កម្ពុជា

អាជ្ញាធរ​​មិន​​អនុញ្ញាត​ឲ្យ​​ប្រារព្ធ​ពិធី​​សិទ្ធិ​​លំនៅស្ថាន​ដោ​យ​​ការ​ហែ​ក្បួន​

បន្ទាប់ពី​កិច្ចប្រជុំ​រវាង​តំណាង​សហគមន៍​ដី​ធ្លី ដែល​មាន​អ្នក​បឹងកក់ បុរី​កីឡា និង​សហគមន៍​ថ្មគោល ជាដើម តំណាង​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៨​តុលា​ម្សិលមិញ មិន​អនុញ្ញាត​ឲ្យ​ក្រុម​សហគមន៍​ដីធ្លី និង​សង្គម​ស៊ីវិល ដើរ​ហែ​ក្បួន នៅ​ព្រឹក​ថ្ងៃទី១០តុលា ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅស្ថាន​​ពិភពលោក​នោះទេ។

ពល​រដ្ឋបឹងកក់ អង្គុយ​តវ៉ា​នៅមុខ​សាលាក្រុង​ភ្នំពេញ កាលពីថ្ងៃទី​១ ខែកក្កដា ឆ្នាំ២០១៣។
ពល​រដ្ឋបឹងកក់ អង្គុយ​តវ៉ា​នៅមុខ​សាលាក្រុង​ភ្នំពេញ កាលពីថ្ងៃទី​១ ខែកក្កដា ឆ្នាំ២០១៣។ rfi/siv channa
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ តម្រូវ​ឲ្យ​ប្រជា​សហគមន៍ និង​សង្គម​ស៊ីវិល ជួបជុំ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅស្ថាន​ នៅ​ទីលាន​ប្រជាធិបតេយ្យ ហើយ​តំណាង​សាលា​ក្រុង នឹង​ទៅ​ទទួល​ញត្តិ​នៅ​ទីនោះ។

សាលា​រាជធានី​ភ្នំពេញ លើក​ហេតុផល​មកពី​ប៉ះពាល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ។ ក៏ប៉ុន្តែ អង្គការ​សង្គម​ស៊ីវិល​មួយ​ឲ្យ​ដឹងថា ក្រុម​ពលរដ្ឋ​សហគមន៍ និង​សង្គម​ស៊ីវិល នៅតែ​រក្សា​គម្រោង​ជួបជុំគ្នា នៅ​វត្តភ្នំ នៅ​ម៉ោង ៧ព្រឹក ថ្ងៃទី១០តុលា​ស្អែក​នេះ មុននឹង​ដើរ​ហែ​ក្បួន ទៅ​ដាក់​ញត្តិ នៅ​សាលា​រាជធានី​ភ្នំពេញ។

សហគមន៍​ដីធ្លី ប្រារព្ធ​ពិធី​នេះ​ឡើង ដើម្បី​ដាស់តឿន និង​ក្រើនរម្លឹក​ដល់​រាជរដ្ឋាភិបាល កុំ​ឲ្យ​បណ្តេញ​ប្រជាពលរដ្ឋ ដោយ​បង្ខំ ហើយ​ឲ្យ​ប្រជាពលរដ្ឋ ទទួលបាន​សិទ្ធិ​មាន​លំនៅស្ថាន​​ត្រឹមត្រូវ។ សហគមន៍ ក៏មាន​ញត្តិ ដាក់​ទៅកាន់​អាជ្ញាធរ ឲ្យ​ដោះលែង​អ្នកស្រី យ៉ោ​ម បុប្ផា សកម្មជន​ដីធ្លី នៅ​បឹងកក់ ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI