសិរ្ស​ម៉ូរ៉ូ​រំដោះ​អ៊ីស្លាម​ប៉ុណ្ណោះ ដែល​បន្ត​ប្រឆាំង​ខ្លាំង​នឹង​រដ្ឋាភិបាល​ហ្វីលីពីន។ ពួក​ទាំង​នេះ​ឈប់​ទាមទារ​ចង់​បាន​រដ្ឋ​អ៊ីស្លាម​ឯករាជ្យទៀត​ហើយ ចង់​បាន​ស្វ័យភាព​សម្រាប់​តំបន់​ប៉ែក​ខាង​ត្បូង​ទាំង​មូល។ កាល​ពី​ខែ​សីហា​ឆ្នាំ​២០១១​កន្លង​ទៅ​នេះ ប្រធានាធិបតី​Bonigno Aquino ដែល​សន្យា​ថា​នឹង​បិទ​បញ្ចប់​ជា​ស្ថាពរ​ទំព័រ​ទ័ព​ព្រៃ​នៃ​ប្រទេស បាន​ជួប​ចរចា​ជាមួយ​មេដឹកនាំ​នៃ​រណសិរ្ស​ម៉ូរ៉ូ​រំដោះ​អ៊ីស្លាម។ ប៉ុន្តែ ស្រាប់​តែ​ពីរ​ខែ​ក្រោយ​មក យន្តហោះ​ចម្បាំង​ហ្វីលីពីន​បាន​វាយ​ប្រហារ​ទៅ​លើ​ពួក​ទ័ពព្រៃ​ម៉ូរ៉ូ​ជា​លើក​ទី​មួយ​បង្អស់​តាំង​ពី​ឆ្នាំ​២០០៨​មក។
ប្រតិបត្តិការ​យោធា​នោះ​ដែល​បាន​បណ្តាល​ឲ្យ​មាន​ស្លាប់​រាប់​សិប​នាក់​នៅ​ខាង​ពួក​ទ័ព​ព្រៃ​និង​ដែល​បាន​បណ្តាល​ឲ្យ​មាន​ជន​ភៀស​សឹក​ចំនួន​ជាង​១០ ០០០​នាក់​អាច​ធ្វើ​ឲ្យ​កិច្ច​ចរចា​សន្តិភាព​ដ៏​កម្រ​មួយ​ស្លាប់​តាយហោង​កណ្តាល​ផ្លូវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ