កម្ពុជា

កម្ពុជា​សម្តែង​ការ​ព្រួយបារម្ភ​អំពី​សន្តិសុខ​ស្បៀង​ពិភពលោក

លោក​ហោ ណាំហុង ថ្លែង​សុន្ទរកថា នៅ​ក្នុង​អង្គ​មហាសន្និបាត​អ.ស.ប. កាល​ពីថ្ងៃទី២៩ កញ្ញា ២០១២
លោក​ហោ ណាំហុង ថ្លែង​សុន្ទរកថា នៅ​ក្នុង​អង្គ​មហាសន្និបាត​អ.ស.ប. កាល​ពីថ្ងៃទី២៩ កញ្ញា ២០១២ UN Photo/Devra Berkowitz

ថ្លែង​ទៅកាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី ៦៧ នៅ​ទីក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី២៩កញ្ញា​ម្សិលមិញ លោក ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​បាន​សម្តែង​ការព្រួយ​បារម្ភ​អំពី​សន្តិសុខ​ស្បៀង​ខណៈដែល​តម្លៃ​ប្រេង​ចេះតែ​ឡើងថ្លៃ​ខ្ពស់។ លោក​បានកត់សម្គាល់​ដោយ​ក្តីបារម្ភ​ថា ការឡើង​ថ្លៃ​ប្រេង ដែលជា​ហេតុ​ធ្វើ​ឲ្យ​តម្លៃ​ស្បៀងអាហារ​ឡើង​ខ្ពស់​ដែរនោះ នឹង​នាំ​ឲ្យ​កម្រិត​នៃ​ភាពក្រីក្រ​កាន់តែ​ឡើង​ខ្ពស់​ថែមទៀត។ ប្រមុខ​ការទូត​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ផលិត​ប្រេង​យកចិត្តទុកដាក់​អំពី​បញ្ហា​នេះ។

ផ្សាយពាណិជ្ជកម្ម

 

សន្តិសុខ​ស្បៀង​គឺជា​ចំណុច​សំខាន់​មួយ​ក្នុងចំណោម​ចំណុចសំខាន់ៗជាច្រើន​ដែល​កម្ពុជា បានលើកឡើង​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅឯ​បូរី​ញូវយ៉ក។ លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា​បាន​ប្រាប់​អង្គការសហប្រជាជាតិ​ថា តម្លៃ​ប្រេង​ឡើង​ខ្ពស់ បង្ក​ឲ្យ​តម្លៃ​ស្បៀង​កាន់តែ​ឡើង​ខ្ពស់​ដែរ។ នេះ​ជា​ឧបសគ្គ​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ខណៈ​ដែល​សេដ្ឋកិច្ចពិភពលោក​កំពុង​ទន់ខ្សោយ​ស្រាប់។

យោងតាម​ការប៉ាន់ស្មាន​របស់​កម្មវិធី​បរិស្ថាន​សហប្រជាជាតិ នៅ​ឆ្នាំ ២០៣០ ខាងមុខនេះ ការផលិត​ស្បៀង​នឹងត្រូវ​បង្កើន​ចំនួន ៥០ ភាគរយ ទឹកស្អាត ៣០ ភាគរយ និង​ថាមពល ៤០ ភាគរយ បន្ថែម​ពីលើ​អ្វី​ដែលមាន​បច្ចុប្បន្ន។ កំណើន​នៃ​តម្រូវការ​ខាង​ថាមពល​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ស្បៀង​កាន់តែ​ធ្ងន់ធ្ងរ​ឡើង។

លោក ហោ ណាំហុង បាន​កត់សម្គាល់ថា ប្រព​ន្ធ័​ស្បៀងអាហារ​ពិភពលោក​កំពុង​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​ប្រេង ក៏ប៉ុន្តែ គេ​មិនអាច​ទ្រាំទ្រ​បាន​ទៀត​ទេ​ចំពោះមុខ​តម្លៃ​ប្រេង​ដែល​ចេះតែ​ឡើងថ្លៃ​ខ្ពស់​ជា​លំដាប់។ ប្រមុខ​ការទូត​កម្ពុជា​បាន​សំណូមពរ​ឲ្យ​មាន​ដំណោះស្រាយ​សមស្រប​រវាង​តម្រូវការ​ថាមពល និង​កសិកម្ម។ លោក​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ផលិត​ប្រេង​គិតគូរ​ពី​ផល​អវិជ្ជមាន​ដែល​កើតចេញពី​តម្លៃ​ប្រេង​ទៅលើ​សន្តិសុខ​ស្បៀង។

 
គួររម្លឹកថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ផ្តួចផ្តើម​គំនិត​ឲ្យ​អង្គការសហប្រជាជាតិ​បើក​ឲ្យ​មាន​កិច្ចពិភាក្សា​រវាង​ប្រទេស​ផលិត​ប្រេង និង​ប្រទេស​ផលិត​ស្បៀង​ដើម្បី​ស្វែងរក​តុល្យភាព​រវាង​តម្រូវការ​ទាំងពីរ។ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​បាន​កត់សម្គាល់ថា បណ្តា​ប្រទេស​ផលិត​ប្រេង​គិតតែ​ពី​ដំឡើងថ្លៃ ខណៈដែល​ប្រទេស​ផលិត​ស្បៀង​តែង​គិតគូរ​ដល់​ផលប៉ះពាល់​ដល់​ជីវភាព​អ្នក​ដែល​ត្រូវការ​ស្បៀង​សម្រាប់​ចិញ្ចឹមជីវិត។

ក្នុងនាម​ប្រទេស​កសិកម្ម មេដឹកនាំ​កម្ពុជា​ធ្លាប់បាន​ប្រកាសថា កម្ពុជា​គ្មាន​បញ្ហា​អសន្តិសុខ​ស្បៀង​ទេ ផ្ទុយទៅវិញ ប្រទេស​នេះ​កំពុង​តែមាន​មហិច្ឆតា​ក្លាយជា​ប្រទេស​នាំ​អង្ករ​ចេញ​មួយ​ដែរ​នៅក្នុង​ពិភពលោក។ យ៉ាងណាក៏ដោយ ពលរដ្ឋ​កម្ពុ​ជាជាង ២០ ភាគរយ​កំពុង​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ​នៅឡើយ ដោយ​ពួកគេ​រកចំណូលបាន​ក្រោម​មួយ​ដុល្លារ​អាមេរិក​ក្នុង​មួយថ្ងៃ។
 

ប្រជាពលរដ្ឋ​កម្ពុជា​ក៏​កំពុងតែ​រងគ្រោះ​ព្រោះ​តម្លៃ​ប្រេង​ដែល​ឡើង​ខ្ពស់​ហួស​ពី​កម្រិតជីវភាព​របស់ខ្លួន​ផងដែរ។ តម្លៃ​ប្រេង​គឺជា​ឧបសគ្គ​ថ្មី​ទៀត​សម្រាប់​ការកាត់បន្ថយ​ភាពក្រីក្រ​ដែល​រដ្ឋាភិបាល​គ្រោង​បញ្ចុះ​ឲ្យ​នៅសល់​ក្រោម២០ភាគរយ​នៅ​ឆ្នាំ ២០១៣ ។ នៅក្នុង​សុន្ទរកថា របស់ខ្លួន លោក ហោ ណាំហុង ចង់​ឲ្យ​អង្គការសហប្រជាជាតិ​ដើរតួ​សម្របសម្រួល​រវាង​នយោបាយ​ថាមពល និង​កសិកម្ម ដើម្បី​រក្សា​សន្តិសុខ​ស្បៀង​ដែល​កំពុង​រង​ការគំរាមកំហែង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI