ហុងកុង

ហុងកុង​ស្គាល់​ភាព​តាន​តឹង​ថ្មី បន្ទាប់​ពី​ប៉ូលិស​អស់​អំណត់

ប៉ូលិស​ហុងកុង​ ក្រោយ​ពេល​ប៉ះទង្គិច​ជាមួយ​នឹង​ក្រុម​បាតុករ​គាំទ្រ​ប្រជាធិបតេយ្យ ថ្ងៃទី ១៤​តុលា ២០១៤
ប៉ូលិស​ហុងកុង​ ក្រោយ​ពេល​ប៉ះទង្គិច​ជាមួយ​នឹង​ក្រុម​បាតុករ​គាំទ្រ​ប្រជាធិបតេយ្យ ថ្ងៃទី ១៤​តុលា ២០១៤ Reuters/路透社

មាន​យ៉ាង​ហោចណាស់​និស្សិត​៤៥​នាក់ ត្រូវ​ចាប់ខ្លួន ​! ឥរិយាបថ​ប៉ូលិសហុងកុង​ ដែល​ធ្លាប់​តែ​ចៀសវាង​មិន​ប្រើ​អំពើ​ហិង្សា​ខ្លាំងពី​មុន​មក​ កំពុង​រងការ​រិះគន់​យ៉ាង​ខ្លាំង ! នៅ​យប់​ថ្ងៃ​អង្គារ​ឆ្លង​មក​ថ្ងៃ​ពុធ​ទី ១៥​តុលា នេះ ប៉ូលិស​​ជា​ច្រើន​រយ​នាក់​ បាននាំ​គ្នា​ទៅ​​​គាស់​រំលើង​ក្រុម​និស្សិត​ ​ដែល​បន្ត​បោះ​​ទី​តាំងបិទ​ខ្ទប់​​ផ្លូវ​ថ្នល់​ក្បែរ​អគារ​រដ្ឋ រហូត​មាន​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ហិង្សា​ មិន​ធ្លាប់​ឡើយ​គិត​ចាប់​ពី​ចលនា​និស្សិត​ផ្តើម​ធ្វើ​បាតុកម្ម​មក។

ផ្សាយពាណិជ្ជកម្ម

ប៉ូលិស​ដែល​ជាប់​សង្ស័យ​ថា​បាន​ប្រើ​កម្លាំង​ហិង្សា​ ត្រូវ​បាន​ព្យូរ​ពីការងារ បន្ទាប់​ពី​មាន​ផ្សព្វផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​​ហុងកុង​បង្ហាញ​រូប​ភាព​ប៉ូលិស​ស៊ីវិល៦​​នាក់​ ដាក់​ខ្មោះ​និង​អូស​បាតុករម្នាក់​ទីណាត់​ទីណែង។ បន្ទាប់​ពី​បាន​​បង្ក្រាប​ខ្ទប់​នឹង​ដី ប៉ូលិស​ម្នាក់​ជាន់​ពី​លើ​ផង​ ដាល់​ផង ហើយ​ប៉ូលិស​បី​នាក់​ផ្សេង​ទៀត​ នាំ​គ្នា​ទាត់។ ឆាក​ឈុត​នេះ​មាន​ រយៈ​ពេល​ប្រមាណ​បួន​នាទី។ នេះ​បើ​តាម​ទូរទស្សន៍​ហុងកុង​ដដែល។

 

​កង​កម្លាំង​ប៉ូលិស​ជា​ច្រើន​រយ​នាក់​ បាន​គាស់​រំលើង​ការ​រនាំង​បាតុករ​ ដែល​បាន​ផ្តុំ​គ្នា​បិទ​​ខ្ទប់​ដង​ផ្លូវ Lung Wo Road ​ ក្បែរ​អគារ​ជា​ការិយាល័យ​រដ្ឋាភិបាល​ដ៏​សំខាន់ៗ។ បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​គ្នា​អស់​មួយ​ម៉ោង ប៉ូលិស​ហុងកុង​បានគ្រប់​គ្រង​ទាំង​ស្រុង​​ដង​ផ្លូវ​នោះ។

ប៉ូលិស ដែល​មាន​ពាក់​មួក​ការពារ ខែល​ប្រឆាំង​នឹង​អំពើ​ហិង្សា បាន​រុញ​ច្រាន​ហ្វូង​បាតុករ​​ដោយ​វាយ​នឹង​ព្រនង់​ នឹង​ដំបង ព្រមទាំងបាញ់​​ផ្សែង​ម្រេចបង្ហូរ​​ទឹក​ភ្នែកទៀត។ កាលពី​ព្រលប់​ថ្ងៃ​អង្គារ​ ប៉ូលិស​បាន​ប៉ុនប៉ង​បំបែង​ហ្វូង​បាតុករ​ម្តង​ហើយ។ តែ​នៅ​ពេល​ប៉ូលិស​ដក​ថយ​ បាតុករ​ក៏​​នាំ​គ្នា​បង្ឃាំង​រុក្ខ​វិថី​ដែល​ជាច្រក​ផ្លូវ​ដ៏​សំខាន់​របស់​ក្រុង​ និង​មិន​ធ្លាប់រំខាន​ដោយ​បាតុកម្ម​ពី​មុន​មក​ទេ។ បាតុករ​ជ្រើសរើស​បិទ​ខ្ទប់​ផ្លូវ​នេះ ដើម្បី​ព្រមាន​​រដ្ឋាភិបាល​ដែល​មិន​ព្រម​ចរចា ដោយ​ស្មោះត្រង់។

ប៉ុន្តែ​កម្លាំង​បាតុកម្ម​​បិទ​ខ្ទប់​សង្កាត់​ជា​ច្រើន​នៅ​ហុងកុង​ ហាក់​កំពុង​ត្រដរ​ខ្យល់​។ ចំណែក​ចិន​វិញ ដែល​តែង​រិះគន់​​បាតុកម្មនៅ​ហុងកុង​​ជារហូត​មក ដោយ​មិន​លូក​ដៃ​ផ្ទាល់​នោះ បាន​បញ្ជាក់​ជា​ថ្មី​នៅ​ថ្ងៃ​ម្សិលមិញ ថា​បាតុកម្ម​និស្សិត ជា​​​ចលនា​ខុស​ច្បាប់ ផ្តល់​ផល​អាក្រក់​ដល់​ពាណិជ្ជកម្ម​ និង​ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​ហុងកុង។

បើ​តាម​ប្រភព​ស្និទ្ធ​នឹង​រដ្ឋ​អំណាច​ប៉េកាំង​ បក្ស​កុម្មុយនិស្ត​ចិនយល់​ថា​ បាន​ធ្វើ​សម្បទាន​គ្រប់​គ្រាន់​សម្រាប់​ហុងកុង​ ​ ! ​ព្រម​ចរចា​ជា​មួយ​មេ​ដឹកនាំ​ចលនា​Occupy Central  គឺ​ជា​លះបង់​មួយ​ស្រេច​ទៅ​ហើយ។ កាលពី​ដើម​ខែ​ ក្នុង​ពេល​ប្រជុំ​គណៈកម្មការ​សន្តិសុខ​ជាតិ​ដឹកនាំ​ដោយ​ ប្រធានាធិបតី​ លោក ស៊ី ជិនពីង បាន​សម្រេច​មិន​ឆ្លើយ​តប​តាម​ការ​ទាមទារ​រ​បស់​បាតុករ​ឡើយ ដោយ​ចិន​រក្សា​គំនិត​តែ​មួយ គឺ​មិន​ឱ្យ​មាន​ជំងឺ​ឆ្លង​ យកហុងកុង​ជា​គំរូ បង្កើត​ជា​ទាមទារ​​ធ្វើ​កំណែទម្រង់​នៅ​តាម​​តំបន់​ផ្សេងៗ​ទៀត​របស់​ចិន​ដីគោក៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI