កម្ពុជា

បន្ទាប់ពី​ចេញពី​ពន្ធនាគារ លោក​ហង្ស ចក្រា គ្រោង​ទៅ​អាមេរិក

លោក​ហង្ស ចក្រា ចាងហ្វាង​កាសែតខ្មែរម្ចាស់ស្រុក
លោក​ហង្ស ចក្រា ចាងហ្វាង​កាសែតខ្មែរម្ចាស់ស្រុក ©វណ្ណារ៉ា/RFI

បន្ទាប់​ពី​ចាក​ចេញ​ពី​ពន្ធនាគារ​បាន​ជាង​មួយ​ខែ​​មក​​ លោក​ហង្ស​ ចក្រា ​ចាង​ហ្វាង​កាសែត​ខ្មែរ​ម្ចាស់ស្រុក​ គ្រោង​នឹង​ធ្វើ​ទស្សនកិច្ច​ទៅកាន់​សហរដ្ឋ​អាមេរិក ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ ទស្សនកិច្ច​របស់​លោក ហង្ស ចក្រា ធ្វើ​ឡើង​តាម​ការ​អញ្ជើញ​របស់​សហគមន៍​ខ្មែរ​នៅ​អាមេរិក។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តីរាយការណ៍​របស់ គី សុខលីម ពីភ្នំពេញ

លោក ហង្ស ចក្រា ចាងហ្វាង​កាសែត​ខ្មែរ​ម្ចាស់ស្រុក ​ដែល​ទើប​ចេញ​ពី​ពន្ធនាគារ​ កាល​ពី​ខែ​មេសា​កន្លងមក ​បាន​និយាយ​ប្រាប់​នៅ​ថ្ងៃ​សៅរ៍​នេះថា លោក​គ្រោង​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សហរដ្ឋ​អាមេរិក ​នៅ​ពេល​ឆាប់​ៗខាង​មុខ​នេះ។ ប៉ុន្តែ​កាល​បរិច្ឆេទ​ពិត​ប្រាកដ​ លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ។

ទស្សនកិច្ច​របស់​លោក​នៅ​សហរដ្ឋ​អាមេរិក​នៅ​ពេល​នេះ​មាន​គោល​បំណង​បី​យ៉ាង។ ទី១​ ធ្វើ​សេចក្តី​រាយការណ៍​ពី​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​ទៅ​កាន់​សហគមន៍​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក។ ​ទី២​ ​និយាយ​ពី​កង្វះខាត​ថវិកា​ក្នុង​ការ​ដំណើ​ការ​កាសែត​របស់​លោក។ ​ទី៣​ ​លោក​នឹង​អំពាវ​នាវ​ជា​ថ្មី​ម្តង​ទៀត​អោយ​រាជ​រដ្ឋាភិបាល​កម្ពុជា​រក​ឃាតករ​សម្លាប់​អ្នក​កាសែត​នា​ពេល​កន្លងមក​អោយ​ឃើញ។​

បើយោង​តាម​លោក ហង្ស ចក្រា កាសែត​ខ្មែរ​ម្ចាស់​ស្រុក​បាន​និង​កំពុង​ជួប​ឧបសគ្គ​ផ្នែក​ហិរញ្ញវត្ថុ​ខ្លាំង​មែន​ទែន។ បុគ្គលិក​៥​-៦​នាក់​របស់​លោក​ពេល​ខ្លះ​ធ្វើ​ការ​មិន​មាន​ប្រាក់​ខែ​ទេ។ កាសែត​ខ្មែរ​ម្ចាស់​ស្រុក ដែល​បោះពុម្ព​ផ្សាយ​​ស-​ខ្មៅ ​ហើយ​ដែល​​មាន​និន្នាការ​ប្រឆាំង​នឹង​រដ្ឋាភិបាលនោះ​ លក់​មិន​សូវ​ដាច់​ទេ​ ពីព្រោះ​កាសែត​នេះ​មាន​តែ​៤​ទំព័រ។​ ​ម៉្យាងទៀត ​អត្ថបទ​ភាគ​ច្រើន​នៅ​ក្នុង​កាសែត​នេះ​ពាក់ព័ន្ធ​តែ​រឿង​នយោយបាយ​ប៉ុណ្ណោះ។

អ្នកកាសែត​ខ្មែរ​ម្ចាស់​ស្រុក​មួយ​ចំនួន​បាន​និយាយ​ថា ​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​មួយ​ចំនួន​ធំ​មិន​ហ៊ាន​ចុះ​ផ្សាយ​ពាណិជ្ជកម្ម​ក្នុង​កាសែត​ប្រឆាំង​ទេ ​ពីព្រោះ​ពួកគេ​បារម្ភ​ខ្លាច​គេ​ចោទ​ថា​ ពួកគេ​ជា​អ្នក​គាំទ្រ​អ្នក​ប្រឆាំង។​

ដោយ​ពិនិត្យ​ឃើញ​ថា ​កាសែត​របស់​លោក​ពិបាក​នឹង​រស់​នោះ ​លោក​ហង្ស ​ចក្រា ​គ្រោង​នឹង​ឆ្លៀត​យក​ឱកាស​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក ​អំពាវ​នាវ​អោយ​ខ្មែរ​នៅ​ទី​នោះ​ជួយ​កាសែត​របស់​គាត់​ផង។

សហគមន៍ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​បាន​អញ្ជើញ​លោក​ហង្ស​ចក្រា​អោយ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ទី​នោះ​ក្នុង​រយៈ​ពេល​ខ្លី​មួយ។ រាល់​ការ​ចំណាយ​ផ្សេងៗ​​ ដូចជា​ការ​ធ្វើ​ដំណើរ​ និង​ស្នាក់​នៅ ​គឺ​ជា​បន្ទុក​របស់​បងប្អូន​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក។ នេះ​គឺ​ជា​ទស្សនកិច្ច​លើក​ទី​មួយ​របស់​លោក ហង្ស ចក្រា ទៅ​កាន់​បស្ចិម​ប្រទេស​មួយ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI