កម្ពុជា

កម្ពុជា​ផ្ញើ​រ​បាយការណ៍​សិទ្ធិ​មនុស្ស​លើក​ទី២​ ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​​អង្គការ​សហប្រជាជាតិ​

លោក ស៊ូរីយា​ប្រាសាទ ស៊ូប៊ែឌី អ្នក​រាយការណ៍​ពិសេស​របស់​អ.ស.ប ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅកម្ពុជា​
លោក ស៊ូរីយា​ប្រាសាទ ស៊ូប៊ែឌី អ្នក​រាយការណ៍​ពិសេស​របស់​អ.ស.ប ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅកម្ពុជា​ RFI/Ly Meng Hour

នៅ​ថ្ងៃ​ចន្ទទី​២៨​តុលា​នេះ រដ្ឋាភិបាល​កម្ពុជា​នឹង​ផ្ញើ​របាយការណ៍​មួយ​ស្តី​​​ការ​អនុវត្ត​​ន៍​អនុសាសន៍​ទាក់ទង​នឹង​ការ​គោរព​​សិទ្ធិមនុស្ស​នៅ​កម្ពុជា ​ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​។ កម្ពុជា​ក៏​នឹង​បញ្ជូន​ប្រតិភូ​របស់​ខ្លួន ​ដើម្បី​ការពារ​របាយការណ៍​នេះ ដែល​គ្រោង​ធ្វើ​នៅ​ដើម​ឆ្នាំ​២០១៤​ដែរ។ ទន្ទឹម​គ្នា​នេះ អង្គការ​សមាគម​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​ក៏​បាន​ផ្ញើ​របាយការណ៍​មួយ​ផ្សេងទៀត​ដែរ​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​នេះ។

ផ្សាយពាណិជ្ជកម្ម

កម្ពុជា​នឹង​ផ្ញើ​របាយការណ៍​សិទ្ធិមនុស្ស​មួយ​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​ចន្ទ​ទី២៨​តុលា​នេះ។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​នៃ​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​ កាល​ពី​ថ្ងៃ​សុក្រ។ ​របាយការណ៍​ដែល​កម្ពុជានឹង​ត្រូវ​ផ្ញើ​ទៅ​ក្រុមប្រឹក្សា​​សិទ្ធិមនុស្ស​នោះ គឺ​ជា​របាយការណ៍​​ស្តីពី​ការ​ត្រួត​ពិនិត្យ​ឡើង​វិញតាម​កាល​កំណត់​ជា​សកល UPR (Universal Periodic Review) ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

របាយការណ៍​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្តន៍​​យន្តការ​​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ តាម​កាល​កំណត់​ជា​សកល UPR ដែល​​មាន​ភារកិច្ចត្រួត​ពិនិត្យ​របាយការណ៍​សិទ្ធិមនុស្ស​របស់​រដ្ឋ​ជា​សមាជិក​ អង្គការ​សហប្រជាជាតិ​ទាំង​១៩៣​ប្រទេស​ នៅ​រៀងរាល់​៤ឆ្នាំ​កន្លះ​ម្តង។ កម្ពុជា​បាន​បញ្ជូន​របាយការណ៍​នេះ​ លើក​ទី​មួយ​ កាល​ពី​ថ្ងៃ​ទី​២៧​សីហា​ ឆ្នាំ​២០០៩។ បន្ទាប់​ពីបាន​ដាក់​របាយការណ៍​នោះ​ហើយ ប្រទេស​សមាជិកនានា​បាន​ផ្តល់​អនុសាសន៍​ចំនួន​៩១​ចំណុច ស្តីពី​ការ​កែលំអ​ វិស័យ​សិទ្ធិមនុស្ស​ អោយ​កម្ពុជា​អនុវត្ត។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​​នៃកិច្ច​​ប្រជុំ​គណៈ​រដ្ឋមន្ត្រី ក្នុង​ចំណោម​អនុសាសន៍​ទាំង​៩១​ចំណុចនោះ មាន​ចំណុច​ខ្លះ​ត្រូវ​បានកម្ពុជា​អនុវត្ត​ហើយ និង​ចំណុច​ខ្លះ​ទៀត ​ក៏​​កំពុង​អនុវត្ត ហើយ​ក៏​មាន​ចែង​នៅ​ក្នុងកម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​ផងដែរ។ អនុសាសន៍​ទាំង​៩១​ចំនុច​មាន​ពាក់ព័ន្ធ​នឹង​​វិស័យ​តុលាការ បញ្ហា​ដីធ្លី និង​សិទ្ធសេរី​ភាព​បញ្ចេញ​មតិ​ជាដើម។

គួរ​បញ្ជាក់​អោយដឹង​ផងដែរ​ថា ក្រោយ​ពីការ​ផ្ញើ​របាយការណ៍​លើក​ទី​២​នេះហើយ កម្ពុជា​ក៏​នឹង​បញ្ជូន​ប្រតិភូរបស់​ខ្លួន​ទៅការពារ​របាយការណ៍​នេះ នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ​ក្នុង​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​ ពី​ថ្ងៃទី​៥ ​ដល់​ថ្ងៃ​ទី​៧​កុម្ភៈ​ ឆ្នាំ​២០១៤។

របាយការណ៍​ស្តី​ពី​ការ​អនុវត្តន៍​​ការ​គោរព​សិទ្ធិមនុស្ស​ ក្នុង​ក្របខណ្ឌការ​ត្រួត​ពិនិត្យ​ឡើង​វិញតាម​កាល​កំណត់​ជា​សកលនេះ ក៏​ត្រូវ​មាន​ពី​បណ្តាញ​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជាដែរ។ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក​អ៊ូ វីរៈ​ ថ្លែង​ប្រាប់វិទ្យុបារាំងអន្តរជាតិ​អោយដឹងថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​​ដាក់​របាយការណ៍​រួម​ ស្តីពី​សិទ្ធិសេរីភាព​បញ្ចេញ​មតិ​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិ​​រួចហើយ កាល​ពី​ខែ​មុន។

បើតាម​លោក​អ៊ូ វីរៈ ធៀប​ពី​របាយការណ៍ទី​មួយ​កាល​ពី​៤​ឆ្នាំ​កន្លះ​មុន ក្នុង​​របាយការណ៍​លើក​ទី២​នេះ ការ​គោរព​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា មិន​មាន​ការ​វិវត្ត​ន៍​ល្អ​ជា​ដុំ​កំភួន​ឡើយ។

ទោះយ៉ាងណា​ក៏ដោយ លោក​ថា អង្គការ​សមាគម​សិទ្ធិមនុស្ស​នៅ​បន្ត​តាម​ដាន​មើល​ពីពេល​នេះទៅទៀត​ បន្ទាប់ពី​រដ្ឋាភិបាល​អា​ណត្តិថ្មី​បាន​សន្យា​អំពី​កំណែទម្រង់​ស៊ីជម្រៅ៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI