ចិន

Huawei ទទួលស្គាល់ការធា្លក់ចុះប្រាក់ចំណូលឆ្នាំ២០១៩ និងប្តេជ្ញាជម្នះឧបសគ្គនៅឆ្នាំ២០២០

ឡូហ្គោ Huawei នៅក្នុងពិព័រណ៌ Mobile World Congress ក្នុងក្រុង Shanghai
ឡូហ្គោ Huawei នៅក្នុងពិព័រណ៌ Mobile World Congress ក្នុងក្រុង Shanghai REUTERS/Aly Song

ឆ្នាំ​២០១៩ ក្រុមហ៊ុន​ទូរសព្ទ​ Huawei បាន​ចំណេញ​ប្រាក់​តិចតួច គឺតិច​ជាង​ការ​រំពឹង​ទុក។ ការ​កើន​កម្រៃ​បានតិច​​នេះ ក៏ព្រោះតែ​ប្រឈម​មុខ​នឹងទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​​ Huawei នៅ​ថ្ងៃ​​អង្គារទី​៣១ធ្នូ​ ក្នុង​ឱកាស​ផ្ញើ​សារ​ជូន​ពរ​បុគ្គលិក​ នាបុណ្យ​ឆ្លង​ឆ្នាំសកល។ លោក អេរីក ស៊ូ (Eric Xu) ប្រធានផ្លាស់វេនរបស់ក្រុមហ៊ុនទូរសព្ទចិននេះ បាន​ព្យាករណ៍​ជាស្រេចថា ឆ្នាំ​២០២០ ស្ថានភាព​លំបាក នឹង​នៅតែបន្ត​កើតមាន​តទៅទៀត សម្រាប់​Huawei ។

ផ្សាយពាណិជ្ជកម្ម

ក្នុងសារ​សម្រាប់​ឆ្នាំថ្មី ក្រុមហ៊ុនយក្ស​ទូរសព្ទចិន​ Huawei បាន​បញ្ជាក់ថា ប្រាក់​ចំណេញ​សម្រាប់​ឆ្នាំ​២០១៩​ មានចំនួន​ ៨៥០ពាន់​លាន​យ័ន ប្រហែល​ជាង​១០៩ពាន់​លាន​អឺរ៉ុបតែប៉ុណ្ណោះ​។ ចំនួន​នេះ បើ​ធៀប​ទៅ គឺកើនឡើង​តិចតួច​ ប្រហាក់ប្រហែល​ជា​១៨ភាគរយ ក្នុង​មួយឆ្នាំ។ លោក អេរីក ស៊ូ (Eric Xu) ប្រធានផ្លាស់វេនរបស់ក្រុមហ៊ុន គូសបង្ហាញ​ដោយ​គ្មា​នលាក់​លៀមទៀត​​ ថា​ចំណេញ​តិចជាងការ​រំពឹងទុក​​បែបនេះ ដោយសារតែប្រឈម​ទប់ទប់​នឹងបញ្ជីខ្មៅ​របស់​អាមេរិក។ ប៉ុន្តែ​ លោក​ក៏​មិន​បាន​លម្អិតថា ការ​រំពឹងទុក​ថា​ចំណេញច្រើន​​ពីមុន គួរតែបាន​ប៉ុន្មាន​ពាន់​លាន​នោះ ក៏ទេដែរ។

យ៉ាងណាក៏ដោយ ក្នុង​​សារថ្លែង​ជូន​ពរ នៅ​ឱកាស​ឆ្លង​ឆ្នាំថ្មី ប្រធាន​ផ្លាស់វេនរបស់​ក្រុម​ហ៊ុនទូរសព្ទ​ចិន ក៏​ឆ្លៀត​​ដាស់តឿន​ក្រើន​រម្លឹក​បុគ្គលិក​របស់ខ្លួន ថា​«បើ​ទោះបី​ជា​លំបាក​បន្តិចក្តី​ តែ​យើង​អាច​តស៊ូ​«រស់​បាន»​ ហើយ​យើង​នឹង​បន្តប្រឹង​​ប្រឈម​មុខ​នឹង​គូប្រជែង​បន្ថែម​បន្តទៅទៀត សម្រាប់​​ឆ្នាំ​២០២០ ពីព្រោះថា ឆ្នាំថ្មី ក្រុម​ហ៊ុន Huawei អាច​នឹង​នៅតែ​បន្ត​ឋិត​ក្នុង​បញ្ចី​ខ្មៅ​របស់អាមេរិក​តទៅទៀត​ ។ ដូច្នេះ ​ឆ្នាំថ្មី ក៏​នឹងមាន​ការ​ប្រឈម​នឹងក្តី​លំបាក​ថ្មីដែរ។ ហេតុនេះ ត្រូវ​ត្រៀ​មខ្លួន​ ទុក​ឱ្យ​ស្រេច​​​»។

បើ​តំណាងក្រុមហ៊ុន​ដដែល ដំណើរការ​ផលិត​និងអភិវឌ្ឍ​ប្រព័ន្ធ​បច្ចេកវិជ្ជាជឿនលឿន​ថ្មីៗ​ គឺនៅតែ​ជាគោល​ដៅ​អា​ទិភាព​របស់ Huawei ដើម្បី​ទៅកាន់តំណែង​ជា​​ក្រុមហ៊ុន​ទូរសព្ទ​លំដាប់​ទី១មួយ​លើលោក។ នេះ​ជាមហិច្ឆតា​របស់​ Huawei។ ចំពោះ​លោក Kenny Liew  អ្នក​ស្រាវជ្រាវ​នៅ​ Ficth Solutions បាន​ប្រមើល​មើលថា «ក្នុង​បរិបទ​នៃការ​ប្រជែងឥទ្ធិពលចង់​​គ្រប់​គ្រង​បច្ចេកវិជ្ជាទ្វីប​រវាង​មហាយក្សទាំងពីរបែបនេះ, ដូច្នេះ សម្រាប់​២០២០ ការ​បន្ធូរបន្ថយ​សម្ពាធ​ណាមួយ​របស់​អាមេរិក​ចំពោះ​ក្រុម​ហ៊ុន​ចិន គឺ​កម្រ​នឹងកើតមាន​ណាស់។ ចំពោះ​អាមេរិក, ការ​ដកសម្ពាធ ប្រហែល​គ្មានទេ បើ​ដាក់​ថែម​ អាច​»។​

ជាការរម្លឹក ក្រុមហ៊ុនទូរសព្ទលំដាប់ទី២លើលោកនេះ ត្រូវ​អាមេរិក​ដាក់​ទណ្ឌកម្ម​ ក្នុងបញ្ជីខ្មៅ ដោយចោទថា ​ Huawei ​អាចជាគ្រោះថ្នាក់​នៃ​ចារកិច្ច​ លួច​ការ​សម្ងាត់​ បម្រើ​ប្រយោជន៍​ចិន​ប៉េកាំង ហើយ​រដ្ឋបាល​អាមេរិក បាន​ព្រមាន​សម្ព័ន្ធ​មិត្ត​របស់ខ្លួន​ទាំងអស់ នៅ​ក្នុង​ទឹកដី​អឺរ៉ុប​ក៏ដោយ ឱ្យ​ឈប់​រក​ស៊ី​ជាមួយ​ Huawei។ ក្នុង​សំណុំ​រឿងនេះ កាដាណា ជាគូកន​អាមេរិក បាន​ចាប់ខ្លួន​កូន​ស្រី​របស់ស្ថាបនិក​ Huawei និង​ដាក់​ឱ្យ​ឃុំ​នៅផ្ទះ រង់​ចាំ​បញ្ចូន​ខ្លួន​ ទៅកាន់ទោស​នៅអាមេរិក ពីបទ​រំលោភ​ទណ្ឌកម្ម​អាមេរិក ឃុបឃិត​រកស៊ី​ជាមួយ​អ៊ីរ៉ង​។

ជាការ​សងសឹក, ចិ​នក៏​ចាប់​ខ្លួន​ពលរដ្ឋ​កាណាដា​ យ៉ាងហោច​ពីរនាក់​ដែរ។ នាយករដ្ឋមន្ត្រីកាណាដា​ លោក​ Justin Trudeau កាល​១០ថ្ងៃមុននេះ បាន​ប្រាប់អាមេរិកជាសម្ព័ន្ធមិត្ត ថាកុំ​ឱ្យ​ចុះ​ហត្ថលេខាព្រមព្រៀង​​ពាណិជ្ជកម្ម​ជាមួយ​ចិន ប្រសិន​ចិន​ប៉េកាំង មិន​ចែង​ពីការ​ដោះលែង​ពលរដ្ឋ​កាណាដា​នោះទេ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI