ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការ​ប្រើប្រាស់​ធនធាន​មនុស្ស​ឲ្យ​ចំ​ទិស​ដៅ​ជា​កត្តា​ស្លាប់​រស់​នៃ​ការ​អភិវឌ្ឍ​

សំឡេង ០៥:១៣
និស្សិតទទួលសញ្ញាបត្របញ្ចប់ការសិក្សា​ជាធនធានមនុស្សថ្មី​របស់កម្ពុជា​
និស្សិតទទួលសញ្ញាបត្របញ្ចប់ការសិក្សា​ជាធនធានមនុស្សថ្មី​របស់កម្ពុជា​ Siv Channa/RFI

ជាង ៣០​ឆ្នាំ ក្រោយ​ការ​ដួល​រលំ​របប​ខ្មែរ​ក្រហម ប្រទេស​កម្ពុជា​បាន​ផ្តើម​កសាង​ធនធាន​មនុស្ស​ឡើង​វិញ​ជា​បណ្តើរ។ ធនធាន​មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​បណ្តុះបណ្តាល​ក្នុង​ស្រុក និង​ខ្លះ​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​ទទួល​ការ​បណ្តុះបណ្តាល​នៅ​ក្រៅ​ប្រទេស។ យ៉ាងណាក៏ដោយ ប្រទេស​នេះ​នៅ​តែ​ខ្វះខាត​ធនធាន​មនុស្ស​ជា​ច្រើន។ បន្ថែម​ពី​លើ​នេះ ដោយសារ​ឥទ្ធិពល​នយោបាយ ធនធាន​មនុស្ស​មួយ​ចំនួន​មិន​ត្រូវ​បាន​គេ​ផ្តល់​តម្លៃ​ទេ។ ដូច្នេះ ការ​ប្រើប្រាស់​ធនធានមនុស្ស​ឲ្យ​ត្រូវ​ និង​ឲ្យ​អស់​លទ្ធភាព​គឺ​ជា​គន្លឹះ​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​នេះ​ឲ្យ​បាន​លឿន។

ផ្សាយពាណិជ្ជកម្ម

នៅ​កម្ពុជា កង្វះខាត​ធនធានមនុស្ស​ជា​បញ្ហា​ធំធេង​មួយ ប៉ុន្តែ ការប្រើប្រាស់​ធនធានមនុស្ស​មិន​ត្រឹមត្រូវ​និង​មិន​អស់​លទ្ធភាព​គឺជា​បញ្ហា​បន្ថែម​លើ​បញ្ហា។ អ្នក​ដែលមាន​ចំណេះដឹង​ជ្រៅជ្រះ​ពិតប្រាកដ​មួយចំនួន​មិនត្រូវ​បាន​ប្រើប្រាស់​ឲ្យ​សម​សមត្ថភាព​និង​ឲ្យ​ចំ​ទិសដៅ​នៅឡើយ។

 
អ្នកចេះដឹង​ខ្លះ​ដែល​មិន​ពូកែ​សម្រប​ខ្លួន​ទៅតាម​អ្នកនយោបាយ​មិនត្រូវ​បាន​គេ​ផ្តល់​សារសំខាន់។ អ្នកចេះដឹង​ខ្លះទៀត​ត្រូវគេ​ទាត់ចោល​តែម្តង​ឬ​ត្រូវបាន​គេ​ប្រើប្រាស់​ដែរ​តែ​បាន​ត្រឹម​ធ្វើតាម​គេ​តែប៉ុណ្ណោះ ពោលគឺ​មិនមែនជា​អ្នកធ្វើ​សេចក្តីសម្រេច​នោះឡើយ។ ស្ថានភាព​នេះ​បានធ្វើ​ឲ្យ​អ្នកចេះដឹង​ជាច្រើន​បាក់​ទឹកចិត្ត​ហើយ​លែង​សកម្ម​នឹង​ការងារ។

ផ្ទុយទៅវិញ អ្នក​ដែលមាន​ប្រវត្តិ​តស៊ូ​នយោបាយ​ឬ​អ្នក​ដែល​ពូកែ​សម្រប​ខ្លួន​និង​ចេះ​បង្ហាញ​ភាព​សកម្ម​ក្នុងការ​គាំទ្រ​នយោបាយ​ត្រូវគេ​ចាត់ទុកជា​មនុស្ស​សំខាន់​និង​ឆាប់​លេចមុខ​មាត់​យ៉ាងខ្លាំង។ បញ្ហា​នេះ​កើតមានឡើង​ស្ទើរ​គ្រប់​វិស័យ និង​គ្រប់​ទីកន្លែង​មិនថាតែ​ក្នុង​ស្ថាប័នរដ្ឋ ទេ តែ​ក៏មានដែរ​ក្នុង​បណ្តា​បក្សនយោបាយ​ទាំងឡាយ។ ទីបំផុត ធនធានមនុស្ស​ខ្មែរ​ដែលមាន​តិចតួច​ស្រាប់​ផង​នោះ​ក៏ត្រូវ​បែកខ្ញែក​និង​មិន​ត្រូវបាន​ប្រើប្រាស់​ត្រូវ​តាម​ជំនាញ​ឡើយ។

ជាការ​ពិតណាស់ ធនធានមនុស្ស​ត្រូវគេ​ចាត់ទុកជា​ក្បាលរ​ទះ​ភ្លើង​សម្រាប់​អូសទាញ​ការអភិវឌ្ឍ​ប្រទេស​ឲ្យ​បាន​លឿន​ទៅមុខ។ ហេតុដូច្នេះ​ហើយ​បានជា​ប្រទេស​ជឿនលឿន​ក្នុង​លោក​តែង​ផ្តល់​តម្លៃ​ដល់​អ្នកចេះដឹង​យ៉ាងខ្លាំង។ កុំថាឡើយ​ដល់​ទៅ​ជនជាតិ​ខ្លួនឯង សូម្បីតែ​សាសន៍​ដទៃ ក៏​គេ​ព្យាយាម​ទាក់ទាញ​ឲ្យ​នៅ​ធ្វើការ​ក្នុងប្រទេស​គេ​ដែរ​ឲ្យ​តែ​អ្នកនោះ​មាន​សញ្ញាបត្រ​ខ្ពស់ និង​ពូកែ​ពិតប្រាកដ។

ប៉ុន្តែ នៅ​កម្ពុជា ដោយសារតែ​ទិដ្ឋភាព​នយោបាយ​នៅមាន​ឥទ្ធិពល​ខ្លាំង អ្នកដឹកនាំ​នយោបាយ​បានផ្តល់​តម្លៃ​មនុស្ស​ដោយ​សម្លឹង​ទៅលើ​ភាព​សកម្ម​ខាង​នយោបាយ​ជាង​ជំនាញ​វិជ្ជាជីវៈ​និង​បច្ចេកទេស។ អ្នកចេះដឹង​ពិតប្រាកដ​មួយចំនួន​ច្រើនតែ​ចូល​ជាមួយ​គេ​មិនសូវ​ចុះ​ដោយសារតែ​មិនសូវ​សកម្ម​ក្នុង​រឿង​នយោបាយ។ ក៏មានដែរ​អ្នកចេះដឹង​ខ្លះ​ដែល​មិនអាច​ធ្វើការ​ជាមួយ​អ្នកណា​បាន​ពី​ព្រោះតែ​មើលទៅ​គេ​មិន​ស្មើនឹង​ខ្លួន។ អ្នក​ទាំងនោះ​មិនដែល​ស្តាប់​យោបល់​គេ​ឡើយ ពោលគឺ​តាំងខ្លួន​ថា​មាន​តែឯង​ដែល​ចេះ​ជាងគេ។

ពិត​ហើយ នៅក្នុង​សង្គម​ខ្មែរ គេ​ពិតជា​ធ្លាប់បាន​លឺ​អំពី​វប្បធម៌«ក្តិចត្រួយ» និង«ប៉ែង​ជើង​គ្នា» ដែល​ធ្វើ​ឲ្យ​ប្រទេសជាតិ​ងើបមុខ​មិនសូវ​រួច រហូតដល់​ទីបំផុត​ក​ម្ពុ​ជា​ក៏​ធ្លាក់​ចូលក្នុង​របប​មួយ​ដែល​សម្លាប់​អ្នកចេះដឹង​ស្ទើរ​ផុត​ពូជ​ដោយសារតែ​កំហឹង​សងសឹក។ បច្ចុប្បន្ននេះ បញ្ហា​សែស្រឡាយ និង​បក្ខពួកនិយម​គឺជា​រនាំង​ថ្មី​មួយទៀត​ដែល​រារាំង​មិន​ឲ្យ​អ្នកចេះដឹង​មួយចំនួន​អាច​ប្រើ​សមត្ថភាព​ដើម្បី​បម្រើ​ប្រទេសជាតិ​បាន។ ក្រៅពីនោះ ពណ៌​សម្បុរ​នយោបាយ​ក៏​ជា​រនាំង​បែងចែក​ធនធានមនុស្ស​ឲ្យ​នៅ​ដាច់ពីគ្នា និង​ចូលគ្នា​មិន​ចុះ​ផងដែរ។

យ៉ាងណាក៏ដោយ នេះ​មិនមែនជា​ពេលវេលា​ដែល​ត្រូវ​ចង្អុលមុខ​គ្នា​ទេពី​ព្រោះនេះ​គឺជា​មរតក​នយោបាយ​ដ៏​ស្មុគស្មាញ​របស់​ប្រទេស​កម្ពុជា។ បញ្ហាសំខាន់​គឺ​ត្រូវ​រួមគ្នា​ដោះស្រាយ។ ក្នុងចំណោម​បញ្ហា​ជាច្រើន​ដែល​ត្រូវ​រៀបរយ​ឡើងវិញ ការចាត់ចែង​និង​ប្រើប្រាស់​ធនធានមនុស្ស​គឺ​ជា​កត្តា​ស្លា​ប់រស់​មួយ។ ធនធានមនុស្ស​គួរ​ត្រូវបាន​ប្រមូលផ្តុំ ​និង​ប្រើ​ឲ្យ​ចំ​ជំនាញ ហើយ​ពួកគេ​គួរតែ​ទទួលបាន​តម្លៃ​មួយ​សម​តាម​សមត្ថភាព​ដើម្បី​ជាការ​លើកទឹកចិត្ត​អ្នកចេះ​ដឹងផង និង​ជា​គំរូ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ផង។

ដូច្នេះ ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ដោយ​ផ្អែកលើ​ចំណេះដឹង កម្ពុជា​ត្រូវ​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​សំខាន់​ពីរ​ចំពោះមុខ៖ ទី១ គឺ​ការប្រើប្រាស់​មនុស្ស​ចេះដឹង​ឲ្យ​ចំ​ទិសដៅ និង​ឲ្យ​អស់​លទ្ធភាព​ដើម្បី​បម្រើ​ប្រទេសជាតិ។ ទី២ គឺ​ការផ្ទេរ​ចំណេះដឹង ​និង​បទពិសោធន៍​ពី​មនុស្ស​ជំនាន់​មុន​ទៅ​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ឲ្យ​បាន​សមស្រ​ប ​ដោយ​មិនគួរ​ទុក​ឲ្យ​ធនធាន​បញ្ញា​ដ៏​មានតម្លៃ​បាត់បង់​ទៅតាម​រូប​កាយ​ដែលជា​ធម្មជាតិ​របស់​ម​នុស្ស​ដោយ​មិនបាន​ផ្ទេរ​ដល់​អ្នកជំនាន់ក្រោយ​ឡើយ។

ក្នុងន័យនេះ របាំង​ដែលជា​ឧបសគ្គ​ទាំងឡាយ​ដូចជា​បញ្ហា​បក្ខពួកនិយម និង​ពណ៌​សម្បុរ​នយោបាយ​ជាដើម​ត្រូវតែ​ដកចេញ​ជា​ចាំបាច់​ពីព្រោះ​នេះ​គឺជា​ផ្លូវ​តែមួយគត់​សម្រាប់​ជំរុញ​ការអភិវឌ្ឍន៍​ប្រទេស​ឲ្យ​លឿន​ទៅមុខ​ដើម្បី​ឈានទៅរក​ឯករាជភាព​ពី​ការពឹង​ពាក់​លើ​ជំនួយ​បរទេស។ ផ្ទុយទៅវិញ ប្រសិនបើ​ខ្មែរ​នៅតែ​មិន​ចុះសម្រុង​គ្នា និង​គេ​នៅតែ​បែងចែក​មិន​ច្បាស់លាស់​រវាង​គ្រាប់ពេជ្រ​និង​អំបែង​កែវ​ទេនោះ សង្គម​ខ្មែរ​នឹងមិន​ងាយ​រកឃើញ​តម្លៃ​ពិតប្រាកដ​របស់ខ្លួន​បានឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI