កុមារី២នាក់ទៀតនៅកំពង់ស្ពឺ និងកំពតស្លាប់ដោយមេរោគផ្តាសាយបក្សី
ចុះផ្សាយនៅថ្ងៃ៖
កុមារី២នាក់ទៀតបានស្លាប់ដោយសារមេរោគ H5N1នៃជំងឺផ្តាសាយបក្សី ដែលធ្វើអោយករណីដោយសារមេរោគបានកើនឡើង៤ករណី គ្រាន់តែក្នុងខែមករាដើមឆ្នាំ២០១៣នេះ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានសម្តែងការព្រួយបារម្ភចំពោះការផ្ទុះឡើងនៃការឆ្លងមេរោគនេះពីបក្សីមកមនុស្សនៅក្នុងប្រទេសកម្ពុជា។
កុមារីអាយុ១៧ខែនៅស្រុកគងពិសីខេត្តកំពង់ស្ពឺបានស្លាប់នៅថ្ងៃចន្ទម្សិលមិញ បើទោះជាមានការជួយសង្គ្រោះពីគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ជាក៏ដោយ។ កុមារីម្នាក់ទៀតអាយុ៩ឆ្នាំក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យគន្ធបុប្ជានៅថ្ងៃចន្ទម្សិលមិញដូចគ្នា។ កុមារីទាំងពីរត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រថា ពួកគេបានឆ្លងមេរោគផ្តាសាយបក្សីH5N1។ សេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកបានសរសេរថា កុមារីទាំងពីរសុទ្ធបានរស់នៅក្នុងភូមិដែលមានបក្សីងាប់។ ដោយគិតទាំងករណីទាំងពីចុងក្រោយនេះទៀត នៅក្នុងខែមករានេះ កម្ពុជាបានរកឃើញករណីផ្ទុះមេរោគផ្តាសាយបក្សីមកលើមនុស្សមាន៥ករណីហើយ ដែលក្នុងចំណោមករណីទាំងនេះ ៤នាក់បានស្លាប់។ ហើយថា បើគិតមកដល់ពេលនេះមានមនុស្ស២៦នាក់ហើយដែលបានឆ្លងមេរោគគ្រុនផ្តាសាយបក្សី ហើយ២៣នាក់បានស្លាប់ដោយសារមេរោគនេះ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអត្ថាធិប្បាយថា មេរោគផ្តាសាយបក្សីនៅតែបន្តគំរាមកំហែងសុខភាពពលរដ្ឋកម្ពុជា ហើយថា កុមារនៅតែមានភាពងាយរងគ្រោះច្រើន។ ដូច្នេះលោករដ្ឋមន្ត្រីបានរំលឹកដល់ឪពុកម្តាយ និងអាណាព្យាបាលអោយដាក់កុមារនៅអោយឆ្ងាយពីបក្សីឈឺ ឬងាប់ និងលាងដៃកូនៗរបស់ពួកគេអោយបានញឹកញាប់។ ហើយថាប្រសិនបើកុមារធ្លាក់ខ្លួនឈឺ មានដង្ហើមញាប់ ឬពិបាកដកដង្ហើម អាណាព្យាបាលត្រូវនាំកុមារទៅមន្ទីរពេទ្យជាបន្ទាន់ និងត្រូវប្រាប់គ្រូពេទ្យអំពីប្រវត្តិនៃការប៉ះពាល់បក្សីឈឺ ឬងាប់របស់កូនៗរបស់ពួកគេ។ គួរបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាលទើបតែបានប្រកាសអំពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សីចំនួន២ករណីកាលសប្តាហ៍មុននេះ។
សេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកបានសរសេរថា ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលកំពុងអង្កេតស្រាវជ្រាវដល់ទីកកន្លែងកើតហេតុនៅឯមូលដ្ឋាន និងនៅមន្ទីរពេទ្យដើម្បីស្វែងរកអ្នកប៉ះពាល់ជិតស្និទ្ធ ជាមួយអ្នកជំងឺទាំង៥ករណីដែលត្រូវបានរកឃើញនៅក្នុងខែមករានេះ។ គិតចាប់តាំងពីឆ្នាំ២០០៣មក នៅក្នុងពិភពលោក មានករណីផ្តាសាយបក្សីសរុបទាំងអស់ ៦១៥ករណីដែលត្រូវបានបញ្ជាក់ដោយមន្ទីរពិសោធន៍ ហើយក្នុងនោះ ៣៦៤នាក់បានស្លាប់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ