តើ Facebook រកចំណូលបានដោយសារអ្វីទើបគេហ៊ានឲ្យតម្លៃរហូតដល់៥០ពាន់លានដុល្លារ?
ចុះផ្សាយនៅថ្ងៃ៖
ធនាគារដ៏ធំមួយរបស់អាមេរិក ឈ្មោះ Goldman Sachs បានឲ្យតម្លៃ Facebook រហូតដល់ទៅ ៥០ពាន់លានដុល្លារ (៥០ ០០០លានដុល្លារ)។ Goldman Sachs ព្រមទាំងក្រុមហ៊ុនវិនិយោគមួយទៀតមកពីរុស្ស៊ី បានបោះទុនវិនិយោគចូលក្នុង Facebook ចំនួន ៥០០លានដុល្លារ។ Goldman ក៏បានសន្យាផងដែរថានឹងជួយប្រមូលទុនឲ្យបាន ១ពាន់ ៥រយលានដុល្លារ ឲ្យ Facebook ។ Facebook គឺជាបណ្តាញវិបសៃត៍ ដែលអ្នកប្រើប្រាស់មិនត្រូវបង់ប្រាក់កម្រៃអ្វីសោះ។ តើហេតុអ្វីបានជាគេហ៊ានឲ្យតម្លៃខ្ពស់បែបនេះ? តើ Facebook រកចំណូលបានពីណា?
ហេតុអ្វីគេគិតថា Facebook មិនសមមានតម្លៃ៥០ពាន់លានដុល្លារ?
បទវិភាគរបស់ សេង ឌីណា
Facebook គឺជាបណ្តាញសង្គមតាមអ៊ីនធ័រនែតមួយ ដែល បច្ចុប្បន្ន មានអ្នកប្រើប្រាស់ជាង ៥០០លាននាក់ ហើយចំនួននេះចេះតែបន្តកើនឡើងជារៀងរាល់ថ្ងៃ។ អ្នកប្រើប្រាស់បណ្តាញ Facebook មិនតម្រូវឲ្យបង់ប្រាក់កម្រៃអ្វីនោះទេ។ បើដូច្នេះ តើ Facebook រកចំណូលបានពីណាមក?
ការផ្សាយពាណិជ្ជកម្ម
របៀបរកលុយរបស់ Facebook មិនខុសពីវិបសៃត៍ផ្សេងៗទៀតប៉ុន្មានទេ ដូចជា Google,Yahoo និង Youtube ជាដើម។ ប្រភពចំណូលធំបំផុតរបស់ Facebook គឺបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើទំព័រវិបសៃត៍។ អ្នកដែលមានទំព័រ Facebook ពិតជាអាចមើលឃើញ នៅផ្នែកខាងស្តាំដៃ នៃទំព័រ Facebook តែងតែមានការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន ឬក៏ផលិតផលផ្សេងៗ។ អ្នកដែលផ្សាយពាណិជ្ជកម្មលើទំព័រនេះ គឺត្រូវបង់លុយទៅឲ្យ Facebook ហើយប្រភពចំណូលពីការផ្សាយពាណិជ្ជកម្មតាមអ៊ីនធ័រនែតបែបនេះ គឺមានទំហំកាន់តែធំ នៅពេលដែលមានអ្នកចូលមើលវិបសៃត៍កាន់តែច្រើន។
សព្វថ្ងៃនេះ Facebook មានអ្នកប្រើប្រាស់ជាង ៥០០លាននាក់។ ប្រសិនបើក្នុងមួយថ្ងៃ អ្នកប្រើប្រាស់ម្នាក់ ចូលមើលទំព័រ Facebook តែម្តង ក៏ Facebook អាចរកចំណូលបានមិនតិចដែរ ពីការផ្សាយពាណិជ្ជកម្ម។ សព្វថ្ងៃនេះ Facebook គឺជាទំព័រវិបសៃត៍ ដែលមានអ្នកចូលមើលច្រើនជាងគេបំផុតនៅលើពិភពលោក ពោលគឺ ច្រើនជាង Google ច្រើនជាង Yahoo និងច្រើនជាង Youtube ទៅទៀត។
ដូច្នេះ អ្នកដែលជួយរកលុយឲ្យ Facebook គឺអ្នកប្រើប្រាស់ទាំងជាង ៥០០លាននាក់នេះឯង។ ថ្វីដ្បិតតែយើងអាចប្រើ Facebook ដោយមិនមានបង់លុយមួយសេនក៏ដោយ ក៏ប៉ុន្តែ រាល់លើកដែលយើងចូលមើលទំព័រ Facebook របស់យើង ឬចូលមើលទំព័ររបស់មិត្តភ័ក្តិ ឬទំព័រផ្សេងៗទៀតរបស់ Facebook យើងនាំលុយទៅឲ្យ Facebook ។ ដូច្នេះ Facebook មិនចាំបាច់ងាកមកយកកម្រៃសេវាកម្ម ពីអ្នកប្រើប្រាស់ ដើម្បីទទួលបានប្រាក់ចំណូល ដូចជាពាក្យចចាមអារ៉ាមខ្លះទេ។ អ្វីដែល Facebook ត្រូវការ គឺទុកឲ្យគេប្រើប្រាស់ទំព័រ Facebook ដោយឥតគិតថ្លៃដដែល ដើម្បីទាក់ទាញអ្នកប្រើប្រាស់ឲ្យបានកាន់តែច្រើនថែមទៀត។
ការលក់ទំនិញ និងអំណោយផ្សេងៗ (Facebook Goods and Gifts)
អ្នកដែលមានទំព័រ Facebook ប្រហែលជាធ្លាប់ឃើញហើយថា នៅពេលដល់ថ្ងៃបុណ្យអ្វីមួយ ដូចជា បុណ្យកំណើតមិត្តភក្តិ បុណ្យណូអែល ឬបុណ្យសង្សារ ជាដើម Facebook តែងតែបង្ហាញឲ្យឃើញពីអំណោយ ដែលគេអាចផ្ញើទៅមិត្តភក្តិបាន។ អំណោយទាំងនេះអាចជា រូបផ្កា រូបកាដូ រូបនំបុណ្យកំណើត ជាដើម។ ដើម្បីបានរូបភាពទាំងនេះផ្ញើទៅជូនមិត្តភក្តិគេត្រូវបង់លុយឲ្យ Facebook ១ដុល្លារ ក្នុង១រូប។ ក្នុងតម្លៃទាបបែបនេះ ធ្វើឲ្យអ្នកខ្លះមិនខ្លាចនឹងទិញផ្ញើទៅមិត្តភ័ក្តិនោះទេ។ សម្រាប់ Facebook រូបមួយថ្លៃ ១ដុល្លារ គឺតិចតួចមែន ក៏ប៉ុន្តែ អ្នកប្រើ Facebook មានរហូតដល់ទៅជាង ៥០០លាននាក់។ ដូច្នេះ សក្តានុពលនៃប្រាក់ចំណូល គឺអាចមានច្រើន។
ទោះជាយ៉ាងនេះក៏ដោយ មានអ្នកវិភាគជាច្រើន នៅតែយល់ថា ការដែលធនាគារ Goldman Sachs ឲ្យតម្លៃ Facebook ដល់ទៅ ៥០ពាន់លានដុល្លារ គឺជាតម្លៃខ្ពស់ហួសហេតុពេក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ