បាតុករអេហ្ស៊ីប នៅតែបន្តទាមទារឱ្យលោក Mohamed Morsi ចុះចេញពីតំណែង
ចុះផ្សាយនៅថ្ងៃ៖
ប្រជាជនអេហ្ស៊ីប នៅតែបន្តធ្វើបាតុកម្ម ដើម្បីទាមទារឱ្យ ប្រធានាធិបតី Mohamed Morsi ចុះចេញពីតំណែង។ ដោយចលនាប្រជាជនប្រឆាំងកាន់តែខ្លាំងឡើងៗនៅលើទីលាន ដែលឱ្យឈ្មោះថាតារៀរ (Tahrir)។ ក្រុមបាតុករបានស្រែកថាថ្នាក់ដឹកនាំរូបនេះ មិនបានជួយស្ថារសេដ្ឋកិច្ចជាតិ ដែលកំពុងតែមានវិបត្តិនោះទេ។
មនុស្សរាប់ពាន់នាក់បានស្រែកយ៉ាងទ្រហឹងអឹងកង ខ្លះកាន់បដាមានសរសេរអក្សរ និងខ្លះទៀតគូររូបខ្វែងព័ត៌ក្រហមលើរួបថតរបស់លោក Mohamed Morsi ដែលជាប្រធានាធិបតីបច្ចុប្បន្ន។ ពួកគេទាមទារឱ្យរូបលោក ត្រូវតែចុះចេញពីរតំណែងជាដាច់ខាត។
ក្រុមបាតុកដែលដឹកនាំដោយគណបក្សប្រឆាំងនេះ បានស្រែកថា សូម Morsi ចេញទៅ។ ពួកគេក៏បានស្រែកផងដែរថា នេះជាបដិវត្តន៍ លើកទីពីរ ដែលមានទីលាន Tahrir នេះហើយ ជានិមិត្តរូបនៃបដិវត្តន៍របស់អេហ្ស៊ីប។
គួររម្លឹកថានៅឆ្នាំ២០១១ កន្លងទៅប្រជាជនអេហ្ស៊ីបបាននាំគ្នាចុះផ្លូវ ធ្វើបាតុកម្មម្តងរួចទៅ ហើយ ដើម្បីទាមទារឱ្យអតីតប្រធានាធិបតីអេហ្ស៊ីប Hosni Moubarak ចុះចេញពីតំណែង។ ពេលនោះក្រុមបាតុករបានគួររូបសញ្ញាខ្វែងជើងក្អែកព័ណ៌ក្រហម ពាស់ពេញលើរូបថតលោក។ នៅពេលនេះរូបភាពដដែលនេះ ពួកគេបានធ្វើឡើងចំពោះលោក ប្រធានាធិបតីថ្មី។
នាឆ្នាំ២០១២ បន្ទាប់ពីបដិវត្តន៍លើកទីមួយ លោក Mohamed Morsi មកគណបក្ស ភាតរឥស្លាម ត្រូវបានប្រជាជនអេហ្ស៊ីបជ្រើសរើស ជាប្រធានាធិបតី តាមរយៈការបោះឆ្នោតដោយលទ្ធិប្រជាធិបតេយ្យសេរី ជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសនេះ។
ប៉ុន្តែថ្ងៃនេះ ប្រជាជនអេហ្ស៊ីបបានចោទរូបលោកថា មិនបានគោរពតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។ ដោយគេចោទថា លោកមិនបានគិតគួរដល់ ការស្ថាសេដ្ឋកិច្ចជាតិដែលកំពុងតែជួបនូវវិបត្តិទេ។ ជាងនេះទៅទៀត ក្រុមប្រឆាំងចោទថាលោកកំពុងតែរៀបចំឱ្យមានក្រុមបាតុករមួយផ្សេងទៀត ដែលគាំទ្ររដ្ឋាភិបាល។ ករណីនេះ ក្រុមអ្នកប្រឆាំងយល់ថា លោក Morsi កំពុងតែធ្វើឱ្យប្រជាជនអេហ្ស៊ីបបានការបែងចែកគ្នាហើយ។
ក្នុងនោះដែរ អ្នកដឹកនាំក្រុមបាតុករបានអះអាងថា ពួកគេប្រមូលហត្ថលេខា បានប្រមាណជាង ២២លាននាក់ហើយ ដើម្បីទាមទារឱ្យមានការបោះឆ្នោតប្រធានាធិបតីមុនចប់អណត្ត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ