ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការ​បណ្តុះ​គំនិត​មោទនភាពជាតិ ​ជា​ដំណោះស្រាយ​ដ៏​ល្អ​សម្រាប់​អ្នក​នយោបាយ​!

សំឡេង ០៥:០៥
លោក ហ៊ុន សែន និង លោក សម រង្ស៊ី ក្នុង​កិច្ច​ប្រជុំ​កំពូល​នៅ​រដ្ឋសភា​ ថ្ងៃទី១៦កញ្ញា ឆ្នាំ២០១៣
លោក ហ៊ុន សែន និង លោក សម រង្ស៊ី ក្នុង​កិច្ច​ប្រជុំ​កំពូល​នៅ​រដ្ឋសភា​ ថ្ងៃទី១៦កញ្ញា ឆ្នាំ២០១៣ RFI/Siv Channa

រហូត​មក​ដល់​ពេលនេះ ​របៀប​ធ្វើ​នយោបាយ​នៅ​កម្ពុជា​ហាក់​មិន​ទាន់​មាន​អ្វី​ប្រែប្រួល​នៅ​ឡើយ​ទេ។ នៅ​ពេល​មាន​បញ្ហា​ដោះស្រាយ​មិន​ចេញ អ្នកនយោបាយ​ខ្មែរ​តែងតែរ​ត់ទៅ​ពឹង​បរទេស​ឲ្យ​ជួយ។ គណបក្ស​កាន់​អំណាច​គិត​តែ​ពី​ការពារ​អំណាច​ឲ្យ​គង់វង្ស ខណៈ​ដែល​បក្ស​ប្រឆាំង​គិត​តែ​រិះរក​វិធី​យ៉ាងណា​ទម្លាក់​រដ្ឋាភិបាល​ចេញ​ពី​អំណាច។ ផល​វិបាក​ដែល​ធ្លាក់​ទៅ​លើ​ប្រជាជន​និង​ប្រទេស​ជាតិ​ ជា​អ្វី​ដែល​អ្នកនយោបាយ​មិន​សូវ​បាន​គិត​គូរ​ឡើយ។ នេះ​ជា​របៀប​ធ្វើ​នយោបាយ​ដែល​ខ្វះ​មោទនភាព​ជាតិ។

ផ្សាយពាណិជ្ជកម្ម

ក៏​ដូច​ជា​លើក​មុនៗដែរ អ្នក​នយោបាយ​ខ្មែរ​តែង​ប្រើ​យុទ្ធវិធី​ផ្តួល​គ្នា​តាម​គ្រប់​រូបភាព​ដែល​អាច​ធ្វើ​បាន ទោះបីជា​ផល​វិបាក​របស់​វា​ទៅ​ជា​យ៉ាង​ណា​ក៏​ដោយ។ ក្រៅ​ពី​ប្រើ​កម្លាំង​ផ្ទាល់​ខ្លួន​ដើម្បី​ទប់ទល់​គ្នា​អស់ចិត្ត ពួកគេ​ក៏​បែរ​ទៅ​ពឹង​បរទេស​ដើម្បី​ឲ្យ​ជួយ​ជាកម្លាំង​ពីក្រោយ​ខ្នង ​ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​គូ​ប្រជែង។ ជាក់ស្តែង ជ័យ​ជំនះ​នៃ​របប​លន់ នល់ ដែល​បាន​ផ្តួល​រំលំ​របប​រាជានិយម​ កាល​ពី​ដើម​ទសវត្សរ៍​៧០ ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច​ឆ្នាំ១៩៧៥ និង​ជ័យ​ជំនះ​របស់​គណបក្ស​ប្រជាជន​ឆ្នាំ​១៩៧៩ ទៅ​លើ​របប​ខ្មែរ​ក្រហម​ គឺ​សុទ្ធ​តែ​មាន​កម្លាំង​ទ័ព និង​សព្វាវុធ​បរទេស​នៅ​ពី​ក្រោយ​ខ្នង​ទាំងអស់។ នេះ​ជា​បទពិសោធន៍​ប្រវត្តិសាស្ត្រ​ ដែល​កម្ពុជា​បាន​ហែល​ឆ្លង​កាត់។

ឥឡូវនេះ ការ​ពឹង​ពាក់​បរទេស​បាន​ផ្លាស់ប្តូរ​រូបភាព​ថ្មី​ខុស​ពីមុន ​ពោល​គឺ​ប្តូរ​ពី​ការ​ពឹង​លើ​គ្រឿង​សព្វាវុធ និង​កម្លាំង​យោធា​ មក​ជា​ការ​ពឹង​លើ​អន្តរាគមន៍​តាម​បែប​ការ​ទូត​វិញ។ ជាក់ស្តែង បក្សប្រឆាំង​តែង​សុំ​បរទេស ​ជាពិសេស​មហាអំណាច​ធំ​ៗ​ដែល​មាន​ឥទ្ធិពល ​ឲ្យ​ធ្វើ​សេចក្តីថ្លែងការណ៍​ថ្កោល​ទោស​រដ្ឋាភិបាល សុំ​ឲ្យ​ផ្តាច់​ជំនួយ ​ឬ​សុំ​ឲ្យ​អង្គការ​សហប្រជាជាតិ​កុំ​ទទួលស្គាល់​រដ្ឋាភិបាល​ជា​ដើម។ ដើម្បី​ទប់ទល់​ជាមួយ​បក្ស​ប្រឆាំង​វិញ គណបក្ស​កាន់​អំណាច​ក៏​មាន​មហាអំណាច​ដ៏​រឹងមាំ​នៅ​ពីក្រោយ​ខ្នង​ដូច​គ្នា​ដែរ។

ថ្វី​ដ្បិត​តែ​ពួកគេ​មិន​សុំ​អាវុធ​ដូច​កាល​ពី​មុន ប៉ុន្តែ គំនិត​ពឹងពាក់​បរទេស​នៅតែ​មិន​ទាន់​ផ្លាស់ប្តូរ​នៅ​ឡើយ។ សម្រាប់​អ្នក​នយោបាយ​ខ្មែរ ជោគជ័យ​របស់​ពួកគេ​ គឺ​ធ្វើ​យ៉ាងណា​ឲ្យ​តែ​គូបដិបក្ខ​ចុះ​ខ្សោយ​ ទោះ​ជា​ផលវិបាក​របស់​វា​ធ្វើ​ឲ្យ​ប្រជាជន​ពេញ​មួយ​ប្រទេស ​រង​ផល​ប៉ះពាល់​ក៏ដោយ។ ជា​ទូទៅ បក្ស​កាន់អំណាច​តែង​រក​វិធី​គ្រប់​បែប​យ៉ាង​ ក្នុងការ​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​ចុះខ្សោយ​ដើម្បី​ខ្លួន​មាន​សិទ្ធិ​ធ្វើ​អ្វី​ក៏​បាន។ គណបក្ស​ដឹកនាំ​ប្រទេស​ក៏​មិន​សូវ​យក​ចិត្ត​ទុកដាក់​នឹង​មតិយោបល់​របស់​បក្សប្រឆាំង​ដែរ​ ដោយ​សម្អាង​ថា ពួកគេ​តំណាង​ឲ្យ​សំឡេង​ភាគ​ច្រើន។

ដូច្នេះ ដើម្បី​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន គណបក្ស​ប្រឆាំង​ក៏​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​បក្ស​កាន់​អំណាច។ ក្នុងចំណោម​មធ្យោបាយ​ទាំង​នោះ ការ​សុំ​ឲ្យ​បរទេស​ស្រែក​ថ្កោល​ទោស​ ឬ​ផ្តាច់​ជំនួយ​ដល់​រដ្ឋាភិបាល​គឺ​ជា​វិធី​ដ៏​ពេញ​និយម​មួយ។ សម្រាប់​អ្នក​នយោបាយ​ប្រឆាំង ពេល​ណា​ដែល​បរទេស​និយាយ​អាក្រក់​ពី​ប្រទេស​របស់​ខ្លួន ឬ​កាត់​ផ្តាច់​ជំនួយ​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចុះ​ខ្សោយ​ គឺ​ជា​ដំណឹង​ល្អ​មួយ។ នេះ​ជា​អ្វីដែល​គេ​ហៅ​ថា​ របៀប​ធ្វើ​នយោបាយ​ដែល​ខ្វះ​មោទនភាព​ជាតិ។

ផល​វិបាក​ដែល​កើតចេញពី​នយោបាយ​បែប​នេះ​គឺ ក្រៅ​ពី​ធ្វើ​ឲ្យ​ប្រជាជន​រង​ទុក្ខ វា​ក៏បាន​ធ្វើ​ឲ្យ​ប្រទេស​មាន​រូបភាព​មិន​ល្អ​នៅ​លើ​ឆាក​អន្តរជាតិ​ទៀត​ផង។ នេះ​ជា​បទពិសោធន៍​ជូរចត់​ដែល​កម្ពុជា​បាន​ហែល​ឆ្លងកាត់​ឆ្អែតឆ្អន់​ហើយ។

ដូច្នេះ អ្នកនយោបាយ​សម័យ​ទំនើប​នេះ ​គួរ​តែ​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ថ្មី​ពោល​គឺ​ត្រូវធ្វើ​នយោបាយ​​ដោយ​ផ្សារភ្ជាប់​​​មិន​អាច​កាត់​ផ្តាច់​បាន​ពី​ទស្សនៈ​មោទនភាពជាតិ។ មោទនភាពជាតិ​ មាន​ន័យ​ថា ទោះ​ជា​ស្ថិត​ក្នុង​បក្ស​កាន់​អំណាច ​ឬ​បក្សប្រឆាំង​ក្តី អ្នក​នយោបាយ​​គួរ​តែ​នាំ​គ្នា​លើក​ស្ទួយ​កិត្យានុភាព​ប្រទេសជាតិ ដោយ​សប្បាយ​នឹង​ឃើញ​ប្រទេសជាតិ ​និង​ប្រជាជន​របស់ខ្លួន​ស្គាល់​ការអភិវឌ្ឍន៍ ហើយ​ឈឺចាប់​នៅ​ពេល​ដែល​បរទេស​និយាយ​អាក្រក់​ពី​ប្រទេស​របស់ខ្លួន។

នៅ​ពេល​ដែល​អ្នក​នយោបាយ​អាច​បណ្តុះ​ទស្សនៈ​មោទនភាពជាតិ​បាន​ហើយ ពួកគេ​នឹង​ចេះ​របៀប​ធ្វើ​នយោបាយ​ ដែល​អាច​បញ្ចៀស​គ្រោះ​មហន្តរាយ​ដល់​ប្រទេសជាតិ។ ពេលនោះ ស្ថិរភាព​នយោបាយ និង​និរន្តរភាព​នៃ​ការអភិវឌ្ឍន៍​​ប្រទេស ​នឹង​ត្រូវ​បាន​ធានា​ បើ​ទោះ​ជា​អ្នកណា​ឡើង​ដឹកនាំ​ប្រទេស​ក៏ដោយ។ បរាជ័យ​នៃ​ការប្រកួតប្រជែង​នយោបាយ សូម​ចាត់​ទុក​វា​ត្រឹម​ជា​បរាជ័យ​របស់​គណបក្ស​នយោបាយ​បាន​ហើយ តែ​សូមកុំ​អូសទាញ​ប្រទេសជាតិ​ឲ្យ​បរាជ័យ​ជាមួយ។

រហូត​មក​ទល់​បច្ចុប្បន្ន អ្នក​នយោបាយ​ច្រើនតែ​យក​ប្រទេសជាតិ និង​ប្រជាជន​ជា​ចំណាប់ខ្មាំង ពោលគឺ​នៅ​ពេល​ដែល​ពួកគេ​ធ្លាក់​ទឹក ប្រទេស​ទាំង​មូល​ក៏​ធ្លាក់ទឹក​ជាមួយ​ដែរ។ រី​ឯ​ភាគី​បដិបក្ខ​វិញ ក៏​សប្បាយចិត្ត​នៅ​ពេល​ឃើញ​ស្ថានភាព​បែប​នេះ ​ពី​ព្រោះ​វា​ជាសញ្ញា​ដែល​បញ្ជាក់ថា ពួកគេ​ជិត​បាន​ឡើង​កាន់​អំណាច​ហើយ។ តើ​គេ​គួរ​បន្ត​លេងល្បែង​នយោបាយ ដែល​មាន​ហានិភ័យ​ខ្ពស់​ដល់​ប្រទេសជាតិ​បែប​នេះ​ទៀត​ដែរ​ឬ​ទេ? នេះ​ជា​សំណួរ​ដែល​អ្នក​នយោបាយ​ត្រូវ​ផ្តល់​ចម្លើយ។

សម្រាប់​ក្រុម​អ្នកវិភាគ ដើម្បី​លុប​បំបាត់​ទម្លាប់​នេះ ការ​បណ្តុះ​មោទនភាពជាតិ​ក្នុង​ចំណោម​អ្នកនយោបាយ ​គឺ​ជា​កិច្ចការ​ដ៏​ចាំ​បាច់​មួយ​ដែល​មិន​អាច​មើល​រំលង​បាន​ឡើយ។ នៅ​ពេល​ដែល​អ្នកនយោបាយ​មាន​មោទនភាពជាតិ​រឹងមាំ​ហើយ​នោះ ពួកគេ​នឹង​ផ្តើម​យល់​ថា ការ​លះបង់​ដើម្បី​ប្រយោជន៍​ជាតិ និង​ការ​ទទួលខុសត្រូវ​ចំពោះ​មុខ​ប្រជាជន គឺ​ជា​បេសកកម្ម​សំខាន់​ជាង​គេ​បង្អស់​របស់​អ្នក​នយោបាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI