ភាព​សុខដុម​រមនា​ខាង​សាសនា​នៅ​កម្ពុជា​គួរ​ត្រូវ​បាន​ពង្រឹង​

សំឡេង ០៤:៣២
ព្រះសង្ឃខ្មែរ​នៅវត្តក្នុងទីក្រុង​ភ្នំពេញ
ព្រះសង្ឃខ្មែរ​នៅវត្តក្នុងទីក្រុង​ភ្នំពេញ RFI/Siv Channa

ខណៈ​ដែល​​ជម្លោះ​សាសនា​​បាន​និង​​កំពុង​​ផ្ទុះ​ឡើង​​នៅ​ក្នុង​​ប្រទេស​​ជា​ច្រើន​​ជា​ពិសេស​​ក្នុង​ប្រទេស​​ជិត​ខាង​​ដូច​ជា​​ថៃ​និង​​ភូមា​​ជាដើម​​នោះ​ នៅ​​កម្ពុជា ព្រះពុទ្ធ​​សាសនា​​​ដែល​ជា​​សាសនា​​របស់​​ជាតិ​និង​​សាសនា​អ៊ីស្លាម​​​ក៏ដូចជា​សាសនា​ផ្សេងទៀត​បានរួម​រស់​ជាមួយគ្នា​ប្រកបដោយ​ភាពសុខដុមរមនា។ នេះ​ជា​សេចក្តីសុខ​នៃ​សង្គម​កម្ពុជា​ដែលមាន​តាំងពី​យូរយា​រណាស់​មកហើយ។ យ៉ាងណាក៏ដោយ ការយកចិត្តទុកដាក់​ទៅលើ​បញ្ហា​សាសនា​ជា​រឿង​ដែល​មិន​អាច​​មើលរំលង​បានឡើយ​ដើម្បី​ឲ្យ​​ភាពសុខដុមរមនា​ខាង​សាសនា​មាន​និរន្តរភាព។

ផ្សាយពាណិជ្ជកម្ម

អំពើហិង្សា​កាប់សម្លាប់​គ្នា​យ៉ាង​ព្រៃផ្សៃ​រវាង​អ្នក​កាន់​ព្រះពុទ្ធសាសនា និង​សាសនា​អ៊ីស្លាម​នៅ​ក្នុង​ប្រទេស​ភូមា​តាំងពី​ប៉ុន្មាន​ថ្ងៃ​មកហើយ​នេះ​គឺជា​ព្រឹត្តិការណ៍​ថ្មី​មួយទៀត​ដែល​កំពុង​ទាក់​ទាញ​​ចំណាប់អារម្មណ៍​របស់​សហគ​មន៍​អន្តរជាតិ។ តាមពិត អំពើហិង្សា​សាសនា​មិនមែនជា​រឿង​ថ្មីថ្មោង​ទេ​សម្រាប់​ពិភពលោក​យើង​នេះ។ ជាពិសេស​ជម្លោះសាសនា​បាន​កើតមាន​យ៉ាង​ច្រើន​​ដែរ​នៅក្នុង​ប្រទេស​ក្បែរ​ខាង​កម្ពុជា​ដូចជា​តំបន់​ប៉ែក​ខាងត្បូង​ប្រទេស​ថៃ និង​ឥឡូវ​បាន​រាលដាល​ដល់​ប្រទេស​ភូមា។ ប៉ុន្តែ អាច​ចាត់ទុកជា​ភ័ព្វ​​សំណាងល្អ​មួយ​ដែរ​សម្រាប់​កម្ពុជា​ដែល​អំពើ​បែបនេះ​មិនដែល​កើតមាន​ឡើយ។

ពិត​ហើយ​ថា កម្ពុជា​ធ្លាប់​ឆ្លងកាត់​សង្គ្រាមស៊ីវិល​រាប់​ទសវត្សរ៍ ដែល​ក្នុងអំឡុង​ពេលនោះ ប្រទេស​​​​​ជាតិ​​បាន​ធ្លាក់ចូល​ក្នុង​របប​វាលពិឃាត​ខ្មែរក្រហម​ដែល​បាន​បំផ្លាញ​ដល់​ឬ​សគល់​នូវ​ជំនឿ​សាសនា​របស់​ជាតិ និង​សាសនាផ្សេងៗទៀត។ ប៉ុន្តែ ទាំងនេះ​គឺជា​កំហុស​របស់​អ្នកដឹកនាំ​នយោបាយ តែ​វា​មិនមែនជា​កំហុស​របស់​អ្នក​កាន់សាសនា​ឡើយ។ ផ្ទុយទៅវិញ អ្នក​កាន់​ព្រះពុទ្ធសាសនា និង​សាសនា​ផ្សេងទៀត​នៅតែ​បន្ត​រួម​រស់នៅ​ជាមួយគ្នា​ដោយ​សុខសាន្ត​រហូតមកទល់​នឹង​បច្ចុប្បន្ន។ មូលហេតុ​គឺ​មកពី​ពលរដ្ឋ​កម្ពុជា​ចេះ​ប្រកាន់​សីលធម៌​ដ៏​ល្អ​ក្នុង​ការគោរព​គ្នា​ទៅវិញទៅមក​ខាង​ជំនឿ​សាសនា ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញបច្ចុប្បន្ន។

ជាការ​ពិតណាស់ នៅ​កម្ពុជា គេ​ធ្លាប់​ស្គាល់ និង​ធ្លាប់​លឺ​ពាក្យ​ថា អំពើហិង្សា​ខាង​នយោបាយ មានន័យថា​អ្នក​ប្រកាន់​និន្នាការ​នយោបាយ​ខុសគ្នា​អាច​បង្ក​អំពើហិង្សា​ជាមួយគ្នា​បាន​បើទោះបីជា​បញ្ហា​នេះ​បាន​ថយចុះ​យ៉ាងខ្លាំង​រយៈពេល​ចុងក្រោយ​នេះ​ក៏ដោយ។ ក៏ប៉ុន្តែ ជម្លោះសាសនា​មិនបាន​កើតឡើង​ទេ បើទោះបីជា​កម្ពុជា​បាន​បើកទូលាយ​ខាង​ជំនឿ​សាសនា​ក្តី។ ប្រទេស​កម្ពុ​ជាមាន​អ្នក​កាន់​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ​ចំនួន​ជាង ៩៦ ភាគរយ, អ្នក​កាន់សាសនា​អ៊ីស្លាម​ចំនួន​ជាង ២ភាគរយ និង​គ្រិស្ត​សាសនា​រួមទាំង​សាសនា​ផ្សេងទៀត​ចំនួន​ជិត២ភាគរយ​ដែរ។ គេ​អាចនិយាយបាន​ដោយ​មោទនភាព​ថា ប្រទេស​នេះ​គ្មាន​បញ្ហា​ខាង​សាសនា​ឡើយ​រហូតមកទល់​បច្ចុប្បន្ន។

ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​គេ​មិនគួរ​មើលស្រាល​បញ្ហា​នេះ​ពេក​ដែរ។ ការពង្រឹង​ភាពសុខដុមរមនា​រវាង​សាសនា​គឺជា​កិច្ច​ការដែល​មិនអាច​មើលរំលង​បានជា​ពិសេស​នៅក្នុង​បរិបទ​ដែល​ជម្លោះសាសនា​កំពុង​រាលដាល​នៅក្នុង​ពិភពលោក និង​បាន​ហូរ​ចូល​មកដល់​ប្រទេសជិតខាង​កម្ពុជា​ទៅហើយ។ ក្រុមអ្នកវិភាគ​សង្គម​កម្ពុជា​បាន​មើលឃើញថា មាន​បញ្ហា​មួយចំនួន​ដែល​គួរ​យកចិត្តទុកដាក់​ដើម្បី​ពង្រឹង​ភាពសុខសាន្ត​នៃ​សហគមន៍​សាសនា៖

បញ្ហា​ទី១៖ គួរ​ចៀសវាង​ការអនុញ្ញាត​ឲ្យ​សាងសង់ វិហារ​អ៊ីស្លាម​ឬ​គ្រិស្តសាសនា​នៅក្បែរ​វត្ត​ព្រះពុទ្ធសាសនា ពីព្រោះ​បញ្ហា​នេះ​ធ្លាប់​បង្ក​ឲ្យ​មានទំនាស់ខ្លះៗរួចទៅហើយ។ បញ្ហា​ទី២៖ ការធ្វើសកម្មភាព​រប​ស់​និកាយ​សាសនា​នានា​នៅក្នុង​ប្រទេស​ជា​រឿង​ដែល​ត្រូវ​យកចិត្តទុកដាក់​និង​គ្រប់គ្រង​ឲ្យ​បានល្អ​ពីព្រោះ​សកម្មភាព​ខ្លះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សាសនា​ផ្សេង​ដែល​អាច​បង្ក​កំហឹង​រវាង​អ្នក​កាន់សាសនា​ខុសគ្នា​បាន។ និង​ចុងក្រោយ ការពង្រឹង​សីលធម៌​ពុទ្ធសាសនា​​គឺជា​រឿង​ចាំបាច់​ដើម្បី​លើក​តម្លៃ​សាសនា​របស់​រដ្ឋ ក៏ដូចជា​ភាព​ស្ងប់​សុខ​នៃ​សហគមន៍​ព្រះពុទ្ធសាសនា។

ទំនាស់​នៅក្នុង​វត្ត​អារាម​ដែល​បង្ក​កំហឹង​របស់​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត និង​ការប្រព្រឹត្ត​មិនគួរ​គប្បី​របស់​អ្នកបួស​មួយចំនួន ដែល​តែង​កើតមាន​ជា​ញឹកញាប់​បាន​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​តម្លៃ​ព្រះពុទ្ធសាសនា ហើយ​វា​ក៏​ជា​អធិករណ៍​មួយ​ដែល​ធ្វើ​ឲ្យ​បាត់​ភាពសុខដុមរមនា​នៅក្នុង​សហគមន៍​សាសនា​ផងដែរ​បើទោះបីជា​វា​មិនមែនជា​ជម្លោះ​រវាង​សាសនា​មួយ​និង​សាសនា​មួយទៀត​ក៏ដោយចុះ។ សរុប​មកវិញ ភាពសុខដុមរមនា​នៃ​សាសនា​គឺជា​អំណោយផល​យ៉ាង​ល្អ​មួយ​សម្រាប់​សង្គម​កម្ពុជា។ ប៉ុន្តែ ទោះជា​យ៉ាងនេះ​ក្តី ការពង្រឹង​ភាពសុខសាន្ត​នេះ​ជា​រឿង​ចាំបាច់ ពីព្រោះ​គេ​មិនត្រូវ​ភ្លេច​ទេ​ថា «ការពារ​ប្រសើរ​ជាង​ព្យាបាល»៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI