Human Rights Watch ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា និងម៉ាឡេស៊ី ការពារស្ត្រីពលករកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានជំរុញឲ្យរដ្ឋាភិបាលប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី ផ្តល់សច្ចាប័ន លើអនុសញ្ញារបស់អង្គការពលកម្មអន្តរជាតិ ស្តីពី ការងារតាមផ្ទះ។ សន្ធិសញ្ញានោះ តម្រូវឲ្យរដ្ឋាភិបាលកម្ពុជា និងម៉ាឡេស៊ី ធានាឲ្យមានលក្ខខណ្ឌការងារសមស្រប កំណត់អាយុអប្បបរមា សម្រាប់ពលករធ្វើការងារតាមផ្ទះ និងការពារពលករធ្វើការតាមផ្ទះពីអំពើហិង្សា និងការអនុវត្តន៍ការជ្រើសរើសបែបកេងប្រវ័ញ្ច។
ការលើកឡើងរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដូច្នេះ បានធ្វើឡើង នៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ ដែលមាន ១០៥ ទំព័រ ដែលមានចំណងជើងថា “ពួកគេបោកប្រាស់យើងគ្រប់ជំហាន”។ របាយការណ៍នេះផ្តោតសំខាន់លើការរំលោភលើអ្នកធ្វើការតាមផ្ទះជាតិកម្ពុជា ដែលបានធ្វើចំណាកស្រុកទៅកាន់ប្រទេសម៉ាឡេស៊ី។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានចុះផ្សាយក្នុងរបាយការណ៍នៅថ្ងៃទី១វិច្ឆិកាថា ការខកខានរបស់រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីដាក់បទបញ្ញត្តិគ្រប់គ្រងលើអ្នកជ្រើសរើស និងនិយោជក ធ្វើឲ្យពលករចំណាកស្រុក ធ្វើការតាមផ្ទះជាតិកម្ពុជា ទទួលរងនូវការរំលោភដ៏រីករាលដាល។
អ្នកស្រី យូណា ពូយ៉ាល់ ( Jyotsna Poudyal ) អ្នកស្រាវជ្រាវអំពីសិទ្ធិស្ត្រី នៅអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានលើកឡើងក្នុងសន្និសីទកាសែតថា រដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ក្នុងការជំរុញឲ្យមានការធ្វើចំណាកស្រុកពលករ ប៉ុន្តែប្រទេសកម្ពុជា បានខកខានផ្តល់កិច្ចការពារជាមូលដ្ឋានដល់ស្ត្រី និងកុមារីចំណាកស្រុកទាំងនោះ។ រដ្ឋាភិបាល គួរតែបញ្ឈប់ការប្រគល់ការទទួលខុសត្រូវគ្រប់យ៉ាងទៅឲ្យទីភ្នាក់ងារជ្រើសរើសពលករ ដែលមិនស្មោះត្រង់ និងត្រូវតែបោសសម្អាតឲ្យអស់នូវអំពើកេងប្រវ័ញ្ច និងអំពើរំលោភបំពាន។
ចាប់តាំងពីឆ្នាំ២០០៨ អង្គការ Human Rights Watch បានលើកឡើងថា ស្ត្រី និងកុមារីកម្ពុជា ចំនួន ៤០.០០០ ទៅ ៥០.០០០ នាក់ បានធ្វើចំណាកស្រុក ទៅកាន់ប្រទេសម៉ាឡេស៊ី ជាអ្នកធ្វើការតាមផ្ទះ។
Human Rights Watch បានលើកឡើងថា ភ្នាក់ងារជ្រើសរើសពលករមួយចំនួន នៅក្នុងប្រទេសកម្ពុជា បានក្លែងបន្លំឯកសារអត្តសញ្ញាណក្លែងក្លាយ ដើម្បីជ្រើសរើសកុមារ និងផ្តល់គ្រឿងទាក់ទាញទឹកចិត្ត ជាប្រាក់កាស និងជាអាហារ ដែលនាំឲ្យពលករចំណាកស្រុក និងគ្រួសាររបស់ពួកគេជាប់បំណុលយ៉ាងធ្ងន់ធ្ងរ ចំពោះការចេញទៅធ្វើការ នៅប្រទេសម៉ាឡេស៊ី។ នៅប្រទេសម៉ាឡេស៊ី ស្ត្រី និងកុមារីកម្ពុជា ជាញឹកញយ ត្រូវគេដកហូតលិខិតឆ្លងដែន ធ្វើការច្រើនម៉ោង គ្មានពេលសម្រាក ទទួលទានអាហារមិនគ្រប់គ្រាន់ និងទទួលរងនូវការរំលោភលើរាងកាយ និងរំលោភដោយពាក្យសម្តី ជាដើម។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវបង្កើតច្បាប់ទូលំទូលាយមួយ ស្តីពី ចំណាកស្រុក ត្រូវពង្រឹងការឃ្លាំមើលទីភ្នាក់ងារជ្រើសរើសពលករ និងដាក់ទោសជាចាំបាច់ ខណៈពេលដែលមានការរំលោភកើតឡើង។ រដ្ឋាភិបាលប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី ក៏ផ្តល់សច្ចាប័ន លើអនុសញ្ញារបស់អង្គការពលកម្មអន្តរជាតិ ស្តីពី ការងារតាមផ្ទះ ដើម្បីការពារដល់ស្ត្រីពលករកម្ពុជា។
ការផ្សព្វផ្សាយរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch នៅថ្ងៃអង្គារនេះ បានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានចេញសារាចរ កាលពីថ្ងៃទី១៥តុលា ឆ្នាំ២០១១ សម្រេចផ្អាកជាបណ្តោះអាសន្ននូវការបញ្ជូនស្ត្រីពលករកម្ពុជា ទៅបម្រើការ នៅតាមផ្ទះ ក្នុងប្រទេសម៉ាឡេស៊ី។
ក៏ប៉ុន្តែ ចំពោះស្ត្រីពលករកម្ពុជាប្រមាណ ៣០.០០០ នាក់ ដែលកំពុងបម្រើការតាមផ្ទះ នៅប្រទេសម៉ាឡេស៊ី នាពេលនេះ ត្រូវបានលោក អន ប៊ុនហាក់ ប្រធានសមាគមភ្នាក់ងារជ្រើសរើសពលករកម្ពុជា ដែលបង្កើតឡើងដោយក្រុមហ៊ុនជ្រើសរើសពលករទៅធ្វើការនៅក្រៅប្រទេស អះអាងថា ស្ត្រីទាំងនោះ នឹងបន្តធ្វើការនៅប្រទេសម៉ាឡេស៊ី រហូតដល់បញ្ចប់កិច្ចសន្យា ដែលមានរយៈពេល ២ ឆ្នាំ និងអាចបន្តរយៈពេល ២ ឆ្នាំបន្ថែមទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ