រដ្ឋត្រូវពង្រឹងការគ្រប់គ្រងមន្ត្រីរាជការអោយមានប្រសិទ្ធភាពឡើងវិញ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៣៤
ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រៅពីការធ្វើជំរឿនមន្ត្រីរាជការហើយនោះ នៅបណ្តាក្រសួងរបស់រដ្ឋ មានបំពាក់គ្រឿងម៉ាស៊ីនអេឡិចត្រូនិក ដើម្បីតាមដានវត្តមានរបស់មន្ត្រីរាជការនៅកន្លែងធ្វើការ។ នោះគឺជាម៉ាស៊ីន ស្កែនយកក្រយ៉ៅមេដៃ ឬម៉ាស៊ីនឆូតបណ្ណសំគាល់មន្ត្រីរាជការ ដែលត្រូវប្រើមុនផ្តើមម៉ោងធ្វើការ និងពេលចេញពីធ្វើការ។ ប៉ុន្តែ វិធានការនេះនៅតែគ្មានប្រសិទ្ធភាពប៉ុន្មានឡើយ។ នៅតែមានមន្ត្រីដែលមិនទៅបំពេញការងារជូនរាជការ។ ហេតុការណ៍នេះវាបានធ្វើអោយរដ្ឋខាតបង់។
ភ្លាមៗ ក្រោយពីបានបំពាក់ម៉ាស៊ីនអេឡិចត្រូនិកនៅតាមបណ្តាក្រសួង និងស្ថាប័នរដ្ឋនានា ក្នុងគោលដៅដែលគេនិយាយថា គឺដើម្បីគ្រប់គ្រងប្រសិទ្ធភាពការងាររបស់មន្ត្រីរាជការនោះ មានក្តីសង្ឃឹមថា កំណែទម្រង់នេះនឹងអាចធ្វើអោយប្រសើរឡើង នូវការគ្រប់គ្រងមន្ត្រីរាជការ។ ពិសេសគឺការគ្រប់គ្រងមន្ត្រីដែលមានតែឈ្មោះបើកប្រាក់ខែ តែមិនដែលមកបំពេញការងារ។ ប៉ុន្តែ ការអនុវត្តន៍វិធានការមួយនេះ វាមិនខុសពីវិធានការផ្សេងៗទៀតដែលធ្លាប់កើតមាននៅកម្ពុជាឡើយ។ ពោលគឺ វាគ្រាន់តែជាសកម្មភាពភ្លើងចំបើង។
រហូតមកដល់ពេលនេះ មន្ត្រីរាជការនៅតាមបណ្តាស្ថាប័នរដ្ឋ បានបន្តនិយាយរអ៊ូររទាំអំពីភាពគ្មានប្រសិទ្ធភាពនៃការគ្រប់គ្រងមន្ត្រីរាជការ បើទោះជាមានការបំពាក់គ្រឿងម៉ាស៊ីនអាឡិចត្រូនិកនេះក៏ដោយ។ តើភាពមិនប្រក្រតីទាំងនោះមានអ្វីខ្លះ?
នៅតាមបណ្តាក្រសួងខ្លះ គេបានប្រើប្រាស់វិធានការស្កែនយកក្រយ៉ៅដៃរបស់បុគ្គលិក មន្ត្រីរាជការ សម្រាប់ពេលចូលធ្វើការ និងពេលចេញពីធ្វើការ។ នេះគឺជាការសំអាងថា មនុស្សបានមកចូលមកធ្វើការនៅម៉ោងប៉ុន្មាន ហើយចេញពីធ្វើការនៅម៉ោងប៉ុន្មាន។ ប៉ុន្តែ តើម៉ាស៊ីនអាចដឹងទេថា មនុស្សបានកំពុងធ្វើការក្នុងស្ថាប័នរបស់ខ្លួន នៅចន្លោះនៃការស្កែនក្រយ៉ៅដៃទាំងពីរពេលនោះ? ត្រង់ចំនុចនេះ វាមានករណីនៃមនុស្ស២ក្រុម។
ក្រុមទីមួយ គឺជាក្រុមដែលនៅបន្តយកពេលបំពេញការងាររដ្ឋនេះ ទៅធ្វើការងារឯកជននៅខាងក្រៅដដែល ដូចដែលគេធ្លាប់បានធ្វើ។ ប្រាក់ខែទាបដែលផ្តល់អោយដោយរដ្ឋនោះ គឺជាមូលហេតុដែលគេត្រូវធ្វើដូច្នេះ។
ក្រុមទី២ ក្រុមនេះទំនងជាមិនមែនជាអ្នកធ្វើការងារឯកជនខាងក្រៅឡើយ ប៉ុន្តែ ពួកគេស្ទើរតែគ្មានការងារធ្វើទាល់តែសោះនៅក្នុងស្ថាប័នរបស់ខ្លួននោះ។ ស្កែនក្រយ៉ៅដៃហើយមែន ប៉ុន្តែគ្មានកិច្ចការធ្វើ ព្រោះពេលខ្លះការងារត្រូវបានប្រមូលតែទៅមនុស្សមួយក្រុមតូចនោះ ដូច្នេះពួកគេក៏ត្រូវចេញមកក្រៅ ជាជាងអង្គុយស្ងៀមនៅក្នុងក្រសួង។
ក្រុមទាំងពីរនេះ គ្រាន់តែត្រូវព្យាយាមត្រឡប់មកស្កែនក្រយ៉ៅដៃពួកគេឡើងវិញ នៅម៉ោងចេញពីធ្វើការនោះប៉ុណ្ណោះ។
មន្ត្រីរាជការមួយចំនួនបាននិយាយថា ក៏មានដែរករណីដែលមន្ត្រីខ្លះដែលជាសាច់ញាតិរបស់ថ្នាក់ដឹកនាំក្រសួង ឬស្ថាប័នរដ្ឋនោះ ពួកគេមិនខ្វល់នឹងការដាក់ក្រយ៉ៅដៃទៅលើម៉ាស៊ីននោះទេ។ បានន័យថា វាគ្មានភាពស្មើភាពគ្នាក្នុងអនុវត្តន៍វិធានការនេះពីមន្ត្រីទាំងអស់ដូចគ្នាឡើយ។
នៅតាមក្រសួងខ្លះវិញ គេបានប្រើប្រាស់ការដាក់ឆូតកាតសំគាល់ខ្លួនរបស់មន្ត្រី។ ត្រង់នេះ ការឆ្លៀតឱកាសរបស់មន្ត្រីមួយចំនួនដែលចង់បន្លំក៏អាចធ្វើបានដែរ។ នោះគឺពួកគេគ្រាន់តែផ្ញើបណ្ណសំគាល់របស់ខ្លួននៅនឹងសហការី ឬមិត្តភក្តិនោះ ដើម្បីអោយគេឆូតអោយ វាជាការស្រេច។ នេះមិនទាន់និយាយអំពីករណីដែលម៉ាស៊ីនឆែកអត្តសញ្ញាណខ្លះដែលឧស្សាហ៍ខូច និងមានករណីចាស់ៗខ្លះ ដូចជាការរក្សាប្រាក់ខែអោយប្រធាន ឬថ្នាក់លើ ជាថ្នូរនឹងការមិនបាច់មានវត្តមាននៅកន្លែងធ្វើការនោះផង។
និយាយយ៉ាងដូច្នេះ មិនមែនមានន័យថា វិធានការដែលរដ្ឋាភិបាល និងក្រសួងស្ថាប័នរដ្ឋនិមួយៗខិតខំដាក់ចេញមកនោះ គ្មានប្រសិទ្ធភាពទាល់តែសោះនោះឡើយ។ វិធានការនេះ វាបានជួយពង្រឹងវិន័យនៃមន្ត្រីខិលខូចមួយចំនួនរួចហើយ។ មានមន្ត្រីខ្លះក៏បានសម្រេចឈប់ពីការងារមន្ត្រីរាជការតែម្តង បន្ទាប់ពីវិធានការដែលជាផ្នែកមួយនៃការធ្វើជំរឿនមន្ត្រីរាជការ ត្រូវបានអនុវត្តនេះ។ ប៉ុន្តែផ្ទុយទៅវិញ ក៏មានមន្ត្រីមួយចំនួននៅតែព្យាយាមឆ្លៀតឱកាសដើម្បីពួកគេអាចនៅមានឈ្មោះជាមន្ត្រីរាជការផង និងអាចបន្តការងារឯកជននៅខាងក្រៅទៀតផង។
ការបន្តអនុញ្ញាតអោយមានមន្ត្រីអាចយកម៉ោងការងាររដ្ឋទៅបំពេញការងារខាងក្រៅនេះហើយ ដែលវាបានបន្តធ្វើអោយរដ្ឋខាតបង់នោះ។ ពោលគឺគ្មានមនុស្សធ្វើការបម្រើសេវារដ្ឋ ប៉ុន្តែ រដ្ឋត្រូវចំណាយប្រាក់បៀវត្សរសម្រាប់មន្ត្រីទាំងនោះដដែល។ លើសពីនេះ វានឹងបង្ហាញថា រដ្ឋាភិបាលគ្មានសមត្ថភាពគ្រប់គ្រងមន្ត្រីរាជការ ហើយវាក៏នឹងបង្ហាញអោយឃើញនូវវប្បធម៌មិនគោរពច្បាប់រដ្ឋផងដែរ។
ទន្ទឹមគ្នានេះដែរ ប្រសិនបើគេត្រូវដោះស្រាយបញ្ហាការគ្រប់គ្រងមន្ត្រីរាជការនោះ គេត្រូវដោះស្រាយបញ្ហាមួយទៀតជាមួយតែម្តង។ នោះគឺការបំបាត់ចោលនូវការផ្តល់អំណាចដល់មនុស្សមួយក្រុមតូច ដែលស្និទ្ធនឹងថ្នាក់ដឹកនាំស្ថាប័នដើម្បីប្រមូលការងារធ្វើតែម្នាក់ឯង។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសជាថ្មីម្តងទៀតហើយ នៅក្នុងកិច្ចប្រជុំដំបូងនៃគណៈរដ្ឋមន្ត្រីអាណត្តិទី៥នេះ មិនអោយអាណាព្យាបាលក្រសួង យកក្រសួងធ្វើជាផ្ទះរបស់ពួកគេឡើយ។ ប្រសាសន៍របស់ប្រមុខរដ្ឋាភិបាលគួរតែមានប្រសិទ្ធិភាពនៅក្នុងអាណត្តិនៃកំណែទម្រង់ស៊ីជម្រៅនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ