អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

ហ្វ្រង់ស័រ ​ហូឡង់៖ ​អ៊ីស្រាអែល​មាន​សិទ្ធិ​ការពារ​ខ្លួន​ប៉ុន្តែ​ក៏​ត្រូវ​មាន​ភាព​អត់ធ្មត់​ដែរ

កងទ័ព​ជើងគោក​អ៊ីស្រាអែល​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្បែរ​ព្រំដែន​ហ្កាហ្សា
កងទ័ព​ជើងគោក​អ៊ីស្រាអែល​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្បែរ​ព្រំដែន​ហ្កាហ្សា REUTERS/Finbarr O'Reilly
ដោយ៖ សេង ឌីណា
១៨ នាទី

គិតត្រឹម​ល្ងាច​ថ្ងៃ​ចន្ទ អ៊ីស្រាអែល​នៅតែ​បន្ត​ធ្វើការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​ទៅលើ​ទឹកដី​ហ្កាហ្សា​របស់​ប៉ាឡេស្ទីន បើទោះបី​ជា​មាន​ការ​អំពាវនាវ​ពី​សហគមន៍​អន្តរជាតិ​ឲ្យ​មាន​បទ​ឈប់បាញ់។ លោក​ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតី​បារាំង​បាន​លើកឡើង​ថា អ៊ីស្រាអែល​មាន​សិទ្ធិ​ការពារខ្លួន​​ក៏ប៉ុន្តែ​ក៏​ត្រូវ​បង្ហាញ​នូវ​ភាព​អត់ធ្មត់​ជាអតិបរមាផងដែរ។

ផ្សាយពាណិជ្ជកម្ម

មន្រ្តី​ជាន់ខ្ពស់​អ៊ីស្រាអែល​បាន​អះអាង​ថា នៅ​ពេលនេះ អ៊ីស្រាអ៊ែល​មិន​​ទាន់​ចង់​និយាយ​ដល់​បទឈប់បាញ់​នៅឡើយ​ទេ ពីព្រោះ​ អ៊ីស្រាអែល​ចង់​វាយកម្ទេច​រចនាសម្ព័ន្ធ​យោធា​របស់​ក្រុម​ហាម៉ាស់​ជាមុនសិន ដើម្បី​ចៀសវាង​កុំ​ពួកគេ​អាច​ធ្វើការ​បាញ់​ផ្លោង​រ៉ុកកែត​លើ​អ៊ីស្រាអែល​​សាជាថ្មី​ទៀត​នៅ​ថ្ងៃ​ខាងមុខ។ រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​អ៊ីស្រាអែល បាន​លើកឡើង​ថា នៅពេលណា​ដែលអ៊ីស្រាអែល​អាច​សម្រេច​បាន​គោលដៅ​នេះ​ហើយ ទើប​អ៊ីស្រាអែល​និយាយ​ដល់​ការចរចា​ឈប់បាញ់។

ក៏ប៉ុន្តែ បើ​តាម​ការផ្សាយ​របស់​វិទ្យុ​អ៊ីស្រាអែល គណៈរដ្ឋមន្រ្តី​អ៊ីស្រាអែល ដែល​ជួប​ប្រជុំ​គ្នា កាល​ពី​យប់ថ្ងៃ​អាទិត្យ មិនបាន​សម្រេច​បើក​ប្រតិបត្តិការ​ជើងគោក​វាយលុក​ចូល​ក្នុង​ទឹកដី​ហ្កាហ្សា​នៅឡើយទេ។

គួរបញ្ជាក់ថា លោក​បាន គីមូន អគ្គលេខាធិការ​អ.ស.ប បាន​អំពាវនាវ​ដោយ​ទទូច​ឲ្យ​អ៊ីស្រាអែល​លុបចោល​ផែនការ​បើក​ប្រតិបត្តិការ​ជើងគោក​នៅ​ហ្កាហ្សា ដែល​អាច​នឹង​បង្ក​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ប្រជាជន​ប៉ាឡេស្ទីន។ លោក​បាន​បន្ថែម​ថា នៅ​ពេល​នេះ ប្រជាជន​ស៊ីវិល​ប៉ាឡេស្ទីន​ច្រើន​ពេក​ហើយ ដែល​ត្រូវ​បាត់បង់​ជីវិត។
 

អ៊ីស្រាអែល​មាន​សិទ្ធិ​ការពារខ្លួន ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា អ៊ីស្រាអែល​ក៏​ត្រូវ​មាន​ភាព​អត់ធ្មត់ផងដែរ

ប្រសាសន៍​របស់​លោក​ហ្វ្រង់ស័រ ហូឡង់

លោក​ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតី​បារាំង ក៏​បាន​អំពាវនាវ​​ដែរ​ឲ្យ​មាន​បទ​ឈប់​បាញ់​ជា​បន្ទាន់​មួយ​ នៅ​ដើមបូព៌ា​នេះ។ នៅ​ក្នុង​បទសម្ភាសន៍ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ​បារាំង នៅថ្ងៃ​ចន្ទ ១៤​កក្កដា លោក​ហ្វ្រង់ស័រ ហូឡង់ បាន​លើកឡើង​ថា អ៊ីស្រាអែល​មាន​សិទ្ធិ​ការពារ​ខ្លួន ប្រសិនបើ​អ៊ីស្រាអែល​ទទួល​រង​ការ​វាយប្រហារ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា អ៊ីស្រាអែល​ក៏​ត្រូវ​តែ​ប្រកាន់​នូវ​ភាព​អត់ធ្មត់​ជា​អតិបរមាផងដែរ។

លោក​ម៉ះមូដ អាបាស់ ប្រធានអាជ្ញាធរ​ប៉ាឡេស្ទីន​បាន​ឲ្យដឹង​ថា លោក​បាន​ស្នើសុំ​ឲ្យ​លោក​បាន គីមូន ដាក់​ប៉ាឡេស្ទីន​ក្រោម​កិច្ចការពារ​អន្តរជាតិ ក្នុង​ក្របខ័ណ្ឌ អ.ស.ប ដើម្បី​ដោះស្រាយ​ជម្លោះ នៅ​តំបន់​ហ្កាហ្សា។

នៅថ្ងៃ​ចន្ទ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​ប៉ាឡេស្ទីន ដែល​មាន​ទីតាំង​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ បាន​អះអាង​ថា ចាប់តាំង​ពី​អ៊ីស្រាអែល​បើក​ប្រតិបត្តិការ​យោធា​លើ​តំបន់​ហ្កាហ្សា​មក មាន​ជនស៊ីវិល​យ៉ាងតិច ១៣០នាក់​ហើយ ដែល​​ត្រូវ​បាត់បង់​ជីវិត ក្នុងនោះ មាន​​ស្រ្តី ២៦នាក់ និង​កុមារ ៣៥នាក់។ ចំណែក​នៅ​ខាង​អ៊ីស្រាអែល​វិញ គេ​មិនឃើញ​មាន​របាយការណ៍ អំពី​ចំនួន​អ្នក​ស្លាប់ និង​របួស​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ