សង្រ្គាមដណ្តើមកន្លែងលោកអាលី ខាមេណី ប្រមុខសាសនាអ៊ីស្លាមនៅអ៊ីរ៉ង់បានចាប់ផ្តើម!
ចុះផ្សាយនៅថ្ងៃ៖
នៅប្រទេសអ៊ីរ៉ង់ ព័ត៌មានស្តីពីសុខភាពរបស់លោកប្រមុខសាសនាអ៊ីស្លាមអាលី ខាមេណីត្រូវបានគេលើកយកមកនិយាយយ៉ាងព្រោងព្រាត។ រូបភាពដែលគ្រប់គ្នាបានឃើញនោះ គឺរូបលោកខាមេណីដែលកំពុងសម្រាកនៅលើគ្រែក្នុងមន្ទីរពេទ្យដោយមានថ្នាក់ដឹកនំាអ៊ីរ៉ង់ចូលទៅសួរសុខទុក្ខបន្តកន្ទុយគ្នា។ ក្រៅពីចំណោតទាក់ទងនឹងស្ថានភាពសុខភាពរបស់លោកខាមេណីនោះ ក៏នៅមានបញ្ហាសំខាន់មួយទៀតសម្រាប់ជីវិតនយោបាយរបស់ប្រទេសអ៊ីរ៉ង់ដែរ នោះគឺការស្វែងរកអ្នកស្នងតំណែងពីលោកខាមេណី ប្រសិនបើលោកត្រូវស្លាប់។ គួរជម្រាបជូនថានៅអ៊ីរ៉ង់ អ្នកដែលមានអំណាចខ្លំាងជាងគេ គឺរូបប្រមុខសាសនានោះឯង។
បើគេនិយាយពីប្រទេសអ៊ីរ៉ង់ គេច្រើនតែនិយាយពីបញ្ហានុយក្លេអ៊ែរដែលរបបក្រុងតេហេរ៉ង់កំពុងបន្តប្រឈមមុខទល់នឹងសហគមន៍អន្តរជាតិ។ តែពេលនេះ និងជាលើកទី១ គេបានបិទវង់ក្រចកពីរឿងនុយក្លេអ៊ែរ ដោយផ្តើមនិយាយពីបុគ្គលម្នាក់ដ៏សំខាន់ និងដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់វិញម្តង នោះគឺប្រមុខដឹកនំាសាសនាអ៊ីស្លាមដែលសព្វថ្ងៃកំពុងឋិតក្នុងកណ្តាប់ដៃលោកអាលី ខាមេណី។ មានអាយុ ៧៥ឆ្នំា លោកអាលី ខាមេណីបានកាន់តំណែងមួយនេះតំាងពីជាង ២៥ឆ្នំាមកហើយ ពោលតំាងពីខែមិថុនា ឆ្នំា ១៩៨៩ ដោយបន្តពីលោករូហូឡា ខូមេនី។ គឺទើបតែនៅដើមខែកញ្ញាឆ្នំា ២០១៤ ថ្មីៗនេះទេដែលលោកអាលី ខាមេណីបានប្រកាសគួរឲ្យភ្ញាក់ផ្អើលថា លោកនឹងត្រូវទទួលការវះកាត់ប្រូស្តាត និងបានអំពាវនាវឲ្យប្រជាជនអ៊ីរ៉ង់គ្រប់រូបចូលរួមបន់ស្រន់ចំពោះលោក
ប្រតិបត្តិការវះកាត់ប្រូស្តាតរបស់លោកអាលី ខាមេណីមានដំណើរការរួចរាល់ និងទទួលបានជោគជ័យ។ តែទន្ទឹមគ្នានេះ រូបភាពលោកខាមេណីកំពុងសម្រាកលើគ្រែក្នុងមន្ទីរពេទ្យត្រូវបានមធ្យោបាយឃោសនាមហាជនយកទៅចុះផ្សាយយ៉ាងព្រោងព្រាត ពិសេសនៅបរទេស។ មួយវិញទៀត និងក្រៅពីរូបភាពរបស់លោកអាលី ខាមេណីផ្ទាល់ ក៏គេបានឃើញរូបភាពរបស់ថ្នាក់ដឹកនំាជាន់ខ្ពស់អ៊ីរ៉ង់ផ្សេងទៀតដែលបន្តកន្ទុយគ្នាចូលទៅសួរសុខទុក្ខលោកខាមេណីដែរ រួមមាន លោកប្រធានាធិបតីហាសាន រ៉ូហានី លោកប្រធានរដ្ឋសភា លោកប្រធានតុលាការ ឬមួយក៏លោកអតីតប្រធានាធិបតីម៉ាមូត អាម៉ាឌីនេយ៉ាដដែលទំនាក់ទំនងជាមួយលោកអាលី ខាមេណីបានធ្លាក់ចុះខ្លំាងនៅចុងអាណត្តិទី២។
កន្លងទៅ លោកអាលី ខាមេណីក៏ធ្លាប់មានបញ្ហាសុខភាព និងក៏ត្រូវបានគេលើកយកមកនិយាយដូចគ្នាអ៊ីចឹងដែរ។ តែអ្វីដែលខុសគ្នាបន្តិចនៅពេលនេះគឺថា គេនំាគ្នាចាប់អារម្មណ៍ខ្លំាងជាងមុន ព្រមទំាងលើកយកទៅនិយាយយ៉ាងផុសផុលទៀតផង។ អ៊ីចឹងហើយបានជាមានសំណួរមួយចោទឡើងថា តើសុខភាពរបស់លោកអាលី ខាមេណីវាសំខាន់ត្រង់ណា និងវាមានលក្ខណៈពិសេសអ្វីខ្លះ បើធៀបនឹងសុខភាពរបស់ថ្នាក់ដឹកនំាអ៊ីរ៉ង់ផ្សេងទៀត។ ចម្លើយជាលក្ខណៈទូទៅនោះគឺថា លោកអាលី ខាមេណីក៏ជាមនុស្សលោកដូចអ្នកដទៃ មិនថាជាអ្នកដឹកនំា ឬអ្នកសាមញ្ញធម្មតាទេ។ តែគេក៏មិនត្រូវភ្លេចនិយាយទេថានៅប្រទេសអ៊ីរ៉ង់ដែលកាន់អំណាចផ្តាច់ការ សុខភាពរបស់ថ្នាក់ដឹកនំាត្រូវបានគេចាត់ទុកជាបញ្ហាស្លាប់ រស់របស់ប្រទេសជាតិ។
ឥស្សរជនដែលសំខាន់ និងមានអំណាចជាងគេនៅអ៊ីរ៉ង់មិនមែនរូបប្រធានាធិបតី ឬមួយក៏រូបប្រធានរដ្ឋសភាទេ តែគឺរូបប្រមុខសាសនាតែម្តង។ ប្រមុខសាសនាដែលជាអ្នកក្តោបអំណាចទំាង ៣ របស់រដ្ឋ គឺអំណាចនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងអំណាចតុលាការ។ ទន្ទឹមគ្នានេះ ប្រមុខសាសនាក៏មានអំណាចលើកងទ័ព និងមធ្យោបាយឃោសនាមហាជនដែរ និយាយឲ្យស្រួលយល់ រឿងស្លាប់ រស់របស់ប្រទេសជាតិ គឺស្ថិតក្នុងកណ្តាប់ដៃរបស់ប្រមុខសាសនាតែម្នាក់គត់។ គួរជម្រាបជូនថា ប្រមុខសាសនាត្រូវបានបោះឆ្នោតជ្រើសរើសដោយក្រុមប្រឹក្សាពិសេសមួយដែលចូលរួមដោយឥស្សជនសាសនាជាន់ខ្ពស់ និងសមាជិកជាន់ខ្ពស់របស់ឆ្មំាបដិវត្តន៍សរុបមានគ្នា ៨៦នាក់ និងជាប់ឆ្នោតសម្រាប់រយៈពេល ៨ឆ្នំា ពោលមិនដូចរូបប្រធានាធិបតីដែលជ្រើសរើសចេញពីការបោះឆ្នោតរបស់ប្រជាជននោះទេ។
កន្លងមក មានរូបប្រធានាធិបតីអ៊ីរ៉ង់ខ្លះ ដូចជាលោកម៉ាមូត អាម៉ាឌីននេយ៉ាដ និងលោកហាសាន រ៉ូហានីបច្ចុប្បន្នតែងតែបានព្យាយាមកាត់បន្ថយឥទ្ធិពលរបស់ប្រមុខសាសនានៅក្នុងផ្នែកនយោបាយ សេដ្ឋកិច្ច ក៏ដូចជាបញ្ហានុយក្លេអ៊ែរ តែត្រូវបានទទួលបរាជ័យជានិច្ច។ ដូច្នេះចង់ ឬមិនចង់ រូបប្រមុខសាសនាពិតជាឥស្សរជននយោបាយដ៏មានឥទ្ធិពលម្នាក់ដែលគ្មាននរណាអាចប៉ះបាន។ តែគេមិនត្រូវនិយាយទេថា ជម្រើសប្រមុខសាសនាម្តងៗបានក្លាយជាសង្រ្គាមប៉ាកកាយ៉ាងផុសផុលរវាងស្ថាប័នសាសនា និងស្ថាប័នឆ្នំាបដិវត្តន៍ ពិសេសគឺការទាក់ទង់នឹងរូបបេក្ខជនដែលព្រមទទួលដោយស្ថាប័នទំាងពីរ។ គួររម្លឹកជូនថា តំាងពីការប្រកាសរបបសាធារណរដ្ឋអ៊ីស្លាមក្នុងឆ្នំា ១៩៧៩ មក លោកអាលី ខាមេណីគឺជាប្រមុខសាសនាទី២ បន្ទាប់ពីលោករូហូឡា ខូមេនី។
ពិតណាស់ថា ទោះបីជាប្រតិបត្តិការវះកាត់ប្រូស្តាតលោកអាលី ខាមេណីបានបញ្ចប់ទៅដោយជោគជ័យក៏ដោយ ក៏គេមិនអាចរារំាងទប់ស្កាត់នូវព័ត៌មានទាក់ទងនឹងការស្នងតំណែងពីលោកដែរ។ ហេតុផល គឺដោយសារតែគេនំាគ្នាគិតពីផលវិបាកនៃជម្ងឺដែលអាចឲ្យលោកទទួលមរណៈភាពនៅពេលខាងមុខ ព្រោះថាចង់ ឬមិនចង់នៅពេលនេះ លោកអាលី ខាមេណីកំពុងមានស្ថានភាពសុខភាពមិនទៀងទាត់។ តំាងពីដើមខែកញ្ញាមកម្ល៉េះ លោកខាមេណីបានអំពាវនាវឲ្យមានការរួបរួមជាធ្លុងមួយ និងស្នើឲ្យកាត់បន្ថយនូវភាពមិនចុះសម្រុងគ្នារវាងថ្នាក់ដឹកនំា។ គឺចាប់តំាងពីពេលនោះហើយដែលសង្រ្គាមស្នងតំណែងបានចាប់ផ្តើមឡើង។
មកដល់ពេលនេះ មានលេចឈ្មោះបេក្ខជនចំនួន ៣រូប ទី១ គឺលោកម៉ាមូត អាសឺមី ស្ហារូឌី ជាអាតីតប្រធានតុលាការ និងបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាពិសេស ទី២ គឺលោកអាលី អាក្បា អាសឺមី រ៉ាសានយ៉ានី ជាអតីតប្រធានាធិបតី និងបេក្ខជនទី៣ គឺលោកសាដេ ឡារីយ៉ានី ជាប្រធានតុលាការ។ ឃើញថា សង្រ្គាមដណ្តើមកន្លែងលោកអាលី ខាមេណីបានចាប់ផ្តើមហើយ និងដែលគេមិនដឹងនឹងត្រូវចប់យ៉ាងម៉េចទេ។ អ្វីដែលគេអាចនិយាយបាន អ្នកស្នងតំណែងពីលោកខាមេណីប្រហែលជាមិនអាចទទួលបានអំណាចខ្លំាងក្លាដូចលោកខាមេណីទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ