គ្រូបង្រៀនកម្ពុជាកាន់តែត្រូវលើកតម្កើង
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ជាឪពុកម្តាយផង ជាវិស្វករផង ជាទាហានផង គ្រូបង្រៀនកម្ពុជាចាប់ផ្តើមឃើញពន្លឺកិត្តិយសនៅក្នុងសង្គមឡើងវិញ បន្តិចម្តងៗហើយ។ ម្សិលមិញ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគាស់កកាយ វីរភាពរបស់លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ឱ្យមនុស្សជិត២០០០នាក់ស្តាប់ដោយផ្ទាល់ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងឱកាសប្រារព្ធទិវាគ្រូបង្រៀនពិភពលោក និងទិវាដឹងគុណគ្រូកម្ពុជា ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៤។ ការប្រារព្ធពិធីត្រូវបានធ្វើឡើង ពីរថ្ងៃមុនការមកដល់នៃទិវានេះ ដូចដែលតម្លៃគ្រូបង្រៀនកម្ពុជាក្រោយសម័យសង្គ្រាម លេចឡើងកាន់តែច្បាស់ មុនការមកដល់នៃទិវាឆ្នាំនេះដែរ។
រដ្ឋមន្ត្រីថ្មីនៃក្រសួងអប់រំ យុវជន និងកីឡា ផ្តើមសុន្ទរកថា កាលពីម្សិលមិញ ដោយរម្លឹកអំពីការបង្កើតទិវាគ្រូបង្រៀននៅកម្ពុជា តាំងពីឆ្នាំ១៩៩៧ ដោយរដ្ឋាភិបាលកម្ពុជា។ ជាស្វ័យ ប្រវត្តិ ដូចរដ្ឋមន្ត្រីឯទៀតដែរ លោក ហង់ ជួនណារ៉ុន ក៏មិនភ្លេចអួតសរសើរនាយក រដ្ឋមន្ត្រី ហ៊ុន សែន ដែលបានផ្តួចផ្តើមបង្កើតទិវាគ្រូបង្រៀននៅកម្ពុជាទេ។
ឆ្នាំនេះ ស្របនឹងការប្រារព្ធទិវាគ្រូបង្រៀនពិភពលោក រដ្ឋមន្ត្រីអប់រំ យុវជន និងកីឡា ដែលកាលពីឆ្នាំមុន ដាក់ចេញនូវវិធានការគន្លឹះចំនួន៨ សម្រាប់កែទម្រង់វិស័យនេះឱ្យក្លាំងក្លាឡើងវិញ នៅក្រោយសម័យសង្គ្រាម បានគាស់កកាយវីរភាពរបស់គ្រូបង្រៀន ជាបន្តបន្ទាប់ថា៖ «ការរួមចំណែករបស់លោកគ្រូ អ្នកគ្រូ បានកសាងសិស្សានុសិស្សឱ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ដែលជាកម្លាំងចលករនៃការអភិវឌ្ឍសង្គមជាតិមិនអាចប្រកែកបាន (...) គ្រូបង្រៀនគឺជាបុគ្គល ដែលគួរឱ្យស្រឡាញ់ គោរព និងដឹងគុណរបស់សិស្ស និស្សិតទាំងអស់ ប្រៀបបានទៅនឹង«ឪពុកម្តាយទី២» របស់ខ្លួន និងជា«វិស្វករនៃព្រលឹងជាតិ (...) ទិវាគ្រូបង្រៀនពិភពលោក ត្រូវបារព្ធនៅថ្ងៃទី៥ ខែតុលា ជារៀងរាល់ឆ្នាំ ដែលមានប្រទេសជាង២០០នៅលើសកលលោក ចូលរួមអបអរសាទរ ដើម្បីសម្ដែងនូវការកោតសរសើរ និងដឹងគុណគ្រូបង្រៀន ដែលបានធ្វើពលិកម្មនៅក្នុងសមរភូមិបណ្ដុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព (...)»។
និយាយពីសមរភូមិ មានតែគ្រូបង្រៀនជាទាហាន។ លោក ហង់ ជួនណារ៉ុន បានបូកសរុបលទ្ធផលសំខាន់ៗនៃកំណែទម្រង់ ទាក់ទងនឹងការលើកកម្ពស់ទាហានលើសមរភូមិធនធាន មនុស្ស ក្នុងសម័យដែលប្រទេសជាតិកំពុងឈានទៅរកវឌ្ឍនភាព៖ គោលនយោបាយស្តីពីគ្រូបង្រៀនត្រូវបានបង្កើតដើម្បីកែលម្អគុណភាពគ្រូបង្រៀននៅកម្ពុជា វិធីផ្តល់ប្រាក់បៀវត្ស និងប្រាក់បំណាច់ ត្រូវបានសម្រួល និងបង្កើន ប្រព័ន្ធលើកទឹកចិត្ត និងដំឡើងឋានន្តរស័ក្តិបុគ្គលិកអប់រំត្រូវបានកែលម្អ។ ទន្ទឹមនឹងនេះដែរ បើតាមលោករដ្ឋមន្ត្រី ក្នុងការប្រារព្ធទិវាគ្រូ បង្រៀនកម្ពុជាលើកទី១៧ ក្រោមប្រធានបទគ្រូបង្រៀន និងគុណភាពអប់រំ នៅឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បញ្ចេញវិធានការច្រើនទៀត ដើម្បីសម្រេច
«បេសកកម្មបណ្តុះបណ្តាលធនធានមនុស្ស ឱ្យប្រកបដោយឧត្ដមភាព ដើម្បីដណ្ដើមទីផ្សារ ការងារ ទាំងក្នុង និងក្រៅតំបន់»។ ក្នុងចំណោមវិធានការទាំងនោះ មានជាអាទិ៍ការលើក ទឹកចិត្តសិស្សពូកែៗ និងគ្រូបង្រៀនខ្លាំងៗ ធ្វើយ៉ាងណាឱ្យសិស្សពូកែ និងគ្រូខ្លាំង ត្រូវបាន គេទទួលស្គាល់ និងកោតសរសើរជាទូទៅ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ