រដ្ឋាភិបាលកំណត់យកថ្ងៃ ២៣ តុលា ដាក់ជាថ្ងៃបុណ្យជាតិឲ្យមានឈប់សម្រាកឡើងវិញ
ចុះផ្សាយនៅថ្ងៃ៖
ទីបំផុតទៅ នៅថ្ងៃខួបលើកទី២១ឆ្នាំ ថ្ងៃ២៣ តុលានៃថ្ងៃចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស រដ្ឋាភិបាលកម្ពុជាបានសម្រេចប្រកាសយកថ្ងៃ២៣ តុលា ដាក់ជាថ្ងៃបុណ្យជាតិ អនុញ្ញាតឲ្យមានការឈប់សម្រាក។ ការសម្រេចដូច្នេះ ត្រូវបានមន្ត្រីរដ្ឋាភិបាលអះអាងថា ដើម្បីឧទ្ទិសដល់ព្រះវីរភាពរបស់សម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះនរោត្តម សីហនុ និងលោកនាយករដ្ឋមន្ត្រីហ៊ុនសែន ដែលជាស្ថាបនិកនូវសមិទ្ធផលដែលនាំដល់ការចុះកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១។ ជាការកត់សម្គាល់ កាលពីអំឡុងឆ្នាំ២០០៥ រដ្ឋាភិបាលកម្ពុជាបានសម្រេចដកថ្ងៃ២៣ តុលាចេញពីបុណ្យជាតិ។
នៅថ្ងៃ២៣ តុលាដែលជាថ្ងៃកាន់ទុក្ខចុងក្រោយឧទ្ទិសថ្វាយព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុរយៈពេល ៧ថ្ងៃ គឺនៅថ្ងៃនេះ រដ្ឋាភិបាលបានចេញសេចក្តីប្រកាសកំណត់យកថ្ងៃទី២៣ ខែតុលាដែលជាទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ដាក់ចូលក្នុងប្រតិទិន ជាថ្ងៃឈប់សម្រាក ១ថ្ងៃពីការងាររបស់មន្រ្តីរាជការ និយោជិត កម្មករ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ២០១៣ តទៅ។ លោក ទិត សុធា អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការសម្រេចរបស់រដ្ឋាភិបាលដាក់ថ្ងៃ២៣ តុលា ក្នុងប្រតិទិនថ្ងៃឈប់សម្រាកនេះ ជាការឆ្លើយតបទៅនឹងវីរភាពនៃសមិទ្ធិផលរួមរបស់សម្តេចព្រះ នរោត្តម សីហនុ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយក៏ជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋគ្រប់រូបផងដែរ។
លោកទិតសុធាបានគូសបញ្ជាក់ថា៖ “ការសម្រេចនេះ ជាឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល ហើយឆ្លើយតបទៅនឹងវីរភាពរបស់សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនៃកិច្ចព្រមព្រៀង ២៣ តុលា ឆ្នាំ១៩៩១ ដែលនាំឲ្យកម្ពុជាយើងសម្រេចបាននូវការបោះឆ្នោត មានសភាធម្មនុញ្ញ មានរដ្ឋធម្មនុញ្ញ ហើយរាជរដ្ឋាភិបាលបានប្រកាន់យករបបប្រជាធិបតេយ្យ សេរីពហុបក្ស ហើយបានបោះឆ្នោតយ៉ាងទៀងទាត់ ធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍មកដល់សព្វថ្ងៃនេះ”។ លោក ទិត សុធា បានបន្ថែមថា ការសម្រេចរបស់រាជរដ្ឋាភិបាល ចំពោះថ្ងៃ២៣ តុលា ជាថ្ងៃឈប់សម្រាកមួយថ្ងៃ ដូច្នេះមិនមែនកើតឡើងពីការទាមទារ ឬការគាបសង្កត់របស់ក្រុមប្រឆាំងនោះទេ។ តែនេះជាឆន្ទៈនយោបាយផ្ទាល់របស់រាជរដ្ឋាភិបាល។
សូមរម្លឹកថា នៅថ្ងៃខួប ២១ ឆ្នាំនៃថ្ងៃ២៣ តុលានេះ មិនមានពិធីជួបជុំអ្វីធំដុំត្រូវបានគេរៀបចំឡើងទេ ព្រោះថា នៅទូទាំងប្រទេស មមាញឹកនឹងព្រះរាជពិធីបុណ្យកាន់ទុក្ខនៃការយាងចូលព្រះទិវង្គតរបស់សម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ឆ្នាំ១៩៩១ បានកើតឡើងដោយព្រះរាជបូជនីយកិច្ចរបស់ព្រះករុណា សម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមទាំងភាគីខ្មែរដទៃទៀត ក្រោមការជួយឧបត្ថម្ភគាំទ្រពីបណ្តាប្រទេសជាមិត្តរបស់កម្ពុជា ពិសេសបារាំង និងឥណ្ឌូនេស៊ីដែលជាសហប្រធាន នៃសន្និសីទរួម ឈានដល់ការរួបរួមរវាងខ្មែរ និងខ្មែរដើម្បីចុះហត្ថលេខាលើបទឈប់បាញ់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ