ប្រវត្តិសាស្រ្តពិភពលោក

បុរេប្រវត្តិ៖ ដំណើររឿង​មនុស្សជាតិ​នៅមុន​ប្រវត្តិ​ជា​សំណេរ

សំឡេង ០៨:២៨
រូបគំនូរ ក្នុង​ល្អាង Lascaux ប្រទេស​បារាំង ដែល​ជា​គំនូរ​បន្សល់ទុក​តាំង​ពី​សម័យកាល​បុរេប្រវត្តិ ក្នុង​​យុគថ្មបំបែក (Paléolithique)
រូបគំនូរ ក្នុង​ល្អាង Lascaux ប្រទេស​បារាំង ដែល​ជា​គំនូរ​បន្សល់ទុក​តាំង​ពី​សម័យកាល​បុរេប្រវត្តិ ក្នុង​​យុគថ្មបំបែក (Paléolithique)

ការសិក្សា​ប្រវត្តិសាស្រ្ត មិនថា ប្រវត្តិសាស្រ្ត​ជាតិ ឬ​ជា​ប្រវត្តិសាស្រ្ត​ពិភពលោក គឺ​ជា​រឿង​ដ៏​សំខាន់​មួយ ដើម្បី​ស្វែងយល់​អំពី​ដំណើរដើមទង និង​ការ​វិវឌ្ឍ​របស់​យើង​ជា​មនុស្សជាតិ អំពី​ហេតុការណ៍​សំខាន់ៗ ដែល​ជា​ធាតុផ្សំ​ចម្បង​សម្រាប់​យល់​ពី​ព្រឹត្តិការណ៍​នាពេល​បច្ចុប្បន្ន ព្រមទាំង​​ជា​​មេរៀន និង​បទពិសោធន៍​សម្រាប់​ថ្ងៃ​អនាគត។

ផ្សាយពាណិជ្ជកម្ម

ប្រវត្តិសាស្រ្ត​ពិភពលោក​​ចាប់ផ្តើម​​ឡើង​ កាលពី​ប្រមាណ​ជា ៦ពាន់​ឆ្នាំមុន ជាមួយ​នឹង​ការ​​បង្កើត​សំណេរ ដើម្បី​កត់ត្រា​ហេតុការណ៍​ប្រវត្តិសាស្រ្ត​ ក៏ប៉ុន្តែ ដំណើររឿង​របស់​មនុស្សជាតិ​យើង​ បាន​ចាប់ផ្តើម​ឡើង​តាំងពី​យូរយារ​ ​មុន​ប្រវត្តិ​ជា​សំណេរ​នេះ​ទៅទៀត ដែល​គេ​ហៅថា​ជា​សម័យកាល​បុរេប្រវត្តិ។

នៅមុនពេល​មាន​ការ​បង្កើត​អក្សរ យើង​​មាន​ត្រឹមតែ​ឯកសារ​បែបបុរាណវិទ្យាប៉ុណ្ណោះ ដើម្បី​សិក្សា​ស្វែងយល់​អំពី​ដំណើររឿង​បុព្វបុរស​ដើម​​របស់​យើង ដូចជា ឆ្អឹង ឧបករណ៍ប្រើប្រាស់ ឬ​រូបគំនូរ​ ជាដើម ដែល​គេ​រក​ឃើញ​តាមរយៈ​កំណាយ​បុរាណវិទ្យា។ តាមរយៈ​ឯកសារ​បុរាណវិទ្យាអស់ទាំងនេះ គេ​អាច​រកឃើញ​ថា តាមការពិត សម័យកាល​បុរេប្រវត្តិ​មាន​រយៈពេល​វែង​ជាង​ប្រវត្តិសាស្រ្ត​ជា​សំណេរ​ឆ្ងាយ​ណាស់។

បើ​និយាយ​អំពី​ប្រវត្តិ​នៃ​ភពផែនដី​យើង​ទាំងមូល​យើង​ឃើញ​ថា ភពផែនដី​បាន​ចាប់កំណើត​ឡើង តាំងពី​ប្រមាណ​ជា​ជាង ៤ពាន់​លាន​ឆ្នាំមុន។ គឺ​ជា​ភពមួយ ក្នុង​ចំណោម​ភពទាំង ៨ នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ ក៏ប៉ុន្តែ ផែនដី គឺ​ជា​ភព​ ដែល​មិនស្ថិត​នៅ​​ជិត​ព្រះអាទិត្យ​​ពេក ដែល​នាំ​ឲ្យ​មានកម្តៅខ្លាំងជ្រុល ហើយ​ក៏​មិននៅ​ឆ្ងាយ​ពីព្រះអាទិត្យ​ពេក ដែល​នាំ​ឲ្យ​មាន​ត្រជាក់ខ្លាំង ប៉ុន្តែ ស្ថិត​​នៅ​ក្នុងរយៈចម្ងាយ​ដ៏​សមស្របមួយ ប្រកបដោយ​​អំណោយផល​ដល់​ការ​ចម្រើន​លូតលាស់​នៃ​ជីវចម្រុះ ដែល​ក្នុង​នោះ​ក៏​រួមទាំង​មនុស្ស​ជាតិ​យើង​ផងដែរ។

តាមរយៈការសិក្សា​ទៅលើ​តម្រ៉ុយ​បុរាណវិទ្យា គេ​រកឃើញ​ថា មនុស្ស​ដើមដំបូង​​បាន​ចាប់ផ្តើម​មាន​វត្តមាន​នៅលើ​ភពផែនដី នៅ​ក្នុង​តំបន់​អាហ្វ្រិក​ប៉ែក​ខាង​កើត ក្បែរ​តំបន់​ដើមបូព៌ា​បច្ចុប្បន្ន។ ក៏ប៉ុន្តែ ចំពោះ​សំណួរ​ថា តើ​មនុស្ស​ចាប់ផ្តើម​មាន​វត្តមាន នៅលើ​ផែនដី ជាដំបូង នៅពេលណា? ចម្លើយ​អាច​មាន​ខុសៗគ្នា ដោយ​ខ្លះ​ថា រហូតដល់​ទៅ​រាប់លាន​ឆ្នាំ​មុន ខ្លះ​ថា ២០ម៉ឺន​ឆ្នាំមុន ឬ​ក៏ ៥ម៉ឺន​ឆ្នាំ​មុន អាស្រ័យ​ទៅ​តាម​ទ្រឹស្តី​ខុសៗគ្នា។

ទោះជាយ៉ាងណា អ្នកសិក្សាស្រាវជ្រាវ​ផ្នែក​បុរាណវិទ្យា និង​នរវិទ្យា​បាន​ព្រមព្រៀង​គ្នា​ជាទូទៅ​ថា មនុស្ស​ដើមដំបូង ដែល​មាន​លក្ខណៈ​ជាមនុស្ស ពិសេស​ខុសប្លែក​ពីសត្វ​ មាន​វត្តមាន នៅលើ​ផែនដី កាល​ពី​ប្រមាណ ៥ម៉ឺន​ឆ្នាំមុន។ ហើយ​​លក្ខណៈពិសេស​ ដែល​បែងចែក​ខុសគ្នា​ស្រឡះ​រវាង​មនុស្ស និង​សត្វ គឺ​មិនមាន​ស្ថិត​នៅ​ត្រង់​ការ​ដើរជើងពីរ ការ​ចេះយក​វត្ថុ​មក​ប្រើ​ជាឧបករណ៍​ប្រើប្រាស់ ឬ​ការ​មាន​មនោសញ្ចេតនា​នោះទេ។ លក្ខណៈពិសេស​របស់​មនុស្ស គឺ​ភាសា។

សត្វ​ ថ្វីដ្បិត​តែ​មាន​សំឡេង មាន​សម្រែក​ខុសៗគ្នា ដែល​អាច​ឲ្យ​ពួកគេ​យល់គ្នា​បាន​ខ្លះៗ ក៏ប៉ុន្តែ វា​មិនមែន​ជា​ភាសា​ ដែល​មាន​លក្ខណៈ​ជឿនលឿន ​អាច​ឲ្យ​មាន​ការ​និយាយ​យល់គ្នា​បាន​ដូចជា​ភាសា​របស់​មនុស្ស​នោះទេ។ ការ​ដែល​មិនមាន​ភាសា​និយាយ​គ្នា​បាន​នេះ​ ធ្វើ​ឲ្យ​សត្វ មាន​ការវិវឌ្ឍ​ជឿនលឿន​ទៅមុខ​យ៉ាង​យឺតបំផុត។

ឆ្កែ សេះ ខ្លា ឬ​តោ​ចំណាស់ មាន​បទពិសោធន៍​ច្រើន​ ពី​មេរៀន​ក្នុង​ជីវិត ក៏ប៉ុន្តែ នៅពេល​សត្វ​ទាំងនេះ​ស្លាប់ទៅ បទពិសោធន៍​ទាំងនេះ​នឹង​ត្រូវ​បាត់បង់​ទៅ​ជាមួយទាំងអស់ ដោយសារ​តែ​គ្មាន​ភាសា ដើម្បី​អាច​និយាយ​ពន្យល់ ផ្ទេរ​បទពិសោធន៍​នេះ​បាន​ ហើយ​សត្វ​ជំនាន់ថ្មី​ត្រូវ​ចាប់ផ្តើម​រៀនសូត្រ​ពីជីវិត​សាជាថ្មី​ ពីចំណុច​សូន្យ​សុទ្ធសាធ។

មនុស្សវិញ គឺ​ផ្ទុយ​ពីនេះ! ដោយសារ​តែមនុស្ស​មាន​ភាសា ដែល​អាច​និយាយ​រ៉ាយរ៉ាប់​រឿង​ប្រាប់គ្នា​បាន មនុស្ស​ចាស់ ដែល​មាន​បទពិសោធន៍​ក្នុង​ជីវិត អាច​រៀបរាប់​ពីបទ​ពិសោធន៍​របស់​ខ្លួន ទៅ​ឲ្យ​ក្មេងៗ​ជំនាន់ក្រោយ​អាច​រៀនសូត្រ​ពីបទពិសោធន៍​នេះ​បាន។ ​ផ្អែក​លើ​មេរៀន និង​បទពិសោធន៍ ដែល​ទទួលបាន​ពី​មនុស្ស​ចាស់​ជំនាន់មុន ក្មេងជំនាន់ក្រោយ​អាច​សិក្សា​ស្វែងយល់​និង​រកឃើញ​នូវ​បទពិសោធន៍​កាន់តែ​ថ្មីៗ និង​កាន់តែ​​ជឿនលឿន​ជាង​មនុស្ស​ជំនាន់មុន​ រួចហើយ​​​ផ្ទេរ​បទពិសោធន៍​អស់ទាំងនេះ​​ទៅ​ឲ្យ​ក្មេង​ជំនាន់ក្រោយៗ​ជា​បន្ត​ទៅទៀត។

ដូច្នេះ ភាសា, ការប្រាស្រ័យទាក់ទង, ​ចែកចាយ និង​ផ្ទេរបទពិសោធន៍, ទំនាក់ទំនង​គ្រូ និង​សិស្ស គឺ​ជា​លក្ខណៈ​ពិសេស​​របស់​មនុស្ស ដែល​គេ​មិនឃើញ​មាន នៅ​ក្នុង​ចំណោម​ពពួកសត្វ។ ដោយសារ​​តែ​ភាសានេះ​ហើយ ដែល​ជួយ​ឲ្យ​​មនុស្ស​មាន​ការ​វិវឌ្ឍ​ទៅមុខ​យ៉ាងលឿន​បំផុត បើ​ធៀប​នឹង​ការ​វិវឌ្ឍ​របស់​សត្វ។ ការវិវឌ្ឍ​របស់​សត្វ គឺ​ជា​ការ​វិវឌ្ឍ​តាមបែប “ធម្មជាតិ”។ ចំណែក​ការវិវឌ្ឍ​របស់​មនុស្ស គឺ​ជា​ការ​វិវឌ្ឍ​តាមបែប “វប្បធម៌” ពោលគឺ ការ​វិវឌ្ឍ​ តាមរយៈ​ចំណេះដឹង, បទពិសោធន៍, វិទ្យាសាស្រ្ត, សិល្បៈ និង​បច្ចេកវិទ្យា។
 

ភាសា ជួយ​ឲ្យ​មនុស្ស​មាន​ការ​វិវឌ្ឍ​ខាង​ចំណេះដឹង និង​ប្រាជ្ញាស្មារតី ​ទៅមុខ​បាន​យ៉ាងលឿន​ខុសពីសត្វ ហើយ​ក៏ដោយសារ​តែ​ភាសា​នេះ​ដែរ ដែលបង្កើត​ឲ្យ​​មាន​ចំណុច​ពិសេស​មួយទៀត​របស់​មនុស្ស ដែល​ខុសស្រឡះពីសត្វ គឺ​ការ​ខ្វល់ខ្វាយ ថប់បារម្ភ ពី​អនាគត។

សត្វអាច​មាន​ការ​ចងចាំ​ពី​​​អ្វី​ដែល​វា​បាន​ឆ្លងកាត់​ពី​អតីតកាល ក៏ប៉ុន្តែ វា​គ្មាន​គំនិត​គិត​គូរ ឬ​ការខ្វល់ខ្វាយ ថប់បារម្ភ សម្រាប់​​​ថ្ងៃ​អនាគត​នោះទេ។ សត្វ​រស់នៅ​មួយថ្ងៃ​សម្រាប់​តែ​មួយថ្ងៃ។ ឲ្យ​តែ​វា​មាន​ចំណី​គ្រប់គ្រាន់​សម្រាប់​ថ្ងៃនេះ វា​អាច​រស់នៅ​បាន​ដោយ​រីករាយ ហើយ​វា​មិនដែល​គិតខ្វាយខ្វល់ បារម្ភ ឬ​ភ័យព្រួយ​ថា ថ្ងៃណាមួយ​​វា​នឹង​ត្រូវ​ស្លាប់​នោះទេ។

​ភាសា​បង្កើត​ឲ្យ​មនុស្ស​មាន​ការ​បារម្ភ​ពីថ្ងៃ​អនាគត ពីព្រោះ តាមរយៈភាសា មនុស្ស​អាច​ជជែក​គ្នា និយាយ​រ៉ាយរ៉ាប់​ប្រាប់គ្នា​ពី​អ្វី​ដែល​បាន​កើតឡើង ឬ​អ្វី​ដែល​យើង​គិតឃើញ។ យើងអាច​គិតស្រមៃ​ឃើញ​បាន​ថា នៅ​ក្នុង​សម័យកាល​បុរេប្រវត្តិ ដែល​មនុស្ស​រស់​នៅ​ដោយ​ការ​បរបាញ់ នៅ​ពេល​ត្រឡប់​ពី​ការ​បរបាញ់​វិញ យប់ឡើង មនុស្ស​អាច​ជជែក​គ្នា រ៉ាយរាប់​ប្រាប់គ្នា អំពី​ការបរបាញ់​កាល​ពីថ្ងៃ។ នៅ​ក្នុងការ​ជជែក​គ្នា​នេះ ពួកគេ​ក៏ដឹង​ថា មាន​គ្នា​គេ​ម្នាក់​ត្រូវ​បាត់ខ្លួន​មិន​វិលត្រឡប់​មកវិញ... បាត់ខ្លួន ដោយ​សារ​ត្រូវ​ខ្លាស៊ី... មានន័យថា ត្រូវ​ស្លាប់។

ការដែល​អាច​ជជែក​រ៉ាយរ៉ាប់​ប្រាប់គ្នា ពី​ការបរបាញ់​ពីថ្ងៃ ធ្វើ​ឲ្យ​មនុស្ស​ដឹងខ្លួន​ថា មនុស្សយើង​អាច​ស្លាប់ នៅ​ក្នុង​ពេល​បរបាញ់។ ដូច្នេះ នៅថ្ងៃ​ស្អែក នៅពេល​ដែល​យើង​ចេញ​ទៅ​បរបាញ់​ យើង​ក៏​អាច​ស្លាប់បានដែរ។

ការដឹង ការ​យល់ ការ​បារម្ភ​ អំពី​ថ្ងៃអនាគត ធ្វើ​ឲ្យ​មនុស្ស​ចេះ​គិតគូរ ប្រុងប្រៀប​រៀបចំ​ផែនការ ត្រៀម​ទុក​ សម្រាប់​ថ្ងៃ​អនាគត។ ការ​ដឹង​ខ្លួន​ថា ថ្ងៃណាមួយ​ខ្លួន​នឹង​ស្លាប់ ធ្វើ​ឲ្យ​មនុស្ស​យើង​​មាន​តម្រូវការ​ដ៏សំខាន់​មួយទៀត​ដែរ ដែល​យើង​តែងតែ​ចង់​ធ្វើ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន គឺ​រ៉ាយរ៉ាប់ និទាន ដំណាល​សាច់រឿង ឬហេតុការណ៍ ដែល​ខ្លួន​បាន​ឃើញ​ បាន​ជួប ប្រាប់​ទៅ​អ្នក​ដទៃ។ ការរ៉ាយរាប់​ ដំណាល​សាច់​រឿង ឬ​ហេតុការណ៍​នេះហើយ ដែល​ជា​ប្រវត្តិសាស្រ្ត​ បើទោះបីវា​គ្រាន់តែ​ជា​ការ​ដំណាល​ដោយ​ផ្ទាល់​មាត់​ ដោយ​គ្មាន​សំណេរ​ក៏ដោយ។

ដូច្នេះ មនុស្ស​ជាតិ នៅ​ក្នុង​សម័យកាល​បុរេប្រវត្តិ ក៏​មាន​ប្រវត្តិសាស្រ្ត​របស់​ខ្លួន​ដែរ ពីព្រោះ​មនុស្ស​មាន​ភាសា ដែល​អាច​និយាយ​រ៉ាយរ៉ាប់​ហេតុការណ៍​​ប្រាប់គ្នាទៅវិញទៅមក។ មនុស្ស​រៀបរាប់​រឿងរ៉ាវ​ពី​អតីតកាល ដើម្បី​ស្វែងយល់​ពី​បច្ចុប្បន្ន​កាល និងត្រៀមខ្លួន​ សម្រាប់​ថ្ងៃ​អនាគត។ មនុស្ស​ ដែល​ដឹង​ថា ខ្លួន​នឹង​ត្រូវ​ស្លាប់ នៅថ្ងៃ​ណាមួយ ក៏​មាន​គំនិត​ចង់​ចែកចាយ​ ផ្ទេរ​ចំណេះដឹង និង​បទពិសោធន៍ ទៅ​ឲ្យ​មនុស្ស​ជំនាន់ក្រោយ។

និយាយ​សរុបជារួមមកវិញ ភាសា ការ​ជជែកគ្នា ការ​រ៉ាយរ៉ាប់រឿងរ៉ាវ​ពី​អតីតកាល គិតគូរ​សម្រាប់​ថ្ងៃអនាគត ការ​ចែកចាយ និង​ផ្ទេរ​ចំណេះដឹង និង​បទពិសោធន៍ ទាំងអស់​នេះ គឺ​ជា​លក្ខណៈពិសេស​របស់​មនុស្ស​ជាតិ។ លក្ខណៈពិសេស ដែល​មាន​ជាប់​នឹង​កំណើតដើម​របស់​មនុស្ស តាំង​ពី​សម័យកាល​បុរេប្រវត្តិ ហើយ​បន្ត​រហូតមក​ទល់នឹង​ពេល​បច្ចុប្បន្ន​នេះ។

ការដែល​ខ្ញុំ​កំពុង​រៀបរាប់​អំពី​ប្រវត្តិសាស្រ្ត​របស់​មនុស្ស​ជាតិ ហើយ​លោក​អ្នក​ស្តាប់ ដែល​កំពុង​តាមដានស្តាប់​ ចង់ដឹង ចង់​យល់ អំពីដំណើរឿង​ពី​អតីតកាល​របស់​មនុស្សជាតិ​នេះ ក៏​ជា​ផ្នែក​មួយ​ដែរ នៃ​បុគ្គលិក​លក្ខណៈ​​របស់​មនុស្ស។ គឺជា​លក្ខណៈពិសេស ដែល​មាន​ជាប់នឹង​ “ធម្មជាតិ” ​របស់​មនុស្ស ឬ​គួរ​និយាយ​ថា ជាប់នឹង “វប្បធម៌” របស់​មនុស្ស ព្រោះ​មនុស្ស​មាន​ការ​វិវឌ្ឍ​តាមបែប “វប្បធម៌” មិនមែន​​វិវឌ្ឍ​តាមតែ​ “ធម្មជាតិ” ដូចជា​សត្វនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI