ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបាន​ជា​គេ​គិត​ថា​សភា​ហុងកុងបើក​​អាណត្តិ​ថ្មី​ក្នុង​​សភាព​ពុះ​កញ្ជ្រោល​ខ្លាំង ?

សំឡេង ០៥:០៧
ឆ័ត្រ​តំណាង​ចលនា​ឆ័ត្រ​របស់​និស្សិត​បះបោរ​នៅ​ហុងកុង
ឆ័ត្រ​តំណាង​ចលនា​ឆ័ត្រ​របស់​និស្សិត​បះបោរ​នៅ​ហុងកុង REUTERS/Tyrone Siu

ពីរ​ឆ្នាំ​ក្រោយការ​ផ្តើម​​ចលនា​​បាតុកម្មនិស្សិត​បះបោរ​ ដើម្បី​ប្រជាធិបតេយ្យ​នៅ​ហុងកុង ដែល​មាន​ងារ​ចលនាឆ័ត្រ​​មក ពេល​នេះ​​ ហុងកុង​កំពុង​ត្រៀម​ខ្លួន​ចូល​ប្រលូក​ក្នុង​សមរភូមិ​នយោបាយ​​មិន​ប្រាកដ​ប្រជាមួយ។ អ្នក​ប្រជាធិបតេយ្យ​ ឬ​អតីត​ក្រុម​ចលនា​បះបោរ ដែល​នឹង​ចូល​​ទៅ​អង្គុយ​ក្នុង​អាសនៈ​សភា មិន​ច្រានចោល​ឡើយ​ពាក្យ​ថា “ទាមទារ​ឯករាជ្យ” ឱ្យ​ហុងកុង​​ពី​ចិនប៉េកាំង។

ផ្សាយពាណិជ្ជកម្ម

ហុងកុង ដែល​ជាប់​ក្នុង​​អាណានិគម​អង់គ្លេសអស់​ជាង​មួយ​សតវត្សរ៍កន្លះ (១៥៥ឆ្នាំ) ​ទើប​ប្រគល់​មក​ចិន​វិញ​នៅ​ឆ្នាំ​១៩៩៧ ជាមួយ​នឹងកិច្ចព្រមព្រៀង​ផ្តល់​សេរីភាពដល់​កោះ​នេះ ដោយ​ឈរ​លើ​គោលការណ៍​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ រហូត​ដល់​ឆ្នាំ​២០៤៧។

ប៉ុន្តែ​បន្តិចម្តងៗ ប្រជាពលរដ្ឋ​ហុងកុង មាន​អារម្មណ៍​​ថា​ចិន​ប៉េកាំងក្តោប​អំណាច​កាន់​តែតឹង​​ឡើងៗ ការ​គំរាម​កំហែង​សេរីភាពខ្លាំង​​ទៅៗ រហូត​ដល់ថ្ងៃ​ទី ២៨​កញ្ញា ឆ្នាំ​២០១៤​ ការ​បះបោរ​ ដើម្បី​ប្រជាធិបតេយ្យ​បាន​ផ្ទុះ​ឡើង​ និង​រាល​ទៅ​ជា​អំពើ​ហិង្សា រងការ​បង្ក្រាប​យ៉ាង​​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន។
ទោះ​បី​ចលនា​បាតុកម្ម​បាន​ចាប់​ផ្តើម​ដោយមាន​កម្លាំង​ប្រមូល​ផ្តុំ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ និងជាទូទៅ​​ដោយ​សន្តិវិធី ​​ ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​រៀប​ចំ​បោះឆ្នោត​ជា​សកល​និង​ដោយ​សេរីពិតៗ ក្នុង​ការ​ជ្រើសរើស​ប្រមុខ​រដ្ឋាភិបាល​ហុងកុងនៅ​ឆ្នាំ​២០១៧​​ក្តី ក៏​ប៉េកាំង​មិន​រង្គើ​ធ្វើ​សម្បទាន​សូម្បី​តែ​បន្តិច​ក៏​គ្មាន​ឡើយ។ ក្រុម​អ្នក​បះបោរ​ បាន​ចោទសួរ​ខ្លួន​ឯង​អំពី​ប្រសិទ្ធភាព​នៃ​សកម្មភាព​ទាមទារ​​របស់​ពួក​គេតាម​រយៈ​ការ​ធ្វើ​បាតុកម្ម​។ ហើយ​តាមការ​កាត់​យល់​ខ្លឹមសារ​នៃ​ចម្លើយ សារ​របស់​ពួក​គេ​គឺ​ការ​​ផ្តាច់​ខ្លួន បែប​អ្នក​ជ្រុល​និយម​។

ពីរ​ឆ្នាំ​ក្រោយ​ ពោល​គឺ​ កាលពី​ដើម​ខែ​កញ្ញាឆ្នាំ​២០១៦​នេះ ហុងកុង​បាន​រៀប​ចំ​ការ​បោះឆ្នោត​សភា​ ដែល​ជា​ការ​បោះឆ្នោត​ដ៏​សំខាន់​លើក​ដំបូង​គិត​ចាប់​តាំង​ហុងកុង​បាន​ស្គាល់​ចលនា​បះបោរ​ហិង្សា​មក ដោយ​បានអនុញ្ញាត​ឱ្យ​ក្រុម​អ្នក​ប្រជាធិបតេយ្យ-ក្រុម​អ្នក​ឯករាជ្យ​និយម​មាន​អាសនៈ​នៅ​ក្នុង​សភា។​ មាន​សមាជិក​សភា​ ទើប​ជាប់​ឆ្នោត​ជា​ថ្មី​ យ៉ាង​ហោច​ណាស់​៥​រូប បាន​ ចង់​ទាមទារ​ស្វ័យភាព​ ឬ​ឯករាជ្យ​ហុងកុង​ពី​ចិន​តែ​ម្តង​ផង។ ការ​ទាមទារ​ឯករាជ្យ​ដែល​ជា​ពាក្យ​មិន​ធ្លាប់​មាន​ប្រើ​ គ្មាន​នរណា​បញ្ចេញ​សោះ​កាលពី​មុន​ឆ្នាំ​២០១៤ ឬ​សម្រាប់​ពិភពលោក​អ្នក​ប្រជាធិបតេយ្យ​ទូទៅ និង​ជា​ពាក្យ​ចម្លែកមិន​ធ្លាប់​មាន​ក្នុង​ប្រពៃណី​អ្នក​ប្រជាធិបតេយ្យ​បូរាណ​ឡើយ។

ក្នុង​វ័យ​ទើប​តែ​២៣​ឆ្នាំ ណាតង់ ឡាវ ប្រមុខ​ចលនា​បះបោរ​និស្សិត​ម្នាក់ ឬ​ចលនា​ឆ័ត្រ​ ដែល​បាន​ជាប់​ឆ្នោត​ក្លាយ​​ជា​សមាជិក​សភា​ថ្មី​ស្រឡាង ក្លាយ​ជា​សមាជិក​​ក្នុង​រង្វង់​ក្រុមប្រឹក្សា​ច្បាប់ និង​ត្រូវ​ចូល​កាន់​តួនាទី​ ជា​ផ្លូវការ​នៅ​ពាក់​កណ្តាល​ខែ​តុលា​ខាង​មុខ ​និងជា​តំណាង​រាស្ត្រ​ក៏​ក្មេង​ជាង​គេ​បំផុត​​នៅ​ហុងកុង។ ណាតង់​ ឡាវ បាន​ប្រកាស​ថា​មិន​ទាមទារ​ឯករាជ្យ​ទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​ហុងកុង​ត្រូវ​តែ​មាន​​អំណាច​ជ្រើសរើស​អនាគត​​របស់​ខ្លួន ហើយ​ ឯករាជភាព​ជា​ជម្រើស​មួយ។

ចំណែក​បក្ស​Demosisto​ បក្ស​ទើប​បង្កើត​ថ្មី​ដោយ​លោក Joshua Wong តំណាង​មេ​ដឹកនាំ ចលនា​បាតុកម្ម​ឆ្នាំ​២០១៤​ម្នាក់​ទៀត ដែលហួស​ចិត្ត​ខ្លាំង​នឹងជំហររឹង​ស្តូក​របស់​អាជ្ញាធរ​ បាន​ទាមទារ​សុំ​ស្វ័យតភាព​ឱ្យ​ហុងកុង​បាន​កាន់​តែ​ធំ តែ​មិន​បដិសេធ​ទាំង​ស្រុង​លទ្ធភាព​ស្នើ​សុំ​ឯករាជភាព​ទាំង​ស្រុង​ពី​ប៉េកាំង​ឡើយ។

តំណាង​សភា​ ជា​អ្នក​បរិស្ថាននិយម​ អេឌី ជូ ដែល​មាន​ជំហរ​នយោបាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​បំផ្លិច​បំផ្លាញ​​មរតក​ស្ថាបត្យកម្ម​ និង​ជំនួញ​អចលនទ្រព្យ​ហុងកុង​វិញ​ និង​ទើប​ជាប់​ឆ្នោត​សភា​ជាថ្មី​ម្តង​ទៀត​វិញ យល់​ថា ដល់​វេលា​ដែល​ហុងកុង​ត្រូវ​ទាមទារ​សិទ្ធិ​ស្វ័យតភាពហើយ ព្រោះ​ធ្វើ​អ្វីក្រៅ​ពី​នេះ​ ​ចាញ់​ទាំង​អស់។ “​ពី​ការ​ប្តូរ​រដ្ឋធម្មនុញ្ញ ​ដល់​ការ​ទាមទារ​ឯករាជ្យ​” អេឌី ជូ​ អាច​ទទួល​បាន​គ្រប់​យ៉ាង។ ​ទស្សនៈដាច់ខាត​​របស់​សមាជិក​សភា​រូប​នេះ បាន​ទទួល​សំណងជា​ការ​គំរាម​សម្លាប់​ ហើយ​ត្រូវ​បង្ខំ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង និង​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការពារ​ពី​ប៉ូលិស។

សមាជិក​សភា​ហុងកុង​ថ្មី ​ជា​ប្រជាធិបតេយ្យ​ និង​ជា​អ្នក​ទាមទារ​ឯករាជ្យ​ កំពុង​បោះ​ជំហាន​ចូល​​សង្វៀន​នយោបាយ ដែលអាជ្ញាធរ​ក្រុង​ប៉េកាំង​​បាន​ព្រមាន​រួច​ជា​ស្រេច​ មិន​អនុគ្រោះ​ឱ្យ​​មាន​កា​រពិភាក្សា​អំពី​ឯករាជភាព​ហុងកុង​ នៅ​ក្នុង​ និង​ក្រៅ​រង្វង់​សភាឡើយ។
រដ្ឋាភិបាល​ហុងកុង​បច្ចុប្បន្ន​ដែល​ជាប់​ចោទ​ថា​ជា​កូន​អុក​របស់​ប៉េកាំង បានធ្វើ​គ្រប់​យ៉ាង​ហាមឃាត់​មិន​ឱ្យ​អ្នកទាមទារ​ឯករាជ្យខ្លាំង​ ឈរ​ឈ្មោះ​បោះឆ្នោត​សភា​ទេ។ ហើយ​​ប្រព័ន្ធ​បោះឆ្នោត​ បាន​សម្រួល​​ឱ្យ​ចរន្ត​នយោបាយ​​​ស្និទ្ធ​នឹង​ប៉េកាំង​​មានសំឡេង​ភាគ​ច្រើន​ជា​និច្ច​នៅ​ក្នុង​សភា ​៤០​អាសនៈ ទល់​នឹង​បក្ស​ប្រជាធិបតេយ្យ​យ៉ាង​ច្រើន​បំផុត​ត្រឹម​៣០​ប៉ុណ្ណោះ។

ក្រុម​អ្នក​ប្រជាធិបតេយ្យ​ចង់​បាន​ឯករាជ្យ​បាន​សន្យា​ថា​នឹង​បន្ទន់​ជំហរ​នៅ​ពេលចូល​ធ្វើ​ការ​ក្នុង​សភា ប៉ុន្តែ​អ្នក​វិភាគ​​ប្រមើល​ឃើញថា​សភាហុងកុង​មាន​ភាព​ពុះ​កញ្ជ្រោល​ខ្លាំង​នៅ​ឆ្នាំ​ដំបូង ដោយ​ចៀស​មិន​ផុត​ឡើយ។ អ្នក​ចង់​ទាមទារ​ឯករាជ្យ​នឹង​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ការពារ​ជំហរ​ខ្លួន ឯសមាជិក​ផ្សេង​ទៀត​​នឹង​រួបរួម​គ្នា​ប្រឆាំង​នឹង​ឆន្ទៈ​ឯករាជ្យនិយម ចំណែក​សមាជិកសភា​ថ្មីជា​អ្នក​ប្រជាធិបតេយ្យ​អាច​នឹង​​អំពាវនាវ​ឱ្យ​មាន​ការ​ចុះថ្នល់​ជា​ថ្មី ប្រសិនបើ​សភា​មិន​អាច​ដំណើរការ​ទៅ​មុខ​បាន​។ បើ​មាន​បាតុកម្ម​ ទោះ​បី​ជា​ដោយ​វិធី​សាស្ត្រ​អហិង្សា​​យ៉ាង​ណា ក៏​លទ្ធភាព​នៃ​ការ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ មិន​អាច​ច្រាន​ផុត​ទាំង​ស្រុង​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI