Groenland

ការកើត​ជីវិត​លើ​ភពផែនដី​ អាច​​មាន​​​​​យូរជាង​ពេល​​ដែល​យើងធ្លាប់​ដឹង​

រូបភាព​ផ្កាយរណប បង្ហាញតំបន់​Groenland
រូបភាព​ផ្កាយរណប បង្ហាញតំបន់​Groenland NASA

អ្នកស្រាវជ្រាវ​បាន​​រកឃើញ​ហ្វូស៊ីល​ជាច្រើន នៅតំបន់ Groenland ​​ជាហ្វូស៊ីល​ដែល​​មាន​អាយុ​​យ៉ាងហោច​៣ពាន់៧រយលាន​ឆ្នាំ មកហើយ ពោលគឺ​មាន​២២០លានឆ្នាំ ​​លើស​ពី​​អាយុ​ដុំថ្ម ដែល​គេធ្លាប់រកឃើញ​​កាលពី​លើក​មុន ​​នៅ​អូស្ត្រាលី។ កំទេច​​ហ្វូស៊ីល​ដែល​​រកឃើញថ្មី​​នេះ អាច​ជួយ​អោយគេ​​សិក្សា​​ស្វែងយល់​ពី​ជីវិត​លើ​ភពព្រះអង្គារ​បាន។ ​ 

ផ្សាយពាណិជ្ជកម្ម

យោងតាម​អ្នកស្រាវជ្រាវ​អូស្ត្រាលី ហ្វូស៊ីល​ថ្មីៗ​ដែលគេ​រកឃើញនៅតំបន់ ​Groenland ​អាច​​ជាភស្តុតាង​បញ្ជាក់ថា​ ការករកើត​​​ជីវិត​លើ​ភពផែនដី​យើង អាច​មាន​ដំណើរការមក​​យូរយារ​ណាស់​ហើយ គឺ​អាច​កើតមាន​​​៣៧០០លានឆ្នាំ ​ហើយ។

គួររំលឹកថា ផែនដី​យើង​មាន​អាយុ​ប្រមាណ​៤៥០០លាន​ឆ្នាំ។ បើ​ជីវិត​ករកើត​លើ​ផែនដីពិតជា​មាន​៣៧០០ឆ្នាំ​ហើយ​មែន នោះ​មានន័យថា វាករកើត​ប្រមាណ​តែ​៨០០ឆ្នាំ​ប៉ុណ្ណោះ ក្រោយ​ផែនដី​យើង​ចាប់កំណើត​ឡើង។  

ហ្វូស៊ីល​ថ្មីៗដែល​រកឃើញ​នៅ​Groenland ​នេះ ​មានប្រវែង​ពី១ទៅ៤សង់ទីម៉ែត្រ។ អ្នក​ស្រាវជ្រាវ​​​រកឃើញ​ហ្វូស៊ីល​​ទាំងនេះនៅ​​ជាប់​​​ដុំថ្ម ក្រោយ​​​​ទឹកកកមួយ​ផ្ទាំង​បាន​រលាយ​​ ​នៅ​ប្រជុំភ្នំ Isua ភាគ​​និរតី​​តំបន់​​Groenland ។  ឃើញ​ទ្រង់ទ្រាយ​វា ​ធ្វើអោយ​គេគិតដល់​ប្រភព​ជីវសាស្ត្រ ដែល​ជាសញ្ញា​នៃ​ការកកើត​ជីវិត​យ៉ាងរហ័ស លើផែនដី។

កន្លងមក​​​ អ្នកស្រាវជ្រាវ​អូស្ត្រាលី​និង​កាណាដា ​ធ្លាប់​រកឃើញ​ដុំថ្ម​វ័យចំណាស់ ប្រមាណ​​៣៥០០លាន​ឆ្នាំ ​នៅតំបន់​ភីលបារ៉ា ប្រទេស​អូស្ត្រាលី ធ្វើអោយ​គេគិតថា ជីវិត​លើ​ភពផែនដី​អាច​ចាប់កំណើតពី​៣៥០០លានឆ្នាំមុន។

បើ​ហ្វូស៊ីល​ថ្មីៗនេះ​​ពិតជា​អាច​បញ្ជាក់​ពីការ​កកើត​​ជីវិត​លើ​ភពផែនដី​យូរលង់​មកហើយមែន វា​ក៏នឹងជួយ​ដល់​អ្នកស្រាវជ្រាវ​ក្នុងការសិក្សា​ពីភព​ព្រះអង្គារ​ដែរ។ ជំនាន់​នោះ លក្ខខណ្ឌ​រឺ​ស្ថានភាព​ផ្សេងៗ ​លើ​ផែនដី​យើង ស្រដៀង​គ្នា​នឹងនៅ​ភព​ព្រះអង្គារ​ដែរ។ ដូច្នេះនៅភព​ព្រះអង្គារ ក៏​​ប្រហែល​ជា​អាច​មា​នការករកើត​និង​រីកលូតលាស់​​នៃ​ជីវិតដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI