កម្ពុជា

លោក​ហ៊ុន សែន ចង់ឲ្យមានក្រុមហ៊ុនឯកជន​ចូលរួមលើកស្ទួយដល់កម្មវិធីវប្បធម៌ខ្មែរ

លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងក្នុងកម្មវិធី​មរតកវប្បធម៌ខ្មែរ ដែល​មានផ្សាយ​ផ្ទាល់តាមទូរទស្សន៍ក្នុងស្រុក។
លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងក្នុងកម្មវិធី​មរតកវប្បធម៌ខ្មែរ ដែល​មានផ្សាយ​ផ្ទាល់តាមទូរទស្សន៍ក្នុងស្រុក។ @RFI

នៅល្ងាចថ្ងៃទី ១២មករានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកជំទាវ ប៊ុន រានី បានចូលរួមក្នុងពិធីប្រគល់ពានរង្វាន់ មរតកវប្បធម៌ខ្មែរ ជំនាន់ទី ៧ ឆ្នាំ ២០១៥ នៅសាលមហោស្រពកោះពេជ្រ ក្រុងភ្នំពេញ។ ក្រៅពីថ្លែងកោតសរសើរចំពោះស្នាដៃសិល្បៈ របស់សិល្បករ សិល្បការនីខ្មែរ ផ្នែកតន្ត្រីបុរាណ និងប្រពៃណីខ្មែរហើយ លោកនាយករដ្ឋមន្ត្រី ក៏បានសំណូមពរដល់ក្រុមហ៊ុនផ្សេងៗ ឲ្យជួយឧបត្ថម្ភ ដល់កម្មវិធីវប្បធម៌បែបនេះផង ដោយសារសព្វថ្ងៃ កម្មវិធីនេះ មានអ្នកឧបត្ថម្ភ តិចតួចបំផុត។

ផ្សាយពាណិជ្ជកម្ម

ទីបំផុតទៅកម្មវិធី មរតកវប្បធម៌ខ្មែរ ជំនាន់ទី៧ សម្រាប់ឆ្នាំ ២០១៥ បានបិទបញ្ចប់ហើយ នៅល្ងាចថ្ងៃទី ១២មករា បន្ទាប់ពីបានដំណើរ តាំងពីថ្ងៃទី ១៧ខែមិនា ឆ្នាំ ២០១៥មក។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងភរិយា ដែលបានចូលរួមជាអធិបតីក្នុងកម្មវិធីបិទបញ្ចប់ និងប្រគល់រង្វាន់ ជូនដល់ជ័យលាភី បានថ្លែងអំពាវនាវឲ្យក្រុមហ៊ុនផ្សេងៗ ជួយឧបត្ថម្ភគាំទ្រ ដល់កម្មវិធីប្រពៃណីខ្មែរ របៀបនេះផង ដោយសារបច្ចុប្បន្ន កម្មវិធីបែបវប្បធម៌របៀបនេះ ហាក់មិនសូវទទួលបានការចាប់អារម្មណ៍ពីក្រុមហ៊ុនពាណិជ្ជកម្មច្រើននៅឡើយទេ។

ជាការពិត កម្មវិធីមរតកវប្បធម៌ខ្មែរ ត្រូវបានបង្កើតឡើង តាំងពីឆ្នាំ ២០០៩ ដោយស្ថានីយ៍ទូរទស្សន៍បាយ័ន ដែលគេស្គាល់ថា មានកូនស្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកគ្រប់គ្រង។ ប៉ុន្តែកម្មវិធីប្រភេទបុរាណនេះ ហាក់មិនសូវមានអ្នកឧបត្ថម្ភច្រើន ដូចកម្មវិធីតន្ត្រីសម័យផ្សេងៗនោះឡើយ។ យ៉ាងណាក៏ដោយ កម្មវិធី ត្រូវបានគេមើលឃើញថា ជាចំណែកមួយ ក្នុងការលើកស្ទួយសិល្បៈ វប្បធម៌នៃប្រទេសកម្ពុជា។

លោកស្រីភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងរៀបរាប់ថា កម្មវិធីមរតកវប្បធម៌ខ្មែរ ៦ជំនាន់ មកនេះ មានផ្តោតលើវិញ្ញាសារ កំណាព្យ ចម្រៀងប្រពៃណី ល្ខោនបាសាក់ ចម្រៀងយីកេ និងចម្រៀងមហោរី។ ប៉ុន្តែសម្រាប់ជំនាន់ទី ៧ នៅឆ្នាំ ២០១៥ កម្មវិធីនេះ មានវិញ្ញាសាចំនួន ៣ គឺចម្រៀងប្រពៃណី ចម្រៀងយីកេ និងចម្រៀងបាសាក់។ នៅជំនាន់ទី ៧នេះ មានបេក្ខជន បេក្ខនារី ដាក់ពាក្យមកប្រលង នៅទូទាំងប្រទេស ហើយត្រូវជម្រុះយកតែ ៣០០នាក់ សម្រាប់ការប្រលង រហូតដល់វគ្គផ្តាច់ព្រ័ត្រជម្រុះ យក១២នាក់ប៉ុណ្ណោះ។

លោកស្រីរដ្ឋមន្ត្រីដដែល បានបញ្ជាក់ថា កម្មវិធី ដែលបានការសហការពីក្រសួងវប្បធម៌នេះ បានសំរិទ្ធសំរាំងយកគណៈកម្មការដែលមានជំនាញ និងភាពសុក្រិតក្នុងការដាក់ពិន្ទុ។ ហើយជ័យលាភី ក្នុងជំនាន់ទី ៧នេះ ត្រូវជ្រើសរើសតាមវិញ្ញសា ពី លេខ១ ដល់លេខ ៣ និងពានរង្វាន់កិត្តិយស។

សូមបញ្ជាក់ថា ជ័យលាភីក្នុងកម្មវិធីនេះ លេខ១ ទទួលបានពានរង្វាន់១ ម៉ូតូ១គ្រឿង និងទឹកប្រាក់ ២០លានរៀល។ លេខ ២ ទទួលបាន ពាន១ ទូរទស្សន៍ ១គ្រឿង ទឹកប្រាក់ ១៥លានរៀល។ លេខ ៣ ទទួលបានពាន ១ ទូរទស្សន៍ ១គ្រឿង និងទឹកប្រាក់ ១០លានរៀល។ និងជ័យលាភីកិត្តិយស ទទួលបានទឹកប្រាក់ ៥លានរៀល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI