កម្ពុជា

សាកសព​កម្មករ​អណ្តូងរ៉ែ​ទាំង៨នាក់​បាន​រកឃើញ​អស់ហើយ នៅ​ថ្ងៃអាទិត្យ​នេះ

ការផ្ទុះអណ្តូងរ៉ែមាស​នៅខេត្ត​ក្រចេះ​ សម្លាប់មនុស្ស​៨នាក់
ការផ្ទុះអណ្តូងរ៉ែមាស​នៅខេត្ត​ក្រចេះ​ សម្លាប់មនុស្ស​៨នាក់ ©

រហូត​មក​ដល់​ថ្ងៃ​អាទិត្យទី ២៥ ធ្នូ ២០១១ សាកសព​​ចំនួន​៨នាក់​ដែល​បាន​បាត់បង់​ជីវិត​ នៅ​ក្នុង​អណ្តូងរ៉ែ​មាស​នៅ​ក្នុង ​ខេត្ត​ក្រចេះ​​បាន​រក​ឃើញ​អស់​ហើយ។ ព្រម​ពេល​ជាមួយ​គ្នា ក្រុមហ៊ុន​រុករក​រ៉ែមាស​មក​ពី​ប្រទេស​ចិន​ប្រកាស​ចេញ​សងជំងឺចិត្ត​ចំពោះ​ សាកសព​ម្នាក់​ក្នុង​ចំនួន​ទឹកប្រាក់​១​ម៉ឺន​៣​ពាន់​ដុល្លារ​អាមេរិក។

ផ្សាយពាណិជ្ជកម្ម

 

កង​កម្លាំង​អាជ្ញាធរ​ខេត្ត​ក្រចេះ​បាន​ចំណាយ​ពេល​ជាង​២​ថ្ងៃ​ដើម្បី​កាយ​យក​សាកសព​ចេញ​ពី​អណ្តូង​រ៉ែមាស​ជម្រៅ​៣០០​ម៉ែត្រ​ដែល​​បាន​ផ្តាច់​ជីវិត​មនុស្ស​ចំនួន​៨​នាក់។ ឧបទ្ទវហេតុ​បាន​កើត​ឡើង​តាំង​ពី​ថ្ងៃ​សុក្រ​កន្លងមកម៉្លេះ​ ប៉ុន្តែ​សាកសព​មនុស្ស​៨​នាក់​ទើបត្រូវ​បាន​គេ​យក​ចេញ​ពី​រូង​អណ្តូងរ៉ែ​ នៅ​ថ្ងៃ​អាទិត្យ​នេះ។

លោក ជួង សៀងហាក់ ស្នងការ​នគបាល​ខេត្ត​ក្រចេះ​បាន​និយាយ​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ថ្ងៃអាទិត្យ​នេះ​មក​ថា សាកសព​ទី​១​ត្រូវ​បាន​គេ​លើក​ចេញ​នៅ​ម៉ោង​៣​និង​៣០​នាទី​​​ព្រឹក​នៅ​​ថ្ងៃអាទិត្យនេះ​ហើយ ​រហូត​មក​ដល់​ម៉ោង​ប្រមាណ ​ជា​៧​កន្លះព្រឹក សាកសព​ចំនួន​៧​នាក់​ត្រូវ​បាន​គេ​លើក​ចេញ​មក​លើ​ដី។ រីឯ​សាកសព​ទី​៨​ត្រូវ​បាន​គេ​រក​ឃើញ ​និង​លើក​ចេញ​នៅ​វេលា​ម៉ោង​១២​​ត្រង់​នៅ​ថ្ងៃ​អាទិត្យ​ដដែល​នេះ។

លោក​ស្នងការ​បាន​បន្ត​ទៀត​ថា ការ​រុករក​សាកសព​មិនមែន​ជា​ការ​ងាយស្រួល​ទេ ​ពីព្រោះ​អណ្តូងរ៉ែ​មាស​នេះ​មាន​ជម្រៅ​៣០០​ម៉ែត្រ​ពោរពេញ​ទៅ​ដោយទឹក​បាញ់​ចេញ​ពី​ក្នុងដី ​និង​គំនរ​ថ្ម​បាក់បែក។

កម្មករ​អណ្ដូងរ៉ែ​ជនជាតិ​ខ្មែរ​ចំនួន​៨នាក់​ដែល​មាន​អាយុ​ក្នុងចន្លោះ​ពី​១៩ឆ្នាំ​ដល់​៤០ឆ្នាំ​​មក​ពី​ខេត្ត​ផ្សេងៗ​គ្នា​​ដូចជា៖ ខេត្ត​កំពង់ធំ​ ខេត្ដព្រៃវែង​និង​ខេត្ដ​ក្រចេះ​​បាន​ជាប់​គាំង​នៅ​ក្នុង​​អណ្តូងរ៉ែ​​ដោយសារ​ទឹក​បាញ់​ចេញ​ពី​ក្នុង​ដី។ ទឹក​បាញ់​ចេញ​ពី​ក្នុងដី​ គឺ​ដោយសារ​ក្រុមហ៊ុន​អាជីវកម្ម​​រ៉ែមាស​បាន​បំផ្ទុះ​បំបែក​ថ្ម ​ប៉ុន្តែ​ ជា​ការ​ចៃដន្យ​ ការ​បំផ្ទុះ​នេះ​បាន​ទៅចំ​ដង្ហើម​ទឹក​ក្នុងដី​ ដែល​បង្កអោយ​ទឹក​បាញ់​ចេញ​យ៉ាង​គំហុក​មក​ក្នុង​​អណ្តូងរ៉ែ។

អ្នក​ជំនាញ​មួយ​ចំនួន​និយាយ​ថា ក្នុង​រយៈ​ពេល​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ ទឹក​ចំនួន​១៧០០​ម៉ែត្រ​គូប​បាន​​បាញ់​ចេញ​ពី​ក្នុង​ដី​ចូល​ក្នុង​អណ្តូងរ៉ែ។

លោក ស៊ុយ សែម រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​រ៉ែ​និង​ថាមពល​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ក្រុមហ៊ុន​រុករក​រ៉ែ​របស់​ប្រទេស​ចិន​បាន​ធ្វើ​ឡើង​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​​ ប៉ុន្តែ​នេះ​គឺ​ជា​ករណី​ចៃដន្យ​កើត​ឡើង។ ឧបទ្ទវហេតុ​នេះ​គ្មាន​នណា​អាច​ប្រការ​ទុកជា​មុន​បាន​ទេ។ នេះ​មិនមែន​ជា​កំហុស​បច្ចេកទេស​ទេ។ ប៉ុន្តែ​ទោះជា​យ៉ាង​ណា​ក៏​ដោយ​ក៏​ក្រុមហ៊ុនត្រូវ​ទទួល​ខុស​ចំពោះ​បញ្ហានេះ​ដែរ។

លោក ស៊ុយ សែម រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​រ៉ែ​ និង​ថាមពល​​បាន​បញ្ជាក់​ប្រាប់​ទៀតថា ក្រុមហ៊ុន​ទទួល​យល់ព្រម​សង​ជំងឺចិត្ត​ដល់​ក្រុម​គ្រួសារ​សាកសព​ក្នុង​សាកសព​ម្នាក់​ចំនួន​១​ម៉ឺន​៣​ពាន់​ដុល្លារ​អាមេរិក។ ម្យ៉ាងវិញទៀត លោក​រដ្ឋមន្រ្តី​​បាន​អំពាវនាវ​ដល់​​ក្រុមហ៊ុន​រុករក​រ៉ែ​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​អោយ​បង្កើន​ការប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត។
 

សូម​បញ្ជាក់​ថា ក្រុមហ៊ុន​ចិន​មួយ​នេះ​បាន​សិក្សា​ស្រាវជ្រាវ​រុករក​រ៉ែ​មាស ​នៅ​ក្នុង​ខេត្ត​ក្រចេះ​​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ​ប៉ុន្តែ​ពួកគេ​ទើប​ចាប់​ផ្តើម​ធ្វើ​អាជីវកម្ម​ប៉ុណ្ណោះ។ បើ​យោង​តាម​សម្តី​របស់​លោក​រដ្ឋ​មន្រ្តី ស៊ុយ សែម ប្រទេស​កម្ពុជា​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​ស្រាវជ្រាវ​រុករក​រ៉ែមាស​នៅ​ក្នុង​ប្រទេស​ចំនួន​ជាង​១០​ ប៉ុន្តែ​នេះ ​សម្រាប់​រ៉ែ​មាស​​តែប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI