មហា​បាតុកម្ម​​ប្រឆាំង​​​ការ​​រើសអើង​​ពូជសាសន៍​​នៅ​​បូស្តុន​ មួយសប្តាហ៍​​ក្រោយ​​ហិង្សា​​នៅ​​​​Charlottesville​

ក្រុមបាតុករ​ប្រឆាំង​ការរើសអើង​ពូជសាសន៍ ​ហែក្បួន​នៅ​ក្រុងបូស្តុន​ ថ្ងៃ​១៩សីហា​២០១៧
ក្រុមបាតុករ​ប្រឆាំង​ការរើសអើង​ពូជសាសន៍ ​ហែក្បួន​នៅ​ក្រុងបូស្តុន​ ថ្ងៃ​១៩សីហា​២០១៧ REUTERS/Stephanie Keith

នៅ​ក្រុងបូស្តុន សហរដ្ឋ​អាមេរិក ​មនុស្ស​​៤ម៉ឺននាក់​បាននាំគ្នាធ្វើ​បាតុកម្ម​ នៅថ្ងៃសៅរ៍​ម្សិលមិញ ​បរិហារ​ការប្រកាន់​ពូជសាសន៍​ បរិហារ​ក្រុមជ្រុលនិយម​ស្តាំ។ បាតុកម្ម​នេះ​ធ្វើឡើង​ មួយសប្តាហ៍​ក្រោយ​ហិង្សានៅ​ក្រុង​​Charlottesville ដែល​បាន​សម្លាប់​ស្ត្រី​ម្នាក់ និង​បង្ក​របួសដល់​​មនុស្ស​១៩នាក់ នៅ​ចុងសប្តាហ៍​មុននេះ។ បាតុកម្ម​នៅ​បូស្តុន​ម្សិលមិញ មិនបាន​បង្ក​អោយ​​មាន​មនុស្ស​របួស​រឺ​ស្លាប់ទេ។ ប៉ុន្តែ មានការ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស។ ​​មនុស្ស​២៧នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន។​

ផ្សាយពាណិជ្ជកម្ម

វិស្សមកាល២សប្តាហ៍​​របស់​​លោក​ដូណាល់ ត្រាំ ត្រូវ​បិទបញ្ចប់​នៅចុងសប្តាហ៏​នេះហើយ។ ប្រធានាធិបតី​អាមេរិក​នឹង​ចូលបំពេញការងារ​ជាថ្មី​នៅ​សេតវិមាន ថ្ងៃចន្ទ​ស្អែក។ ការងារ​ប្រធានាធិបតី​​តទៅនេះ​ ប្រហែល​ជា​កាន់តែស្មុគស្មាញ។ ​​ប្រជាប្រិយភាព​របស់​​លោក​ ដូណាល់ ត្រាំ ​​កាន់តែ​ធ្លាក់ចុះ​ខ្លាំង ក្នុងប្រទេស ប្រៀបនឹង​ប្រធានាធិបតី​អាមេរិក​អាណត្តិ​​មុនៗ។ ​

អាជ្ញាធរ​បូស្តុន​ត្រេកអរដែល​មហាបាតុកម្ម​អាច​ចៀស​ផុតហិង្សា ​

ទាំងប៉ូលិស ទាំង​ថ្នាក់ដឺកនាំ​នៅ​បូស្តុន សុទ្ធតែ​សំដែង​ការសប្បាយចិត្ត ធូរស្រាល​ចិត្ត​ដែល​បាតុកម្ម​ម្សិលមិញ បើ​ទោះ​មា​នការប៉ះទង្គិច​ជាមួយប៉ូលិស ក៏​អាច​ចៀស​ហិង្សា មិនបង្ក​អោយ​មាន​មនុស្ស​របួស​រឺ​ក៏ស្លាប់។ ហើយ​ក៏គ្មាន​ការខូចខាត​អ្វី​ធំដុំ​ដែរ។ មិនមែន​ថា គ្មានមនុស្ស​របួសទេ មានដែរ​ព្រោះ​មានការ​ប៉ះទង្គិច​ជាមួយប៉ូលិស តែ​ជា​របួសស្រាល មិនធ្ងន់ធ្ងរ​ប៉ុណ្ណោះ។ ​មហាបាតុកម្ម​បូស្តុន​ជា​ហិង្សា​បាន ​​ចាត់ទុកថា​ជាជោគជ័យ​មួយហើយ​ សម្រាប់​អាជ្ញាធរ​បូស្តុន ដែល​អាច​គ្រប់គ្រង​បាតុកម្ម ចៀស​មិនអោយ​មាន​ហិង្សា ដូច​នៅ​ក្រុង​​Charlottesville បាន។ ហិង្សា​នៅ​​​Charlottesville សប្តាហ៍​មុននេះ គឺ​ជាហិង្សា​កើតចេញពីការ​រើសអើង​ពូជសាសន៍។ ​អ្នកដែល​បង្ក​ហិង្សា​នៅ​​​Charlottesville ជាមនុស្ស​រើសអើងពូជសាសន៍ ហ៊ាន​រហូត​បើកឡាន​ទៅ​បុកហ្វូងបាតុករ​ដែល​ប្រឆាំង​ការប្រកាន់ពូជសាសន៍ ធ្វើអោយ​មាន​មនុស្សស្លាប់​និង​របួស។

ការដែល​គ្មាន​ហិង្សា​នៅបូស្តុនម្សិលមិញ​ ក៏​មិនមែន​ដោយសារ​ថា ​គ្មាន​ក្រុមបាតុករ​ស្តាំជ្រុល​រើសអើង​ពូជសាសន៍​​សោះដែរ​ គឺមាន​​ តែ​មានតិចតួចពេក ម្ល៉ោះហើយដល់ពេល​ក្រុម​ប្រឆាំង​ការរើសអើងពូជសាសន៍​នាំគ្នា​ដង្ហែ​ក្បួនបាតុកម្ម​មកដល់ ក៏​លេចធ្លោ ធ្វើអោ​យ​បែក​​​ហ្វូងមនុស្ស​តិចតួច​ទាំងអស់​នេះ​ទៅ។ ម្យ៉ាងទៀត ដើម្បី​ចៀសវាង​ហិង្សា អាជ្ញាធរ​បាន​ដាក់ពង្រាយ​ប៉ូលិស ​អោយ​​បែងចែក​ក្រុម​ប្រឆាំង​ការរើសអើងពូជសាសន៍ និង​ក្រុម​បាតុករ​ស្តាំជ្រុល​ណាហ្ស៊ីអោយ​នៅ​ដាច់ដោយឡែក​ពីគ្នាដែរ​ កុំអោយ​មាន​បាតុកម្ម​​ជល់គ្នា។ អញ្ចឹង ទើប​អាច​ចៀស​ហិង្សា​បាន។ ​ការ​រើសអើងពូជសាសន៍ ពណ៌សំបុរ​ នៅតែ​​ជា​បញ្ហា​នយោបាយ​ក្តៅគគុក​​​ មិនអាច​ប្រហែស​អោយ​បាតុករ​ទាំង២ក្រុម​តទល់គ្នា​ទេ មិនដូច្នោះទេ ច្បាស់ជាកើត​ចលាចល​ពេញស្រុក​អាមេរិក​ហើយ។ ក្រៅ​ពី​បាតុកម្ម​នៅ​បូស្តុន ម្សិលមិញ​នេះ​​ ​ក៏មាន​ក្បួនបាតុកម្ម​​មនុស្ស​រាប់ពាន់នាក់​ ​នៅតាម​​ក្រុង តាមរដ្ឋ​ផ្សេងៗ​ទៀតដែរ ដូចជា​នៅ​ដាឡាស រដ្ឋ​តិចសាស រឺ​ក៏​នៅ​អាត្លង់តា រដ្ឋ​ហ្ស៊កហ្ស៊ី​ជាដើម។

លោកដូណាល់ ត្រាំ អបអរ​ក្រុមបាតុករ​បូស្តុន

លោកដូណាល់ ត្រាំ បាន​សរសេរ​ក្នុង​ទ្វីតថឺ បញ្ចេញ​មតិ​ចំពោះ​មហាបាតុកម្ម​បូស្តុន។ ​ដូចរាល់ដងដែរ​ អោយតែ​ត្រូវបញ្ចេញ​មតិ​អ្វីមួយ ​លោក​ត្រាំ សរសេរ​បង្ហាញ​ជំហរ​បែប​ត្រឡប់ត្រឡិន។ ពីដំបូង​ទី​​នៃ​បាតុកម្ម​នៅ​បូស្តុន ប្រធានាធិបតី​​អាមេរិកសរសេរ​ក្នុង​ទ្វីតថឺ​ ថា​ “ដូចជា​មានមនុស្ស​ច្រើន​​នាំគ្នា​ប្រឆាំង​​​ប៉ូលិស”។ ប៉ុន្តែ​បន្តិចមក លោក​ក៏​សរសេរ​​​សម្រួល​ភាពតានតឹង ដោយ​សរសេរ​អបអរសរសើរ​ក្រុមបាតុករ​ទៅវិញ។ លោកត្រាំ​លើកឡើងថា “ខ្ញុំ​សូម​​ស្វាគមន៍​ក្រុមបាតុករ​បូស្តុន ដែល​បញ្ចេញ​មតិ​ប្រឆាំង​នឹង​​ការស្អប់ខ្ពើម ប្រឆាំង​​ការមិនអនុគ្រោះ​គ្នា។ ​នឹងមានការ​រួបរួមគ្នា​ក្នុង​ប្រទេស​យើង ក្នុង​ពេល​ឆាប់ៗ​នេះហើយ”។ លោក​ត្រាំ លើកឡើង​ទៀតថា “ជួនកាល គេត្រូវការ​ធ្វើបាតុកម្ម​ដើម្បី​​បានធូរអារម្មណ៍”។ ​លោកនិយាយ​ដូច្នេះ ប្រហែល​ដើម្បី​លួងលោម​មិនអោយ​ក្រុម​ដែល​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ ខឹងនឹង​លោក​ហើយ​មើលទៅ។ សូម្បី​ តែ​កូនស្រី​លោកត្រាំ គឺ​លោកស្រី​អ៊ីវ៉ាន់កា ក៏​ខំ​សរសេរ​ទ្វីតថឺ អបអរ​ការជួបជុំគ្នា​នៅ​បូស្តុនដែរ។ គ្រួសារ​លោកត្រាំ​ មិនចង់​អោយ​មតិសាធារណៈ​កាន់តែ​ស្អប់​លោក​ត្រាំទេ។

បវេសនកាល​ការងារ​ប្រធានាធិបតីអាច​​កាន់តែ​មានភាព​​ស្មុគស្មាញ​សម្រាប់​​​លោក​ត្រាំ

ថ្ងៃចន្ទ​២១សីហា​ស្អែក​ លោកត្រាំ ត្រូវ​ចូលកង ចូល​ទៅ​បំពេញការងារ​ជាប្រធានាធិបតី នៅ​សេតវិមា​នវិញ។ ​ពេលនេះ ប្រជាប្រិយភាព​លោក​​ធ្លាក់ចុះ​ខ្លាំង​មែនទែន បើប្រៀប​នឹង​ប្រធានាធិបតី​អាមេរិក​មុនៗ។ មូលហេតុ​ធំ​ គឺ​ដោយសារ​ហិង្សា​នៅ​ក្រុង​​Charlottesville ​សប្តាហ៍​មុននេះ។ ដោយសារតែ​ក្រោយ​មាន​​ជនស្តាំជ្រុលនិយម​បើកឡាន​បុក​ហ្វូងបាតុករ​​ ធ្វើអោយ​មានមនុស្ស​ស្លាប់ និង​របួស លោកដូណាល់ ត្រាំ មិនបាន​ថ្កោលទោស​ចំៗ​លើ​ក្រុមស្តាំនិយមជ្រុល​ទេ លោក​គ្រាន់តែ​ថ្កោលទោស​ហិង្សា​ជាទូទៅ​ប៉ុណ្ណោះ។ គ្រប់គ្នា​រិះគន់​​ជំហរ​មិនច្បាស់លាស់​របស់​លោក​នេះហើយ។ រួចមកទៀត ​​​ក៏ស្រាប់តែ​​​លោក​​រិះគន់​ទាំងក្រុមស្តាំជ្រុល ទាំងក្រុម​បាតុករ​ដែល​ប្រឆាំង​ការរើសអើងពូជសាសន៍​ទាំង២ក្រុម​ជាមួយគ្នា​តែម្តង។ តែ​គេឃើញថា លោក​លម្អៀង​ទៅរក​ក្រុមស្តាំជ្រុល​ច្បាស់ណាស់។

​និយាយ​រួមមកវិញ​ ​លោកដូណាល់ ត្រាំ ​​ជា​ប្រធានាធិបតី​ទាំងមូល តែ​លោកបែរជា​​និយាយ​បាតដៃ ជាខ្នងដៃ ម្តងអញ្ចេះ ម្តងអញ្ចុះ​ តើ​អ្នកណា​ទៅដែល​អាច​ទុកចិត្ត​​ធ្វើការ​ជាមួយ​លោក​បាន។ ​មន្ត្រី​និង​ប្រធានក្រុមហ៊ុន​ប៉ុន្មាននាក់​ហើយ​​ ក្នុង​ផ្នែក​ឧស្សាហកម្ម​និង​សេដ្ឋកិច្ច ​ដែល​បាន​ដើរចេញ​ពីលោក​ ដោយសារ​លោក​​ចង់​​​ការពារ​ក្រុមអាមេរិកាំង​​ស្បែកសនេះឯង​។ បក្ស​សាធារណរដ្ឋកាន់អំណាច​បាក់មុខ​កាន់តែខ្លាំង​​ក៏​ដោយសារ​​តែ​លោកត្រាំ។ ​

សភា​អាមេរិក​ទាំង២​​ត្រូវបោះឆ្នោត​ពាក់កណ្តាលអាណត្តិ នៅ​ខែវិច្ឆិកា​ឆ្នាំ២០១៨។ ពីនេះ​តទៅ​ មិនដឹងថា តើសមាជិក​​បក្សកាន់​អំណាច​​​ត្រូវ​ជួយលោកត្រាំ អោយ​សម្រេច​កិច្ចការ សម្រេច​​​ពាក្យសន្យា​លោក​មុនលោក​ជាប់ឆ្នោត​ ​​ដែររឺយ៉ាងណា​​ទេ។ ​លោក​ត្រាំ ទើប​នឹង​​​បាន​ដក​​​លោក​ស្ទីវ បានន់​ ជាទីប្រឹក្សា​យុទ្ធសាស្ត្រ​ជំនិត ចេញ​ពី​តំណែង។ លោក​ស្ទីវ​ បានន់​នេះ មានជំហរ​​ស្តាំជ្រុល​ ម្ល៉ោះហើយ​លោក​ត្រាំ ក៏សម្រេច​​ដកចេញ​ទៅ ប្រហែល​ដើម្បី​កុំអោយសមាជិក​​ក្រុមការងារ​លោក​កាន់តែ​ពិបាកធ្វើការ​ជាមួយគ្នា។ ប៉ុន្តែ ដក​លោក​ស្ទីវ ចេញ​ក៏ដូចជា​យឺតពេល​បន្តិច​ទៅហើយ​ ព្រោះថា លោក​ត្រាំ ខ្លួនឯងបាន​ធ្វើអោ​យគេមើលឃើញថា លម្អៀង​ទៅរក​ក្រុម​ស្តាំជ្រុល​ណាហ្ស៊ីរួចទៅហើយ។ ដោយសារ​សប្តាហ៍​មុននេះ ​លោក​មិនបាន​ថ្កោលទោស​ក្រុមស្តាំជ្រុល​ចំៗ ​ក្រោយ​មាន​ហិង្សា​នៅ​​​Charlottesvilleនុងឯង។ ពេលនេះ ប្រជាប្រិយភាព​លោក​ធ្លាក់ចុះ​កាន់តែ​ខ្លាំង លោក​ត្រាំ​ដូចជាកាន់តែ​ឯកោ​ពី​គេហើយ៕ ​ ​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI