សង្គមស៊ីវិលនិងរដ្ឋាភិបាលនៅតែខ្វែងគំនិតគ្នាលើសេចក្តីព្រាងច្បាប់អង្គការ
ចុះផ្សាយនៅថ្ងៃ៖
សេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ឬហៅថា “ច្បាប់អង្គការ” ទើបតែត្រូវបានក្រសួងមហាផ្ទៃបញ្ចប់នូវការកែសម្រួលលើកទី៤ ហើយបានចែកចាយដល់ក្រុមអង្គការសង្គមស៊ីវិល។ តាមរយៈកិច្ចប្រជុំ កាលពីថ្ងៃ១៥ធ្នូម្សិលមិញ សង្គមស៊ីវិលជាតិ និងអន្តរជាតិ នៅតែចាត់ទុកថា សេចក្តីព្រាងច្បាប់ថ្មីនោះ មិនបានកែប្រែអ្វីច្រើនទេ។ ច្បាប់ថ្មីនោះ នៅតែកំណត់ពីការចុះបញ្ជី និងការធ្វើរបាយការណ៍សកម្មភាព ព្រមទាំងប្រាក់ជំនួយ ដែលជាការរឹតត្បិតសិទ្ធិសេរីភាពរបស់ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា។
ក្រោយកិច្ចប្រជុំរយៈពេលពេញមួយថ្ងៃ កាលពីថ្ងៃ១៥ធ្នូម្សិលមិញ ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិបានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់ លើកទី៤ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលក្រសួងមហាផ្ទៃបានតាក់តែង នៅតែមិនអាចទទួលយកបាន។ មូលហេតុ ដោយសារពង្រាងច្បាប់ថ្មីនោះ មិនបានដោះស្រាយបញ្ហាសំខាន់ៗ ដែលបង្ហាញនៅក្នុងពង្រាងច្បាប់លើកមុនឡើយ។
ក្រុមអង្គការសង្គមស៊ីវិលបានប្រកាសថា សេចក្តីព្រាងច្បាប់អង្គការលើកទី៤នោះ នៅតែទាមទារឲ្យមានការចុះបញ្ជី បង្កឧបសគ្គសម្រាប់អង្គការអន្តរជាតិ ហើយក៏មានកំណត់ពីការរំលាយអង្គការសង្គមស៊ីវិល ដោយមិនបញ្ជាក់ពីលក្ខណៈវិនិច្ឆ័យ ឬក៏សិទ្ធិប្តឹងជំទាស់ ជាដើម។
ក្នុងសេចក្តីប្រកាសព័ត៌មាន ក្រុមអង្គការសង្គមស៊ីវិលក៏បានសម្តែងការព្រួយបារម្ភ ពីរបៀបពិគ្រោះយោបល់ ដែលរឹតត្បិត និងទាន់ហន់ លើសេចក្តីព្រាងច្បាប់អង្គការថ្មីនេះ ដែលគ្រោងនឹងធ្វើនៅថ្ងៃច័ន្ទ ទី១៩ធ្នូ ឆ្នាំ២០១១។
ក្រុមអង្គការសង្គមស៊ីវិលបានទទូចថា ការពិភាក្សាយោបល់ ដោយមានការចូលរួមពីអង្គការសង្គមស៊ីវិលទូទាំងប្រទេស លើពង្រាងច្បាប់អង្គការ ត្រូវតែធ្វើបន្តទៀត នៅឆ្នាំ២០១២។
យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័ក្រ្ត អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានលើកឡើងថា សេចក្តីព្រាងច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានតាក់តែងតាំងពីឆ្នាំ២០០០ ដោយមានទាំងការជួបពិភាក្សារវាងអង្គការសង្គមស៊ីវិល និងក្រសួងមហាផ្ទៃ។
តាមលោកឧត្តមសេនីយ៍ សេចក្តីព្រាងច្បាប់អង្គការ ដែលបានកែសម្រួល៤លើកមកហើយនោះ មិនមែនជាការគាបសង្កត់ ឬបិទសិទ្ធិសេរីភាពអ្វីទេ។ លោកបានអំពាវនាវឲ្យសង្គមស៊ីវិល មានឆន្ទៈ ដើម្បីទទួលយកច្បាប់គ្រប់គ្រងអង្គការសង្គមស៊ីវិល ដើម្បីផលប្រយោជន៍ជាតិទាំងអស់គ្នា។
មកដល់ពេលនេះ អ្វីដែលមិនទាន់ជ្រះស្រឡះ ដែលអង្គការសង្គមស៊ីវិល បានជំទាស់នឹងសេចក្តីព្រាងច្បាប់អង្គការនោះ ត្រូវបានលោកឧត្តមសេនីយ៍ ខៀវ សុភ័ក្រ្ត លើកឡើងថា គឺការចុះបញ្ជីអង្គការសង្គមស៊ីវិល និងការផ្តល់របាយការណ៍ប្រចាំឆ្នាំ មកក្រសួងមហាផ្ទៃ អំពីសកម្មភាព និងប្រាក់ជំនួយ។ សេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសនោះ នឹងត្រូវពិភាក្សាជាថ្មីទៀត នៅថ្ងៃច័ន្ទ ទី១៩ធ្នូ ឆ្នាំ២០១១៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ