អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

«ជួយ​ខ្លួន​ឯង​មុន​នឹង​ឲ្យ​គេ​ជួយ»​គឺ​ជា​ទស្សនៈ​វិជ្ជា​ដ៏​មាន​តម្លៃ​សម្រាប់​សង្គម​ខ្មែរ!

សំឡេង ០៥:១២
រូប​ភាព​បង្ហាញ​ពី​អាគារ​ខ្ពស់​ទាប​នៅ​ទី​ក្រុង​ភ្នំ​ពេញ​
រូប​ភាព​បង្ហាញ​ពី​អាគារ​ខ្ពស់​ទាប​នៅ​ទី​ក្រុង​ភ្នំ​ពេញ​ RFI/Bona Pen
ដោយ៖ ប៉ែន បូណា
២៩ នាទី

ប្រទេស​មួយ​ដែល​ក្រីក្រ​ដូច​ជា​កម្ពុជា​ពិត​ជា​ត្រូវ​ការ​ចាំ​បាច់​នូវ​ជំនួយ​ពី​បរទេស​ដើម្បី​ស្តារ​និង​អភិវឌ្ឍន៍​គ្រប់​វិស័យ។​ ជំនួយ​បរទេស​គ្រប់​បែប​យ៉ាង​ដែល​គោល​ដៅ​ជួយ​ប្រទេស​នេះ​ឲ្យ​ចាក​ផុត​ពី​ភាព​ក្រីក្រ​សុទ្ធ​តែ​មាន​តម្លៃ​ និង​គួរ​ឲ្យ​គោរព។ ​ប៉ុន្តែ ​ការ​ព្យាយាម​ជួយ​ខ្លួន​ឯង​គឺ​ជា​រឿង​ដ៏​សំខាន់​មួយ​ទៀត​ដែល​កម្ពុជា​ត្រូវ​ខិត​ខំ​មុន​នឹង​ស្រែក​រក​ជំនួយ​ពី​ខាង​ក្រៅ។ ​ កិច្ច​ខិតខំ​ជួយ​ខ្លួន​ឯង​ បូក​ផ្សំ​ជាមួយ​ជំនួយ​ពី​ខាង​ក្រៅ​គឺ​ជា​ចលករ​ពីរ​ដែល​មិន​អាច​ខ្វះ​មួយ​ណា​បាន​ឡើយ។​ តើ​កម្ពុជា​មាន​ការ​ខិត​ខំ​ជួយ​ខ្លួន​ឯង​គ្រប់​គ្រាន់​ហើយ​ឬ​នៅ?

ផ្សាយពាណិជ្ជកម្ម

ចាប់​តាំង​ពី​កម្ពុជា​បើក​ចំហ​ទៅ​កាន់​ពិភព​លោក​ ជា​ពិសេស​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​ សហគមន៍​អន្តរជាតិ​បាន​ផ្តល់​ជំនួយ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ជា​រៀង​រាល់​ឆ្នាំ​ដើម្បី​ស្តារ​ប្រទេស​កម្ពុជា​ឡើងវិញ​ចេញ​ពី​ភាព​ខ្ទេច​ខ្ទាំ ​និង​ភាព​ក្រីក្រ​ដ៏​គួរ​ឲ្យ​សង្វេគ​ក្រោយ​ពី​របប​ខ្មែរ​ក្រហម។

បច្ចុប្បន្ន ​កម្ពុជា​កំពុង​ស្ថិត​នៅ​លើ​វិថី​នៃ​ការ​អភិវឌ្ឍ​ទាំង​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​សង្គម​ ទាំង​ស្មារតី​មនុស្ស ​និង​ទាំង​ប្រជា​ធិបតេយ្យ។ ​ទាំង​នេះ​ពិត​ជា​មិន​អាច​កាត់​ផ្តាច់​បាន​ឡើយ​ពី​ខិត​ខំ​ការ​ជួយ​ខ្លួន​ឯង​ផង​ និង​ពី​ជំនួយ​បរទេស​ផង។ ​សហគមន៍​អន្តរជាតិ​ក៏​នៅ​តែ​តាំង​ចិត្ត​ជួយ​កម្ពុជា​ជា​បន្ត​ទៀត​ក្នុង​គ្រប់​វិស័យ។ ​ប៉ុន្តែ ​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា ​នៅ​មិន​ទាន់​បាន​ខិត​ខំ​ជួយ​ខ្លួន​ឯង​ឲ្យ​អស់​លទ្ធភាព​នៅ​ឡើយ​ទេ។​ ផ្ទុយ​ទៅ​វិញ​ ការ​ពឹង​ពាក់​លើ​ជំនួយ​បរទេស​ហាក់​បាន​ក្លាយ​ជា​ជំងឺ​មួយ​ទៅ​វិញ។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ ​មាន​ជន​បរទេស​មួយ​ចំនួន​ប្តូរ​ផ្តាច់​ជួយ​ខ្មែរ​ដោយ​គ្មាន​លក្ខខណ្ឌ។​ ជាក់​ស្តែង​ លោក​វេជ្ជ​បណ្ឌិត ​Beat Reachner​ ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​ ដែល​ជា​ជនជាតិ​ស្វីស​សោះ ​ប៉ុន្តែ ​លោក​បាន​ដើរ​កូដ​វីយូឡុង​នៅ​គ្រប់​ច្រក​ល្ហក​នៃ​ពិភព​លោក​ដើម្បី​ប្រមូល​ប្រាក់​ជា​ច្រើន​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​យក​មក​ព្យាបាល​កុមារ​កម្ពុជា​រាប់លាន​នាក់​ដោយ​ឥត​គិត​ថ្លៃ។

ក្រៅ​ពី​នេះ​ក៏​នៅ​មាន​ជន​បរទេស​មួយ​ចំនួន​ទៀត​បាន​ខិត​ខំ​ធ្វើ​សកម្មភាព​ជួយ​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្នុង​វិស័យ​ជា​ច្រើន​ទៀត ​ដូច​ជា​វិស័យ​អប់រំ ​សន្តិសុខ​ស្បៀង ​និង​ការពារ​ធនធាន​ធម្មជាតិ​ជា​ដើម។​ ផ្ទុយ​ទៅ​វិញ​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ខ្លះ ​និង​អ្នក​ជំនួញ​ធំ​ៗ​មួយ​ចំនួន​ដែល​ជា​ជន​ជាតិ​ខ្មែរ​បែរ​ជា​ឃុបឃិត​គ្នា ​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ​របស់​ខ្លួនឯង​ដើម្បី​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទៅ​វិញ។​ ត្រឹម​តែ​ការ​គ្រប់​គ្រង​ឲ្យ​បានល្អ​នូវ​ធន​ធាន​ធម្មជាតិ​ទាំង​ក្នុង​ដី ក្នុង​ទឹក ​និង​ធនធាន​ព្រៃឈើ​ ក៏​កម្ពុជា​អាច​ទាញ​យក​ប្រាក់​ចំណេញ​ជាច្រើន​ចូល​ក្នុង​ថវិកា​ជាតិ​បាន​ដែរ។ ​ក្រៅ​ពី​នោះ ​ការ​បិទ​ខ្ទប់​មិន​ឲ្យ​ធ្លុះ​ធ្លាយ​ថវិកា​ជាតិ​ចូល​ក្នុង​ហោប៉ៅ​បុគ្គល​ក៏​ជា​ប្រភព​សន្សំ​ប្រាក់​យ៉ាង​សន្ធឹក​សន្ធាប់​ផង​ដែរ។

ពេល​ខ្លះ​ទៀត​ ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ កំពុង​តែ​ស្ថិត​ក្នុង​ស្ថាន​ភាព​«ក្រ​តែ​ហៀរ​គ្រប»​ ពោល​គឺ​ ប្រទេស​ជាតិ​ក្រ​មែន​ តែ​បុគ្គល​ជា​ច្រើន​ដែល​ជា​មន្ត្រី​ធំ​ៗ​បែរ​ជា​សម្បូរ​ប្រាក់​ហូរ​ហៀរ​ចាយ​មិន​អស់។ ​ពួក​គេ​បាន​ចំណាយ​ប្រាក់​ទាំង​នោះ​ដូច​ក្រដាស់​ទៅ​លើ​ពិធី​ផ្សេង​ៗ​ ដូច​ជា​ពិធី​ជប់​លាង ​អាពាហ៍​ពិពាហ៍ ​ខួប​កំណើត​ ឡើង​គេហដ្ឋាន​ ជា​ដើម។ ​ក្នុង​ពិធី​ទាំង​នោះ ​ម្ហូប​អាហារ​ថ្លៃ​ៗ​ត្រូវ​បាន​ចាក់ចោល​ខណៈ​ដែល​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ខ្វះ​ចំណី​អាហារ​ ខ្វះ​ថវិកា​ព្យាបាល​ជំងឺ ​និង​ខ្វះ​ទី​ជម្រក។​ ភាព​ខ្ជះ​ខ្ជាយ​ក៏​កើត​មាន​ដែរ​នៅ​រដ្ឋបាល​សាធារណៈ​ដូច​ជា​ ប្រេង​សាំង​ អគ្គិសនី​ និង​ទឹក​ជា​ដើម។

និយាយ​ពី​ជំនួយ​បរទេស​វិញ ​ជា​ទូទៅ ​រដ្ឋបាល​សាធារណៈ​ចូល​ចិត្ត​តែ​ជំនួយ​ជា​លុយ​កាក់​ដែល​អាច​ផ្តល់​កម្រៃ​បន្ថែម​ដល់​ពួក​គេ។ ​ចំណែក​ជំនួយ​ជា​បច្ចេកទេស​សុទ្ធ​សាធ​ដែល​គ្មាន​ភ្ជាប់​ថវិកា​ជាមួយ​ មិន​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ទេ។ ​ការ​សម្លឹង​ឃើញ​តែ​ផល​ប្រយោជន៍​បែប​នេះ​បាន​ធ្វើ​ឲ្យ​ម្ចាស់ជំនួយ​មួយ​ចំនួន​ខក​ចិត្ត​ ហើយ​បង្វែ​ជំនួយ​នោះ​ទៅ​ប្រទេស​ផ្សេង​វិញ។ ​មាន​គម្រោង​ខ្លះ​បាន​រលាយបាត់​ទៅ​វិញ​បន្ទាប់​ពី​អស់​ជំនួយ។ ​នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​ពឹង​ផ្អែក​តែ​លើ​ជំនួយ​ដោយ​មិន​បាន​រៀន​សូត្រ​ពី​ម្ចាស់​ជំនួយ​ឡើយ។

ទាំង​អស់​នេះ​គ្រាន់​តែ​ជា​ឧទាហរណ៍​ខ្លះ​ៗ​ក្នុង​ចំណោម​បញ្ហា​រាប់រយ​ជំពូក​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​ ខ្មែរ​មិន​ទាន់​ជួយ​ខ្លួន​ឯង​ឲ្យ​អស់​លទ្ធភាព​នៅ​ឡើយ​ទេ។ ​ដូច្នេះ​ នៅ​មាន​កិច្ចការ​ជា​ច្រើន​ទៀត​ដែល​ពលរដ្ឋ​ខ្មែរ​គ្រប់​លំដាប់​ថ្នាក់​ជា​ពិសេស​ថ្នាក់​ដឹកនាំ​តែ​ម្តង​ត្រូវ​បង្ហាញ​ថា​កម្ពុជា​ជួយ​ខ្លួន​ឯង​ឲ្យ​អស់​លទ្ធភាព​មុននឹង​ស្វែង​រក​ជំនួយ​ពី​ខាង​ក្រៅ។​ កិច្ចការ​សំខាន់​ជាង​គេ​គឺ​ត្រូវ​ខិត​ខំ​រក​វិធី​យ៉ាង​ណា​ដើម្បី​បិទ​កញ្ជើ​របស់ខ្លួន​ឲ្យ​ជិត​កុំ​ឲ្យ​ធ្លុះ​តទៅ​ទៀត​ពីព្រោះ​បើ​វា​ធ្លុះ ​ទោះ​ជា​គេ​ខំ​ជួយ​យ៉ាង​ណា​ក៏​មិន​សូវ​បាន​ផល​ដែរ។

ម្យ៉ាង​ទៀត​ ការ​បណ្តុះ​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ​គឺ​ជា​រឿង​សំខាន់​មួយ​ទៀត​ពោល​គឺ​ ខ្មែរ​ត្រូវ​ស្រឡាញ់​ប្រទេសជាតិ​និង​ជន​ជាតិ​ខ្មែរ​គ្នា​ឯង​ឲ្យ​បាន​ច្រើន​ជាង​ជន​ជាតិ​ដទៃ​ស្រឡាញ់​ខ្មែរ។​ និយាយ​ជារួម​ នេះ​ជា​ដំណាក់​កាល​ដែល​ខ្មែរ​ត្រូវ​«ជួយ​ខ្លួន​ឯង​ជា​មុន​សិន​មុន​នឹង​ដង្ហោយ​រក​ជំនួយ​ពី​អ្នក​ដទៃ»​។ ​ម្យ៉ាង​ទៀត ការ​រៀន​សូត្រ​ពី​ម្ចាស់​ជំនួយ​គឺ​ជា​កិច្ចការ​សំខាន់​មួយ​ទៀត។​ ប្រសិន​បើ​មិន​ដូច្នោះ​ទេ ​ម្ចាស់​ជំនួយ​នឹង​អស់​ទឹក​ចិត្ត​ជា​មិន​ខាន។ ​ធ្ងន់ធ្ងរ​ជាង​នេះ ​នៅ​ពេល​អស់​ជំនួយ ​កម្ពុជា​ច្បាស់​ជា​ជួប​បញ្ហា​ធំធេង​ពិបាក​ដោះស្រាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ