កូដកម្មថ្នាក់ជាតិនៅឥណ្ឌូណេស៊ីទាមទារតម្លើងប្រាក់ខែអប្បបរមា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃព្រហស្បតិ៍នេះ ប្រជាជនឥណ្ឌូណេស៊ីរាប់សែននាក់ បានធ្វើកូដកម្មថ្នាក់ជាតិ ទាមទារអោយមានការតម្លើងប្រាក់ខែអប្បបរមាអោយពួកគេ។ ឥណ្ឌូណេស៊ីមានសេដ្ឋកិច្ចនាំមុខគេនៅអាស៊ីអគ្នេយ៍ ប៉ុន្តែ អត្រាប្រាក់ខែប្រជាជនស្ថិតក្នុងចំណោមប្រាក់ខែដែលទាបបំផុតក្នុងពិភពលោក គឺមានប្រមាណជាង១៤០អឺរ៉ូ។
នៅជាយក្រុងចាកាតារ ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ ប្រជាជនឥណ្ឌូណេស៊ីរាប់ម៉ឺននាក់បាននាំគ្នាលើកបដារ នៅតំបន់ឧស្សាហកម្ម បេកាស៊ី Bekasi ដែលជាតំបន់ឧស្សាហកម្មសំខាន់ក្នុងប្រទេស។ ពួកគេទាមទារអោយប្រាក់ខែអប្បបរមារបស់ពួកគេ ដែលមានត្រឹមតែ១៣០អឺរ៉ូនោះ បានឡើង៥០ភាគរយបន្ថែមទៀត ព្រោះថា ប្រាក់ខែនោះមិនគ្រប់នឹងចំណាយលើថ្លៃផ្ទះ និងថ្លៃហូបចុកប្រចាំថ្ងៃនោះទេ។
យោងតាមសហជីពការងារ ក្នុងចំណោមប្រជាជន២៥០លាននាក់ ក្នុងប្រទេស មានប្រជាជន២លាននាក់បានធ្វើកូដកម្មឈប់ធ្វើការ ក្នុងនោះ មាន៧សែននាក់ នោក្រុងចាកាតា។ ប៉ុន្តែ ប៉ូលិសប្រាប់ថា អ្នកធ្វើកូដកម្មឈប់ធ្វើការមានតែ៦សែននាក់ប៉ុណ្ណោះ នៅជាយក្រុង និងក្នុងក្រុងចាកាតា ហើយនៅទូទាំងប្រទេសមានតែខ្ទង់ពាន់នាក់ប៉ុណ្ណោះ ពោលគឺតិចជាងការប៉ាន់ស្មានរបស់សហជីពការងារ។
ឥណ្ឌូណេស៊ីមានសេដ្ឋកិច្ចនាំមុខគេ នៅអាស៊ីអគ្នេយ៍ ប៉ុន្តែ អ្នកធ្វើការទទួលបានប្រាក់ខែទាប។ យោងតាមសមាគមអ្នកធ្វើការងារឥណ្ឌូណេស៊ី Apindo ប្រាក់ខែរបស់អ្នកធ្វើការនៅឥណ្ឌូណេស៊ីបច្ចុប្បន្ន មានប្រមាណ១៤៣អឺរ៉ូ ប៉ុណ្ណោះ។ កាលពីឆ្នាំមុន នៅចាកាតារ មានការតម្លើងប្រាក់ខែអោយពួកគេបាន៤៤ភាគរយ រួចមកហើយ។ សហជីពការងារចង់អោយប្រាក់ខែអប្បរមាបានឡើងដល់ប្រមាណ២៤១អឺរ៉ូ ពោលគឺឡើងជិត៧០ភាគរយ។
សហគ្រាសនានារំពឹងថា ការតម្លើងប្រាក់ខែអប្បបរមាក្នុងកម្រិតខ្ពស់ អាចធ្វើអោយអ្នកវិនិយោគបរទេសនានា លែងចង់វិនិយោគនៅឥណ្ឌូណេស៊ី ដោយងាកទៅរកប្រទេសផ្សេងទៀតដូចជា ប្រទេសចិន វៀតណាម ម៉ាឡេស៊ី រឺក៏ភូមាជាដើម ព្រោះថា នៅទីនោះ ប្រាក់ខែកម្មករមានតម្លៃទាប គួរអោយចាប់អារម្មណ៍៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ