កម្ពុជា

កម្ពុជា​​ទទូច​ឲ្យ​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​ល្អ​តាម​ព្រំដែន​ថៃ​ មុនសេច​ក្តី​សម្រេច​របស់​តុលា​ការ​ក្រុង​ឡាអេ​

ព្រំដែន​កម្ពុជា-ថៃ
ព្រំដែន​កម្ពុជា-ថៃ © សុវណ្ណារ៉ា

ខណៈ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ គ្រោង​នឹង​ចេញ​សេចក្តីសម្រេច​ទាក់ទង​បណ្តឹង​កម្ពុជា ដែល​ស្នើអោយ​បកស្រាយ​សាលក្រម​ឆ្នាំ១៩៦២ លើ​សំណុំរឿង​ប្រាសាទ​ព្រះវិហារនៅ​ថ្ងៃទី១១ខែវិច្ឆិកា ខាងមុខនេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​​​ល្អ​ជាមួយ​ប្រទេស​ថៃ នៅតាម​ព្រំដែន បើទោះបីជា​សេចក្តី​ស​ម្រ​ច​នោះ​មាន​លក្ខណៈ​បែបណាក៏ដោយ។

ផ្សាយពាណិជ្ជកម្ម

ទោះបីជា​តុលាការ​ឡាអេ ចេញ​សេចក្តីសម្រេច​លើ​សំណុំរឿង​បកស្រាយ​សាលក្រម ឆ្នាំ១៩៦២ ស្តីពី​ប្រាសាទព្រះវិហារ ហើយ​ការ​សម្រេច​នោះ​នឹង​មាន​អំណោយផល​យ៉ាងណាក៏ដោយ​ដល់​ភាគី​ប្រទេស​ទាំង​ពីរ ក៏​រាជរដ្ឋាភិបាល​ទាំងពីរ កម្ពុជា-ថៃ នៅតែ​ប្រកាន់ខ្ជាប់​នូវ​ជំហរ​មិត្តភាព និង​សហ​ប្រតិបត្តិ​ការល្អ ​ដដែល។ នេះ​ជាការ​បញ្ជាក់​របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ។

លោកនាយក​​រដ្ឋមន្ត្រី​បញ្ជាក់ថា រដ្ឋាភិបាល​ទាំងពីរ កងទ័ព​ទាំងពីរ និង​ប្រជាជន​ទាំងពីរ ដាច់ខាត​​​រក្សា​ឱ្យបាន​នូវ​សុវត្ថិភាព សន្តិសុខ និង​សន្តិភាព នៅតាម​បណ្តោយ​ព្រំដែន។
បន្ថែម​​​លើ​នោះ លោកនាយក​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​កងកំលាំងប្រដាប់អាវុធ​ទាំងអស់ នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ ឲ្យ​រក្សា​ស្ថិរភាព និង​សន្តិសុខ​តាម​ព្រំដែន ព្រមទាំង​សហ​ប្រតិបត្តិ​ការល្អ​ជាមួយ​ថៃ ទោះបីជា​តុលាការ​ឡាអេ​ចេញ​សេចក្តីសម្រេច​លើ​សំណុំរឿង​​បកស្រាយ​សាលក្រម ឆ្នាំ១៩៦២ ស្តីពីប្រាសាទព្រះវិហារ យ៉ាងណាក៏ដោយ។

គួរ​បញ្ជាក់ថា តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​បើកសវនាការ​ស្ដាប់​​ការបកស្រាយ​ដោយផ្ទាល់​មាត់​ពី​ភាគី​កម្ពុជា​ និងថៃ កាលពី​ខែមេសា ឆ្នាំ២០១៣ ក្រោយ​​​ពេល​កម្ពុជា​បាន​ប្ដឹង​តុលាការ​ឲ្យ​បកស្រាយ​សាលដីកា​ឆ្នាំ១៩៦២ ឡើងវិញ ។

ដោយឡែក ​​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស ផ្នែក​សហប្រតិបត្តិការ​អន្តរ​ជាតិ​កម្ពុជា ចុះ​ថ្ងៃទី២៤ តុលា​ការ​បាន​ឲ្យ​ដឹងថា លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា នឹង​ដឹកនាំ​ក្រុមការងារ​ខាង​ភាគី​កម្ពុជា​ទៅ​ជួប​ភាគី​ថៃ ដែល​ដឹកនាំ​ដោយ​លោក​​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ សូ​រ៉ា​ពង្ស តូវី​ចាក់​ឆៃ​គល់ នៅ​ក្រុង​ប៉ោយប៉ែត ក្នុង​ទឹកដី​កម្ពុជា ដើម្បី​ពិភាក្សាគ្នា​ក្នុងការ​ពង្រឹង​សន្តិភាព សន្តិសុខ និង​ស្ថិរភាព នៅតាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ។

សេចក្ដីប្រកាស​ព័ត៌មាន​ដដែល ឲ្យ​ដឹងថា ភាគី​ទាំងពីរ​នឹង​ពិភាក្សាគ្នា​អំពី​ការបើក​ច្រកព្រំដែន​គោក​​​នៃ​ប្រទេស​ទាំងពីរ​ បន្ថែម​មួយចំនួនទៀត ដើម្បី​សម្រួល​ចរាចរណ៍​ទំនិញ និង​ការ​ធ្វើដំណើរ​​ចេញចូល​របស់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​បាន​ប្រសើរ​ជាង​មុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI