រដ្ឋាភិបាលហៅវិទ្យុអាមេរិកនិយាយភាសាខ្មែរមកដេញដោល
ចុះផ្សាយនៅថ្ងៃ៖
រដ្ឋាភិបាលបានកោះហៅតំណាងវិទ្យុអាមេរិកនិយាយភាសាខ្មែរទាំងពីរ គឺវិទ្យុសំឡេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរីមកជួបក្នុងកិច្ចប្រជុំមួយដែលរដ្ឋាភិបាលពន្យល់ថា គឺដើម្បីនិយាយអំពីការអនុវត្តវិជ្ជាជីវៈ និងបង្កើនសហប្រតិបត្តិការជាមួយគ្នា។ ផ្ទុយទៅវិញ តំណាងវិទ្យុទាំងពីរបានចាត់ទុកថា នេះគឺជាការគំរាមកំហែងដល់សេរីភាពសារព័ត៌មាន ហើយពួកគេនឹងបន្តបេសកម្មតាមវិជ្ជាជីវៈរបស់ខ្លួនដើម្បីបម្រើប្រយោជន៍ពលរដ្ឋកម្ពុជាដដែល។
ព្រឹត្តិការណ៍មិនធ្លាប់កើតមាន។ រដ្ឋាភិបាលបានកោះហៅជាផ្លូវការតំណាងវិទ្យុសំឡេងសហរដ្ឋអាមេរិក និងតំណាងវិទ្យុអាស៊ីសេរីដែលផ្សាយជាភាសាខ្មែរមកជួបក្នុងកិច្ចប្រជុំមួយកាលពីព្រឹកថ្ងៃពុធម្សិលមិញ ដើម្បីសួរដេញដោលអំពីបេសកកម្ម និងការអនុវត្តវិជ្ជាជីវៈសារព័ត៌មានរបស់វិទ្យុទាំងពីរ។ កិច្ចប្រជុំប្រភេទនេះដែលតំណាងវិទ្យុទាំងពីរអត្ថាធិប្បាយថា ជាការគំរាមកំហែងពីសំណាក់រដ្ឋាភិបាលទៅលើសេរីភាពសារព័ត៌មាន ហើយថាពួកគេនឹងនៅតែបន្តការងារផ្តល់ព័ត៌មានតាមវិជ្ជាជីវៈដដែល។
អ្នកតំណាងអោយវិទ្យុមួយដែលបានចូលរួមក្នុងកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលជាច្រើនរូបបានប្រាប់វិទ្យុបារាំងអន្តរជាតិអោយដឹងថា មន្ត្រីរដ្ឋាភិបាលបានសួរអំពីបេសកម្មរបស់វិទ្យុទាំងពីរ បានលើកឡើងអំពីការប្រើប្រាស់ពាក្យពេចន៍ចំពោះថ្នាក់ដឹកនាំ និងថាបានព្រមានប្តឹងថែមទៀតផង។
ទីភ្នាក់ងារព័ត៌មានបារាំងAFP បានស្រង់ប្រសាសន៍របស់លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីដែលពន្យល់ថា គោលបំណងនៃការជួបជាមួយតំណាងវិទ្យុទាំងពីរនេះ គឺដើម្បីពង្រឹងគុណភាពវិជ្ជាជីវៈក្នុងសេចក្តីរាយការណ៍របស់វិទ្យុទាំងពីរ និងលើកឡើងអំពីការគោរពទាក់ទងនឹងវប្បធម៌ខ្មែរនៅក្នុងអត្ថបទរបស់ពួកគេ។ លោកផៃ ស៊ីផានបញ្ជាក់ថា សេរីភាពសារព័ត៌មានត្រូវមានការទទួលខុសត្រូវ។
យោងតាមប្រភពនានា រដ្ឋាភិបាលទំនងជាមិនសប្បាយចិត្តខ្លាំងចំពោះសេចក្តីរាយការណ៍របស់វិទ្យុអាស៊ីសេរីក្នុងពេលកន្លងមកទាក់ទងនឹងសំណុំរឿងរបស់លោកម៉ម សូណង់ដូ។ ទីភ្នាក់ងារព័ត៌មានAFP ក៏បានស្រង់សម្តីរបស់នាយកវិទ្យុសំឡេងសហរដ្ឋអាមេរិកផងដែរដែលអះអាងថា អ្នកកាសែតរបស់លោកនឹងបន្តធ្វើសេចក្តីរាយការណ៍តាមស្មារតីវិជ្ជាជីវៈដដែល។ លោកថា អ្នកស្តាប់របស់វិទ្យុសំឡេងសហរដ្ឋអាមេរិកគឺជាប្រជាជនដែលត្រូវទទួលបានសេចក្តីរាយការណ៍ដែលមានគុណភាពដែលពួកគេអាចជឿជាក់បាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ