នាទីសុខភាពនិងអនាម័យ

« គេងថ្ងៃ » របប​បន្ថែម​សម្រាប់​​ប៉ូវ​ដំណេក

សំឡេង ១០:០៧
បើ​តាម​ការសិក្សា​របស់​ NASA, សម្រាក​ថ្ងៃ​ ២០​នាទី អាច​បង្កើន​ការ​ផ្ចង់​អារម្មណ៍​បាន​៣៤% និងសមត្ថភាព​ធ្វើការ​បាន២៥%.
បើ​តាម​ការសិក្សា​របស់​ NASA, សម្រាក​ថ្ងៃ​ ២០​នាទី អាច​បង្កើន​ការ​ផ្ចង់​អារម្មណ៍​បាន​៣៤% និងសមត្ថភាព​ធ្វើការ​បាន២៥%. Getty Images/RunPhotos

គេង​ថ្ងៃ​ មិន​មែន​សម្រាប់​តែ​កុមារ​ ឬ មនុស្ស​ចាស់​ ឬ​ដើម្បី​គេច​ពី​អាកាសធាតុ​ក្តៅ​ខ្លាំង​ពេល​ថ្ងៃ​ត្រង់​នោះ​ទេ។ មនុស្ស​ពេញ​វ័យ ពេញ​កម្លាំង​ធ្វើការ ជា​បុរស និង​ស្ត្រី​អ្នក​ជំនួញ​ តែង​​តែ​ឆ្លៀត​​សម្រាក​ថ្ងៃ​ត្រង់​បន្តិច​ ដើម្បី​ កាត់​បន្ថយ​ស្ត្រេស បង្កើន​ប្រសិទ្ធិភាព​ និង​លទ្ធផល​នៃ​សមត្ថភាព​ធ្វើ​ការងារ។ ព្រោះ​​បើ​តាម​ការសិក្សា​របស់​ NASA គេង​ថ្ងៃប្រមាណ​តែ​​ ២០​នាទី អាច​បង្កើន​ការ​ផ្ចង់​អារម្មណ៍​បាន​៣៤% និងបង្កើន​សមត្ថភាព​ធ្វើការ​បាន២៥%។ អៀង សុខម៉ិញ បាន​អាន​សៀវភៅ​មួយ មាន​ចំណង​ជើង l'Eloge de la sieste របស់​អ្នក​និពន្ធ​ Bruno Comby ដែល​និយាយ​អំពី​ផល​ប្រយោជន៍​នៃ​ការ​គេង​​ថ្ងៃនេះ។

ផ្សាយពាណិជ្ជកម្ម

 

បើ​តាម​ការ​សិក្សា​ថ្មី​បំផុត​មួយ​របស់​វិទ្យាស្ថាន​ជាតិ​ការពារ និង​អប់រំ​សុខភាព​របស់​បារាំង​ បាន​បង្ហាញ​ថា បណ្តា​ជន​បារាំង ៤៥% ដែល​បាន​ចោទ​សួរ ទទួល​ដំណេក​មិន​គ្រប់គ្រាន់​ទេ ហើយ​៦២%​ សារភាព​ថា​មាន​វិបត្តិ​ដំណេក ពិបាក​គេង គេង​មិន​លក់​ ។ល។ និង​។ល។ ដំណេក​មិន​បាន​ ជះ​ផល​ប៉ះពាល់ និង​ផ្តល់​ឥទ្ធិពល​មិន​ល្អ​ឡើយ​សម្រាប់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ ៖ ៤៨%​ បាន​អះអាង​ថា​ពេល​គេង​មិន​លក់​ គេង​មិន​ឆ្អែត ជា​កត្តា​អវិជ្ជមាន​ចំពោះ​​អាក្បកិរិយា​- ៤៥%​លើ​ជំនោរ​ចិត្ត ឬ សមត្ថភាព​ផ្ទង់​អារម្មណ៍​ធ្វើការ - ៣២​%​ រំខាន​ដល់​សកម្មភាព​ការងារ​ប្រចាំ​ថ្ងៃ និង ៣០% យល់​ថា​មាន​ការ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ។! ​ដើម្បី​ចូល​រួមចំណែក​លុប​បំបាត់​ឥទ្ធិពល​អាក្រក់​ទាំង​អម្បាលម៉ាន​នេះ ដំណោះ​ស្រាយ​មាន​តែ​មួយ​ គឺ​សម្រាក​​ថ្ងៃ។

ពាក្យ​ថា​ « ដេក​ថ្ងៃ » បើ​និយាយ​ជា​ភាសា​បារាំង គឺ « Sieste » ពាក្យ​ថា​Sieste នេះ មាន​ដើម​កំណើត​ពី​ភាសា​ឡាតាំង ថា Sixta ដែល​​មាន​ន័យថា ម៉ោង​ទី ៦ រាប់​ពី​ពេល​ព្រឹកមក ពោល​គឺ​ត្រូវ​នឹង​ម៉ោង​ ១២​ថ្ងៃ​ត្រង់ សម្រាប់​ពួក​រ៉ូម៉ាំង។ ដូច្នេះ ពាក្យ​ថា​ Sieste ​គឺ​សម្រាក ក្រោយ​ពេល​បរិភោគ​បាយ​ថ្ងៃ​ត្រង់​ហើយ (ទោះ​លក់ក្តី​ ឬ​មិន​លក់ក្តី)​។ នេះ​ជា​ការ​ពន្យល់​បញ្ជាក់​របស់​អ្នក​និពន្ធ​សៀវភៅ​និយាយ​អំពី ការ​គេង​ថ្ងៃ។ ​បើ​និយា​យ​ជា​ភាសា​ខ្មែរវិញ រិត​តែ​ស្រួល​យល់​ទៀត​។ ភាសា​ខ្មែរ​ប្រើ​ថា ដេក​ថ្ងៃ- គឺ​ពន្យល់​បញ្ជាក់​ដោយ​ត្រង់​ៗ ចំៗ អំពី សកម្មភាព​ សម្រាក -​ សម្រាន្ត​ពេល​ថ្ងៃ​ត្រង់ ក្រោយ​ពេលបាយ​រួច​។ ប៉ុន្តែ​ផ្ទុយ​ពី​គំនិត​ធ្លាប់​គិត​ និង​យល់​ពី​មុន​មក ទម្លាប់​ទម្រេត​ខ្លួន​ មួយ​ភ្លែត​ ដើម្បី​កាត់​ថ្ងៃ​ជា​ពីរ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​គេង​​ថ្ងៃ​ គឺ​ជា​កាយវិការ​ជួល​ជុល ឬ​បំពេញ​កង្វះ​ដំណេក កាលពី​ពេ​ល​យប់។​​

ដំណេក​គ្រប់គ្រាន់ និង​ត្រឹម​ត្រូវ​តាម​​ក្បួន​វេជ្ជសាស្ត្រ ពី​គេង​ពី​ ៧ ទៅ ៨​ ម៉ោង​ ជាមធ្យម ក្នុង​មួយ​ថ្ងៃ​។ គេង​​ក្រោម​៦​ម៉ោង ចាត់​ទុក​ថា​ “មិន​គ្រប់​គ្រាន់” ដូច្នេះ​ដើម្បី​អាច​បំពេញ​កង្វះ​ខាត​នេះ​បាន​ខ្លះ ដំណោះស្រាយ​តែ​មួយ​គឺ​ការ​ គេង​ថ្ងៃ។ ដូច​លោក​អ្នក​នាង​បាន​ជ្រាប​​ក្នុង​កម្មវិធី​សុខភាព​មុនៗ ដែល​បាន​លើក​ឡើង​អំពី​ផល​ប៉ះពាល់​​នៃការ​​ទទួល​ទាន​ដំណេក​មិន​គ្រប់​គ្រាន់​ រួច​មក​ហើយ​ថា មាន​ការ​សិក្សា​ណាស់​ដែល​រក​​ឃើញ​ថា ការ​ទទួល​ទាន​ដំណេក​ខ្លី​ពេក ផ្តល់​ផល​អាក្រក់​ខ្លាំង​ណាស់​ដល់​សុខភាព ៖ បង្កើន​គ្រោះ​កើតជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​សរសៃ​ឈាម​បេះដូង ធាត់​ជ្រុល​ចុក​ខ្លាញ់ ប្រព័ន្ធ​ការ​ពារ​ខ្លួន​ចុះ​ខ្សោយ ការ​ចងចាំ​ និង​ភាព​ប្រុង​ប្រយ័ត្ន​ធ្លាក់​ចុះ​ ​កើត​រោគ​ព្រួយ​ និង​​កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត​ ។ល។ និង​។ល។ ដោយ​មិន​​ភ្លេច​ឡើយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​ងាយ​កើត​ឡើង​បាន​ពេល​អ្នក​បើកបរ​នឿយហត់​ គេង​មិន​ឆ្អែត អត់​ងងុយ ​ ឬ​ងងុយ​គេង។
ងងុយ​គេង​ក្រោយ​ពេល​បាយ ? មិន​មែន​ព្រោះ​តែ​ដោយ​សារ​​​ក្រពះ​ធ្វើ​ការ​​រំលាយ​អាហារ នាំ​ឱ្យ​យើងទន់​ភ្នែក​​ទេឬ ?! ប៉ុន្តែ​វា​ទំនង​ដូច​ជា​ចង្វាក់​ធម្មជាតិ​របស់​សរីរាង្គ​កាយ​មនុស្ស​ជាង​ ! សេចក្តី​សន្និដ្ឋាន​​បែបនេះ​អាច​ធ្វើ​ទៅ​កើត ​ដោយ​សំអាង​ថា ប្រសិន​បើ​​ការ​ងងុយ​គេង​ពេល​ថ្ងៃ ​មាន​ជាប់​ទាក់ទង​នឹង​ការ​រំលាយ​អាហារ​មែន នោះ​ប្រាកដ​ជា​គេ​ត្រូ​វ​សង្កេត​ឃើញ​មាន​ករណី​ងុយ​គេ​ង​ ក្រោយ​ពេល​ទទួល​ទាន​អាហារ​ពេល​ព្រឹក ឬ​ក្រោយ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ ហើយ​គេ​មិន​ត្រូវ​រក​ឃើញ​មាន​ករណី​អ្នកងុយ​ដេក​ថ្ងៃ​ឡើយ សម្រាប់​អ្នក​មិន​បាន​បរិភោគ​អាហារ​ថ្ងៃ​ត្រង់នោះ។ ប៉ុន្តែ​វា​មិន​ដូច្នេះ​សោះ អ្នក​មិន​​បាន​បាយ​ថ្ងៃ​ ក៏​ចេះ​ងុយ​គេង​​ពេល​ថ្ងៃ​ត្រង់ ត្រូវ​ការ​​សម្រាក​ពេល​ថ្ងៃ​ដូច​គ្នា​។ សរុប​មក​ ការ​គេង​ថ្ងៃ​ ទំនង​ជា​កម្មវិធី​ ដែល​ដាក់​ចេញ​មក​ពី​កំណើត ពី​ធម្មជាតិ​មនុស្ស។

ការ​សម្រាក​ថ្ងៃ មាន​ផល​ប្រយោជន៍​ច្រើន ៖ គេង​ថ្ងៃ​អាច​កាត់​បន្ថយ ​Stress អាច​ជួយ​ឱ្យ​មាន​និង​រក្សា​បាន​​​ការ​​ចងចាំ​​ល្អ និង​អាច​ផ្ទង់​អារម្មណ៍​បាន​នឹង​ ក្នុង​ការ​បញ្ចេញ​សកម្មភាព​ការងារ​ ឬ​គំនិត​ផ្តួច​ផ្តើម​ល្អ​ និង​ធ្វើ​ឱ្យ​មុខ​ងារ​ប្រព័ន្ធ​ប្រសាទ​មាន​លំនឹង​ល្អ​ឡើង​វិញ។ ដូច​គ្នា​នេះ​ដែរ សម្រាក​តែ​​ពីរ​ឬ​បី​នាទី ​ប៉ុណ្ណោះ អាច​នឹង​ធ្វើ​ឱ្យ​យើង​ស្ថិត​នៅ​ជា​មនុស្ស​មាន​​សភាព​រហ័ស​រហួន​ជានិច្ច​ ព្រោះ​តែ​បាន​សម្រាក​សូ្រប​យក​ថាមពល​មក​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​សរីរាង្គកាយ​ឡើង​វិញ​បាន។ អ្នក​ដែល​មាន​កាលវិភាគ​ការ​ងារ​មមាញឹក ជាប់​រដឹក​​ដល់​យប់​ជ្រៅ ការ​សម្រាក​ពេល​ថ្ងៃ​បន្តិច​បន្តួច​សោះ​ អាច​នឹង​ជួយបំពេញ​​​ដំណេក​ពេល​យប់​បាន​ពី​មួយ​ម៉ោង ទៅ​ពីរ​ម៉ោង ក្នុង​មួយ​ថ្ងៃ។

គ្មាន​ទេ​ក្បួន​ខ្នាត ឬ​វេជ្ជ​បញ្ជា​ពិសេស​ ប្រាប់​ពី​ រយៈ​ពេល​នៃ​ការ​គេង​ថ្ងៃ ! រយៈពេល​ដ៏​ប្រពៃ គឺ​អាស្រ័យទៅ​តាម​ពេល​វេលា​របស់​បុគ្គល​ម្នាក់ៗ។ ប៉ុន្តែ​ដើម្បី​ជា​​គោល​ សម្រាប់​ជួយ​លោក​អ្នក ការ​គេង​ថ្ងៃ​កំរិត​ស្តង់ដារ គឺ ២០​នាទី។ ប៉ុន្តែ​ជា​ថ្មី​ម្តង ចំនួន​ និង​រយៈ​ពេល​ ​គេង​​ថ្ងៃ​ អាស្រ័យ​ទាំង​ស្រុង​ទៅ​លើ​បុគ្គល​ម្នាក់ៗ ជួន​ទៅ​តាម​កាលវិភាគ​ការងារ ជួន​ទៅ​តាម​ការ​ចូល​ចិត្ត។

និយាយ​អំពី​​រៀប​គេង​ថ្ងៃ​វិញ ដំបូន្មាន​ដ៏​សំខាន់​បំផុត គឺ​ត្រូវ​ធ្វើ​ដោយ​សម្រួល​។ ប្រសិន​បើ​មិន​អាច​ទម្រេត​គេង​ ដោយ​ដាក់​ខ្នង​ផ្ទាល់​នឹង​កន្ទេល​ឬ​គ្រែ​បានទេ គេង​អង្គុយ​ក៏​បាន តែ​ខ្នង​ត្រូវ​ត្រង់​ បើ​អាច​ត្រូវ​យក​អ្វី​មក​ទល់​កល់​ខ្នង ដាក់​ក្បាល​សង្កត់​កើយ​ទៅ​ក្រោយក៏​បាន​ ផ្កាប់​មុខ​ក៏​បាន​។ ដៃ​និង​ជើង ត្រូវ​លា​ឱ្យ​ត្រង់​ កុំ​ក្រព័ទ្ធ​ ឬ​គង​ខ្វែង​គ្នា ហើយ​​ធ្មេចឬ​បិទ​ភ្នែក​សម្រាក​ចុះ។

អ្នក​និពន្ធ​សៀវភៅ​និយាយ​អំពី​ផល​ប្រយោជន៍​នៃ​ការ​គេង​ថ្ងៃ បាន​ថែម​ទាំង​ណែ​នាំ​ អំពី​របៀប​ដកដង្ហើម​ទៀត​ផង ៖ បន្ថយ​ល្បឿន​ស្រូប​និង​ដក​ដង្ហើម​បន្តិច​ម្តងៗ​ ទៅ​តាម​ល្បឿន​នៃ​ការ​​គិត​ និង​លា​សាច់​ដុំ​ ទាំង​អម្បាល​បាន​របស់​សរីរាង្គកាយ។

នៅក្នុង​យន្ត​ហោះ ក៏​ដូច​ជា​នៅ​ក្នុង​រថយន្ត​ ឬ​រថភ្លើង​ ឬ​នៅ​កន្លែង​ធ្វើ​ការ​ ការ​គេង​ថ្ងៃ​អាច​ធ្វើ​បាន​គ្រប់ពេល​ និង​គ្រប់​ទីកន្លែង​​ទាំង​អស់ សល់​តែ​មួយ​គឺ​ធ្វើ​យ៉ាង​ណា​បញ្ចុះ​បញ្ចូល​ឱ្យ​ថៅកែ ឬ​ប្រធាន​​ទទួល​ស្គាល់​និង​យល់​ព្រម​ថា គេ​ង​ថ្ងៃច្រើន​ ធ្វើ​ការ​បាន​ច្រើន​ និង​មាន​ប្រសិទ្ធិភាព ជា​ការ​ស្រេច​ហើយ​ !

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI