អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បារាំង​​​បង្អួត​​​​ផែនការ​​បរិស្ថាន​ ​លែង​អោយមាន​​​​លក់​​រថយន្ត​​ប្រើ​​សាំង​​និង​ប្រេង​​​ម៉ាស៊ូត​ ​នៅឆ្នាំ​​២០៤០​​​

សំឡេង ០៣:៥៥
ដោយ៖ ព្រំ សឿន សូលីណា
២៥ នាទី

ដើមខែ​កក្កដា​នេះ លោក​នីកូឡា អ៊ុយឡូ Nicolas Hulot ជា​រដ្ឋមន្ត្រី​បរិស្ថាន​បារាំង បាន​ប្រកាស​ផែនការ​ លែង​អោយ​មាន​លក់​យានយន្ត​ដែល​ប្រើប្រាស់​ប្រេងសាំង រឺម៉ាស៊ូត​ ក្នុង​ទឹកដី​បារាំង​តទៅទៀត នៅ​ឆ្នាំ​២០៤០។ បារាំង​ក៏គ្រោង​បិទទ្វារ​​​រោងចក្រ​ផលិត​អគ្គិសនី​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ​​១៧កន្លែង​ផងដែរ។ បារាំង​កំពុង​បង្អួត​កិច្ចការ​ការពារ​បរិស្ថាន​​របស់​លោក​ម៉ាក្រុង ទៅ​លោក​ដូណាល់ ត្រាំ ដែល​បាន​​ដក​អាមេរិក​​ចេញ​​ពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស។

ផ្សាយពាណិជ្ជកម្ម

យោងតាម​ផែនការ​​ដែល​លោក​នីកូឡា អ៊ុយឡូ ជា​រដ្ឋមន្ត្រី​បរិស្ថាន​បារាំង បាន​បង្ហាញ​ នៅ​ដើមខែ​កក្កដានេះ គេចាប់​នាំគ្នា​ចាប់​អារម្មណ៍​ពី​ផែនការដែល​លែងអោយ​​មា​ន​ប្រើ​រថយន្ត​ប្រើប្រាស់​ប្រេងសាំង និង​ម៉ាស៊ូត​ ចាប់ពី​ឆ្នាំ​២០៤០ទៅ។ សម្រាប់​ផែនការ​នេះ ​​​​រដ្ឋបារាំង​គ្រោង​ជួយ​ជាប្រាក់កាស​ដល់​​អ្នក​​​ដែល​​​​​បោះបង់​ចោល​រថយន្ត​ប្រភេទ​នេះ​​ ហើយ​ចង់​ទិញ​រថយន្ត​ថ្មី ប្រភេទ​ជជុះ​​ ​ដែល​បំពុល​បរិស្ថាន​តិចតួច​មកប្រើវិញ។

សព្វថ្ងៃ​ បារាំងមាន​​ជួយ​ជា​លុយកាក់រាប់ពាន់​អឺរ៉ូ ​​រួចហើយ​ ​​ដល់​អ្នកដែល​ទិញ​រថយន្ត​ថ្មីច្រឺង ដែល​​​​​​ដើរ​ដោយ​​អគ្គិសនី រឺ​​រថយន្ត​កូនកាត់​ថ្មី ដែល​ដើរ​ដោយ​ម៉ាស៊ីននិង​អាគុយ​មកប្រើ។ អ្នក​ដែល​​​​លែងប្រើ​រថយន្ត​​ដែលប្រើប្រេងម៉ាស៊ូត ​ដោយ​ងាក​មកប្រើ​​រថយន្ត​​​អគ្គិសនី រឺ​រថយន្ត​កូនកាត់​ទាំងនេះ ក៏​ទទួលបាន​ជំនួយ​ពី​រដ្ឋ​បារាំង​ដូចគ្នា។

ក្រៅពី​ផែនការ​រថយន្ត រដ្ឋាភិបាល​បារាំង​ក៏បាន​បង្អួត​ផងដែរ នូវ​គំរោង​បញ្ឈប់​ការ​ផលិត​ថាមពល​ដែល​ប្រើ​ធ្យូងថ្ម ​ដើម្បី​កាត់​បន្ថយ​ឧស្ម័ន​កាបូនិច ក្នុង​ភព​ផែនដី។ ថ្ងៃចន្ទ​១០កក្កដា​នេះដែរ រដ្ឋមន្ត្រី​បរិស្ថាន​បារាំង​លើកឡើងថា បារាំង​អាច​បិទដំណើរការ​ប្រតិករ​​​នុយក្លេអ៊ែរ​ចំនួន​១៧ ​ដែល​បារាំង​ប្រើ​សម្រាប់​ផលិត​ថាមពល​អគ្គិសនី។ សព្វថ្ងៃ បារាំង​មា​ន​ម៉ាស៊ីន​ប្រតិកម្ម​នុយក្លេអ៊ែរ​៥៨។ នុយក្លេអ៊ែរ​ជា​ប្រភព​ចំបង​ក្នុង​ការ​ផលិត​អគ្គិសនី​​​ក្នុងស្រុក។ ការបិទ​ដំណើរការ​ប្រតិករ​​នុយក្លេអ៊ែរ​១៧កន្លែង​នេះ នឹង​ជួយអោយ​បារាំង​សម្រេច​បានទិសដៅ​កាត់បន្ថយ​ការផលិត​អគ្គិសនីដើរដោយ​ថាមពល​នុយក្លេអ៊ែរ ​អោយ​នុយក្លេអ៊ែរ​ដែល​ប្រើ​ផលិតអគ្គិសនី​​ ថយ​ពី​តួលេខ​​​៧៥ភាគរយ តួលេខ​បច្ចុប្បន្ន ​អោយ​​​​មក​នៅ​​ត្រឹម​៥០ភាគរយ​វិញ សម្រាប់​​ឆ្នាំ​២០២៥។ ​ពោល​គឺ​ស្រប​​តាម​ច្បាប់​ថាមពល​​​អនុម័តឆ្នាំ​២០១៥ ក្នុង​អាណត្តិ​​ប្រធានាធិបតី ហ្វ្រង់ស៊័រ ហូឡង់ មុននេះ​។ ​​

ដោយឡែក ក្នុង​ការ​សម្រេច​លែងអោយ​មានលក់​​រថយន្ត​ប្រើសាំង រឺ​ប្រេងម៉ាស៊ូត នៅ​ឆ្នាំ​២០៤០ រដ្ឋាភិបាល​បារាំង​ទទួលស្គាល់​ដែរថា ផ្តល់​ផលវិបាក​រោងចក្រ​ផលិត​រថយន្ត។ ការ​ផលិត​រថយន្ត​ប្រើ​ម៉ាស៊ីន​ធម្មតា រឺ​ប្រើ​អាគុយ ត្រូវការចំនួន​មនុស្ស​ធ្វើការ​តិច ខុសពី​ការ​ផលិត​រថយន្ត​ប្រើ​សាំងរឺ​ម៉ាស៊ូត។ ដូច្នេះ​​ អ្នក​ធ្វើការ​​ផលិត​​​រថយន្ត​​នឹង​ថយ​ចំនួន​តិចជាងមុន រឺ​ក៏​អាច​បាត់បង់​ការងារ​ធ្វើ​តែម្តង។

ចំពោះ​ការបិទដំណើរការ​​ម៉ាស៊ីន​ប្រតិកម្ម​​នុយក្លេអ៊ែរបារាំង​វិញ អ្នកជំនាញ​មួយចំនួន​មើលឃើញថា វា​គ្រាន់តែ​ជា​ការ​លែង​ពន្យារ​ប្រើ​ប្រតិករ​ទាំងនោះ​តែ​ប៉ុណ្ណោះ។ ព្រោះថា ក្នុង​ចំណោម​​ប្រតិករ​នុយក្លេអ៊ែរ​៥៨​ដែល​បារាំង​មាន​សព្វថ្ងៃ មាន​ប្រតិករ​២៣ដែល​ត្រូវ​មា​នអាយុ​ចំណាស់​​ ​៤០ឆ្នាំ ពេល​ប្រធានាធិបតី​ម៉ាក្រុង​បញ្ចប់​អាណត្តិ​ដឺកនាំ នៅ​៥ឆ្នាំ​ខាងមុខ​នេះ។ ​កន្លងមក បារាំង​ធ្លាប់​បិទទ្វារ​​រោងចក្រ​នុយក្លេអ៊ែរ​​១កន្លែងឈ្មោះ​Fessenheim នៅ​ភាគខាងកើត ​ជា​ការបិទ​ទ្វារ​មុនកាល​កំណត់ ដល់​ទៅ​៣-៤ឆ្នាំ​ឯណោះ។ ​ការបិទទ្វាររោងចក្រ​​ចំណាស់ៗ​ ​គឺ​ជារឿង​ធម្មតា ពោល​គឺ​គេ​គ្រាន់តែ​មិនពន្យារ​ការ​ប្រើប្រាស់​​វា​ទៀតតែ​​​​ប៉ុណ្ណោះ។ ម្យ៉ាងទៀត បើ​បារាំង​​បន្ត​ទុក​រោងចក្រ​នុយក្លេអ៊ែរ ក៏ជា​ការ​បន្ត​ការចាយប្រាក់​សន្ធឹកសន្ធាប់​សម្រាប់​ដំណើរការ​វា​ដែរ។ ​​

គេមើលឃើញ​ថា បារាំងបង្ហាញ​ផែនការ​បរិស្ថា​នទាំងអស់​នេះឡើង ប្រហែល​ដើម្បី​បង្អួត​ទៅ​លោក​ដូណាល់ ត្រាំ ដែល​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស​ផងដែរ។ បារាំង​ចង់​បង្ហាញ​ពី​ការតាំងចិត្ត​ខ្ពស់​របស់​រដ្ឋាភិបាល​អាណត្តិ​ថ្មី ក្នុង​ការ​ការពារ​បរិស្ថាន ប្រឈម​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ការ​កើនកំដៅ​ភពផែនដី។ ទោះ​អាមេរិក​លែង​មាន​វត្តមាន​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុក្រុងប៉ារីស​ទៀត​ក្តី​ ​រដ្ឋមន្ត្រី​បរិស្ថាន​បារាំង លោក​នីកូឡា អ៊ុយឡូ ​​បាន​​​បង្ហាញ​បំណង​ចង់​​​អញ្ជើញ​គណប្រតិភូ​អាមេរិក​អោយមកចូល​រួម​ជំនួប​កំពូល​ស្តី​ពី​អាកាសធាតុ​ ដែល​បារាំង​ត្រូវ​រៀបចំ​ធ្វើ ​នៅ​ខែ​ធ្នូ​ចុងឆ្នាំ​២០១៧​នេះ​។ ​​

ដោយសារ​ប្រជាប្រិយភាព​របស់​​លោក​ដូណាល់ ត្រាំ ធ្លាក់ចុះ​​​​​នៅ​អាមេរិក បារាំងប្រហែល​​នៅ​សង្ឃឹម​ថា អ្នកនយោបាយ​ផ្សេងទៀត ​​នៅ​អាមេរិក​អាចពិចារណា​​ឡើងវិញ ពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស ហើយ​អាច​តវ៉ា​អោយ​លោកដូណាល់ ត្រាំ ​ប្តូរចិត្ត រឺ​ធ្វើអ្វីមួយ ​ជាប្រយោជន៍​ដល់​បរិស្ថាន​ផង​ក៏ថាបាន៕ ​ ​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ