កម្ពុជាទទួលបានមេដាយមាសដំបូងក្នុងការប្រកួតកីឡាអាស៊ីហ្គេមលើទី២៨
ចុះផ្សាយនៅថ្ងៃ៖
ក្រុមអត្តពលិកកីឡាសីប៉ាក់តាក្រ របស់កម្ពុជានៅថ្ងៃនេះ បានយកមេដាយមាស១មួយគ្រឿងហើយ នៅក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ី ឬ SEA Games លើកទី២៨ ក្នុងប្រទេសសិង្ហបុរីក្នុងវិញ្ញាសារ កីឡាសីប៉ាក់តាក្រ ឬកីឡាឈិនឡូន ដោយបានយកឈ្នះលោកកីឡាករប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមគណៈកម្មាធិការជាតិអូឡាំពិក។
ក្រុមកីឡាសីប៉ាក់តាក្រ ឬកីឡាឈិនឡូនរបស់កម្ពុជា នៅថ្ងៃដំបូងនៃការប្រកួតកីឡា អាស៊ីហ្គេម បានទទួលជ័យជំនះមេដាយមាស។ ជ័យជំនះមេដាយមាសនេះ កម្ពុជាបានយកឈ្នះលើប្រទេសឡាវ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងលទ្ធផល២សិតទល់នឹង០។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលបានធ្វើឡើងនៅរសៀលថ្ងៃនេះ កម្ពុជាបានយកឈ្នះក្រុមកីឡាករឡាវ ដោយពិន្ទុ ៣០៨ ទល់នឹង២៩៩ ដែលមានកីឡាករកម្ពុជា៨រូប ដឹកនាំក្រុមដោយលោកអ៊ុង ណារិទ្ធចូលរួមប្រកួត។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអ្នកដឹកនាំក្រុមកីឡាករកម្ពុជាចូលរួមក្នុងការប្រកួតកីឡាអាស៊ីហ្គេម បានបញ្ជាក់ក្រោយពីកម្ពុជាទទួលបានមេដាយមាសភ្លាមៗ ថានេះគឺជាមោទនៈភាពមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជា និងកីឡាកម្ពុជា ដែលកម្ពុជាបានទទួលមេដាយមាសដំបូងក្នុងការប្រកួតកីឡាអាស៊ីហ្គេមលើកទី២៨នេះ។
លោកបានបន្ថែមថាការទទួលបានមេដាយមេសលើកទីមួយរបស់កម្ពុជា គឺអាចជួយជម្រុញទឹកចិត្តកីឡាករ កីឡាការិនីកម្ពុជាដទៃទៀត ឲ្យខិតខំយកលទ្ធផលល្អសម្រាប់ប្រទេសកម្ពុជា។ ហើយកម្ពុជាគ្រោងនឹងយកមេដាយឲ្យបានច្រើនជាងការប្រកួតកីឡាអាស៊ីហ្គេមក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំ២០១៣កន្លងទៅ។
នៅក្នុងថ្ងៃជាមួយគ្នានេះដែរ កម្ពុជាក៏បានទទួលមេដាយសំរឹទ្ធមួយទៀត ក្នុងការប្រកួតកីឡាប៉េតង់ ដោយកីឡាការិនី កម្ពុជាបានចាញ់ កីឡាការិនីវៀតណាម ក្នុងលទ្ធលចុងក្រោយ ២១ ទល់នឹង២៨។
សូមបញ្ជាក់ថាកម្ពុជាបានចូលរួមប្រកួតក្នុងកីឡាអាស៊ីហ្គេម ឬ SEA GAME លើកទី២៨ ក្នុងប្រទេសសីង្ហបុរី លើប្រភេទកីឡា២២ប្រភេទ ក្នុងចំណោមកីឡា៣៦ប្រភេទ ហើយក្នុងនោះ កម្ពុជាបានដឹកនាំគណៈប្រតិភូ និងកីឡាករ កីឡាការិនី ២៥៦នាក់ ក្នុងនោះមានកីឡាករ និងកីឡាការិនី១៧៤នាក់ក្នុងថ្ងៃដំបូងនៃការបើកសម្ពោធជាផ្លូវការ កីឡាអាស៊ីហ្គេមនៅថ្ងៃម្សិលមិញនេះ ក៏មានវត្តមានរបស់រដ្ឋមន្ត្រីក្រសួងអប់រំ លោកហង់ ជួនណារ៉ុន និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុន ផងដែរ ដើម្បីចូលរួមលើកទឹកចិត្តដល់កីឡាករកម្ពុជា។
សូមរំលឹកជូនថា កាលពីឆ្នាំ២០១៣ កន្លងទៅ ក្នុងកីឡាអាស៊ីហ្គេមលើកទី២៧ ដែលបានធ្វើឡើងក្នុងប្រទេសមីយ៉ាន់ម៉ា កម្ពុជាបានទទួលមេដាយសរុបប្រមាណ៤៧មេដាយ ដែលក្នុងនោះមានមេដាយមាស ៨ មេដាយប្រាក់១១ និងសំរឹទ្ធ២៨។ ហើយកីឡាអាស៊ីហ្គេមលើទី២៨ ដែលធ្វើឡើងក្នុងប្រទេសិង្ហបុរី បានចាប់ផ្តើមឡើងកាលពីថ្ងៃទី ៥ មិថុនា នឹងត្រូវបញ្ចប់នៅថ្ងៃទី ១៦ មិថុនាខាងមុខនេះ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ