កម្ពុជា

មន្ត្រី​រដ្ឋាភិបាល​ចេញ​មុខ​បក​ស្រាយ​ជួសក្មួយ​នាយក​រដ្ឋមន្ត្រី​ក្នុង​រឿង​ជួញដូរ​គ្រឿងញៀន​

លោក ហ៊ុនតូ ក្មួយ​ប្រុស​លោកនាយករដ្ឋមន្ត្រី​ ហ៊ុនសែន​
លោក ហ៊ុនតូ ក្មួយ​ប្រុស​លោកនាយករដ្ឋមន្ត្រី​ ហ៊ុនសែន​ RFI/Siv Channa

នៅ​​ព្រឹក​​ថ្ងៃ​​សុក្រ​​នេះ​ ​លោក​​ឧកញ៉ា ​ហ៊ុន តូ​ក្មួយ​ប្រុស​​លោក​នាយក​​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​​វិល​​ត្រឡប់​​មក​ពី​​ប្រទេស​​អូស្ត្រាលី​។​ នៅ​​ព្រលាន​យន្តហោះ​ ​លោក​​ឧកញ៉ា​ហ៊ុន តូ​ដែល​​ទុក​​ពុក​មាត់​​និង​​មិន​​ឆ្លើយ​តប​​នឹង​​សំណួរ​​អ្នក​កាសែត​ ត្រូវ​បាន​​អម​ដោយ​​មន្ត្រី​​ជាន់​ខ្ពស់​​រដ្ឋាភិបាល​ក​ម្ពុ​ជា។​ លោក​​​​ផៃ​ស៊ីផាន​​រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ​បាន​​ប្រកាស​​ក្នុង​​សន្និសីទ​​កាសែត​​ ថា​ លោក ​​ឧកញ៉ា​​មិន​​ពាក់ព័ន្ធ​​នឹង​​ការ​ជួញ​ដូរ​​គ្រឿង​ញៀន​ដូច​​ការ​ចុះផ្សាយ​​ក្នុង​​កាសែត​​អូស្ត្រាលី​​ទេ។ ​ក្មួយប្រុស​លោកនាយក​រដ្ឋមន្ត្រី ក៏​កំពុង​ពិចារណា ដាក់ពាក្យ​ប្តឹង​កាសែត​អូស្ត្រាលី ដែល​បាន​ចុះ​ផ្សព្វផ្សាយ​រឿងអាស្រូវ​ថា លោក​ហ៊ុន​តូ ជាប់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន​ដ៏​ធំ ពី​កម្ពុជា ទៅ​អូស្ត្រាលី ក្នុង​ពេល​ថ្មីៗ​នេះ​។​

ផ្សាយពាណិជ្ជកម្ម

លោកផៃ ស៊ីផា​នរដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រីដែល​បាន​អមដំណើរ​លោក​ឧកញ៉ា ហ៊ុន តូ ក្មួយប្រុស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅពេល​វិលត្រឡប់​មក​ដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ព្រឹក​មិញ បានឲ្យដឹងថា ក្នុង​ដំណើរ​ទៅ​ប្រទេស​អូស្ត្រាលី រយៈពេល​បី​សប្តាហ៍​របស់​លោក ហ៊ុន តូ ពុំ​មាន​ការឃាត់ខ្លួន សួរនាំ​អ្វី​ពី​អាជ្ញាធរ​ប្រទេស​អូស្ត្រាលី​ទេ​។

​លោក ផៃ ស៊ីផា​នដែល​អះអាងថា​ជា​តំណាង​របស់​លោក ហ៊ុន តូ បានបញ្ជាក់​ថា លោក​ឧកញ៉ា ហ៊ុន តូ ក៏​នឹង​ពិចារណា​ដាក់​ពាក្យ​ប្តឹង​កាសែត​អូស្ត្រាលី ដែល​ចុះផ្សាយ​ថា លោក​ជាប់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន​ពី​កម្ពុជា ទៅកាន់​ប្រទេស​អូស្ត្រាលី ក្នុង​រឿង​មួលបង្កាច់ បង្ខូចកេរ្តិ៍​ឈ្មោះ​លោក ហ៊ុន តូ ក៏ដូចជា ការវាយប្រហា​រលើ​នាយករដ្ឋមន្ត្រី និង​ប្រទេស​កម្ពុជា​។​

​ក្នុងពេល​បង្ហាញមុខ​ដល់​អ្នកកាសែត​នោះ លោក​ឧកញ៉ា ហ៊ុន តូ មិន​បាន​ឆ្លើយ​នឹង​សំណួរ​របស់​អ្នកកាសែត​ឡើយ​។​​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផា​ន បាន​អះអាង​ថា វត្តមាន​របស់​លោក​ក្នុង​សន្និសីទកាសែត ពេលនេះ ក្នុងនាម​ជា​អ្នកសម្របសម្រួល​ឲ្យ​លោក​ឧកញ៉ា ហ៊ុន​តូ ជួប​អ្នក កាសែត និង​បង្ហាញមុខ ក្នុងពេល​វិល​ត្រឡប់​មកពី​ប្រទេស​អូស្ត្រាលី​ប៉ុណ្ណោះ​។​
​ដោយ​បង្ហាញ​នូវ​លិខិត​ឆ្លងដែន​រប​ស់លោក​ឧកញ៉ា ហ៊ុន តូ ចំពោះ​មុខ​អ្នកកាសែត លោក ផៃ ស៊ីផា​ន បានបញ្ជាក់​ថា ស្ថានទូត​អូស្ត្រាលី បានអនុញ្ញាត ផ្តល់​ទិដ្ឋាការ​ដល់​លោក​ហ៊ុន​តូ ក្នុង​រយៈពេល​មួយ​ឆ្នាំ ដើម្បី​ធ្វើ​ដំណើរ​ចុះឡើង​។ នេះ​សបញ្ជាក់​ថា ការចោទប្រកាន់​លើ​លោក​ហ៊ុន​តូ មិនមែន​ជា​ការពិត​។

​តាម​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល វត្តមាន​របស់​លោក​ឧកញ៉ា ហ៊ុន តូនៅ​អូស្ត្រាលីជា​ការ​បក​ស្រាយ​​​ការពិត និង​ដើម្បី​ស្តារ​កិត្តិយស​របស់​កម្ពុជាជាពិសេស​រក្សា​កិត្តិយស​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ទិសដៅ នៃ​ការវាយប្រហារ ក្នុងករណី​ជួញដូ​រគ្រឿង​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI