អានតួអត្ថបទ
កម្ពុជា

ប្រជា​ពលរដ្ឋ​៣ពាន់​នាក់​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​មុខ​CDC​ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​១០​ធ្នូ​

ស្លាក​សញ្ញា​ទិវា​សិទ្ធ​មនុស្ស​អន្តរ​ជាតិ​១០​ធ្នូ ​ឆ្នាំ​២០១៥​ របស់​អង្គការ​លីកាដូ​។​
ស្លាក​សញ្ញា​ទិវា​សិទ្ធ​មនុស្ស​អន្តរ​ជាតិ​១០​ធ្នូ ​ឆ្នាំ​២០១៥​ របស់​អង្គការ​លីកាដូ​។​ @licadho
ដោយ៖ ប្រាក់ ធីតា
១៦ នាទី

ចាប់​ពី​ថ្ងៃ​ទី​៦​ធ្នូ​ស្អែក​នេះ​ទៅ ​ក្រុម​ប្រជា​ពលរដ្ឋ​មូល​ដ្ឋាន​ សហគមន៍​ដែល​រងផល​ប៉ះពាល់​ពី​ជម្លោះ​ដីធ្លី​ ក្រុម​បណ្តាញ​យុវជន​ សហជីព​ សមាគម​ ព្រះសង្ឃ​ និង​ក្រុ​ម​អង្គការ​មិនមែន​រដ្ឋាភិបាល​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នឹង​ធ្វើ​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្ត​រជាតិ​ ១០​ធ្នូ​ នៅ​តាម​កន្លែង​ជា​ច្រើន​ក្រោម​ប្រធាន​បទ​រួម​តែ​មួយ​គឺ​ «យុត្តិធម៌»​។ ហើយ​នៅ​ថ្ងៃ​ទី​១០​ធ្នូ​ផ្ទាល់ ​ក្រុម​ប្រជា​ពលរដ្ឋ​ដែល​មក​ពី​១៧ ​សហគមន៍​ ទូទាំង​ប្រទេស​កម្ពុជា​នឹង​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​មុខ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ CDC ​ក្បែរ​វត្ត​ភ្នំ​ ក្នុង​ទី​ក្រុង​ភ្នំពេញ ​រួច​បន្តហែរញត្តិ ទៅ​កាន់​ក្រសួង​យុត្តិធម៌​។

ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​ទទួល​បាន​ការ​អនុញ្ញាត​ពី​សាលា​ក្រុង​ភ្នំ​ពេញ ​ប្រជា​ពលរដ្ឋ​ប្រមាណ​ជា ​៣​ពាន់​នាក់​ មក​ពី​១៧ ​សហគមន៍​ក្នុង​ ប្រទេស​កម្ពុជា​នឹង​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​មុខ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​CDC ​នៅ​ថ្ងៃ​ទី​១០​ធ្នូ​ខាង​មុខ ​ដើម្បី​ប្រារព្ធ​ ទិវាសិទ្ធិ​មនុស្ស​អន្ត​រជាតិ​។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​អំ សំអាត ​អ្នក​សម្រប​សម្រួល​បច្ចេក​ទេស​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ​។ ​

លោក​អំ សំអាត​បាន​បន្តថា​ ប្រជា​ពលរដ្ឋ​ទាំង​១៧​សហគមន៍​មាន​បំណង​ដង្ហែ​ញត្តិ​ពី​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ទៅ​កាន់​ក្រសួង​មហា​ផ្ទៃជា​បន្ត​ទៀត​នៅ​ថ្ងៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​១០ធ្នូ​នោះ ​ប៉ុន្តែ​ក្រុមការងារ​រៀប​ចំ​កំពុង​តែ​រង់​ចាំ​ការ​អនុញ្ញាត​ ពី​ក្រសួង​មហាផ្ទៃ​មួយ​ដំណាក់​កាល​ទៀត​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ​ក៏​លោក​នៅ​តែ​បញ្ជាក់​ថា​ ក្រុម​ប្រជា​ពលរដ្ឋ​នៅ​តែ​​ទទូច​ចង់​ទៅ​ដាក់​ញត្តិ​ដោយ​ផ្ទាល់​នៅ​ក្រសួង​មហាផ្ទៃ​ ព្រោះ​ថា​ប្រធាន​បទ​នៅ​ឆ្នាំ​នេះ​គឺ​និយាយ​ពី​រឿង​ «យុត្តិធម៌!»​ ។ ​

សូម​ជម្រាប​ជូន​ថា​ខ្លឹមសារ​នៃ​ញត្តិ​ដែល​ប្រជា​ពលរដ្ឋ​ទាំង​១៧​សហគមន៍​ចង់​យក​ទៅ​ដាក់​នៅ​ក្រសួង​យុ​ត្តិធម៌​នោះ​មាន​ខ្លឹមសារ​សំខាន់​ៗ​ដូច​ជា​៖ ​ស្នើសុំ​ឲ្យ​មាន​ដំណោះ​ស្រាយ​លើ​បញ្ហា​ជម្លោះ​ដីធ្លី​ កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ និង​ដោះលែង​អ្នក​ការពារ​និង​សកម្ម​ជន​សិទ្ធិ​មនុស្ស​ទាំង​ឡាយ ​តំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​និង​គោរព​សិទ្ធិ​ការងារ​ បញ្ឈប់​អំពើ​ហិង្សា​ ដែល​គាំទ្រ​ដោយ​អាជ្ញាធរ​រដ្ឋ​ និង​គោរ​ពសេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ ​ជួប​ប្រជុំ​ និង​ជួបជុំ​គ្នា​ដោយ​អហិង្សា​ជា​ដើម​។ ​

សូម​បញ្ជាក់​ថា ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្ត​រ​ជាតិ​១០​ធ្នូ​នៅ​ឆ្នាំ​២០១៥​នេះ ​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ចុងឆ្នាំ​ដែល​មាន​ភាពតាន​តឹង​លើ​ប​ញ្ហាសិទ្ធ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​។ ​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​លីកាដូ ​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៤ ធ្នូ​ បាន​ឲ្យ​ដឹង​ថា ​អ្នក​រៀប​ចំ​កម្ម​វិធី​ និង​អ្នក​ចូលរួម​ជឿជាក់​ថា ​នេះ​គឺ​ការ​ប្រារព្ធដ៏​ល្អ​បំផុត​មួយ​តាំង​ពី​ពេល​មុន​មក​ ដោយ​ការ​ប្រារព្ធទិវា​សិទ្ធ​មនុស្ស​ឆ្នាំ​នេះ ​គឺនៅ​ក្នុង​ស្ថានភាព​នៃ​ការ​រឹត​ត្បិត​ កាន់​តែ​ខ្លាំង​ទៅ​ៗ ​តាម​រយៈ​ច្បាប់​ដែល​មាន​ការ​គា​បសង្កត់​ជា​ច្រើន ​និង​ការ​បន្ត​ចាប់​ខ្លួន ​ចោទ​ប្រកាន់​ និង​ដាក់​ពន្ធនាគារ​ដោយ​មិន​មាន​ហេតុ​ផល​ច្បាប់​ត្រឹម​ត្រូវ​។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ